. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, October 8, 2013

អ្វី​ទៅ​ដែល​ឥស្សរជន​ដឹក​នាំ​ជាតិ​គួរ​ភ័យ​ខ្លាច?

WEDNESDAY, 02 OCTOBER 2013
ជូ លាងហាក់
​អនាគត​នៃ ជីវិត​មនុស្ស​រាប់​លាន​នាក់ ក្នុង​ប្រទេស​ជាតិ​នីមួយៗ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ឆ្លាត​វាង​វៃ​នៃ​ការ​ដឹក​នាំ​សង្គម​ជាតិ​ដោយ​ឥស្សរជន កំពូលៗ។
បើ​ឥស្សរជន​កំពូលៗ​ភាគ​ច្រើន​ជា​មនុស្ស​ប្រកប​ដោយ​វិចារណញ្ញាណ​រឹងប៉ឹង ហ៊ាន​ចេញ​មុខ​មក​ទ្រទ្រង់ និង​ការពារ​គ្រប់​អំពើ​យុត្តិធម៌ គ្រប់ៗ​ករណី ហើយ​ក៏​ហ៊ាន​និយាយ​គាស់​រំលើង និង​ផ្ចាញ់​ផ្ចាល​អស់​ទាំង​អំពើ​កំរោល​អយុត្តិធម៌​គ្រប់ៗ​ករណី​ដែល​កើត ឡើង​នៅ​ក្នុង​សង្គម​នោះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​លើក​ស្ទួយ​សតិ​សម្បជញ្ញៈ​ខ្ពង់​ខ្ពស់​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ខ្ពស់​ត្រដែត​ឡើង។ គេ​ក៏​នឹង​បាន​ទទួល​ការ​គោរព​កោត​សរសើរ យ៉ាង​ជ្រាល​ជ្រៅ​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ជាយថាហេតុ (កិត្តិយស) របស់​ពួក​គេ ក៏​នឹង​ចែង​ចាំង​ឡើង​សម​តាម​ឋានៈ​ជា​ឧត្ដម​មន្ត្រី។
ម្យ៉ាង​ទៀត អំពើ​នៃ​សេចក្តី​ក្លាហាន​របស់​ពួក​គេ​ក្នុង​ការ​គាំទ្រ​យុត្តិធម៌​គ្រប់ កាលៈទេសៈ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​បែប​ទៀត​ដែល​ថា គេ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ (កំហុស) ដែល​អាច​នឹង​ធ្លាក់​មក​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​គេ (បើ​សិន​ជា) គេ​ដែល​មាន​មុខងារ​ជា​ឥស្សរជន មាន​កាតព្វកិច្ច​ជា​អ្នក​ដឹក​នាំ​ជាតិ​ឲ្យ​ស្ថិត​ក្នុង​មាគ៌ា​សន្តិភាព ជា​និរន្តរ៍ តែ​គេ​បែរ​ជា​បណ្តែត​បណ្តោយ​ឲ្យ​សង្គម​ជាតិ​របស់​គេ​ធ្លាក់​ចុះ​ក្នុង​ស្ថានភាព​វឹកវរ ចលាចល នៅ​ចំពោះ​ភ្នែក​របស់​គេ​ទៅ​វិញ។ ត្រូវ​ហើយ...គេ​ភ័យ​ខ្លាច​កំហុស​គេ​ខ្លាច​អាប់​ឱន​កិត្តិយស​ក្នុង​ឋានៈ​ជា​ឥស្សរជន​កំពូល​នៃ​ប្រទេស។​រាល់ កំហុស​នៃ​ឥស្សរជន​ដឹក​នាំ​ជាតិ គឺ​មាន​ន័យ​ធំធេង​វែង​ឆ្ងាយ អាស្រ័យ​លើ​ទំហំ​នៃ​កំហុស។
ផ្លែ​ផ្កា​របស់​វា (១) អាច​ជា​ការ​អាប់​ឱន​ដល់​អត្ត​សញ្ញាណ​ជាតិ... (២) សង្គម​ខ្វះ (ស្ថិរភាព​ពិត​ប្រាកដ) ហើយ​រាស្ត្រ​មួយ​ចំនួន​ធំ រស់​មិន​បាន​ត្រជាក់​ត្រជុំ​សុខសាន្ត​ត្រាណ...(៣) ការ​ដុះ​ដាល​ក្នុង​ចិត្ត​រាស្ត្រ​នូវ​ការ​ស្អប់​ខ្ពើម​ចំពោះ​មេ​ដឹក​នាំ​អាក្រក់... (៤) ការ​ប្រមាថ​មើល​ងាយ​ពី​បរទេស​ដោយ​សារ​គេ​មើល​ឃើញ​ភាព​ទន់​ខ្សោយ​ក្នុង​វិចារណញ្ញាណនៃ​​ឥស្សរជន​កំពូល​របស់​ជាតិ... (៥) ការ​រអិល​បន្តិច​ម្តងៗ ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ចលាចល​ក្នុង​សង្គម...(៦) ការ​វិនាស​អន្តរាយ​ជីវិត មនុស្ស​និង​សម្បត្តិ​សាធារណៈ​ក្នុង​មហា​បាតុកម្ម​ក្តៅ​គគុក​ណា​មួយ ដែល​នឹង​ក្លាយ​ទៅ​ជា​សង្គ្រាម​ប្រជាជន​រវាង​ពលរដ្ឋ​និង​កង​ប្រដាប់​អាវុធ អាជ្ញាធរ ដែល​តាម​ពិត​ពួក​កង​ប្រដាប់​អាវុធ​ទាំង​នោះ​មាន​នាទី​ជា​អ្នក​ការពារ​រាស្ត្រ និង​ការពារ​ជាតិ...(៧) អសន្តិសុខ និង​គ្រោះ​កាច​ដែល​ក្រោយ​មក​ក៏​ហូរ​មក​ដល់ និង​ចាប់​បាន​អាយុ​ជីវិត​នៃ​មេ​ដឹក​នាំ​អាក្រក់ និង​ក្រុម​គ្រួសារ​កូន​ចៅ​របស់​ពួក​គេ...(៨) ការ​លេច​ចេញ​ជា​រូបរាង នូវ (បដិវត្តន៍​ឥត​គ្រោង​ទុក) ដ៏​អាក្រក់​មួយ ដែល​គេ​មិន​បាន​នឹក​នា​ដល់ ហើយ​ដែល​ជាយថាហេតុ​វា​អាច​នាំ​មក​នូវ​មហា​ទុក្ខ​វេទនា​ដល់​ជីវិត មនុស្ស​រាប់​លាន​នាក់​និង​សេចក្តី​ហិន​ហោច វិនាស​អន្តរាយ​ចំពោះ​ប្រទេស​ជាតិ។
ដូច​ដែល​ខ្ញុំ​បាន​សរសេរ​រៀបរាប់​មក​នេះ​មេ​ដឹក​នាំ​ជាតិ​ខ្មែរ​បច្ចុប្បន្ន គួរ​មាន​ការ​គិត​គូរ​វែង​ឆ្ងាយ​ហើយ​ភ័យ​ខ្លាច ចំពោះ​កំហុស ដែល​ខ្លួន​បាន​និង​កំពុង​បង្ក​បង្កើត​ឡើង។ ផល​នៃ​កំហុស​របស់​មេ​ដឹក​នាំ​ខ្មែរ គឺ​យើង​ជា​រាស្ត្រ​សាមញ្ញ​គ្រប់ៗ​គ្នា​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​។ យើង​ចង់​រស់​នៅ​ដោយ​សុខសាន្ត​ត្រាណ​ជួប​ជុំ​គ្រួសារ​ម៉ែ​ឪ​បង​ប្អូន​កូន​ចៅ​។ សូម​កុំ​ឈ្លោះ​ប្រកែក រវាង​គ្នា​និង​គ្នា​ដូច​ក្មេង​ពាល ដែល​គ្មាន​យល់​តម្លៃ​នៃ​ជីវិត​រស់​នៅ​ក្នុង​ភាព​ជា​មនុស្ស​។ សូម​សម្លឹង​មើល​គ្រប់​ជ្រុង​ជ្រោយ​នៃ​បញ្ហា​ទាំង​ឡាយ​ដែល​បាន​និង​កំពុង​កើត​ឡើង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​មិន​ទាន់​បាន​ចុះ​សម្រុង​គ្នា​ល្អ​ល្អះ​នៅ​ឡើយ​ហើយ​សូម​ដោះស្រាយ​បញ្ហា​ដ៏​ចម្រូង​ចម្រាស​ឲ្យ​បាន​ត្រឹម​ត្រូវ ទៅ​តាម​គតិយុត្តិធម៌ សម​តាម​ឋានៈ​ជា​អ្នក​ធំ ដែល​យើង​យល់​ថា ជា​មនុស្ស​មាន​ប្រាជ្ញា​វាង​វៃ តែ​មិន​មែន​ជា​មនុស្ស​ទន់​ខ្សោយ​កំរោល​ព្រៃផ្សៃ​អាង​កម្លាំង​បាយ​ក្នុង ការ​ដោះស្រាយ​បញ្ហា​ទេ។
សូម​កុំ​និយាយ​របៀប​បាច​អង្កាម​ច្រាស​ខ្យល់ ដោយ​យក​ច្បាប់​មក​និយាយ តែ​ខ្លួន​ឯង​ហ្នឹង​គឺ​ជា​អ្នក​បំពាន​ច្បាប់ រាល់​ករណី​រាល់​ពេល​វេលា។ សូម​ឲ្យ​មាន​សតិសម្បជញ្ញៈ​ល្អ​ក្នុង​ឋានៈ​ជា​មេ​កើយ នៃ​ប្រទេស​ជាតិ ដើម្បី​កិត្តិយស​ថ្កុំ​ថ្កើង​នៃ​ជាតិ​សាសន៍​ខ្មែរ។ ក៏​សូម​ឲ្យ​មាន ចិត្ត​ក្លាហាន ហ៊ាន​សារភាព​ចំពោះ​មុខ​រាស្ត្រ​នូវ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ។ សូម​កុំ បណ្តោយ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ មាន​ឈ្មោះ​ថា ជា (បន​នៃ​ជន​ល្មើស) ហ៊ាន​ប្រមាថ​មើល​ងាយ ចំពោះ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ក្រឹត្យក្រម​របស់​រដ្ឋ។ សូម​ឲ្យ​យល់​និង​ទទួល​ស្គាល់​ដោយ​ជាក់​លាក់​ក្នុង​ចិត្ត ថា​អ្វី​ដែល​ជា​អំពើ (យុត្តិធម៌) និង (អយុត្តិធម៌)។ សូម​ឲ្យ​មាន​ចិត្ត​ស្នេហា​ជាតិ​សាសន៍​របស់​ខ្លួន ដោយ​ការ​គោរព​និង​ស្រឡាញ់​រាស្ត្រ ដូច​ដែល​រាស្ត្រ​ជា​ម្ចាស់​នៃ​ប្រទេស​គោរព​ស្រឡាញ់​មេ​កើយ​របស់​ខ្លួន។ មេកើយ​នៃ​ប្រទេស គឺជា​អ្នក​មាន​កាតព្វកិច្ច​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​កើត​ឡើង​ក្នុង​សង្គម​តែ​ពួក​គេ (មិន​គួរ) ជា​អ្នក​ដែល​បង្ក​បញ្ហា​ក្នុង​ជីវិត​រាស្ត្រ នោះ​ទេ។ សូម​គោរព​ជា​ដាច់​ខាត​ចំពោះ​ឆន្ទៈ​របស់​រាស្ត្រ​ខ្មែរ​បើ​កម្ពុជា កំពុង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​។ សូម​កុំ​ជាន់​ឈ្លីស​តិសម្បជញ្ញៈ​ខ្លួន​ឯង​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​តែ​លាភ​សក្ការៈ​ផ្ទាល់​ខ្លួន​។
បើ​មិន​អ៊ីចឹង​ទេ យើង​ទាំង​អស់​គ្នា ទាំង​រាស្ត្រ​ទាំង​មន្ត្រី​និង​ក្រុម​គ្រួសារ នឹង​មិន​បាន​សុខ​ជា​និរន្តរ៍​នោះ​ឡើយ។ សូម​កុំ​អាង​អំណាច​ព្រៃផ្សៃ ធ្វើ​ឲ្យ​រាស្ត្រ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ហើយ​បះ​បោរ​ឡើង​។ ខ្មែរ​ទើប​តែ​រត់​ចេញ​ពី​នរក​នៃ​ខ្មែរ​ក្រហម​ក្នុង​ពេល​ថ្មីៗ​មុន​នេះ។ ជា​នរក​ដែល​ពិភពលោក​បាន​ឮ​ហើយ​មាន​ការ​ស្រៀវ​ស្រាញ​ឆ្អឹង​ខ្នង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។ ដូច្នេះ​សូម​ខ្មែរ​កុំ​បណ្តោយ​ឲ្យ​ព្រលឹង​អវិចី​នៃ​ខ្មែរ​ក្រហម​ទាំង​នោះ​បាន​វិល​មក​ស្ថិត​ក្នុង​ដួង​ចិត្ត​មេ​ដឹក​នាំ​ខ្មែរ​ម្តង​ទៀត​សោះ​ឡើយ។ សំណូមពរ​ទាំង​អស់​នេះ គឺ​ចង់​សូម​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ជា​ទូទៅ​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​កំហុស។
មាន​ករណី​ថ្មីៗ​មួយ​ដែល​ខ្ញុំ​គួរ​បូក​បញ្ចូល​ក្នុង​អត្ថបទ​នេះ​ដើម្បី​ជា​ភ័ស្តុតាង​ជាក់​ស្តែង​ថា រាជ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កំហុស​របស់​ខ្លួន​សោះ​ទេ។ តែ​បាន​និង​កំពុង​ប្រព្រឹត្ត​កំហុស​ខុស​ឆ្គង​ជា​រឿយៗ​និង​ជា​អលជី្ជ។
គឺជា​ករណី ដែល​កើត​ក្នុង​ថ្ងៃ​អាទិត្យ​ទី ២២ កញ្ញា ២០១៣ នៅ​ម្តុំ វត្តភ្នំ ដែល​ស្ត្រី​ភេទ​នៃ​ជនជាតិ​ខ្មែរ ប្រហែល​ជា ២០ ប្លាយ​នាក់ កំពុង​អុជ​ធូប​អុជ​ទៀន​បួង​សួង​សុំ​សុខ​ក្នុង​សង្គម ស្រាប់​តែ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ និង​ជន​ក្នុង​ឯក​សណ្ឋាន​ស៊ីវិល ចូល​ទៅ​វាយ​បង្រ្កាប​យ៉ាង​ដំណំ​។ ពួក​ជន​បិទ​មុខ​ទាំង​នោះ បាន​ប្រើ​ចម្ពាម​កៅស៊ូ​បាញ់​គ្រាប់​ឃ្លី​សម្រុក​ទៅ​លើ​ស្ត្រី​ខ្មែរ អ្នក​បួង​សួង​សុំ​សុខ​ទាំង​នោះ ដែល​បណ្តាល​ឲ្យ​មាន​របួស​ធ្ងន់​ស្រាល ជាច្រើន​នាក់ រាប់​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ​។ នេះ​ជា​ឧក្រិដ្ឋកម្ម ដែល​គាំទ្រ​ដោយ​រាជ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន។ គឺជា​រូបភាព​ដ៏​អាប់ឱន ក្នុង​សង្គម​ខ្មែរ​ដែល​មេ​ដឹក​នាំ​ខ្មែរ​គ្មាន​ចិត្ត​ក្លាហាន​នឹង​សារភាព ចំពោះ​កំហុស​ហើយ​ក៏​មិន​អើពើ​នឹង​ទុក្ខ​វេទនា​របស់​រាស្ត្រ​ខ្លួន​សោះ​ដែរ។ គេ​និយាយ​អួត​អាង​ពី​រដ្ឋ​ដែល​មាន​ច្បាប់​ទម្លាប់ តែ​គេ​រំលោភ​ច្បាប់​ទម្លាប់​ហ្នឹង​ជា​អលជ្ជី​ជាច្រើន​ករណី​ទូទាំង​ប្រទេស។​សូម​មេ​ដឹក​នាំ​ខ្មែរ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កំហុស​របស់​ខ្លួន។ បើ​មិន​អ៊ីចឹង​ទេ​សាសន៍​ខ្មែរ​ប្រាកដ​ជា​នឹង​ងើប​មិន​រួច​ពី​វិនាសកម្ម​ឡើយ។ សូម​ព្រះ​អាទិទេព​ជា​អម្ចាស់​ប្រទាន​ពរសិរី​ល្អ​ជូន​ដល់​រាស្ត្រ​ខ្មែរ​រាល់​គ្នា...សូម​បាន​សុខសាន្ត​ត្រាណ​ជានិច្ច​ត​រៀង​ទៅ៕
ខ្ញុំ ជូ លាងហាក់ ពី សហរដ្ឋ​អាមេរិក

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons