. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, September 13, 2013

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ព្រមាន​ដាក់​ទោស​ជន​ណា​ប្រឆាំង​នឹង​សេចក្ដី​សម្រេច

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ព្រមាន​ដាក់​ទោស​ជន​ណា​ដែល​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ប្រកាស​បិទ​ផ្លូវ​តវ៉ា​លើ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តវ៉ា​ជំទាស់​នឹង​ការ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ។ ប៉ុន្តែ បក្ស​ប្រឆាំង​បាន​ឆ្លើយ​ថា អ្នក​ដែល​ត្រូវ​ដាក់​ពិន័យ គឺ​អ្នក ឬ​ស្ថាប័ន​ដែល​ឃុបឃិត​លួច​បន្លំ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ ដែល​លម្អៀង​ទៅ​បក្ស​កាន់​អំណាច​ទៅ​វិញ​ទេ។
ដោយ វោហារ ជាតិ
2013-09-13




constitutional_council_305
២៦-មករា-២០១១ ៖ នគរបាល​មួយ​រូប​ឈរ​យាម​ក្បែរ​ច្រក​ទ្វារ​ចូល​អាគារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៅ​ក្រុង​ភ្នំពេញ។
RFA/Leng Maly
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចុះ​ថ្ងៃ​ទី​១២ កញ្ញា បាន​រំលឹក​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១៣ លើ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្ដឹង​តវ៉ា​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត​ចំនួន ១៥​បណ្ដឹង ដែល​បក្ស​សង្គ្រោះ​ជាតិ សង្ស័យ​ថា មាន​ការ​លួច​បន្លំ។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជាក់​ថា ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​របស់​បក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ពិនិត្យ និង​សម្រេច​លើ​បណ្ដឹង​តវ៉ា​ទាំង ១៥ នោះ ដោយ​ផ្អែក​លើ​មូលដ្ឋាន​គតិយុត្តិ​ទាំង​ស្រុង និង​រក្សា​ភាព​ឯករាជ្យ។ សេចក្ដី​សម្រេច​នេះ សុទ្ធសឹងតែ​ជា​ការ​អនុម័ត​ដោយ​សមូហភាព និង​មាន​សំឡេង​ឯកច្ឆន្ទ​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទាំង​មូល ហើយ​ជា​សេចក្ដី​សម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា មាន​អនុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំងអស់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។
សេចក្ដី​ថ្លែងការណ៍​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ បាន​ព្រមាន​ចាប់​ដាក់​គុក ចំពោះ​ជន​ណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ ដោយ​យោង​លើ​មាត្រា ៣៦ នៃ​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ចែង​ថា៖ «ជន​ណា​ដែល​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឬ​រារាំង​ដល់​កិច្ច​ប្រតិបត្តិការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ដល់ ១​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ដល់ ៦០​ម៉ឺន​រៀល ឬ​ផ្ដន្ទាទោស​ណា​មួយ​ក្នុង​ចំណោម​ទោស​ទាំង​ពីរ»
ក៏ប៉ុន្តែ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ចេតនា​នយោបាយ ហើយ​លម្អៀង​ទៅ​បក្ស​ប្រជាជន​កម្ពុជា។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឆ្លើយ​តប​បែប​ចំអក​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​វិញ​ថា បើ​ពិត​ដូច្នោះ​មែន ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រហែល​ជា​មិន​អាច​រក​គុក​ដាក់​អ្នក​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ទេ ព្រោះ​ដោយ​លោក​អះអាង​ថា អ្នក​ដែល​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ មាន​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ រាប់​លាន​អ្នក៖ «ខ្ញុំ​គ្រាន់​តែ​ធ្វើ​អត្ថាធិប្បាយ​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​បែប​ហ្នឹង ប្រហែល​មិន​មាន​គុក​ដាក់​ប្រជាពលរដ្ឋ​បី​លាន​នាក់​ហ្នឹង​ទេ ហើយ​ក៏​មិន​មាន​ឃ្លាំង​ប្រាក់​យក​មក​ដាក់​ប្រាក់​ផាក​ពិន័យ​ប្រជាពលរដ្ឋ​បី​លាន​អ្នក​ហ្នឹង​ដែរ»
ទន្ទឹម​នឹង​នេះ លោក យឹម សុវណ្ណ បាន​ចោទ​បក​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​វិញ​ថា បាន​លម្អៀង​ទៅ​បក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​បណ្ដែត​បណ្តោយ​ឲ្យ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ដែល​ជា​ហេតុ​នាំ​ឲ្យ​ខូច​ដល់​លទ្ធផល​បោះ​ឆ្នោត​នៅ​ពេល​នេះ៖ «អ្នក​ដែល​ត្រូវ​ដាក់​ពិន័យ​មិន​មែន​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ មិន​មែន​ម្ចាស់​ឆ្នោត​ទេ។ អ្នក​ដែល​ត្រូវ​ដាក់​ពិន័យ គឺ​អ្នក​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្មែរ ១​លាន ៣​សែន​នាក់ ចេញ​ពី​បញ្ជី​ដែល​នោះ​ជា​ទង្វើ​រំលោភ​រដ្ឋធម្មនុញ្ញ»
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទទួល​បាន​អាសនៈ​សភា​ចំនួន ៦៣​កៅអី ចំណែក​បក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​កៅអី។ ប៉ុន្តែ បក្ស​សង្គ្រោះ​ជាតិ បដិសេធ​លទ្ធផល​នេះ ដោយ​ចោទ​ថា មាន​ការ​លួច​បន្លំ ហើយ​បាន​ធ្វើ​មហា​បាតុកម្ម​អហិង្សា​មួយ នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា កន្លង​ទៅ​នេះ ហើយ​គ្រោង​ធ្វើ​មហា​បាតុកម្ម​បី​យប់​បី​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌ បន្ទាប់​ពី​អស់​ជំនឿ​លើ​ការ​ដោះស្រាយ​ដោយ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

  អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំ ។

 សូម​ចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons