. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, November 12, 2013

សង្គម​ស៊ីវិល​ថ្កោល​ទោស​សមត្ថកិច្ច​​បាញ់​កាំភ្លើង​បង្ក្រាប​បាតុករ

មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សហជីព​ធ្វើការ​លើក​ស្ទួយ​វិស័យ​ការងារ និង​គណបក្ស​ប្រឆាំង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ថ្កោលទោស​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ដែល​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។
ដោយ ខែ សុណង
2013-11-12



    អេង សុខុម ៦១០
    សាកសព​ស្ត្រី​អ្នក​លក់​បាយ រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​សមត្ថកិច្ច​បង្ក្រាប​បាតុករ​រោងចក្រ អែស.អិល (SL) នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។
    RFA/Uon Chhin
    គណៈកម្មាធិការ​ប្រតិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​សមាជិក​ជាង ២០​អង្គការ​សមាគម បាន​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដំបង​ឆក់ និង​បាញ់​រះ​កាំភ្លើង​គ្រាប់​ពិត មក​លើ​ក្រុម​បាតុករ​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​របួស និង​បាន​ជំរុញ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់។
    ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា បាន​ថ្លែង​ថា ដោយសារ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​អនុវត្ត​ច្បាប់​បាតុកម្ម​ដោយ​អហិង្សា​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។ អាជ្ញាធរ​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដោយ​អាវុធ​ដែល​ហាម​ឃាត់​នៅ​ក្នុង​ច្បាប់​បាតុកម្ម ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។
    ការ​អំពាវនាវ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​រវាង​កម្មករ​ជាមួយ​សមត្ថកិច្ច ក្នុង​គ្រា​ដែល​កម្មករ​រោងចក្រ អែស.អិល ជិត ១​ពាន់​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​ចេញ​ពី​រោងចក្រ ស្ថិត​នៅ​សង្កាត់​ស្ទឹងមានជ័យ ឆ្ពោះ​ទៅ​វិមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ឲ្យ​អនុវត្ត​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លង​មក។
    បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ដោយ​បាញ់​ទឹក​មក​លើ​ហ្វូង​បាតុករ កម្មករ​បាន​ដុត​រថយន្ត​របស់​ប៉ូលិស ១​គ្រឿង ម៉ូតូ ២​គ្រឿង និង​បន្ទាប់​មក​ក៏​មាន​អំពើ​ហិង្សា​បាញ់​រះ​ពី​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់ ឈ្មោះ អេង សុខុម អាយុ ៤៩​ឆ្នាំ ស្លាប់ មនុស្ស ៨​នាក់​របួស​ដោយ​គ្រាប់​កាំភ្លើង និង​ចាប់​មនុស្ស​ប្រមាណ ៣០​នាក់ ក្នុង​នោះ​រួម​មាន​ព្រះ​សង្ឃ ១២​អង្គ។ ចំណែក​ឯ​បាតុករ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​រង​របួស​ធ្ងន់​ដោយសារ​សមត្ថកិច្ច​វាយ​បង្ក្រាប។
    ទាក់ទង​បញ្ហា​នេះ ខាង​សហជីព​វិញ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សោកស្ដាយ​ចំពោះ​ការ​បង្ក្រាប​បាតុករ​ដែរ។
    ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បង្ក្រាប​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ស្លាប់​និង​របួស។ លោក ជា មុនី បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ។
    រីឯ​គណបក្ស​ប្រឆាំង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​ដែរ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា នេះ​ជា​បញ្ហា​ដែល​កើត​ឡើង​ជា​ដដែលៗ ពុំ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ។ លោក​ថា ការ​បាញ់​រះ​មក​លើ​ក្រុម​មនុស្ស​បង្ក​ឲ្យ​របួស​នោះ​មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​ទាំង​ការ​ព្យាបាល និង​ការ​ស្លាប់​របស់​ពលរដ្ឋ។
    ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​លីកាដូ (Licadho) និង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​ស្រដៀង​គ្នា​នេះ​ដែរ។ សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ មាន​ខ្លឹមសារ​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ ស្នើ​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​របស់​កម្មករ ដោយ​សន្តិវិធី និង​ទាមទារ​រក​យុត្តិធម៌ ដល់​ពលរដ្ឋ​ដែល​បាន​ស្លាប់ និង​របួស​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ហេតុការណ៍​បាញ់​រះ​នោះ៕
    កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕
    សូមចូលអានទំព័រដើមនៅទីនេះ

    0 comments:

    Post a Comment

     
    Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons