. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, September 29, 2013

ច្បាប់ប្រឆាំងអំពើពុករលួយ

ច្បាប់ប្រឆាំងអំពើពុករលួយ
មាត្រា​១ - គោលបំណង
    ច្បាប់​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅក្នុង​ការ​ដឹងនាំ និង​ការ​គ្រប់គ្រង​រដ្ឋ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។
មាត្រា ២ - គោលដៅ
    ច្បាប់​នេះ មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​តាមរយៈ​ការ​ចាត់វិធាន​ ការអប់រំ បង្ការ​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​បង្រ្កាប់​បទល្មើស​ពុករលួយ ហើយ​ដោយ​មាន​ការ​ចូលរួម និង​គាំទ្រ​ពី​មហាជន​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។
មាត្រា ៣ - វិសាលភាព
    ច្បាប់ ​នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​អំពើ​ពុករលួយ​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ប្រព្រឹត្ត​ក្រោយ​ពេល​ដែល​ច្បាប់​នេះ​មាន​អានុភាព​អនុវត្ត។
មាត្រា ៤ - និយមន័យ
    វាក្យ​សព្ទ​បច្ចេកទេស​ក្នុង​ច្បាប់​នេះ​មានន័យ​ដូច​ត​ទៅៈ
១ - បទល្មើសពុករលួយ: មានន័យថា បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​នៅក្នុង​ជំពូកទី​ ៦ នៃ​ច្បាប់​នេះ។
២ - អ្នករាជការសាធារណ: មានន័យថាៈ
ក - បុគ្គល​ដែល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញតិ្ត ស្ថាប័ន​នីតិប្រតិបត្តិ ឬ ស្ថាប័ន​តុលាការ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​លិខិត​បទដ្ឋាន​គតិយុទ្ត ទោះ​ជា​អចិន្តៃ្រយ៍ ឬ​ជា​បណ្ដោះ​អាសន្នក្តី ទោះ​ជា​បាន ឬ​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​ក្តី ដោយ​មិន​គិត​ពី​ឋានៈ អាយុ​របស់បុគ្គល​ឡើយ។
ខ - បុគ្គល​ឯ​ទៀត​ដែល​ធ្វើការ​ក្នុង​មុខងារ​សាធារណៈ​រួម​ទាំង​ទីភ្នាក់​ ងារសាធារណៈ ឬ​សហគ្រាស​សាធារណៈ ព្រម​ទាំង​ស្ថាប័ន​សាធារណៈ​ដទៃ​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នៃ​ ព្រះរាជាណាចក្រកម្ពុជា។
៣ - មន្ត្រីសាធារណៈបរទេស: មានន័យថា មន្ត្រី​បរទេស​ដែល​កាន់​តំណែង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញតិ្ត ស្ថាប័ន​នីតិប្រតិបត្តិ ឬ​ស្ថាប័ន​តុលាការ​របស់​ប្រទេស​ក្រៅ ទោះ​ជា​បាន​តែង​តាំង ឬ​បោះឆ្នោត​ជ្រើសរើស​ក៏​ដោយ និង​ជន​បរទេស​ដែល​អនុវត្ត​មុខងារ​សាធារណៈ​សម្រាប់​ប្រទេស​ក្រៅ​ណា​មួយ រួមមាន​ទីភ្នាក់ងារ​សាធារណៈ ឬ​សហគ្រាស​សាធារណៈ។
៤ - មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ: មានន័យថា មន្ត្រី​អន្តរជាតិ ឬ​ជន​ណា​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​អង្គការ​អន្តរជាតិ​ឲ្យ​បំពេញ​ ភារកិច្ច​ក្នុង​នាម​អង្គការ​អន្តរជាតិ​នោះ។
៥ - ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត: ​ មានន័យថា សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រមទាំង​ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​សាធារណៈ ដោយ​ការ​បោះឆ្នោត ដើម្បី​បំពេញ​មុខងារ​សាធារណៈ​ដទៃ​ទៀត។
៦ - ចៅក្រម: មានន័យថា​ចៅ​ក្រម​អាសនៈ និង​ចៅក្រម​អយ្យការ។
៧ - នីតិបុគ្គល: មានន័យ​ថា​ក្រុម​មនុស្ស ឬ​មូលនិធិ​ដែល​មាន​បុគ្គលភាព​គតិយុត្ត ហើយ​ជា​ប្រធាន​នៃ​សិទ្ធិ និង​កាតព្វ​កិច្ច។
៨ - សង្គមស៊ីវិល: មានន័យ​ថា សហគមន៍ ឬ​ក្រុម​មនុស្ស​ដែល​បង្កើត​ឡើង​ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​ការ​ការពារ​ផល​ ប្រយោជន៍​លើ​វិស័យ​សេដ្ឋកិច្ច សង្គម​កិច្ច នយោបាយ វិទ្យាសាស្ត្រ វប្បធម៌ និង​សាសនា មាន​ជា​អាទិ៍ សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល គណបក្ស​នយោបាយ។
៩ - អត្ថប្រយោជន៍: មានន័យថាៈ
ក - អំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់ ឬ​កម្រៃ​ជើង​សា​ដែល​មិន​មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់​ជា​ធរមាន ជា​ទឹក​ប្រាក់ ឬ​ជា​វត្ថុ​មាន​តម្លៃ ឬ​ជា​ទ្រព្យ​សម្បត្តិ​ប្រភេទ​អ្វី​មួយ។
ខ - ការងារ តំណែង មុខងារ កិច្ច​ព្រម​ព្រៀង ឬ​កិច្ច​សន្យា​អ្វី​មួយ។
គ - ការ​បង់​ប្រាក់ ការ​លើក​លែង ការ​លុប​ចោល ការ​លុប​បំបាត់​នូវ​ប្រាក់​កម្ចី អ្វី​មួយ កាត​កិច្ច ឬ​បំណុល​ដទៃ​ទៀត ទោះ​ជា​ទាំងមូល​ក្តី ឬ​ដោយ​ផ្នែក​ក្តី។
ឃ - សេវាកម្ម​ឯ​ទៀត ឬ​ការ​ផ្តល់​ជា​គុណប្រយោជន៍ រួម​ទាំង​កិច្ច​ការពារ​មិន​ឲ្យ មាន​ការ​ដាក់​ទណ្ឌកម្ម ដែល​លេច​ចេញ​ពី​អំពើ ឬ​ដំណើរការ​នៃ​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋប្បវេណី ឬ​ព្រហ្ម - ទណ្ឌ ទោះបី​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​កំណត់ ឬ​ពុំ​ទាន់​ត្រូវ​បាន​កំណត់​ក៏​ដោយ។
ង - ការ​អនុវត្ត ឬ​ការ​រារាំង​មិន​ឲ្យ​អនុវត្ត​នូវ​សិទ្ធិ​ ឬ​អំណាច ឬ​ភាកិច្ច​អ្វី​មួយ។
ច - ការ​ស្នើ​ជូន ឬ​ការ​សន្យា​ថា​ជូន ទោះបី​មាន​លក្ខខណ្ឌ ឬ​គ្មាន​លក្ខខណ្ឌ​ក្តី នូវ​អត្ថប្រយោជន៍ ដូច​មាន​ចែង​ក្នុង​ស្មារតី​នៃ​កថា​ខណ្ឌ (ក) (ខ) (គ) (ឃ) និង (ង)។
១០ - អំណោយ: មានន័យ​ថា ទ្រព្យ ឬ​សេវា​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​ជា​ប្រយោជន៍​ដល់​បុគ្គល​ណា​ម្នាក់ ហើយ​ដែល​មិន​ត្រូវ​បាន​ចាត់ទុក​ជា​កិច្ច​ព្រម​ព្រៀង និង​មិនមែន​ជា​ជំនូន​តាម​ទំនៀម​ទម្លាប់ ឬ​ប្រពៃណី។
១១ - ទំនាស់ផលប្រយោជន: មានន័យ​ថា​ ផល​ប្រយោជន៍​ជា​ទឹក​ប្រាក់ ផល​ប្រយោជន៍​នយោបាយ ផល​ប្រយោជន៍​សម្រាប់​គ្រួសារ ឬ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​អាច​មាន ឥទ្ធិពល​លើ​ទង្វើ​របស់​ជន​ណា​ម្នាក់ ក្នុង​ការ​អនុវត្ត​កាតកិច្ច​ជា​ផ្លូវការ​របស់​ខ្លួន។
១២ - ទ្រព្យសម្បតិ្ត: មានន័យ​ថា ទ្រព្យ​គ្រប់​ប្រភេទ ទោះ​ជា​ចលន​វត្ថុ ឬ​ជា​អចលន​វត្ថុ រូបីយ ឬអរូបីយ និង​ឯកសារ​គតិយុត្ត ឬ​លិខិតូបករណ៍​ដែល​បញ្ជាក់​ពី​កម្មសិទ្ធិ ឬ​ផលប្រយោជន៍​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​នោះ។
១៣ - ការចាប់យក: មានន័យថា ការ​ហាម​ប្រាម​ជា​បណ្ដោះ​អាសន្ន​មិន​ឲ្យ​ធ្វើការ​ផ្ទេរ​ផ្លាស់ប្តូរ ប្រែប្រួល ប្រគល់​ឲ្យ ឬ​ធ្វើ​ចលនា​នៃ​ទ្រព្យ​សម្បត្តិ ឬ​យក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​បណ្ដោះ​អាសន្ន ឬ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​តាមរយៈ​ដីកា​តុលាការ។
១៤ - ការរឹបអូស: មានន័យ​ថា ការ​ដក​ហូត​ជា​អចិន្ត្រៃយ៍​នូវ​ទ្រព្យ​សម្បត្តិ​ណា​មួយ​តាមរយៈ​សេចក្តី​សម្រេច​របស់​តុលាការ។
១៥ - ផលនៃអំពើពុករលួយ: មានន័យ​ថា ទ្រព្យ​ណា​ក៏​ដោយ​ដែល​មាន​មក​ពី ឬ​ទទួល​បាន​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។
១៦ - កម្រៃ: មានន័យ​ថា ផល​ជា​ប្រាក់​បាន​មក​អំពី​កិច្ចការ​ការិយាល័យ ឋានៈ​មុខងារ​ឬ​ការងារ​ដែល​រួមទាំង​ប្រាក់​បៀវត្ស ប្រាក់​ឈ្នូល និង​ប្រាក់​បន្ថែម​ឯ​ទៀត។
១៧ - ការប៉ុនប៉ង: មានន័យ​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​អាច​ត្រូវ​ផ្តន្ទាសទោស​បាន កាល​ណា​លក្ខខណ្ឌ​ខាង​ក្រោម​នេះ​ត្រូវ​បាន​បំពេញៈ
ក - ចារី​បាន​ចាប់​ផ្តើម​ប្រព្រឹត្ត​បទ​ល្មើស មានន័យ​ថា ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែល​មាន​គោល​បំណង​ដោយ​ផ្ទាល់ ដើម្បី​ប្រព្រឹត្តបទ​ល្មើស និង
ខ - ចារី​មិន​បាន​បញ្ឈប់​អំពើ​របស់​ខ្លួន​ទៅ​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​តែ​ត្រូវ​ បាន​រាំង​ស្ទះ ឬ​អាក់ខាន​ដោយ​ឥទ្ធិពល​នៃ​កាលៈទេសៈ​ក្រៅ​ឆន្ទៈ​របស់​ខ្លួន។ អំពើ​ត្រៀម​បម្រុង​ដែល​ពុំ​មាន គោល​បំណង​ដោយ​ផ្ទាល់ ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​មិន​មែន​ជា​ការ​ចាប់ផ្តើម​ប្រព្រឹត្តទេ។
១៨ - អ្នកផ្តើមគំនិត: មានន័យ​ថា បុគ្គល​ណា​ដែលៈ
ក - ជម្រុញឲ្យប្រព្រឹត្តបទល្មើសពុករលួយតាមការណែនាំ ឬបញ្ជា។
ខ - បង្ក​ឲ្យ​មាន​បទ​ល្មើស​ពុក​រលួយ ដោយ​ផ្តល់​អំណោយ ដោយ​ការ​សន្យា ឬ​ការ​គំរាម​កំហែង ការ​ញុះញង់ ការ​លួងលោម ឬ​ដោយ​ការ​រំលោភ​អាជ្ញា ឬ​អំណាច​របស់​ខ្លួន។
១៩ - អ្នកសមគំនិត: មានន័យថា បុគ្គល​ដែល​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​ការ ប៉ុនប៉ង ឬ​ការ​សម្រេច​បទ​ល្មើស​ពុករលួយ​ដោយ​ផ្តល់​ជំនួយ ឬ​ការ​ឧបត្ថម្ភ​របស់​ខ្លួន។
២០ - អង្គភាពដើមប្រឆាំងអំពើពុករលួយ: មានន័យ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​អនុក្រឹត្យ​ លេខ ៨៤​អនក្រ.បក ចុះ​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០០៦។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons