. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, August 30, 2013

លោក សម រង្ស៊ី គាំទ្រ​ឲ្យ​មាន​ការ​ចរចា​គ្នា​រវាង​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា វិញ គាំទ្រ​ឲ្យ​មាន​ការ​ជួប​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី៥ និង​ឈាន​ទៅ​រក​ការ​កែទម្រង់​នយោបាយ។
ដោយ ទីន ហ្សាការីយ៉ា
2013-08-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
រង្ស៊ី​ហ៊ុនសែន
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
AFP Photo
លោក សម រង្ស៊ី ផ្ញើ​លិខិត​នោះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់ លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី២៩ សីហា ដែល​ចង់​ឲ្យ​មាន​ការ​ចរចា​បន្ត ដើម្បី​បង្រួប​បង្រួម​ជាតិ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ដាក់​លិខិត​ឆ្លើយ​តប​ទៅ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី៣០ សីហា ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី ក្នុង​ស្មារតី​ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ។
ខ្លឹមសារ​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៣០ សីហា ផ្ញើ​ជូន លោក ជា ស៊ីម នោះ សរេសរ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ជួប​ចរចា​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ ដើម្បី​ធានា​យុត្តិធម៌ និង​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​លិខិត​របស់ លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី២៩ សីហា ផ្ញើ​ជូន លោក សម រង្ស៊ី។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​នេះ គឺ​បង្ក​ឡើង​ដោយ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​ជំនឿ​ថា គ.ជ.ប អាច​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដោយ​តម្លាភាព និង​យុត្តិធម៌​នោះ​ឡើយ។ បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មិន​ស្ថិត​នៅ​ក្រោម គ.ជ.ប។ លោក កឹម សុខា បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ជំហរ​របស់​ប្រជាជន​កម្ពុជា ដែល​ចង់​ឲ្យ​មាន​ការ​ចរចា​គ្នា​បន្ត​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ឆ្លើយ​តប​ថា ការ​ចរចា​នេះ​សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​គណៈកម្មការ​ស៊ើប​អង្កេត​នោះ ចេញ​រូប​រាង​សិន។ ក្រោយ​មក ទើប​អាច​ចរចា​គ្នា​ដើម្បី​ឈាន​ទៅ​ដំណាក់​កាល​នីមួយៗ ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ឈ្លោះ​គ្នា និង​មិន​រក​ដំណោះស្រាយ​ទេ ជា​ការ​ធ្វើ​ឲ្យ​ខាត​បង់​សម្រាប់​ប្រទេស​ជាតិ ពីព្រោះ​ថា បច្ចុប្បន្ន​នេះ អ្នក​វិនិយោគ​មួយ​ចំនួន​មិន​ហ៊ាន​ចូល​មក​ទេ។ លោក​បញ្ជាក់​ថា នេះ​ជា​ជំហាន​ល្អ​មួយ​ដែល​អ្នក​នយោបាយ​ងាក​មក​រក​តុ​ចរចា​នេះ ជា​ការ​បង្ហាញ​ថា ខ្មែរ​មិន​ពឹង​ពាក់​បរទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ទេ។
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ចរចា​គ្នា​ចំនួន​ពីរ​ដង​រួច​មក​ហើយ គឺ​កាល​ពី​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី២០ សីហា អំពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត​នេះ ប៉ុន្តែ​ការ​ជួប​គ្នា​ទាំង​ពីរ​លើក​នេះ បាន​បរាជ័យ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​ដំណាក់​កាល​នេះ គណបក្ស​ទាំង​ពីរ​បាន​បន្ទន់​ឥរិយាបថ ដើម្បី​ជួប​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ក្នុង​គោល​បំណង​បង្រួប​បង្រួម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទខាងលើនេះ មិនជារបស់គេហទំព័រយើងខ្ញុំទេ ។
សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons