. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, October 22, 2013

ទស្សនៈ​របស់​អ្នក​នយោបាយ​និង​សង្គម​ស៊ីវិល​ចំពោះ​ថ្ងៃ​២៣​តុលា

ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ និង​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៣ នេះ ជា​ខួប​លើក​ទី​២២​ឆ្នាំ​ហើយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ថ្ងៃ​ទី​២៣ តុលា នេះ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ធ្វើ​ជា​ថ្ងៃ​ពិធី​បុណ្យ​ជាតិ ដែល​មន្ត្រី​រាជការ​សិស្ស​និស្សិត​ទាំងអស់​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ។
ដោយ ទីន ហ្សាការីយ៉ា13-10-22
    ជាម យៀប ៦១០
    លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​រដ្ឋសភា នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
    Photo: RFA


















    ថ្ងៃ​ទី​២៣ តុលា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​សង្គម​កម្ពុជា ក្ដី ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ អ្នក​នយោបាយ​បាន​បកស្រាយ​ខុសៗ​គ្នា​ចំពោះ​ថ្ងៃ​ទី​២៣ ខែ​តុលា ដែល​ប្រទេស​ចំនួន​១៩ ជា​ហត្ថលេខី រួម​ទាំង​កម្ពុជា ផង បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
    ថ្ងៃ​ទី​២៣ តុលា នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា ឬ​ហៅ​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នោះ គឺ​ជា​ថ្ងៃ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ទី​២ សម្រាប់​ប្រទេស​កម្ពុជា អនុវត្ត​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។
    កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា បាន​ផ្លាស់​ប្ដូរ​របប​គ្រប់គ្រង​របស់​ខ្លួន​ពី​របប​កុម្មុយនីស្ត មក​របប​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ការ​បោះ​ឆ្នោត​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៣។ ក្រោយ​ពី​កម្ពុជា ទទួល​បាន​សន្តិភាព និង​មាន​នាយក​រដ្ឋមន្ត្រី​តាម​រយៈ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នោះ រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស ក្នុង​នោះ​មាន​ប្រទេស​មហា​អំណាច​មួយ​ចំនួន​បាន​ផ្ដល់​ជំនួយ និង​កម្ចី ដូច​ជា ចិន និង​សហរដ្ឋ​អាមេរិក ជាដើម។
    អតីត​តំណាង​រាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ោញ សាផាន មាន​ប្រសាសន៍​ថា ថ្ងៃ​ទី​២៣ តុលា នេះ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​មួយ​សម្រាប់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ បន្ទាប់​ពី​កម្ពុជា ជួប​នូវ​វិបត្តិ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មក​នោះ។
    កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​ដែរ ក៏​ជា​ស្នាព្រះហស្ត​ដ៏​សំខាន់​មួយ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​នាំ​ឲ្យ​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នាំ​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​បួន​ភាគី មាន​ការ​បង្រួប​បង្រួម​ជាតិ គឺ​គ្រប់​ភាគី​បាន​យល់​ព្រម​គ្នា​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ អនុវត្ត​ការ​ឈប់​បាញ់​ទាំង​ស្រុង​មួយ​លើ​ដី​គោក លើ​ដី​ទឹក និង​លើ​អាកាស។
    ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១។ កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​របស់​ខ្លួន តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣។
    ក្រោយ​ពី​កម្ពុជា ទទួល​បាន​សន្តិភាព និង​មាន​នាយក​រដ្ឋមន្ត្រី​តាម​រយៈ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នោះ រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស ក្នុង​នោះ​មាន​ប្រទេស​មហា​អំណាច​មួយ​ចំនួន​បាន​ផ្ដល់​ជំនួយ និង​កម្ចី ដូច​ជា ចិន និង​សហរដ្ឋ​អាមេរិក ជាដើម។ គិត​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​បរទេស​ប្រមាណ​ពី ៧​ពាន់​លាន ទៅ ១០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
    ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​បរិបទ​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​នយោបាយ​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នេះ អ្នក​នយោបាយ​នៅ​គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នេះ បាន​ផុត​រលត់​ទៅ​ហើយ។
    មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត​រដ្ឋ ជាម យៀប និង​ជា​ប្រធាន​ក្រុម​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក​មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ បាន​រលាយ​ហើយ បន្ទាប់​ពី​គណៈកម្មការ​អចិន្ត្រៃយ៍​រៀប​រៀង​រដ្ឋធម្មនុញ្ញ បាន​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​នា​សម័យ​ពេញ​អង្គ​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​១៩៩៣ មក ពីព្រោះ​ថា ខ្លឹមសារ​ទាំងអស់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​អស់​ទៅ​ហើយ។
    កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ មាន​ចែង​បី​ចំណុច​ធំៗ ទី​១ កិច្ច​ព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។ ទី​២ កិច្ច​ព្រមព្រៀង​ទាក់ទិន​នឹង​អធិបតីភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែន​ដី អព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា និង​ទី​៣ សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការ​ស្ដារ និង​ការ​កសាង​ប្រទេស​កម្ពុជា ឡើង​វិញ។
    ទាក់ទង​នឹង​បញ្ហា​នេះ លោក ម៉ោញ សាផាន បាន​ពន្យល់​ថា កិច្ច​ព្រមព្រៀង​នេះ​មិន​ទាន់​ចប់​ទេ គឺ​នៅ​តែ​មាន​តម្លៃ​សម្រាប់​កម្ពុជា ហើយ​កិច្ច​ព្រមព្រៀង​នេះ​មាន​ប្រទេស​ជាច្រើន​ទៀត​ជា​ហត្ថលេខី។ ម្យ៉ាង​ទៀត ប្រសិន​បើ​កិច្ច​ព្រមព្រៀង​នេះ​បញ្ចប់​នោះ សភា​ត្រូវ​ប្រជុំ​អនុម័ត ហើយ​ផ្ញើ​ទៅ​ប្រទេស​ជា​សហ​ប្រធាន មាន​បារាំង និង​ឥណ្ឌូនេស៊ី។
    ថ្ងៃ​ទី​២៣ តុលា នេះ រដ្ឋាភិបាល​បាន​កំណត់​នៅ​ក្នុង​ប្រតិទិន​ជា​ថ្ងៃ​ឈប់​សម្រាក ចាប់​ពី​ឆ្នាំ​១៩៩៣ មក នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​នាយក​រដ្ឋមន្ត្រី​ចំនួន​ពីរ​រូប ប៉ុន្តែ​ដល់​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​លុប​ចោល​ថ្ងៃ​ទី​២៣ តុលា ជា​ថ្ងៃ​មិន​ឲ្យ​ឈប់​សម្រាក​ពី​ការងារ​វិញ។ ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជាច្រើន​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ដោយ​ពួក​គេ​ទាមទារ​ឲ្យ​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ​វិញ។
    ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៣ តុលា ជា​ថ្ងៃ​ឈប់​សម្រាក​១​ថ្ងៃ​ពី​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ នៅ​ទូទាំង​ប្រទេស ចាប់​ពី​ឆ្នាំ​២០១៣ ត​ទៅ។
    ការ​ប្រកាស​យក​ថ្ងៃ​ទី​២៣ តុលា ជា​ថ្ងៃ​ឈប់​សម្រាក​នេះ នៅ​ចំ​ថ្ងៃ​កាន់​ទុក្ខ​ទី​៧​នៃ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នេះ​ឡើង។
    អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ ជា​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល។ លោក​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ មាន​សារសំខាន់​ជា​យន្តការ​អន្តរជាតិ ទោះ​បី​ជា​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ រដ្ឋាភិបាល​មិន​ទាន់​គោរព​បាន​ពេញ​លេញ​ក៏ដោយ។
    អ្នក​វិភាគ​បាន​លើក​ឡើង​ថា កម្ពុជា មិន​ទាន់​ដើរ​តាម​គន្លង​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ ដូច​ជា​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​មិន​ទាន់​ឯករាជ្យ ពិសេស​ប្រព័ន្ធ​តុលាការ​មិន​បាន​ធានា​នូវ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​បញ្ហា​បង្រួប​បង្រួម​ជាតិ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ជាដើម។ ម្យ៉ាង​វិញ​ទៀត ដោយសារ​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​អំពី​លទ្ធផល​បោះ​ឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៣ នេះ ធ្វើ​មហា​បាតុកម្ម​ដើម្បី​ទាមទារ​រក​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត និង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ដាក់​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​មួយ​ចំនួន​ទៀត។
    ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ចំនួន​បី​សំ​ខាន់ៗ ទី​១ គ្មាន​ប្រទេស​ណា​នៅ​លើ​ពិភពលោក​ប្រើប្រាស់​អង្គការ​សហប្រជាជាតិ ដោះស្រាយ​ទំនាស់​ស៊ីវិល​បាន​ទេ។ ទី​២ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ទី​៣ តម្លៃ​នៅ​លើ​ឆាក​អន្តរជាតិ ពោល គឺ​អន្តរជាតិ​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ធ្វើ​ជា​គំរូ៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

    សូមចុចអានព័ត៌មានដើមនៅទីនេះ

    0 comments:

    Post a Comment

     
    Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons