. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, September 7, 2013

បុគ្គលិក​កាស៊ីណូ​ប៉ោយប៉ែត​១០​នាក់​ត្រូវ​បញ្ឈប់​ពី​ការងារ

បុគ្គលិក​បម្រើ​ការ​នៅ​កាស៊ីណូ ហូលីដេ ប៉ោយប៉ែត ចំនួន ១០​នាក់ កំពុង​រៀប​ចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​សហជីព​ឈ្មោះ សហភាព​ការងារ​កម្ពុជា សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​នោះ​បើក​ប្រាក់​ខែ និង​ប្រាក់​អតីត​ភាព​ការងារ​ឲ្យ​ពួក​គាត់​ឲ្យ​បាន​គ្រប់​គ្នា។
ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជនជាតិ​បរទេស​ដែល​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ ហូលីដេ ប៉ោយប៉ែត បាន​បញ្ឈប់​ការងារ​ពួក​គាត់​ជា​បន្តបន្ទាប់ ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់​លាស់។ តំណាង​បុគ្គលិក​កាស៊ីណូ ម្នាក់ ឈ្មោះ ឈុំ ភិរម្យ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ ហូលីដេ ប៉ោយប៉ែត បាន​បញ្ឈប់​ពួក​គាត់​ពី​ការងារ​ជា​បន្តបន្ទាប់។
ការ​បណ្ដេញ​ចេញ​ពី​ការងារ​នោះ គឺ​ម្ចាស់​ក្រុមហ៊ុន​ពុំ​សម្អាង​លើ​ហេតុផល​ច្បាស់​លាស់ ដោយ​ចោទ​បុគ្គលិក​ទាំង​នោះ​ទទួល​បាន​លុយ​ថីប (Tip) ពី​ភ្ញៀវ៖«ដូច​ជា​គ្មាន​មូលហេតុ​អី​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​សោះ គេ​ចោទ​ថា ពួក​ខ្ញុំ​ហ្នឹង​យក​លុយ​ថីប​ពី​ភ្ញៀវ។ ក្រុមហ៊ុន​គេ​ចង់​ជម្រុះ​បុគ្គលិក​ចាស់។ ភ្ញៀវ​អោយ​ថីប យើង​មិន​មែន​លួច​លុយ​ក្រុមហ៊ុន​ទេ អត់​មាន​ទាំងអស់ ប៉ុន្តែ​វា​យក​រឿង​ហ្នឹង​មក​និយាយ ដើម្បី​បញ្ឈប់​ពួក​ខ្ញុំ។ ហើយ​យើង​មក​ធ្វើ​ការងារ​ឲ្យ ១២​ឆ្នាំ​ហើយ បើ​បញ្ឈប់​ពួក​ខ្ញុំ​ត្រូវ​មាន​ប្រាក់​សំណង​ឲ្យ​ពួក​ខ្ញុំ​ខ្លះ​មក ដើម្បី​ឲ្យ​ពួក​ខ្ញុំ​ឈប់ តែ​ក្រុមហ៊ុន​គំរាម​ថា បើ​សិន​ពួក​ខ្ញុំ​អត់​ព្រម​ចុះ​ហត្ថលេខា​លាលែង​ពី​ការងារ​ទេ គឺ​ប្រាក់​ខែ ខែ​សីហា អត់​បើក​ឲ្យ»
បុគ្គលិក​កាស៊ីណូ ទាំង​នោះ ឲ្យ​ដឹង​ថា ការ​ដែល​ម្ចាស់​ក្រុមហ៊ុន​បណ្ដេញ និង​បង្ខំ​ឲ្យ​បុគ្គលិក​លា​ឈប់​ពី​ការងារ​នេះ បាន​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​ច្រើន​ឆ្នាំ​មក​ហើយ។ ហេតុផល​សំខាន់​ក្នុង​ការ​បណ្ដេញ​ចេញ​នោះ គឺ​ដោយសារ​តែ​បុគ្គលិក​ទាំង​នោះ​បាន​បម្រើ​ការ​យូរ​ឆ្នាំ ហើយ​ទទួល​បាន​ប្រាក់​ខែ​ច្រើន៖ «ពួក​ក្រុម​ថៅកែ​ទាំង​ហ្នឹង គឺ​ធ្វើ​ការ​បណ្ដេញ​ចេញ​អ៊ីចឹង ដើម្បី​រើស​បុគ្គលិក​ថ្មី​ដាក់។ ការ​បណ្ដេញ​ចេញ​អត់​មាន​ប្រាក់​អី​ឧបត្ថម្ភ អត់​មាន​ប្រាក់​បំណាច់​ការងារ​ប្រាក់​ឆ្នាំ​ទេ ផ្ដាច់​ចោល ហើយ​យក​អ្នក​ថ្មី​មក​ប្រាក់​ខែ បើ​ប្រាក់​ខែ​គាត់​ឡើង​ដល់ ១​ម៉ឺន ៣​ពាន់​បាត»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ថ្លែង​ថា អ្នក​គ្រប់គ្រង​កាស៊ីណូ បាន​កែប្រែ​លក្ខខណ្ឌ​ផ្ទៃ​ក្នុង ហើយ​បាន​បញ្ឈប់​បុគ្គលិក​ចាស់​ចោល ដោយ​ពុំ​បាន​បើក​ប្រាក់​អោយ​ទៅ​តាម​ច្បាប់​នោះ​ទេ។ ភាគី​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​បុគ្គលិក​ទាំង​នោះ​ផ្ដិត​មេដៃ​សុំ​ឈប់​ដោយ​ខ្លួន​ឯង ខុស​ពី​អ្វី​ដែល​បុគ្គលិក​ទាំង​នោះ​ចង់​បាន៖ «ហើយ​ចំពោះ​សហភាព​ការងារ​កម្ពុជា គឺ​យើង​មាន​សិទ្ធិ​ផ្លូវ​ច្បាប់ បន្ទាប់​ពី​គាត់​បាន​ប្ដឹង​មក​យើង ហើយ​នឹង​ដោះស្រាយ​ក្នុង​នាម​សហភាព​ការងារ​កម្ពុជា តំណាង​ឲ្យ​គាត់ ដើម្បី​ឲ្យ​គាត់​ចូល​ធ្វើ​ការ​វិញ បើ​ក្នុង​ករណី​មិន​បាន​ឲ្យ​គាត់​ចូល​ធ្វើ​ការ​វិញ ក៏​ត្រូវ​គុណ​លុយ​ឲ្យ​គាត់​ឲ្យ​ច្បាស់។ ខ្ញុំ​អាច​និយាយ​ថា ម្នាក់ៗ​គាត់​ធ្វើ​ការ​ជាង ១០​ឆ្នាំ ប្រាក់​ខែ​គាត់ ៤ ទៅ ៥០០​ដុល្លារ គាត់​អាច​បាន​ប្រាក់​ខែ​ជាង ១​ម៉ឺន​ដុល្លារ។ អ៊ីចឹង អ្វី​ដែល​បញ្ឈប់​គាត់​ឲ្យ​ម្នាក់​បី​បួន​រយ​ដុល្លារ​ទេ ការ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​កម្មករ ដោយសារ​តែ​អត់​មាន​សហជីព ហើយ​ពួក​គាត់​ឥឡូវ​នៅ​ពេល​ពួក​គាត់​ដាក់​បណ្ដឹង​ផ្លូវ​ការ ពួក​ខ្ញុំ​នឹង​ធ្វើ​ការ​រឿង​ហ្នឹង​ហើយ»
សហភាព​ការងារ​កម្ពុជា នឹង​អន្តរាគមន៍​លើ​ពាក្យ​បណ្ដឹង​របស់​បុគ្គលិក​កាស៊ីណូ ទាំង ១០​នាក់​នោះ ទៅ​ក្រុមហ៊ុន។ បើ​សិន​ក្រុមហ៊ុន​មិន​យល់​ព្រម​ដោះស្រាយ​តាម​សំណើ សហភាព​ការងារ​កម្ពុជា នឹង​ដាក់​បញ្ហា​នោះ​ទៅ​ឲ្យ​ក្រសួង​ការងារ បន្ទាប់​មក​បញ្ជូន​ទៅ​អាជ្ញា​កណ្ដាល ប៉ុន្តែ​ក្នុង​ករណី​ភាគី​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ មិន​យល់​ព្រម​ទៀត​នោះ ជម្រើស​ចុង​ក្រោយ សហជីព​ការងារ​កម្ពុជា នឹង​ដឹកនាំ​ការ​ជួប​ជុំ​មួយ​នៅ​ខាង​មុខ​កាស៊ីណូ ដើម្បី​ធ្វើ​ការ​ចរចា ហើយ​ក្នុង​ករណី​ចាំបាច់ សហជីព​នឹង​ដឹកនាំ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​តំបន់​ជាយ​ដែន​នោះ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទខាងលើនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ 

 សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons