. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, August 28, 2013

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ្ញា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ផ្លូវ​ការ​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស្វែង​រក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ​នេះ។
ដោយ ម៉ម មុនីរតន៍
2013-08-28





ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា ប្រកាស​ពី​ជំហរ​បោះ​បង់​គោល​បំណង ក្នុង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។
បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​អ្នក​គាំទ្រ ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អហិង្សា​នោះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ។ បាតុកម្ម​នោះ នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់។ លោក​បន្ត​ថា ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​តែ​បន្ត​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ ដោយ​មិន​ដោះស្រាយ​ភាព​មិន​ប្រក្រតី ហើយ​រដ្ឋាភិបាល​ពុំ​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ទេ ពេល​នោះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស នឹង​កើត​ឡើង​ព្រមៗ​គ្នា​ជា​បន្តបន្ទាប់​ទៀត។
លោក កឹម សុខា អះអាង​ថា ការ​ចាប់​ផ្ដើម​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ នេះ ជា​ការ​សាកល្បង​ក្នុង​ជំហាន​ទី​មួយ​ប៉ុណ្ណោះ៖ «ភាព​មិន​ប្រក្រតី​នៅ​ស្មុគស្មាញ​អ៊ីចឹង យើង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ហ្នឹង ហើយ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ធំៗ​ត​ទៅ​មុខ​ទៀត ដើម្បី​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​ហ្នឹង។ យើង​នឹង​ឃើញ​ចាប់​ពី​ស្អែក​ទៅ យើង​នឹង​ធ្វើ​ការ​ហ្វឹកហាត់។ យើង​ហ្វឹកហាត់ៗ​បាតុករ​យើង ហើយ​យើង​នឹង​ធ្វើ​សម​ជើង​សាកល្បង និង​បន្តបន្ទាប់ មុន​ដល់​ថ្ងៃ​ធ្វើ​ហ្នឹង»
លោក កឹម សុខា ឲ្យ​ដឹង​ទៀត​ថា ក្រុម​បាតុករ​នឹង​ត្រូវ​ហ្វឹកហ្វឺន​ពី​បច្ចេកទេស​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ សីហា ត​ទៅ ហើយ​អ្នក​ដែល​បង្ក​ឲ្យ​មាន​បាតុភាព​កើត​ឡើង​ជា​ទម្រង់​ហិង្សា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ អ្នក​នោះ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ។
ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ចំ​ពេល​ដែល​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ជំហរ​ថា ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​អំពី​លទ្ធផល​បោះ​ឆ្នោត ត្រូវ​បរាជ័យ។
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច មាន​ប្រសាសន៍​ថា ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ កើត​ចេញ​ពី​គណបក្ស​ប្រឆាំង​នេះ នឹង​ពុំ​មាន​ន័យ​អ្វី​ឡើយ ព្រោះ​មន្ត្រី​គណបក្ស​ជំទាស់​ពុំ​មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រចនាសម្ព័ន្ធ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នេះ​ទេ។
លោក​គិត​ថា ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​មាន​អង្គការ​សហប្រជាជាតិ ចូល​រួម​ក្នុង​គណៈកម្មការ​នោះ គឺ​វា​ហួស​ព្រំដែន ហើយ​ក៏​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា ដែរ។ ក៏ប៉ុន្តែ វា​ហាក់​គ្រប់គ្រាន់​រួច​ទៅ​ហើយ ដែល​មាន​ត្រឹម​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​អាជ្ញា​កណ្ដាល​នោះ៖ «គឺ​ចាំបាច់​ត្រូវ​មាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង គ.ជ.ប ទេ។ អា​ហ្នឹង គឺ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត បាន​ទទួល​សិទ្ធិ​ដល់​គេ​តែ​ពីរ​ហ្នឹង​ទេ។ ចំណែក​យើងៗ​ទៅ​ធ្វើ​អី​សួរ​មើល ព្រោះ​ខ្ញុំ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​របស់​គណបក្ស​ប្រជាជន ម្ដង​រួច​មក​ហើយ និយាយ​គ្មាន​បាន​ផល​ទេ ខាត​តែ​ពេល​វេលា។ ប៉ុន្តែ បង្កើត​ថា​តែ​បង្កើត​ទៅ តែ​ខ្លួន​ឥត​ព្រម​មាន​សុឆន្ទៈ ដើម្បី​សម្រប​សម្រួល​បង្កើត​ផង។ សុទ្ធតែ​យក​អង្គការ​សហប្រជាជាតិ មក​ធ្វើ អង្គការ​សហប្រជាជាតិ មាន​ស្អី​ដែល​ត្រូវ​អង្គការ​សហប្រជាជាតិ មាន​ច្បាប់​ឯណា អង្គការ​សហប្រជាជាតិ មក​ដោះស្រាយ​បញ្ហា​ហ្នឹង»
ចំណែក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិញ ព្រមាន​ថា ប្រសិន​បើ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ឈាន​ដល់​ហិង្សា​កើត​ឡើង សមត្ថកិច្ច​នឹង​ចាត់​វិធាន​ការ​ប្រឆាំង​បាតុកម្ម​នេះ។ ចំណែក​មេ​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​នេះ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 អត្ថបទខាងលើមិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។

​សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons