. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, August 28, 2013

ពលរដ្ឋ​មួយ​ចំនួន​នៅ​ប៉ោយប៉ែត​មិន​បារម្ភ​ពី​បញ្ហា​នយោបាយ

ស្រប​ពេល​ប្រទេស​កម្ពុជា មាន​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន ប្រជាពលរដ្ឋ​នាំគ្នា​ភ័យ​ព្រួយ​អំពី​ភាព​ចលាចល​ណា​មួយ​នឹង​កើត​មាន។ ប៉ុន្តែ សកម្មភាព​អាជីវកម្ម និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ វិញ មាន​ស្ថានភាព​ប្រសើរ និង​មិន​រង​ឥទ្ធិពល​ពី​បញ្ហា​នយោបាយ​ឡើយ។
ដោយ អាន ស៊ីថាវ
2013-08-28
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
របាយការណ៍​របស់​ស្ថានទូត​ថៃ បង្ហាញ​ថា ការ​នាំ​ចេញ​ចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា-ថៃ បាន​កើន​ឡើង​ជាង ២០% ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ប្រមាណ ២.៣០០​លាន​ដុល្លារ​អាមេរិក នៅ​ត្រីមាស​ទី​មួយ នៅ​ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត ភាគ​ច្រើន​ប្រកប​របរ​ជា​អ្នក​អូស​រទេះ​ដឹក​ទំនិញ​ពី​ទឹក​ដី​ថៃ មក​កម្ពុជា មិន​ព្រួយ​បារម្ភ​អំពី​បញ្ហា​នយោបាយ​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឡើយ។ ប្រជាពលរដ្ឋ​ទាំង​នោះ​ចាប់​អារម្មណ៍​លើ​មុខ​របរ​ចិញ្ចឹម​ជីវិត គឺ​ជា​រឿង​សំខាន់។ ម៉្យាង​វិញ​ទៀត ប្រជាពលរដ្ឋ​ជា​ច្រើន​ពី​ខេត្ត​ផ្សេងៗ បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​របស់​ខ្លួន​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត នៅ​តំបន់​ច្រក​ទ្វារ​ប៉ោយប៉ែត ដែល​ស្ថិត​នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ។
ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ យិន យេង បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ទំនិញ និង​ការ​ប្រកប​របរ​ផ្សេងៗ​នៅ​តំបន់​នេះ នៅ​តែ​មាន​សកម្មភាព​ផុលផុស​ខ្លាំង​រៀង​រាល់​ថ្ងៃ។ ក្រៅ​ពី​ការ​ដឹក​ទំនិញ ក៏​មាន​ពលករ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ក្នុង​ចំណោម​ពលករ​ទាំង​នោះ ពលករ​ខ្លះ​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​ដែរ។ លោក​បន្ថែម​ថា កម្មករ​ដែល​ចូល​ទៅ​ដឹក​ទំនិញ​នៅ​តាម​ច្រក​ទ្វារ​ប៉ោយប៉ែត ពី​ទឹក​ដី​ថៃ មាន​ភាព​មមាញឹក​លើ​ការងារ​របស់​គេ ហើយ​ពួក​គេ​ទាំង​នោះ​មិន​ខ្វល់​ពី​បញ្ហា​នយោបាយ​ឡើយ៖ «បាទ! នៅ​រក​បាន​ធម្មតា។ និយាយ​រួម នៅ​ហ្នឹង​គ្មាន​អ្នក​ណា​និយាយ​ពី​នយោបាយ ម្នាក់ៗ​គេ​ប្រឹង​រក ព្រោះ​ថា​នៅ​ព្រំដែន វា​អត់​មាន​ជ្រួល​ច្របល់»
ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ រឿន ក៏​បាន​អះអាង​ស្រដៀង​គ្នា​នេះ​ដែរ​ថា នៅ​តំបន់​ច្រក​ទ្វារ​ប៉ោយប៉ែត នេះ ប្រជាពលរដ្ឋ​គ្រប់​គ្នា​ប្រឹងប្រែង​រក​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត។ សកម្មភាព​ដឹក​ទំនិញ​តាម​រថយន្ត​ធំៗ និង​ការ​ដឹក​ទំនិញ​តាម​រទេះ មាន​សកម្មភាព​មិន​ដែល​ដាច់​ឡើយ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន។ លោក រឿន បាន​បន្ថែម​ថា នៅ​ទី​នេះ​មាន​ឱកាស​អាច​រក​ចំណូល​បាន​ច្រើន​ជាង​តំបន់​ដទៃ ដែល​គាត់​អាច​រក​ចំណូល​បាន​ប្រមាណ ៣​ម៉ឺន​រៀល ពី​ការ​ដឹក​ភ្ញៀវ។
អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី នៅ​តំបន់​ច្រក​ទ្វារ​ប៉ោយប៉ែត លោក ទៀ គុណសម្បត្តិ បាន​ឲ្យ​ដឹង​ថា បញ្ហា​នយោបាយ​បច្ចុប្បន្ន មិន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ​របស់​គាត់​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ចំណូល​របស់​គាត់​ធ្លាក់​ចុះ គឺ​បញ្ហា​ការ​ផាក​ពិន័យ​របស់​មន្ត្រី​ត្រួត​ពិនិត្យ​ទំនិញ​តាម​ព្រំដែន៖ «មួយ​ចំនួន​តឹង យើង​អូស គេ​ចាប់​អីវ៉ាន់។ ដូច​ជា យើង​អូស​បាន ១០០​កេស​អ៊ីចឹង គេ​យក ៧០ ឬ ៨០​បាត»
បន្ថែម​លើ​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ម៉ានីត គង់ បាន​សង្កេត​ឃើញ​ថា សកម្មភាព​ដឹក​រទេះ និង​មុខ​របរ​តូចតាច​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន មាន​ស្ថានភាព​ល្អ​ប្រសើរ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បាន​កត់​សម្គាល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​អំពី​បញ្ហា​នយោបាយ ដែល​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ ដែរ៖ «ព្រួយ​បារម្ភ​ខ្លាច​មាន​សង្គ្រាម​មាន​អី​អ៊ីចឹង​ទៅ។ ខាង​សមាជិក​អូស​រទេះ ម៉ូតូ​ឌុប មាន​ការ​ភ័យ​ខ្លាច»
លោក ម៉ានីត គង់ បាន​បន្ថែម​ថា បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ផ្ទាល់​ដល់​សកម្មភាព​រក​ចំណូល​របស់​កម្មករ​ឡើយ។ បច្ចុប្បន្ន កម្មករ​អាច​រក​ប្រាក់​បាន​ប្រចាំ​ថ្ងៃ​ប្រមាណ ២​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ សម្រាប់​ចិញ្ចឹម​ជីវិត​ពី​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ។
យ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ តែង​តែ​ជជែក​អំពី​បញ្ហា​នយោបាយ ប៉ុន្តែ​បញ្ហា​នយោបាយ​នេះ មិន​ប៉ះពាល់​ដល់​សកម្មភាព​អាជីវកម្ម ការ​វិនិយោគ ឬ​ការ​ប្រកប​របរ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ប៉ោយប៉ែត នោះ​ឡើយ។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុម ចាន់គា បាន​ឲ្យ​ដឹង​ថា តាម​ការ​សង្កេត​កន្លង​មក ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ព្រួយ​បារម្ភ​អំពី​ដំណឹង​ដែល​គាត់​ទទួល​បាន ថា​មាន​ការ​ចល័ត​កងទ័ព​នៅ​ភ្នំពេញ ដែល​គាត់​បារម្ភ​ពី​ការ​បង្ក​ឲ្យ​មាន​សង្គ្រាម​កើត​ឡើង៖ «ទ័ព​ចល័ត មាន​រថក្រោះ សព្វាវុធ ចូល​ក្នុង​ទីក្រុង គាត់​មាន​ការ​ព្រួយ​បារម្ភ គាត់​មាន​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ទាក់ទង​នឹង​ការ​ប្រឈម​មុខ​ថា​នឹង​អាច​រាល​ដាល​ដល់​គាត់ គាត់​បាន​ប្រាប់​យើង​ថា វា​មិន​អាច​ទៅ​ដល់​ផ្ទះ​គាត់​បាន​ទេ»
លោក ស៊ុម ចាន់គា បន្ថែម​ទៀត​ថា ការ​ចរាចរណ៍​ទំនិញ​វិញ នៅ​តែ​មាន​សកម្មភាព​ដោះដូរ​ច្រើន និង​ចំនួន​ភ្ញៀវ​ទេសចរ​ឆ្លង​កាត់​ព្រំដែន នៅ​តែ​មាន​សកម្មភាព​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។
របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថានទូត​ថៃ បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ បាន​កើន​ឡើង​រៀង​រាល់​ឆ្នាំ។ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​ថៃ ភាគ​ច្រើន គឺ​ផ្ដោត​លើ​ផលិត​ផល​កសិកម្ម រួម​មាន អង្ករ ពោត ដំឡូងមី សណ្ដែក ផលិត​ផល​នេសាទ និង​ខោ​អាវ​ជជុះ​ជា​ដើម។ ផ្ទុយ​ទៅ​វិញ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ មក​វិញ ភាគ​ច្រើន​ជា​ផលិត​ផល​សម្រេច ដូច​ជា​ប្រេង​ឥន្ធនៈ ជី​កសិកម្ម ស៊ីម៉ងត៍ គ្រឿង​ឧបភោគ​បរិភោគ ភេសជ្ជៈ បន្លែ​ផ្លែ​ឈើ និង​គ្រឿង​សម្អាង ជាដើម។
របាយការណ៍​ដដែល​បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី​មួយ​ប្រចាំ​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ទៅ​ថៃ បាន​កើន​ឡើង​ប្រមាណ ២១% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទំហំ​ទឹក​ប្រាក់​នាំ​ចេញ​របស់​កម្ពុជា មាន​ចំណែក​តូច​នៅ​ឡើយ បើ​ធៀប​នឹង​ទំហំ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ។
របាយការណ៍​របស់​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា នៅ​រយៈពេល ៦​ខែ​ដំបូង​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ផលិត​ផល​ទៅ​ប្រទេស​ថៃ គិត​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១៦២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ ទំហំ​ទឹក​ប្រាក់​នាំ​ចេញ​របស់​ថៃ មក​កម្ពុជា វិញ មាន​ប្រមាណ ២.៣០០​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទខាងលើមិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។

សូមចុចមើលទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons