. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, October 25, 2013

មន្ត្រី​សិទ្ធិ​មនុស្ស៖ ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​គួរ​ត្រូវ​កែ​​លម្អ​​ដើម្បី​បញ្ចៀស​ទឹក​ជំនន់

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កំពុង​នាំ​គ្នា​ធ្វើ​អនាម័យ​ដោយ​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ខាង​ក្នុង​បរិវេណ​ពន្ធនាគារ មុន​ពេល​ពួកគេ​បញ្ជូន​អ្នក​ទោស​ជិត ១​ពាន់​នាក់​ពី​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ទៅ​ដាក់​នៅ​ទី​នោះ​វិញ។

ដោយ សួន សុផលមុន្នី
2013-10-24
    ទឹក​លិច ពន្ធនាគារ ៦១០
    សកម្មភាព​កង​កម្លាំង​សមត្ថកិច្ច​ជម្លៀស​អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​ដោយសារ​​ជន់​ទឹក​លិច នៅ​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៣។
    Adhoc Photo


























    ទណ្ឌិត​ទាំង​នោះ​ត្រូវ​គេ​ជម្លៀស​ទៅ​ឃុំ​ទុក​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ក្រោយ​ពី​ជំនន់​ទឹក​ភ្លៀង បាន​ជន់​លិច​គុក​ខេត្ត​បន្ទាយមានជ័យ កន្លង​មក។ ទន្ទឹម​គ្នា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ក្នុង​ការ​កែ​សម្រួល ឬ​ផ្លាស់​ប្ដូរ​ទីតាំង​ពន្ធនាគារ​ដើម្បី​បញ្ចៀស​ពី​ការ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។
ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង ៤​ឆ្នាំ​ជាប់ៗ​គ្នា ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​ពី​២០១៣ ប៉ុន្តែ​បី​ឆ្នាំ​ដំបូង​នៃ​ការ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នេះ ពុំ​សូវ​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​២០១៣ នេះ​ទេ។ នៅ​ឆ្នាំ​២០១៣ ជំនន់​ទឹក​ភ្លៀង​ដែល​ភាគ​ច្រើន​ហូរ​ចាក់​មក​ពី​ប្រទេស​ថៃ​ បាន​ជន់​លិច​ពន្ធនាគារ​ទាំង​ស្រុង​ បង្ខំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ភ្លាមៗ​រំដោះ​អ្នក​ទោស​ជិត​មួយ​ពាន់​ទៅ​ដាក់​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ជា​បណ្ដោះអាសន្ន។
ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ លោក ហ៊ិន សុផល​ បញ្ជាក់​ថា បច្ចុប្បន្ន​ជំនន់​ទឹក​ភ្លៀង​ដែល​បាន​ជន់​លិច​ពន្ធនាគារ​នោះ​បាន​​ស្រក​ទៅ​វិញ​ហើយ។ មន្ត្រី​អនុរក្ស​ពន្ធនាគារ​កំពុង​នាំ​គ្នា​ធ្វើ​អនាម័យ​ក្នុង​ទីធ្លា​គុក​ឲ្យ​បាន​ស្អាត​ជា​មុន​សិន បន្ទាប់​មក​ទើប​អាច​បញ្ជូន​អ្នក​ទោស​ទៅ​ដាក់​នៅ​ទី​នោះ​វិញ។ ជំហាន​ដំបូង មន្ត្រី​អនុរក្ស​ពន្ធនាគារ​នាំ​គ្នា​សម្អាត​បន្ទប់​ប្រហែល ១០​បន្ទប់​ បន្ទាប់​មក​នឹង​យក​អ្នក​ទោស​មួយ​ចំនួន​ទៅ​ជួយ​សម្អាត​បន្ថែម។
លោក ហ៊ិន សុផល៖ «យើង​ធ្វើ​អនាម័យ​អោយ​ស្អាត​សិន​បាន​យើង​យក​ពួកគាត់​មក​ បើ​មិន​អ៊ីចឹង​ទេ​យក​មក​ខ្លាច​មាន​ជំងឺ។ ខាង​មន្ត្រី​ខ្ញុំ​ធ្វើ​យក​កន្លែង​អោយ​ពួកគាត់​ដេក​ប្រហែល​ជា ១០​បន្ទប់​សិន ដើម្បី​យក​ពួក​គាត់​មក​អោយ​ជួយ​ធ្វើ»
​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចាត់​វិធានការ​រំដោះ​អ្នក​ទោស​ចំនួន​ជិត ១​ពាន់​នាក់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប និង​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង។ វិធានការ​នេះ​ ផ្ដើម​ឡើង​ក្រោយ​ពី​អគារ​ពន្ធនាគារ​ត្រូវ​ជំនន់​ទឹក​ភ្លៀង​ហូរ​ពី​ប្រទេស​ថៃ បុក​បាក់​ជញ្ជាំង​របង​ពន្ធនាគារ​បណ្ដាល​ឲ្យ​អ្នក​ទោស​ទាំង​នោះ​លិចលង់​មិន​អាច​ស្នាក់​នៅ​បាន។
លោក ហ៊ិន សុផល បញ្ជាក់​ថា កន្លង​ទៅ​នេះ ខាង​មន្ត្រី​ពន្ធនាគារ​ខិតខំ​ទប់​ស្កាត់​ទឹក​កុំ​អោយ​ជន់​លិច​អ្នក​ទោស​ តាម​រយៈ​ការ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ចំនួន ៥​គ្រឿង ​បូម​ទឹក​ទាំង​យប់​ទាំង​ថ្ងៃ​​​ចេញ​ពី​បរិវេណ​ពន្ធនាគារ​ ប៉ុន្តែ​ដោយសារ​កម្ពស់​ទឹក​នៅ​ឆ្នាំ​២០១៣ នេះ ឡើង​ខ្ពស់ បណ្ដាល​ឲ្យ​បាក់​ជញ្ជាំង​របង​គុក​ជន់​លិច​តែម្ដង៖ «រយៈពេល​បី​ឆ្នាំ បួន​ឆ្នាំ​នេះ ហើយ​កន្លង​មក​យើង​ធ្វើ​អ៊ីចឹង​វា​អត់​អី​នៅ​ឆ្នាំ​២០១៣ នេះ វា​ឡើង​ខ្ពស់​ហួស​ការ​ស្មាន​របស់​យើង បណ្ដាល​ឲ្យ​បាក់​របង ព្រោះ​យើង​បូម​ម៉ាស៊ីន ៥​គ្រឿង​ម៉ាស៊ីន​ខ្លួន​យើង​គ្រាន់​តែ​យើង​អស់​ប្រេង ១០០​លីត្រ​ក្នុង​មួយ​ថ្ងៃ ព្រោះ​បូម ២៤​ម៉ោង​លើ ២៤​ម៉ោង»
ពន្ធនាគារ​​ខេត្ត​បន្ទាយមានជ័យ មាន​បី​អគារ​ស្មើ ៥៣​បន្ទប់ សង់​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល ៤​ហិកតារ​ បច្ចុប្បន្ន​ផ្ទុក​អ្នក​ទោស​ចំនួន ៨៤៤​នាក់។ ​ទីតាំង​ពន្ធនាគារ​ចាស់​ពី​មុន​មក ​ឋិត​កណ្ដាល​ក្រុង​សិរីសោភ័ណ ជិត​ជើង​ភ្នំ ដែល​កម្ពស់​ខ្ពស់​ពុំ​ដែល​លិច​ទឹក​នោះ​ទេ​ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ទៅ​ដាក់​ក្បែរ​មាត់​ស្ទឹង​សិរីសោភ័ណ ក៏​ត្រូវ​ទឹក​លិច ៤​ឆ្នាំ​ជាប់​គ្នា។
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា ​ទីតាំង​ពន្ធនាគារ​ដែល​បាន​សាងសង់​ថ្មី​នេះ​ មាន​ផ្ទៃ​ទាប ត្រូវ​ទឹក​ជន់​លិច​រាល់​ឆ្នាំ។ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ពន្ធនាគារ​នេះ​លិច​ទឹក គេ​ត្រូវ​ចាក់​ដី​លើក​ឲ្យ​ខ្ពស់​ស្មើ​ផ្លូវ​រថភ្លើង​ ហើយ​កម្ពស់​ត្រូវ​ចាក់​ដី​លើក​កម្ពស់​ ប្រហែល​ជា ១.៦​ម៉ែត្រ។
លោក​បន្ត​ថា បញ្ហា​នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​រដ្ឋាភិបាល គួរ​ពិចារណា​កែសម្រួល ឬ​ត្រូវ​​ផ្លាស់ប្ដូរ​ទីតាំង​ពន្ធនាគារ​នេះ​ឡើង​វិញ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដែល​នាំ​ទៅ​រក​ការ​ខាត​បង់​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ឆ្នាំៗ៖ «អ៊ីចឹង ១០ ទៅ ២០​ឆ្នាំ នៅ​តែ​លិច​អ៊ីចឹង​ដដែល ឬ​មួយ​ថា ត្រូវ​ការ​កែប្រែ អ៊ីចឹង​ក្នុង​មួយ​ឆ្នាំៗ យើង​ត្រូវ​ចំណាយ​អី​ខ្លះ​ទៅ​លើ​ពន្ធនាគារ​ហ្នឹង បើ​សិន​ទឹក​លិច​យើង​គិត​ថា គិត​ទៅ​លើ​ប្រេង ការ​ចំណាយ​ថវិកា​សព្វ​បែប​យ៉ាង​ អា​នេះ​ជា​ថវិកា​របស់​រដ្ឋ​ផង ថវិកា​របស់​អង្គការ​ផ្សេងៗ​ផង ដែល​បាន​ជួយ​ដល់​ខាង​ពន្ធនាគារ»
ក្រៅ​ពី​បញ្ហា​ខាត​បង់​ថវិកា លោក​លើក​ឡើង​ពី​ក្ដី​ព្រួយ​បារម្ភ​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា​ការ​ជម្លៀស​ អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ​កន្លង​ទៅ​ថ្មីៗ​នេះ ទៅ​ដាក់​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង។ ក្រុម​អាជ្ញាធរ​និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​យក​រថយន្ត​ដឹក​ខ្សាច់​ទៅ​ដឹក​អ្នក​ទោស។ បញ្ហា​នេះ​ លោក​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​ពុំ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ អាច​បណ្ដាល​ឲ្យ​អ្នក​ទោស​លោត​ចេញ រត់​គេច​ខ្លួន​ពី​ការ​ការពារ​របស់​សមត្ថកិច្ច​បាន។
ឆ្លើយ​តប​នឹង​​ក្ដី​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ទ្រី ណារិន គូស​បញ្ជាក់​ថា ​អាជ្ញាធរ​ខេត្ត​និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ កំពុង​គិតគូរ​ពី​បញ្ហា​​នេះ៖ «គ្រាន់​តែ​ថា អាច​ទេ អាច​នឹង​ប្ដូរ​ទី​តាំង ប៉ុន្តែ​ចំពោះ​មុខ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ណា​នៅ​ឡើយ​ទេ»
ទាក់ទិន​ការ​ពិចារណា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​រួច​ផុត​ពី​គ្រោះ​ទឹក​ជំនន់​នេះ​ លោក គុយ ប៊ុនសន ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ចំណោទ​នេះ​ ឋិត​នៅ​ក្នុង​ការ​ពិចារណា​ ដើម្បី​មាន​វិធានការ​កែ​សម្រួល​កែលំអ​ថា​តើ​ ត្រូវ​លើក​ទំនប់​ទាំង​មូល​តាម​បណ្ដោយ​ស្ទឹង​សិរីសោភ័ណ​ ឬ​ក៏​ត្រូវ​រក​ទី​តាំង​ថ្មី​ដែល​នៅ​ឆ្ងាយ។
លោក គុយ ប៊ុនសន៖ «ព្រោះ​ទីតាំង​ផ្លូវ​ពី​ខេត្ត​ទាំង ៤ រួម​ទាំង​ផ្លូវ​ចេញ​ពី​បាត់ដំបង ចូល​ទី​រួម​ខេត្ត​សៀមរាប ចូល​ទី​រួម​ខេត្ត និង​ផ្លូវ​ទៅ​ប៉ោយប៉ែត សុទ្ធ​តែ​ផ្លូវ​ត្រូវ​ទឹក​លិច​ជម្រើស​តែ​មួយ​គត់ គឺ​ផ្លូវ​ទៅ​ខាង​ស្រុក​ស្វាយចេក​ ប៉ុន្តែ​ជម្រើស​បើ​សិន​នៅ​ក្បែរ​សាលា​ខេត្ត មិន​មាន​សេសសល់​ដីធ្លី​ទេ​នៅ​ឆ្ងាយ ប៉ុន្តែ​ឆ្ងាយ​ផល​វិបាក​មួយ​ទៀត​គឺ​ទឹក​ប្រើប្រាស់»
លោក​សង្កត់​ធ្ងន់​ថា​ យ៉ាង​ណា​ក៏ដោយ ជម្រើស​កែ​សម្រួល ឬ​ផ្លាស់ប្ដូរ​ទីតាំង​ពន្ធនាគារ​នេះ​ជា​ជម្រើស​អាទិភាព​ទាំង​ពីរ​ដែល​ក្រសួង និង​អាជ្ញាធរ​ខេត្ត​កំពុង​ពិចារណា​គ្នា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons