. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, September 22, 2013

លោក ជាម យៀប៖ ញត្តិ​ពលរដ្ឋ​មិន​សំខាន់​ជាង​មាត្រា​ច្បាប់

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប លើក​ឡើង​ថា ញត្តិ​ដែល​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ កុំ​ឲ្យ​យាង​ចូល​រួម​បើក​សម័យ​ប្រជុំ​សភា​ដំបូង មិន​សំខាន់​ជាង​មាត្រា​ច្បាប់​ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ។
ដោយ អ៊ុក សាវបូរី
2013-09-22
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ជាម យៀប ៣០៥
ឯកឧត្តម​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម ឬ​គណៈកម្មការ​ទី​២ នៃ​រដ្ឋ​សភា
RFA
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​យាង​ជា​ព្រះរាជា​ធិបតី​បើក​សម័យ​ប្រជុំ​សភា​ដំបូង​នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។
សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បណ្ឌិត​រដ្ឋ ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​២២ ខែ​កញ្ញា ថា មតិ​ឯកជន​របស់​លោក​ផ្ទាល់​យល់​ថា ព្រះមហាក្សត្រ​ទ្រង់​ថ្លឹងថ្លែង​ញត្តិ​ដែល​មាន​ប្រជានុរាស្ត្រ​តែ​ជាង ២៦​ម៉ឺន​នាក់​បាន​ផ្ដិត​មេដៃ​ទូល​ថ្វាយ​កុំ​ឲ្យ​ព្រះអង្គ​យាង​បើក​ប្រជុំ​រដ្ឋ​សភា។ ប៉ុន្តែ​ព្រះមហាក្សត្រ​បាន​គ្រប់គ្រង​ប្រជានុរាស្រ្ត​ទូទាំង​នគរ​កម្ពុជា ដល់​ទៅ​ជាង ១៤​លាន​នាក់ ដូច្នេះ​ព្រះអង្គ​មិន​បោះ​ចោល​ប្រជានុរាស្ត្រ​ភាគ​ច្រើន​ទេ។
លោក ជាម យៀប៖ «ដល់​អ៊ីចឹង​ទៅ​ខ្ញុំ​យល់​ឃើញ​ថា ស្អែក​នេះ​គឺ​ព្រះករុណា ព្រះអង្គ​ថ្ងៃ​នេះ​មាន​ព្រះ​តម្រិះ តែ​ស្អែក​ព្រះអង្គ​នឹង​ទ្រង់​យាង​ទៅ​ដើម្បី​នឹង​សម្ពោធ​ដំបូង​ឲ្យ​ស្រប​ទៅ​តាម​ជំពូក​ទី​៧ មាត្រា ៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​វាក្យខណ្ឌ​ទី​១ ដែល​បាន​លើក​ឡើង​ថា រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាង​យូរ ក្រោម​ព្រះរាជ​កោះ​អញ្ជើញ​នៃ​អង្គ​ព្រះមហាក្សត្រ គឺ​ព្រះអង្គ​នឹង​គោរព ហើយ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ជា​ដាច់​ខាត»
កាល​ពី​ថ្ងៃ​២១ ខែ​កញ្ញា ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះករុណា​ពី​ការ​មិន​សុខ​ចិត្ត​របស់​ម្ចាស់​ឆ្នោត ទូល​ថ្វាយ​ព្រះមហាក្សត្រ សូម​ឲ្យ​ទ្រង់​ទត​ពី​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត និង​ទូល​សុំ​ព្រះមហាក្សត្រ​កុំ​យាង​ជា​ព្រះរាជា​ធិបតី​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣។
តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដិត​មេដៃ​ក្នុង​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ លោក​ សោម ចាន់ថុក ចោទ​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មើល​ងាយ​ញត្តិ​ពួក​គាត់ មិន​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា ច្បាប់​គឺ​មនុស្ស​អ្នក​តែង​តែ​មក​ចោទ​ពលរដ្ឋ​ថា​មិន​គោរព​ច្បាប់​ទៅ​វិញ ទើប​គាត់​ជា​តំណាង​ពលរដ្ឋ​មិន​សុខ​ចិត្ត ព្រោះ​កាល​ពី​ប្រជុំ​រដ្ឋ​សភា​នីតិកាល​ទី​៣ មាន​តំណាងរាស្ត្រ​ហ៊្វុនស៊ិនប៉ិច និង សម រង្ស៊ី ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋ​សភា​លើក​ដំបូង រដ្ឋាភិបាល​បាន​កែ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។
លោក​បាន​រិះគន់​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៣ កាល​នោះ​បង្កើត​បាន​ដោយ​បោះ​ឆ្នោត​កញ្ចប់។ លោក​ថា អ្នក​ដែល​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​១៩៩៣ មុន​ដំបូង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ឯង៖ «ហើយ​ដល់​ពេល​ភ័យ​ខ្លាច គណបក្ស សម រង្ស៊ី ភ័យ​ខ្លាច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជំនាន់​នោះ​ គណបក្ស​ប្រជាជន​ហ្នឹង​បាន​កែ​ច្បាប់​ឲ្យ​បោះ​ទៅ​ជា​កញ្ចប់​វិញ។ ខ្ញុំ​យល់​ឃើញ​ថា ហ្នឹង​ហើយ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​នេះ​ឯង»
ពន្យល់​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​តំណាង​ប្រជាពលរដ្ឋ បណ្ឌិត​រដ្ឋ ជាម យៀប ពន្យល់​ថា មិន​បាន​រលាយ​រដ្ឋធម្មនុញ្ញ​ទេ គឺ​បន្ថែម​មាត្រា​ខ្លះ​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​នៅ​ខ្វះ៖ «កាល​ដំបូង សម រង្ស៊ី ខ្លួន​ឯង​ហ្នឹង ថា​កុំ​ឲ្យ​មាន​ភាព​ជាប់​គាំង​នៅ​កម្ពុជា ត​ទៅ​ទៀត ទាល់​តែ​កែ​រដ្ឋធម្មនុញ្ញ ពីព្រោះ​ថា មាន​ប្រទេស​ជា​ច្រើន​ដែរ​ដែល​គេ​បាន​យក​ថា មិន​បាច់​ចាំ​យក ២ ភាគ ៣ ទេ យក​តែ ៥០ បូក ១ បាន​ហើយ»
អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី ពន្យល់​ថា ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មិន​គួរ​នៅ​ទ្រឹង​ទេ ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទៅ​តាម​បច្ចុប្បន្ន​ភាព។ ប៉ុន្តែ​រាល់​ការ​កែ​ច្បាប់​កំពូល គឺ​ធ្វើ​ឡើង​ធានា​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន។ លោក​ថា កាល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ខុស ព្រោះ​កែ​ច្បាប់​មិន​បាន​សាកសួរ​មតិ​យោបល់​ពលរដ្ឋ។ ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី កាល​នោះ​ក៏​ខុស ព្រោះ​ចង់​បាន​ចំណេញ​នយោបាយ​ខ្លួន​ឯង ដោយ​បាន​ចូល​រួម​កែប្រែ​គោលការណ៍​ដោយ​ចែង​ច្បាប់​ថ្មី​ថា គណបក្ស​ឈ្នះ​ឆ្នោត​ណា​ដែល​មាន​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត ឬ​ចំនួន​អាសនៈ ៥០ បូក ១ ក្នុង​សភា អាច​បង្កើត​រដ្ឋាភិបាល​បាន។
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប បាន​ថ្វាយ​លិខិត​ដល់​ព្រះមហាក្សត្រ​មិន​ចូល​រួម​ប្រជុំ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ទេ។ ឆ្លើយ​តប​លិខិត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ផ្ញើ​ជូន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា យោង​តាម​មាត្រា ៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ទ្រង់​នឹង​យាង​ជា​ព្រះរាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣។ ទ្រង់​បាន​ចែង​ក្នុង​ព្រះរាជសារ​លិខិត​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ មេត្តា​ចូល​រួម​ប្រជុំ​ដើម្បី​បង្ហាញ​នូវ​ការ​រួបរួម​ជាតិ​និង​ឯកភាព​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 អត្ថបទខាងលើនេះមិនមែនជារបស់គេហទំព័រយើងខ្ញុំទេ
សូមចុចអានទព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons