. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, October 14, 2013

អាជ្ញាធរ​នៅ​បន្ទាយមានជ័យ​ហាម​មិន​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ

អាជ្ញាធរ​មូលដ្ឋាន​នៅ​​ឃុំ​​សង្កាត់​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ដកហូត​យក​ឯកសារ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ហាមឃាត់​មិន​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។

ដោយ សួន សុផលមុន្នី (Free  asia
2013-10-14
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ការ​ប្រមូល​ស្នាម​មេដៃ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ញត្តិ​ដាក់​​ទៅ​​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ នោះ ត្រូវ​បាន​អាជ្ញាធរ​រារាំង។
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​ខេត្ត​ បាន​ដាក់​ផែនការ​ឲ្យ​សកម្មជន​របស់​ខ្លួន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។ លុះ​ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា សកម្មជន​ដែល​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​នោះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​និង​ប៉ូលិស​ហាមឃាត់។
លោក កែ សម្ផស្ស៖ «៤​ករណី​ស្មើ​នឹង​បី​ឃុំ​សង្កាត់​ ទី​១ ថ្ងៃ​ទី​១៣ នៅ​ឃុំ​ភ្នំលៀប ប៉ូលិស​បាន​ចុះ​ទៅ​ហាមឃាត់​ថ្នាក់​ដឹក​នាំ​គណបក្ស​ភូមិ​ឃុំ​ដែល​គាត់​បាន​ចុះ​ផ្ដិត​មេដៃ​ ហើយ​ក្រោយ​មក​ទៀត​ព្រឹក​ថ្ងៃ​ដដែល នៅ​ឃុំ​ពន្លៃ​ លោកស្រី ធូ ម៉ុច ផ្ដិត​មេដៃ​បាន​ជាង ១០០​នាក់ ស្រាប់​តែ​ថ្នាក់​ដឹក​នាំ​ភូមិ​និង​ប៉ូលិស​ប៉ុស្តិ៍​ទៅ​ដល់​ផ្ទះ​គាត់​ដក​ហូត​យក​ស្នាម​មេដៃ​របស់​គាត់​ហ្នឹង ដោយ​ប្រើ​ពាក្យ​ថា​ ផ្ដិត​មេដៃ​ខុស​ច្បាប់​ប្រយ័ត្ន​គេ​ចាប់​ដាក់​គុក»
លោក​បន្ត​ថា មាន​ករណី​មួយ​ទៀត​នៅ​ស្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត។ មេ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ បាន​ចុះ​ទៅ​ហាមឃាត់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ដក​ហូត​យក​ឯកសារ​មាន​ផ្ដិត​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​យក​ទៅ​រក្សា​ទុក​ បន្ទាប់​មក​បញ្ជូន​ទៅ​សាលា​ក្រុង​ប៉ោយប៉ែត។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់​ នៅ​ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បាន​កោះ​ហៅ​ពួកគាត់​ឲ្យ​ទៅ​ប្រជុំ​នៅ​សាលា​ឃុំ​ ហើយ​ព្រមាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នោះ​ទៀត​ឡើយ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន៖ «ខ្ញុំ​ខ្លាច​ធ្វើ​ការ​តាម​ភូមិ ខ្លាច​វា​មាន​បញ្ហា​ជួប​ផល​វិបាក​ត​ទៅ​មុខ​ទៀត។ តាម​ចិត្ត​ខ្ញុំ​ចង់​ធ្វើ​ការ​ដើរ​តាម​ភូមិ​ ស្រួល​ជាង​បង្កើត​ស្នាក់ការ។ ពួក​ប៉ូលិស​អី​គេ​កោះ​ហៅ​ទៅ​កន្លែង​មេ​ឃុំ​ ដឹង​ថា​ពួក​ខ្ញុំ​ដើរ​ផ្ដិត​មេដៃ​ គេ​ហាម​ឃាត់​អត់​ឲ្យ​យើង​ដើរ​ផ្ដិត​មេដៃ​តាម​ភូមិ​ទេ គេ​ឲ្យ​រៀបចំ​ទីស្នាក់ការ​នៅ​កន្លែង​ មិន​ឲ្យ​ដើរ​ផ្ដិត​តាម​ផ្ទះ​ទេ»
វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ភូមិ​ឃុំ​សង្កាត់​ទាំង​នោះ​ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។
អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា យល់​ឃើញ​ថា យោង​លើ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ធ្វើ​សកម្មភាព​ ប្រមូល​ស្នាម​មេដៃ​ដើម្បី​ធ្វើ​ញត្តិ​ប្រឆាំង​ទៅ​អ្វី​មួយ​ដែល​ពួកគាត់​យល់​ជា​រឿង​អយុត្តិធម៌។
សកម្មភាព​ហាម​ឃាត់​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ​ លោក​ចាត់​ទុក​ថា ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ខាង​ផ្នែក​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ៖ «ការ​ឃាត់​ឃាំង​ទាំង​អស់​ហ្នឹង​គឺ​ប្រាសចាក និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ការ​ផ្ដិត​មេដៃ​ ការ​ដាក់​ញត្តិ​ក្តី គឺ​ជា​ការ​ទាមទារ​ចំពោះ​រឿង​កើត​ទុក​មិន​សុខ​ចិត្ត​ដើម្បី​ទាមទារ​នូវ​យុត្តិធម៌»
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា សកម្មភាព​រារាំង​របស់​អាជ្ញាធរ​មូលដ្ឋាន​លោក​ចាត់​ទុក​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ ទោះ​ជា​មាន​ការ​រារាំង​នឹង​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ ដូច្នេះ​ក៏​ដោយ​ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធ្វើ​ញត្តិ​ដាក់​ជូន​ទៅ​​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons