. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, September 9, 2013

ប៉ូលិស​នៅ​ប៉ោយប៉ែត​ធ្វើ​កាត​ឲ្យ​ពលរដ្ឋ​​ចេញ​ចូល​ផ្សារ​ថៃ​អត់​គិត​លុយ

ប៉ូលិស​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កំពុង​នាំ​គ្នា​ធ្វើ​កាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ទៅ​លក់​ដូរ និង​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​រុងក្លឿ ប្រទេស​ថៃ ដោយ​ពុំ​​យក​លុយ​កាក់​ដូច​លើក​មុន​នោះ​ឡើយ។
ដោយ សួន សុផលមុន្នី
2013-09-08
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
អាជីវករ303
ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ផ្សារ​​រុងក្លឿ ​ក្នុង​ទឹក​ដី​ថៃ​ជាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។
RFA/Sophal Mony
ការ​ផ្លាស់ប្ដូរ​ពី​ការ​យក​លុយ​មក​ការ​មិន​យក​លុយ​វិញ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា សកម្មភាព​នេះ​ ជា​យុទ្ធសាស្ត្រ​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​ជា​អ្នក​ចំណាក​ស្រុក​នៅ​ក្រុង​ប៉ោយប៉ែត ចេញ​ចូល​រក​ស៊ី​នៅ​ក្នុង​ទឹក​ដី​ថៃ កុំ​ឲ្យ​ពួកគាត់​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ឯ​ទីក្រុង​ភ្នំពេញ។
បើ​គេ​និយាយ​ពី​រឿង​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ យក​លុយ​ថ្លៃ​លក់​សំបុត្រ ថ្លៃ​ធ្វើ​កាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ប្រើប្រាស់​ចេញចូល​ទៅ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ទឹក​ថៃ​ មិន​មាន​អ្វី​ចម្លែក​នោះ​ទេ។ តែ​រឿង​ចំ​ឡែក​ត្រង់​ថា នៅ​ពេល​នេះ​ប៉ូលិស​អន្តោប្រវេសន៍​នោះ កំពុង​នាំ​គ្នា​ធ្វើ​កាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ចូល​រកស៊ី​លក់​ដូរ​នៅ​ផ្សារ​ថៃ ដោយ​ពុំ​យក​លុយ​ដូច​លើក​មុន​ឡើយ។
ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ រហូត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ កំពុង​នាំ​គ្នា​យ៉ាង​សស្រាក់សស្រាំ​ទៅ​ធ្វើ​កាត​ ដោយ​ពុំ​អស់​​លុយ​នៅ​ខាង​មុខ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ពួកគាត់​ខ្លះ​បញ្ជាក់​ថា គ្រាន់​តែ​ឮ​គេ​ថា នាំ​គ្នា​ទៅ​ធ្វើ​កាត​នៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​អត់​អស់​លុយ​ ក៏​នាំ​គ្នា​ទៅ​ធ្វើ​តែ​ម្ដង។
កន្លង​មក​ពលរដ្ឋ​ជា​អ្នក​លក់​ដូរ ជា​អ្នក​ទិញ​ទំនិញ​ ជា​កម្មករ​អូស​រទេះ ធ្លាប់​បាន​ធ្វើ​កាត​សម្រាប់​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចូល​ទៅ​ផ្សារ​ថៃ​ ត្រូវ​បង់​លុយ​អស់​ម្នាក់ៗ ២២០​បាត ស្មើ​ជាង ៣​ម៉ឺន​ប្រាក់​រៀល៖ «ធ្វើ​កាត​ហ្នឹង​គេ​អត់​យក​លុយ​ទេ ថ្ងៃ​នេះ​មួយ​ថ្ងៃ​ទៀត ព្រោះ​អី​ខ្ញុំ​ឮ​តាម​គេ​ដែរ។ ដល់​ពេល​ខ្ញុំ​ទៅ​ធ្វើ​ទៅ គេ​អត់​យក​លុយ គេ​ថា ក្នុង​ថ្ងៃ​នេះ​ទោះ​បី​ជា​អោយ​លុយ​គេ​ក៏​គេ​អត់​យក​ដែរ។ ថ្ងៃ​នេះ​គេ​ធ្វើ​អត់​យក​លុយ​មួយ​ថ្ងៃ​ទៀត​ពី​មុន​មក​យក ២២០​បាត មាន​សុពលភាព​បាន​រយៈពេល ៦​ខែ។ អ៊ីចឹង​គេ​នាំ​គ្នា​ទៅ​ធ្វើ​អត់​អស់​លុយ ម្នាក់ៗ​សប្បាយ​ចិត្ត​ ថា គេ​ធ្វើ​អត់​អស់​លុយ អ៊ីចឹង​សប្បាយ​ចិត្ត​ឆ្លៀត​ពេល​ទៅ​ធ្វើ​អោយ​ហើយ»
ការ​ប្រកាស​របស់​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​ដែល​ថា ធ្វើ​កាត​មិន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ខុស​ពី​លើក​មុន​នេះ​ បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ព្រោះ​ការ​ចាប់​ផ្ដើម​សកម្មភាព​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត គឺ​ចំ​ថ្ងៃ​​ទី​៧ ខែ​កញ្ញា ស្រប​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ក្បួន​ធ្វើ​បាតុកម្ម​អហិង្សា​យ៉ាង​ធំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​ទៅ​លទ្ធផល​បោះឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ។
ក្រុម​ប្រជាពលរដ្ឋ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ទីក្រុង​ប៉ោយប៉ែត​ យល់​ថា សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ធ្វើ​ដូច្នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​កៀរ​គរ​អូស​ទាញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ៖ «ប៉ូលិស​អន្តោប្រវេសន៍​គាត់​ធ្វើ​ម្នាក់​​យក​លុយ ២២០​បាត​ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​ប្តូរ​យុទ្ធសាស្ត្រ​មួយ​ហើយ គាត់​អត់​យក​លុយ​ទេ គឺ​ធ្វើ​ឲ្យ​តែម្ដង អត់​យក​លុយ​ទេ ធ្វើ​ម៉េច​កុំ​ឲ្យ​តែ​ទៅ​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ។ ប្រជាពលរដ្ឋ​នៅ​នេះ​អ្នក​មួយ​ចំនួន​គាត់​សប្បាយ​ចិត្ត​ដែរ ដោយសារ​គណបក្ស​ធ្វើ​បាតុកម្ម ធ្វើ​ឲ្យ​គាត់​ចំណេញ​បាន ២២០​បាត ហើយ​អាជ្ញាធរ​សម្រួល​ឲ្យ​គាត់​ចូល​ផ្សារ​ថៃ​ រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ​ចាប់​ពី​ថ្ងៃ​ម្សិលមិញ រហូត​មក​ដល់​ថ្ងៃ​នេះ​ កម្មករ​អូស​រទេះ​ចូល​ទៅ​ផ្សារ​ថៃ អត់​មាន​លុយ គាត់​លើក​ឡើង​ថា អត់​យក​លុយ​អ៊ីចឹង​សប្បាយ​ចិត្ត​ណាស់ នាំ​គ្នា​មក​ធ្វើ​កាត»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​នោះ​ឡើយ។ យ៉ាង​ណា​ក៏ដោយ មាន​ប្រភព​ព័ត៌មាន​ខ្លះ​បង្ហើប​ឲ្យ​ដឹង​ថា ដំណើរការ​ធ្វើ​​បែប​​ថ្មី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ គឺ​ពួកគេ​ទទួល​បាន​បទ​បញ្ជា​ហាម​ប្រាម​ពី​មន្ត្រី​ថ្នាក់​លើ។ បទបញ្ជា​នោះ​ទំនង​ចេញ​មក​ពី​ក្រសួង​មហាផ្ទៃ។
ប្រភព​អះអាង​ថា ​ក្រសួង​មហាផ្ទៃ​ មិន​តម្រូវ​អោយ​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​យក​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​​ ហើយ​ការ​សម្រេច​មិន​អោយ​យក​លុយ​នេះ​ គឺ​ត្រូវ​អនុវត្ត​រហូត អោយ​តែ​ទាក់ទិន​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពួកគាត់​ទៅ​ប្រកប​របរ​នៅ​ផ្សារ​រុងក្លឿ​ ក្នុង​ទឹក​ដី​ថៃ៖ «ជា​ការ​ពិត​បញ្ហា​នេះ គឺ​ថ្នាក់​ដឹក​នាំ​មួយ​បញ្ជា​មក​ខាង​ស្ថាប័ន​អន្តោប្រវេសន៍​ខ្មែរ កុំ​ឲ្យ​មាន​យក​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទៅ​លក់​ដូរ​នៅ​ផ្សារ​ប្រទេស​ថៃ មិន​អោយ​យក កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ដូច​លើក​មុន។ តាម​ការ​ពិត​ច្បាប់​រដ្ឋាភិបាល​ តម្រូវ​ឲ្យ​ធ្វើ​តែ Border Pass (កាត​ឆ្លង​ព្រំដែន) ទេ អស់ 2​ម៉ឺន​រៀល​នោះ. អា​ហ្នឹង​គឺ​គេ​នៅ​តែ​យក​ដដែល តែ​ចំណែក​កាត់​ផ្លូវ. ការ​កន្លង​មក​មិន​មាន​ច្បាប់​ តម្រូវ​ឲ្យ​យក ២២០​បាត​នោះ​ទេ អ៊ីចឹង​គេ​អោយ​លុប​បំបាត់​អា​ហ្នឹង​ចេញ»
រហូត​មក​ទល់​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ​ កំពុង​នាំ​គ្នា​រួសរាន់​ទៅ​ធ្វើ​កាត​សម្រាប់​ទុក​ប្រើប្រាស់​ចូល​ទៅ​ផ្សារ​ក្នុង​ទឹក​ថៃ​ ហើយ​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ការិយាល័យ​អន្តោប្រវេសន៍​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ លោក គង់​ វណ្ណា ថ្លែង​ថា ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​កង​កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ គឺ​ដើម្បី​ទាក់​ទាញ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ឯ​ទីក្រុង​ភ្នំពេញ។ ការ​ធ្វើ​កាត​ចូល​ផ្សារ​ថៃ​ ពី​មុន​មក​ធ្លាប់​យក​លុយ​ពី​ប្រជាពលរដ្ឋ​ តែ​មក​ដល់​ពេល​ឥឡូវ​​អត់​យក​លុយ​វិញ​នេះ​ លោក​យល់​ថា ដោយសារ​មាន​បាតុកម្ម​ធំ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា។
លោក គង់ វណ្ណា៖ «ខ្ញុំ​គិត​ថា ប៉ូលិស​ធ្វើ​ឲ្យ​អ៊ីចឹង​យើង​ក៏​ជួយ​ត្រេកអរ​ដែរ ការ​ធ្វើ​មិន​យក​លុយ​យក​កាក់​អ៊ីចឹង តែ​សុំ​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង​ឲ្យ​បាន​រហូត​កុំ​ឲ្យ​ធ្វើ​តែ​ពេល​ណា​មាន​អាសន្ន​ មាន​បញ្ហា​បាន​ស្ទុះ​មក​យក​មុខមាត់​ថា ក្នុង​នាម​សមត្ថកិច្ច ក្នុង​នាម​ប៉ូលិស​ហ្នឹង​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រជាពលរដ្ឋ ចេះ​គិត​គូរ​ដល់ សុំ​ឲ្យ​គាត់​បាន​ធ្វើ​អ៊ីចឹង​រហូត ចេះ​ជួយ​រាស្ត្រ​រហូត​ទៅ​មុខ​ទៀត»
កន្លង​មក​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ បាន​ធ្វើ​កាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ចេញ​ចូល​លក់​ដូរ​ទិញ​ទំនិញ​ទៅ​ក្នុង​ផ្សារ​រុងក្លឿ​ថៃ​ដូចគ្នា​ដែរ​​ ប៉ុន្តែ​ការ​ធ្វើ​នោះ​ពួកគេ​បាន​យក​លុយ​ថ្លៃ​ធ្វើ​កាត​សម្រាប់​មនុស្ស​ម្នាក់​ថ្លៃ ២២០​បាត​ ស្មើ​ជាង ៣​ម៉ឺន​រៀល។ ការ​ធ្វើ​កាត​យក​លុយ​រយៈពេល​កន្លង​មក​នោះ​ គឺ​សមត្ថកិច្ច​ខ្មែរ​ធ្វើ​ឡើង​ដោយ​ពុំ​បាន​ឈរ​លើ​គោលការណ៍​ច្បាប់​ណា​មួយ​នោះ​ទេ។ ចំណែក​ភាគី​ថៃ រដ្ឋាភិបាល​ថៃ ក៏​ពុំ​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង់​ប្រាក់​ដូចគ្នា​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។

 សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons