. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, December 11, 2013

សិស្ស​តវ៉ា​ឲ្យ​បញ្ឈប់​ឡាន​ដឹក​ដី​បើក​លើ​ផ្លូវ​មុខ​សាលា​នៅ​បន្ទាយមានជ័យ

អ្នក​ភូមិ គ្រូ​បង្រៀន និង​សិស្ស​វិទ្យាល័យ​ជា​ច្រើន​រយ​នាក់ ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ហាម​ឃាត់​រថយន្ត​ដឹក​ដី​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង នៅ​ក្បែរ​សាលា​រៀន ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់។ ការ​ទាមទារ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ដាច់​ហ្វ្រាំង ទៅ​បុក​រោង​ម៉ាស៊ីន​កិន​ស្រូវ បណ្ដាល​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​របួស​ធ្ងន់ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត។

ដោយ សួន សុផលមុន្នី
2013-12-06


សិស្ស​តវ៉ា​រឿង​ឡាន​ដឹក​ដី បន្ទាយមានជ័យ ៦១០
ក្រុម​អ្នក​ភូមិ គ្រូ​បង្រៀន និង​សិស្ស​វិទ្យាល័យ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អូរ​អំបិល សង្កាត់​អូរអំបិល លើក​បដា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ហាម​ឃាត់​រថយន្ត​ដឹក​ដី​ធំៗ ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​លើ​កំណាត់​ផ្លូវ​ក្បែរ​សាលា​រៀន នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Soun Sophalmony


































កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រុម​អ្នក​ភូមិ គ្រូ​បង្រៀន និង​សិស្ស​សាលា​ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា​ប្រឆាំង​ជំទាស់​ទៅ​នឹង​ម្ចាស់​រថយន្ត​ដឹក​ដី​ធុន​ធំ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​សាលា​រៀន​របស់​ខ្លួន។ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ ដែល​ដឹក​ជញ្ជូន​ដី​ឆ្លង​កាត់​ខាង​មុខ​វិទ្យាល័យ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អូរ​អំបិល។
ការ​លើក​គ្នា​តវ៉ា​នេះ កើត​មាន​ឡើង​ក្រោយ​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ។ គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​ឆ្លង​កាត់​ទី​នោះ​ដាច់​ហ្វ្រាំង ទៅ​បុក​រោង​ម៉ាស៊ីន​កិន​ស្រូវ​អ្នក​ស្រុក​នៅ​ទី​នោះ បណ្ដាល​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​របួស​ធ្ងន់ និង​ខូច​ខាត​រោង​ម៉ាស៊ីន និង​ម៉ូតូ ១​គ្រឿង។
គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​អូរ​អំបិល លោក ស ប៊ុនថេង ថ្លែង​ថា ការ​ដឹក​ជញ្ជូន​ដី​របស់​រថយន្ត​ធំៗ​នោះ បង្ក​សំឡេង និង​មាន​ដី​ហុយ​រំខាន​ដល់​ការ​សិក្សា​សិស្ស ជា​ពិសេស​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​សិស្ស​សាលា និង​គ្រូ​បង្រៀន​នៅ​ថ្ងៃ​មុខ។ លោក​ថា ផ្លូវ​នោះ គឺ​ជា​ផ្លូវ​បេតុង​តូច​ល្មម​កាត់​មុខ​វិទ្យាល័យ ទៅ​ប្រសព្វ​មុខ​គ្នា​នឹង​ផ្លូវ​ជាតិ​លេខ​៥៖ «ខាង​គ្រូ ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្ស​នៅ​តាម​បណ្តោយ​ផ្លូវ សំណូមពរ​ឲ្យ​បញ្ឈប់​ឡាន​ដឹក​ដី​បើក​កាត់​ផ្លូវ​ហ្នឹង​តែ​ម្ដង។ ទី​១ យើង​មើល​ស្ថានភាព​ឡាន​ដឹក​ដី គាត់​បើក​បន្ត​កន្ទុយ​គ្នា ដូច​ហែ​កឋិន ហើយ​ប៉ះពាល់​ដី​ក៏​ហុយ ផ្លូវ​តូច​ចង្អៀត ហើយ​ស៊ីផ្លេ​ពេល​រៀន ប៉ះពាល់​សិស្ស​រៀន ជាក់​ស្ដែង​ពី​ម្សិលមិញ គាត់​ដាច់​ហ្វ្រាំង​ពី​លើ​មក ដោយសារ​ពី​លើ​មក​វា​មាន​ចំណោទ»
ក្រុម​គ្រូ​បង្រៀន ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​នោះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​អង្គការ​មួយ ដែល​មាន​ឈ្មោះ​ថា អង្គការ​មេគង្គ។ អង្គការ​នេះ​កន្លង​ទៅ ធ្លាប់​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​នោះ ព្រោះ​ផ្លូវ​មិន​អាច​ធន់​នឹង​ការ​ដឹក​ជញ្ជូន​ធ្ងន់ៗ​បាន​ឡើយ។ បច្ចុប្បន្ន ផ្លូវ​ចាក់​បេតុង​នោះ កំពុង​រង​ការ​ខូច​ទៅ​វិញ​ជា​បណ្ដើរៗ ដោយ​ពុំ​មាន​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​សិស្ស​សាលា​ជា​ច្រើន​រយ​នាក់ ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អូរ​អំបិល។ គ្រោះ​ថ្នាក់​ដោយសារ​រថយន្ត​ដឹក​ដី​ធំៗ​នេះ លោក​ថា​បាន​កើត​មាន​ច្រើន​លើក​មក​ហើយ។ បញ្ហា​នេះ លោក​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចាត់​វិធាន​ការ​ទប់ស្កាត់​ជា​បន្ទាន់៖ «យើង​គិត​ថា អាជ្ញាធរ​កុំ​ព្រងើយ​កន្តើយ គួរ​តែ​មាន​បម្រាម​ហ្នឹង​តាំង​ព្រឹក​តាំង​ព្រលឹម រហូត​ដល់​ថ្ងៃ​រសៀល​យប់​អាធ្រាត្រ​អី ក៏​នៅ​តែ​ឡាន​ហ្នឹង​ដឹក​ខ្សាច់ ដឹក​គ្រួស ដឹក​ថ្ម​ហ្នឹង​កាត់ ហ្នឹង​ហើយ​បើក​លឿន​ទៀត ធ្វើ​ប៉ះពាល់​យ៉ាង​ខ្លាំង បើ​មិន​ប៉ះពាល់​ចរាចរណ៍ ក៏​ទាក់ទង​ទៅ​លើ​ការ​រាយ​ខ្សាច់​ថ្ម​នៅ​តាម​ផ្លូវ​ដែរ»
ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធាន​ការ​ទប់ស្កាត់​បញ្ហា​នេះ​ហើយ។ លោក​ថា ទី​១ អាជ្ញាធរ​បាន​កំណត់​ផ្លូវ​ឲ្យ​រថយន្ត​ធុន​ធំ​ទាំង​នោះ​បើកបរ​ផ្លូវ​វៀង មិន​អនុញ្ញាត​ឲ្យ​បើក​លើ​ផ្លូវ​នៅ​ជិត​សាលា​រៀន​នោះ​ទេ៖ «ទី​២ យើង​ឲ្យ​មន្ទីរ​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​ឡាន ពីព្រោះ​ឡាន​គាត់​ហ្នឹង​សុទ្ធ​តែ​ចាស់ៗ​អ៊ីចឹង​ទៅ ត្រួត​ពិនិត្យ​បច្ចេកទេស​កុំ​ឲ្យ​ដាច់​ហ្វ្រាំង អ៊ីចឹង​អា​ហ្នឹង​ចេះ​ទៅ​ចូល​រោង​ម៉ាស៊ីន បើ​សិន​ជា​ចូល​សាលា​រៀន គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្មេងៗ​ទៀត ហើយ​យើង​បាន​ប្រាប់​ទៅ​ប៉ូលិស​ចរាចរណ៍​ជំនាញ​ឲ្យ​ពិនិត្យ​មើល​រឿង»
លោក​អភិបាល​ខេត្ត​បន្ត​ថា វិធាន​ការ​ទប់ស្កាត់ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ នេះ​ត​ទៅ គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​រថយន្ត​ធំ​ដែល​ដឹក​ជញ្ជូន​ដី​ថ្ម គ្រួស​ខ្សាច់ នៅ​លើ​ផ្លូវ​នោះ​ទៀត​ឡើយ។ ក្នុង​ករណី​ម្ចាស់​រថយន្ត​ណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ណែនាំ​នេះ អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons