. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, August 23, 2013

ប៉ូលិស​ក្រុង​បាត់ដំបង​រារាំង​ពលរដ្ឋ​ចូល​រួម​វេទិកា​ស្ដីពី​ការ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង

ប៉ូលិស​ក្រុង​បាត់ដំបង​រារាំង​ពលរដ្ឋ​ចូល​រួម​វេទិកា​ស្ដីពី​ការ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង

កង​កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង ប្រដាប់​ដោយ​ខែល និង​ដំបង បាន​រារាំង និង​ចាប់​ទាញ​រុញ​ច្រាន លោកស្រី មូរ សុខហួរ មិន​ឲ្យ​ដឹក​ដៃ​ប្រជាពលរដ្ឋ​ចូល​រួម​នៅ​ក្នុង​វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន ស្ដីពី ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​វេទិកា​នេះ​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
ដោយ សួន សុផលមុន្នី
2013-08-22
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ប៉ូលិស​រារាំង​ពលរដ្ឋ​ចូល​រួម​វេទិកា ៦១០
សកម្មភាព​របស់​សមត្ថកិច្ច​ប៉ូលិស​ឈរ​បណ្ដាក់​គ្នា​រារាំង​នៅ​ខាង​មុខ​ច្រក​ចូល ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​រួម​ស្ដាប់​វេទិកា​សាធារណៈ​នៅ​ក្រោយ​ហេតុការណ៍​ចាប់ លោកស្រី មូរ សុខហួរ ប្រទាញ​ប្រទង់​គ្នា​រវាង​កង​ប៉ូលិស និង​អ្នក​ចូល​រួម នា​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Soun Sophalmony
ប៉ូលិស​ក្រុង​បាត់ដំបង និង​លោកស្រី មូរ សុខហួរ រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ ដោយ​មាន​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា នៅ​ខាង​មុខ​រោង​វេទិកា​សាធារណៈ​មួយ ស្ថិត​ភូមិ​អង្គ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។
ការ​ប៉ះ​ទង្គិច​គ្នា​នេះ កើត​មាន​ឡើង​ដោយសារ​តែ​កង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ជា​ច្រើន​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ផង​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ការពារ និង​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ស្ដាប់​វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន ស្ដី​ពី ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
នៅ​ក្នុង​ហេតុការណ៍​ប្រទាញ​ប្រទង់​គ្នា​នោះ គេ​សង្កេត​ឃើញ លោកស្រី មូរ សុខហួរ ត្រូវ​បាន​គេ​រុញ​ផ្ទប់​ទៅ​នឹង​របង​នៅ​ខាង​មុខ​ផ្ទះ ប៉ុន្តែ​ពុំ​មាន​ការ​វាយ​តប់​គ្នា​នោះ​ទេ គ្រាន់​តែ​ជា​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ។
ឆ្លើយ​តប​ករណី​នេះ លោកស្រី មូរ សុខហួរ ដែល​អាច​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង នោះ ប្រតិកម្ម​ថា នៅ​មុន​មាន​ហេតុការណ៍ គឺ​មាន​តែ​សមត្ថកិច្ច​ប៉ូលិស​មិន​ច្រើន​នាក់​ទេ ស្រាប់​តែ​ក្រោយ​មក មាន​ការ​បញ្ជូន​កង​កម្លាំង​ប៉ូលិស​មួយ​រថយន្ត ប្រដាប់​ដោយ​ខែល និង​ដំបង​មក​ថែម​ទៀត ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​វេទិកា ដែល​ជជែក​គ្នា​អំពី​ការ​ការពារ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​យល់​ឃើញ​ថា ជា​ស្មារតី​ប្រជាពលរដ្ឋ​ដែល​ស្នេហា​សន្តិភាព ចង់​បាន​លទ្ធិប្រជាធិបតេយ្យ តែ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ជា​ទិដ្ឋភាព​ឃើញ​នៅ​ក្រៅ​ផ្ទះ​លោក អ៊ំ រហូត​មក​ព័ទ្ធ​ផ្ទះ​យ៉ាង​នេះ ខ្ញុំ​យល់​ឃើញ​ថា ខុស​ច្បាប់ ហើយ​កាក់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​នេះ ធ្វើ​ប៉ះពាល់​មុខ​មាត់​ខេត្ត​បាត់ដំបង ទាំង​មូល»
ទោះ​យ៉ាង​នេះ​ក្ដី លោកស្រី មូរ សុខហួរ ពុំ​បាន​ស្ដី​បន្ទោស​កង​កម្លាំង​ប៉ូលិស​នោះ​ទេ តែ​លោកស្រី​សង្កត់​ធ្ងន់​ថា ការ​រារាំង​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង៖ «ខ្ញុំ​នៅ​ឈឺ​ខ្លួន​នៅ​ឡើង​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ទាមទារ​បំផុត ខ្ញុំ​កាន់​ដៃ​លោក​ពូ​ម្នាក់​ដែល​គាត់​ខំ​កាត់​ប៉ូលិស ដែល​បាំង​មិន​ឲ្យ​គាត់​ចូល ហើយ​ខ្ញុំ​ជា​និម្មិត​រូប ខ្ញុំ​សុខ​ចិត្ត​ធ្វើ​យ៉ាង​ម៉េច​តស៊ូ​ដើម្បី​ឲ្យ​លោក​ពូ​គាត់​មាន​សិទ្ធិ​ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់​សោកស្ដាយ​មែន​ទែន មិន​គួរ​ណា​ឡើយ​រដ្ឋ​អំណាច​នៅ​ខេត្ត​បាត់ដំបង បញ្ចេញ​ឥរិយាបថ​របៀប​នេះ ដែល​ធ្វើ​បាត់​បង់​សន្លឹក​ឆ្នោត ហេតុ​អី​មិន​ព្រម​រៀន​សូត្រ​រឿង​ហ្នឹង​ថា រាស្ត្រ​លោក​ឈប់​ខ្លាច​ហើយ»
ឆ្លើយ​តប​នឹង​សំណួរ សួរ​ថា លោកស្រី​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​មាន​ចំពោះ​លោកស្រី​នេះ​ទេ? លោកស្រី មូរ សុខហួរ ឆ្លើយ​ថា រឿង​នេះ​នឹង​ធ្វើ​ឲ្យ​លោកស្រី​កាន់​តែ​មាន​ទឹក​ចិត្ត​មោះមុត​ថែម​ទៀត ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ។
នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រួច​មក វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន​ស្ដីពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ដំណើរ​ការ​ទៅ ហើយ​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ប្រហែល ៦០​នាក់​ប៉ុណ្ណោះ។ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​ចង់​ចូល​រួម​ក្នុង​វេទិកា​នោះ ត្រូវ​បាន​គេ​ដាក់​កង​កម្លាំង​ប៉ូលិស​ហាម​ឃាត់។
មូរ សុខហួរ ៦១០
លោកស្រី មូរ សុខហួរ ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ប្រទាញ​ប្រទង់​គ្នា នា​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Soun Sophalmony
ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្ដមសេនីយ៍ ស ថេត ថ្លែង​ថា កង​ប៉ូលិស​បាន​បញ្ជូន​ទៅ គឺ​ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ។ ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​ដោយសារ​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​ដៃ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់​វេទិកា​កាត់​រនាំង​ការពារ​របស់​សមត្ថកិច្ច។ វេទិកា​សាធារណៈ​នោះ បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​បាត់ដំបង។ ទន្ទឹម​គ្នា​នេះ លោក​ឧត្ដមសេនីយ៍ ស ថេត បាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​មួយ​ចំនួន​ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក (Facebook) ថា ប៉ូលិស​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ទៅ​លើ​ប្រជាពលរដ្ឋ។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) លោក យិន ម៉េងលី ថ្លែង​ថា ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​ច្បាប់​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​យោង​លើ​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​មហាផ្ទៃ អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ធ្វើ​វេទិកា និង​បើក​កិច្ច​ប្រជុំ​ផ្សេង​បាន ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល ៥​ថ្ងៃ​ជា​មុន៖ «អ៊ីចឹង​បាន​ខ្ញុំ​ចង់​និយាយ​ថា អ្នក​ដែល​ចង់​ឲ្យ​គេ​សុំ​ច្បាប់ លោក​យោង​លើ​ច្បាប់​អី​មាត្រា​មួយ​ណា ពីព្រោះ​ព្រឹក​មិញ​សមត្ថកិច្ច​និយាយ​ថា ច្បាប់ៗ ការ​ធ្វើ​នេះ​ធ្វើ​នៅ​ក្នុង​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ អ៊ីចឹង​អត់​មាន​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ទេ យើង​យក​កម្លាំង​សមត្ថកិច្ច​មក​បិទ​ផ្លូវ​មុខ បិទ​ផ្លូវ​ក្រោយ​មិន​ឲ្យ​ចូល​ផ្ទះ​ទៀត ខ្ញុំ​ឃើញ​ថា កំហុស​នេះ​ធ្ងន់​ណាស់​ចំពោះ​សមត្ថកិច្ច»
មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​សង្កាត់​អូរចារ ដើម្បី​រៀប​ចំ​វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន​ស្ដី​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ថ្ងៃ​ទី​១៩ សីហា សាលា​សង្កាត់​អូរចារ បាន​ចេញ​លិខិត​ឆ្លើយ​ដោយ​ពុំ​បាន​អនុញ្ញាត​ឲ្យ​រៀប​ចំ​វេទិកា​នោះ​ទេ ដោយ​សម្អាង​ថា នៅ​បរិវេណ​ទីតាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រៀប​ចំ​វេទិកា​នោះ មាន​វិសាលភាព​ធំ មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​សង្កាត់​អូរចារ ទេ។ សាលា​សង្កាត់​បញ្ជូន​បញ្ហា​នេះ​ទៅ​សាលា​ក្រុង។ សាលា​ក្រុង​បាត់ដំបង បញ្ជូន​បញ្ហា​នេះ​ឲ្យ​ទៅ​សុំ​ច្បាប់​បន្ត​ពី​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង ប៉ុន្តែ​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង ពុំ​បាន​ឆ្លើយ​តប​នោះ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២២ ខែ​សីហា មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​រៀប​ចំ​វេទិកា​សាធារណៈ​ឡើង​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចំពោះអត្ថបទទាំងនេះ  មិនជារបស់គេហទំព័រយើងខ្ញុំទេ គ្រាន់ចំលងចេញពីគេ ។ 
សូមចុះលើទំព័រដើមនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons