. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, September 5, 2013

ILO៖ ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​នៅ​ថៃ​ភាគ​ច្រើន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO = អាយឡូ) បាន​បញ្ចេញ​របាយការណ៍​មួយ​នៅ​ដើម​សប្ដាហ៍​នេះ បង្ហាញ​ថា ក្នុង​វិស័យ​ឧស្សាហកម្ម​នេសាទ​ប្រទេស​ថៃ មាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​នោះ ថៅកែ​ថៃ បាន​បង្ខំ​កម្មករ​នេសាទ​ដែល​មាន​កម្មករ​ជនជាតិ​ខ្មែរ និង​កម្មករ​ចំណាក​ស្រុក​នៃ​ប្រទេស​ជិត​ខាង​ថៃ ដែរ​នោះ ឲ្យ​ធ្វើ​ការ​លើស​ម៉ោង និង​ប្រើ​អំពើ​ហិង្សា​ទៀត​ផង។
ដោយ វោហារ ជាតិ
2013-09-05
ពលករ ថៃ ៣០៥
ពលរដ្ឋ​មក​ពី​ខេត្ត​ពោធិ៍សាត់ បោះ​ទីតាំង​ជ្រក​ជា​បណ្ដោះអាសន្ន នៅ​មុខ​ច្រក​អូរនាង ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​នៅ​រង់ចាំ​ឆ្លងដែន​ទៅ​រក​ការងារ​នៅ​ស្រុក​ថៃ កាល​ពី​ថ្ងៃ​២៤ មេសា ឆ្នាំ​២០១៣។
RFA/Soun Sophalmony
របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់ អាយឡូ បង្ហាញ​ថា កម្មករ​ប្រហែល ១៧% ដែល​ភាគ​ច្រើន​ជា​កម្មករ​ចំណាក​ស្រុក​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា និង​ភូមា បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ខ្លួន ហើយ​មិន​អាច​សុំ​លាឈប់​បាន ដោយសារ​តែ​មេការ ឬ​ថៅកែ គំរាម​កំហែង និង​ដាក់​ទណ្ឌកម្ម។
របាយការណ៍​សិក្សា​ស្រាវជ្រាវ​លើ​គេហទំព័រ អាយឡូ ចេញ​ផ្សាយ​ថ្ងៃ​ទី​២ កញ្ញា សរសេរ​ថា ក្នុង​ចម្លើយ​កម្មករ​ចំនួន ៣២​នាក់ ដែល​និយាយ​ថា ពួក​គេ​មក​ធ្វើ​ជា​កម្មករ​ទូក​នេសាទ​ដោយ​ស្ម័គ្រ​ចិត្ត មាន​កម្មករ​ចំនួន ១៧% ឆ្លើយ​ថា ពួក​គេ​មិន​ចង់​ទៅ​ធ្វើ​ការ​ជា​កម្មករ​នេសាទ​ដែល​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​តែ​លើ​ទូក​កណ្ដាល​សមុទ្រ​នោះ​ទេ តែ​ដោយសារ​ចាញ់​បោក​គេ ឬ​ត្រូវ​ចាញ់​បោក​មេ​ខ្យល់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។ ការ​សិក្សា​ស្រាវជ្រាវ​នេះ ក៏​បាន​រក​ឃើញ​ថា មាន​កម្មករ​ជា​កុមារ​មិន​ទាន់​គ្រប់​អាយុ ១៨​ឆ្នាំ ចំនួន ៣៣​នាក់ ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ដែរ។
ហើយ​បញ្ហា​ដែល​កម្មករ​ទាំង​នោះ ប្រឈម​គ្រោះថ្នាក់​ខ្លាំង គឺ​ពួក​គេ​មិន​ត្រូវ​បាន​ថៅកែ ឬ​មេការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ទៀង​ទាត់ ឬ​មិន​ត្រូវ​គេ​បើក​ប្រាក់​ថ្លៃ​ឈ្នួល​ឲ្យ​ពេញ​តម្លៃ ពួក​គេ​មិន​មាន​ឯកសារ​ធ្វើ​ការងារ​ស្រប​ច្បាប់ ហើយ​បើ​មេការ ឬ​ថៅកែ​ថៃ ចង់​ធ្វើ​បាប​ដោយ​ប្រការ​ណា​មួយ គឺ​ថៅកែ មេការ អាច​ប្ដឹង​ប៉ូលិស​ថៃ ឲ្យ​ចាប់​ខ្លួន​ដាក់​គុក​ពេល​ណា​ក៏​បាន។
របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​គ្នា​រវាង​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ាន (Asian Research Center) ខាង​អន្តោប្រវេសន៍​នៅ​សកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) ហើយ​គេ​រំពឹង​ថា​នឹង​ដាក់​របាយការណ៍​ថ្មី​នេះ ជូន​រដ្ឋាភិបាល​ថៃ ឲ្យ​ជួយ​ចាត់​វិធាន​ការ ដើម្បី​ឲ្យ​ស្ថានភាព​អាក្រក់​ដូច្នេះ បាន​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​ការងារ​កម្មករ​នេសាទ​ទាំង​នោះ ទាំង​កម្មករ​ជនជាតិ​ថៃ និង​កម្មករ​មក​ពី​ប្រទេស​ជិត​ខាង​ថៃ ផង។
របាយការណ៍​ស្រាវជ្រាវ​នេះ បាន​ស្រង់​សម្ដី​លោក​សាស្ត្រាចារ្យ សុផាង ចាន់ថាវ៉ានិជ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ាន​ខាង​អន្តោប្រវេសន៍​នៅ​សាកលវិទ្យាល័យ ជូឡាឡុងកន ហើយ​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ ដោយ​វិទ្យុ​អាស៊ីសេរី ថា៖ «ការ​យល់​ដឹង​អំពី​ស្ថានភាព​នេះ​បាន​ប្រសើរ នឹង​អាច​ជួយ​បង្កើត​បាន​ជា​ភស្តុតាង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​គោលការណ៍​ក្នុង​ការ​ឆ្លើយ​តប​ក្នុង​ការ​កែ​សម្រួល​នៃ​ការ​ជ្រើស​រើស និង​បម្រើ​ការងារ​នេសាទ ដើម្បី​បង្ការ និង​លប់​បំបាត់​រាល់​ទម្រង់​ការងារ​ដែល​មិន​អាច​ទទួល​យក​បាន»
ទាក់ទង​ការ​ស្រាវជ្រាវ​នេះ លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ ខារ៉ាម​កម្ពុជា ដែល​ធ្វើ​ការ​ផ្នែក​ជន​ចំណាក​ស្រុក និង​ជំងឺ​អេដស៍ មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ អង្គការ​លោក​បាន​ដឹង​រឿង​នេះ​ប្រហាក់​ប្រហែល​គ្នា ដោយសារ​ទទួល​ដំណឹង​ពី​កម្មករ​ខ្មែរ​ដែល​ចាញ់​បោក​គេ​កន្លង​មក ដែល​អង្គការ​លោក​ធ្លាប់​បាន​ជួយ៖ «ប៉ុន្តែ ជា​ការ​ល្អ​ដែរ ដែល​អង្គការ អាយឡូ ធ្វើ​រីស៊ើច (Research) បញ្ហា​ហ្នឹង​ក៏​ជា​សក្ខីកម្ម​មួយ​ដែរ ដើម្បី​ជម្រាប​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​វិធាន​ការ​យ៉ាង​ម៉េច ដើម្បី​ជួយ​ប្រជាពលរដ្ឋ​យើង ជា​ពិសេស​អ្នក​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ធ្វើ​នេសាទ​លើ​ទូក​នេសាទ​នៅ​ក្នុង​ប្រទេស​ថៃ ហ្នឹង​ដែរ»
ទាក់ទង​បញ្ហា​នេសាទ​នៅ​ប្រទេស​ថៃ នេះ​ដែរ កន្លង​មក​មាន​កម្មករ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ចាញ់​បោក​មេ​ខ្យល់ ធ្លាក់​ខ្លួន​ជា​អ្នក​នេសាទ​ខុស​ច្បាប់​នៅ​ទី​នោះ ហើយ​ត្រូវ​គេ​ធ្វើ​បាប​ដូច​ដែល​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នេះ​រក​ឃើញ​ស្រាប់។ ក៏ប៉ុន្តែ ទន្ទឹម​ពេល​នេះ ក៏​នៅ​តែ​មាន​កម្មករ​ខ្មែរ​ច្រើន​ទៀត ត្រូវ​បាន​គេ​ជួញ​ដូរ ហើយ​នៅ​តែ​ចាញ់​បោក​គេ​ដដែល។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ទេ នៅ​ថ្ងៃ​ទី​៤ កញ្ញា ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​លើ​រឿង​ការ​ជួញ​ដូរ​មនុស្ស​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នេះ។
ប្រទេស​ថៃ គឺ​ជា​ប្រទេស​នាំ​ចេញ​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​លើ​សកលលោក ហើយ​ត្រូវ​ការ​កម្លាំង​ពលកម្ម​យ៉ាង​ខ្លាំង។ របាយការណ៍​របស់ អាយឡូ ដដែល​បង្ហាញ​ថា ប្រទេស​ថៃ ធ្វើ​ពាណិជ្ជកម្ម​ជលផល​សមុទ្រ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រហែល ៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​វិស័យ​នេះ​ត្រូវ​ការ​កម្លាំង​ពលកម្ម និង​អ្នក​នេសាទ​ជិត ១​សែន ៥​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


  អត្ថបទនេះ មិនមែនជារបស់គេហទំព័រយើងខ្ញុំទេ ។

 សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons