. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, September 5, 2013

សកម្មជន​ដីធ្លី​នៅ​ពោធិ៍សាត់​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព

តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តំណាង​សហគមន៍​ការពារ​ដីធ្លី និង​ធនធាន​ធម្មជាតិ សរុប​ប្រមាណ​ជា ៣០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ទីស្នាក់ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដើម្បី​ទទួល លោក គុជ វេង ចេញ​ពី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី៤ កញ្ញា។
ដោយ ជិន ជេដ្ឋា
2013-09-04
គុជ វេង សកម្មជន​ដីធ្លី​ពោធិ៍សាត់ ៦១០
តំណាង​សហគមន៍ និង​លោក គុជ វេង (ពាក់​អាវ​ក្រឡា​ការ៉ូ) ថត​រូប​ជុំ​គ្នា​នៅ​ខាង​មុខ​ស្នាក់​ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​ពោធិ៍​សាត់ នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA
សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ​ប្រចាំ​ស្រុក​ក្រគរ លោក គុជ វេង នៅ​តែ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​ថា មិន​បាន​ប្រព្រឹត្ត​ដូច​បទ​ចោទ​នោះ​ទេ ហើយ​លោក​នៅ​តែ​រក្សា​ភាព​សកម្ម​និយម​របស់​លោក​ក្នុង​ការ​ការពារ​ដីធ្លី និង​ធនធាន​ធម្មជាតិ ពី​ការ​រំលោភ​យក និង​បំផ្លិច​បំផ្លាញ​របស់​អ្នក​មាន​លុយ និង​មាន​អំណាច។
សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ ប្រចាំ​ស្រុក​ក្រគរ លោក គុជ វេង ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៣ បន្ទាប់​ពី​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល ៣​ខែ ១៥​ថ្ងៃ នៃ​រយៈពេល​ជាប់​ទោស​សរុប ១​ឆ្នាំ ពី​បទ​ឆបោក​ប្រាក់ អ្នកស្រី អ៊ុំ ធារី ចំនួន ៥​ពាន់​ដុល្លារ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ។
ស្ថិត​ក្នុង​សភាព​ស្លេកស្លាំង និង​និយាយ​ខ្លាំង​មិន​បាន លោក គុជ វេង មាន​ប្រសាសន៍​ថា លោក​មិន​ខ្លាច​នឹង​ទទួល​ទោស​ឡើយ ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ ក៏ប៉ុន្តែ នេះ​គឺ​ជា​រឿង​គុំគួន​ក្នុង​រឿង​ដីធ្លី​កាល​ពី​ពេល​កន្លង​ទៅ៖ «ឃុំ​ខ្លួន​មនុស្ស​អីចឹង អត់​មាន​កំហុស​អត់​មាន​ភស្តុតាង​គ្រប់គ្រាន់ ខ្ញុំ​គិត​ថា​វា​អត់​មាន​សន្តិភាព​នៅ​ក្នុង​សង្គម​ទេ ហើយ​វា​ពាក់ព័ន្ធ​មួយ​ទៀត រឿង​ដីធ្លី។ អា​រឿង​ដី​ប្រជាពលរដ្ឋ​ដែល​រដ្ឋាភិបាល​ចេញ​ប្លង់​ឲ្យ​ហ្នឹង មិន​ព្រម​ឲ្យ​ដី​ហ្នឹង​ទៅ​តាម​ប្លង់​ទេ»
លោក​បញ្ជាក់​ថា រយៈពេល​ជាង ៣​ខែ នៅ​ក្នុង​ពន្ធនាគារ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន ៤​លើក​រួច​មក​ហើយ ដោយសារ​តែ​ជំងឺ​ក្រួស​ក្នុង​ប្រមាត់ ធ្លាក់​លំពែង និង​ជំងឺ​រលាក​ក្រពះ ពោះ​វៀន មាន​សភាព​ដុនដាប​ខ្លាំង។
តំណាង​សហគមន៍​មក​ពី​ឃុំ​ឈើតុំ ស្រុក​ក្រគរ លោក ម៉េង ប៊ុនរឿន មាន​ប្រសាសន៍​ថា លោក​មាន​ទឹក​ចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​ដែល​បាន​ឃើញ លោក គុជ វេង ចេញ​ពី​ពន្ធនាគារ បើ​ទោះ​បី​ជា​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ក៏ប៉ុន្តែ​លោក​មាន​ឱកាស​ដើម្បី​បំពេញ​ការងារ​រួម​គ្នា​បន្ត​ទៀត៖ «ខ្ញុំ​ឃើញ​ការងារ​កន្លង​មក​របស់​គាត់​ហ្នឹង គឺ​គាត់​មាន​តែ​គំនិត​ជួយ​ប្រជាពលរដ្ឋ​ដែល​ស្លូត​ត្រង់ ហើយ​មាន​គំនិត​ជួយ​ដល់​ទឹក​ដី​ប្រទេស​ជាតិ ធនធាន​ធម្មជាតិ អត់​ដែល​ឃើញ​គាត់​ធ្វើ​អាក្រក់​អ្វី​សោះ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៤ កញ្ញា។
ទោះ​ជា​យ៉ាង​ណា ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​ឆបោក​នេះ គឺ​អ្នកស្រី អ៊ុំ ធារី បាន​បញ្ជាក់​ថា អ្នកស្រី​ពុំ​មាន​គម្រោង​ប្ដឹង​ឧទ្ធរណ៍​អ្វី​ទៀត​នោះ​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ លោក គុជ វេង បង់​ប្រាក់​ជូន​អ្នកស្រី​ចំនួន ៤.៥០០​ដុល្លារ តាម​កំណត់​ច្បាប់៖ «លែង​គាត់​ហ្នឹង​ក៏​លែង​ទៅ តែ​ឲ្យ​សង​លុយ​ខ្ញុំ​តែ​មិន​ទទួល​ស្គាល់​ថា​សង​លុយ​ខ្ញុំ​ទេ ខ្ញុំ​ប្ដឹង​ទៀត»
មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ លោក ចាន់ សុជាតិ មាន​ប្រសាសន៍​ថា ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ឬ​យ៉ាង​ណា​នោះ គឺ​ជា​រឿង​មួយ ក៏ប៉ុន្តែ​រឿង​សំខាន់ កូន​ក្ដី​របស់​លោក​ត្រូវ​តែ​រួច​ខ្លួន​ពី​ពន្ធនាគារ ខណៈ​ដែល​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ដែល​ល្អ​ហើយ​ដែល​មាន​ការ​ដោះ​លែង​ហ្នឹង ព្រោះ​យើង​គិត​ថា អ្វី​ដែល​គាត់​ធ្វើ វា​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សង្គម​តែ​បណ្ដឹង»
មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ទាក់ទង​ផ្នែក​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា មន្ត្រី​សិទ្ធិ​មនុស្ស ឬ​សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ ដែល​មាន​សកម្មភាព​ក្នុង​កិច្ច​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ តែង​តែ​ទទួល​រង​នូវ​បទ​ចោទ​ផ្សេងៗ​ពី​សំណាក់​អ្នក​មាន​លុយ និង​មាន​អំណាច ដើម្បី​បន្ទច់បង្អាក់​សកម្មភាព​របស់​សកម្មជន​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ

សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons