. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, August 28, 2013

បក្ស​ប្រឆាំង​បង្ហាញ​ជំហរ​ប្រឆាំង​អំពើ​ហិង្សា​និង​ការ​រើស​អើង​ជាតិ​សាសន៍

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​លិខិត​មួយ​បង្ហាញ​ជា​សាធារណៈ​នូវ​ជំហរ​របស់​ខ្លួន​ជុំវិញ​ការ​ប្រឆាំង​អំពើ​ហិង្សា ប្រឆាំង​ការ​ប្រកាន់​ជាតិ​សាសន៍ ប្រឆាំង​ការ​ស្អប់​ខ្ពើម​ជន​បរទេស និង​ការ​រើសអើង។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប្រកាន់​ជំហរ​ការពារ​ឆន្ទៈ​នយោបាយ ការ​គោរព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា។
ដោយ យាង សុជាមេត្តា
2013-08-28
លិខិតគណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៣ បាន​បញ្ជាក់​ពី​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​របស់​ពួក​គេ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​មួយ។ លិខិត​បរិយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ចំពោះ​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ថា លទ្ធិប្រជាធិបតេយ្យ ការ​អភិវឌ្ឍ និង​ការ​គោរព​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ត្រូវ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថា លទ្ធិប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ ការ​ធ្វើ​ឲ្យ​មាន​ភាព​ចាស់​ទុំ និង​ការ​រក្សា​នូវ​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​ដោយ​សេរី និង​យុត្តិធម៌​ទៅ​តាម​ឆន្ទៈ​របស់​ពួកគេ។
លិខិត​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​បាន​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០១៣ និង​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត​នៅ​ថ្ងៃ​អនាគត នឹង​ឆ្លើយ​តប​ទៅ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ។ គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ការ​បង្កើត​សមាគម​ដែល​ស្រប​ទៅ​នឹង​គោលការណ៍​ដែល​បាន​លើក​ឡើង​ដោយ​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ​និង​ការ​បង្កើត​សមាគម។ លិខិត​ក៏​បាន​លើក​ឡើង​នូវ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ទៅ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា ប្រឆាំង​ការ​ប្រកាន់​ជាតិ​សាសន៍ ប្រឆាំង​ការ​ស្អប់​ខ្ពើម​ជន​បរទេស និង​ការ​រើស​អើង​ជា​ដើម។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ សីហា ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នូវ​ជំហរ​របស់​ពួក​គេ​នៅ​ពេល​នេះ គឺ​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ហើយ​លោក​ស្វាគមន៍​ចំពោះ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​ទៅ​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ប្រើប្រាស់​យន្តការ​តាម​រយៈ​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា។
លោក អ៊ូ វីរៈ ក៏​គាំទ្រ​ផង​ដែរ​នូវ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​ជា​សាធារណៈ​ប្រឆាំង​ទៅ​នឹង​ការ​រើសអើង​ជាតិ​សាសន៍ ជា​ពិសេស​គឺ​ការ​រើស​អើង​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម៖ «ការ​បញ្ជាក់​គោលជំហរ​នេះ ខ្ញុំ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នឹង​យក​ចិត្ត​ទុក​ដាក់​នូវ​គោល​ជំហរ​នេះ ហើយ​ខ្ញុំ​ស្នើ​ឲ្យ​គណបក្ស​ទាំង​អស់​មាន​គោលជំហរ​នេះ​ដូច​គ្នា»
លោក អ៊ូ វីរៈ បន្ថែម​ថា សេចក្ដី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ វា​មិន​ប្រាកដ​ថា អាច​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា អាច​ស្ងប់​ចិត្ត​នៅ​ឡើយ។ លោក​ថា វា​គ្រាន់​តែ​ជា​ជំហរ​ដែល​លើក​ឡើង​ក្នុង​ក្រដាស​នៅ​ឡើយ ដូច្នេះ​គេ​ត្រូវ​តាមដាន​មើល​សកម្មភាព និង​សម្ដី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ទៀត។
លោក អ៊ូ វីរៈ៖ «ការ​រើស​អើង​លើ​ជនជាតិ​វៀតណាម ជា​រឿង​កើត​ឡើង​យូរ​អង្វែង​មក​ហើយ បើ​សិន​ជា​មាន​ការ​រើសអើង សម្ដី​មាន​ការ​រើសអើង​ពី​អ្នក​គាំទ្រ ខ្ញុំ​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ដែរ។ ប្រសិន​បើ​គាត់​អត់​ថ្កោលទោស​មាន​ន័យ​ថា ជំហរ​នេះ​គ្រាន់​តែ​ជា​ជំហរ​លើ​ក្រដាស​ទេ»
សម្រាប់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា គេ​ត្រូវ​យក​ច្បាប់​អន្តោប្រវេសន៍​ប្រទេស​កម្ពុជា និង​ច្បាប់​អន្តរជាតិ​មក​អនុវត្ត​ដោយ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស ហើយ​លោក​ថា បើ​ទោះ​បី​ជា​អ្នក​នយោបាយ​ខ្មែរ​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មែន​នោះ ក៏​ការ​អនុវត្ត​ច្បាប់​នេះ​មិន​គួរ​ឲ្យ​ឈាន​ដល់​ការ​រើសអើង​ជាតិ​សាសន៍​នោះ​ដែរ។
វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​-វៀតណាម ប្រចាំ​កម្ពុជា លោក ចៅ វ៉ាងជី (Chau Vangchi) ដើម្បី​សុំ​ប្រតិកម្ម​របស់​លោក​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​លោក ចៅ វ៉ាងជី មិន​អត្ថាធិប្បាយ​ទេ ដោយ​និយាយ​ថា លោក​កំពុង​ជាប់​រវល់។
គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ប្រឆាំង​អំពើ​ហិង្សា​ចំ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា  អំពើ​ហិង្សា​អាច​នឹង​កើត​មាន​ឡើង ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ខាង​មុខ និង​ចំ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​និង​រថពាសដែក​ដើម្បី​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​សម្រាប់​ទប់ទល់​នឹង​ក្រុម​បាតុករ​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត។ តែ​ទោះ​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ តែង​បាន​បញ្ជាក់​ជំហរ​ម្ដង​ហើយ​ម្ដង​ទៀត​ថា បាតុកម្ម​របស់​ពួកគេ​គឺ​ជា​បាតុកម្ម​អហិង្សា​និង​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទខាងលើ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។
​ សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons