. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, December 29, 2013

ស្ត្រី​ខ្មែរ​ដែល​​ជនជាតិ​ថៃ​បី​នាក់​ធ្វើ​ទារុណកម្ម​​ប្តឹង​រក​យុត្តិធម៌

ស្ត្រី​ម្នាក់​ដែល​រងគ្រោះ​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ដាក់​ទៅ​ក្រសួង​ការ​បរទេស​ខ្មែរ​ ប្ដឹង​ជនជាតិ​ថៃ​បី​នាក់ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​​អំពើ​ទារុណកម្ម​​ទៅ​លើ​រូប​នាង​។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ ជន​រងគ្រោះ​សុំ​ឲ្យ​តុលាការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ជាតិ​ថៃ​ទាំង​នោះ និង​ប្ដឹង​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​រូប​នាង​។
ដោយ សួន សុផលមុន្នី
2013-12-28




នៅ​ក្នុង​ពាក្យ​បណ្ដឹង​ ស្ត្រី​ខ្មែរ​ដែល​ជា​ជនរងគ្រោះ​បាន​ប្ដឹង​ថៅកែ​ជនជាតិ​ថៃ​បី​នាក់​ ពី​បទ​ធ្វើ​ទារុណកម្ម​ បង្ខាំង​រូប​នាង​ជំរិត​យក​ប្រាក់​។ ជនជាតិ​ថៃ​ទាំង​បី​នាក់​នោះ​ មាន​ឈ្មោះ​ ភី អ៊ួន ឈ្មោះ​ ភី ទី និង ឈ្មោះ​ ភី អាង​ ពួកគេ​ជា​ថៅកែ​បនល្បែង​មួយ ​នៅ​តំបន់ ​ផា​រ៉ាម​ សាម​ ឋិត​នៅ​ក្រុង​បាងកក ​ប្រទេស​ថៃ។
ជន​រង​គ្រោះ​ ឈ្មោះ ថាប់ ធីតា​ អាយុ​ ៣២​ឆ្នាំ​ បច្ចុប្បន្ន​រស់​នៅ​ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយមានជ័យ​។ នៅ​ក្នុង​ពាក្យ​បណ្តឹង​បញ្ជាក់​ថា ​រូប​នាង​ជា​បុគ្គលិក​ចែក​បៀរ​នៅ​ក្នុង​បន្ទប់ ​VIP នៃ​បន​ល្បែង​ មួយ​នៅ​តំបន់​ផា​រ៉ាម​សាម​ ​ក្រុង​បាងកក​ ប្រទេស​ថៃ​។  ថាប់​ធីតា បាន​បញ្ជាក់​នៅ​ក្នុង​ពាក្យ​បណ្តឹង​ថា ​ចាប់​ពីថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​​រហូត​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ រូប​នាង​ត្រូវ​ថៅកែ​​ជនជាតិ​ថៃ​ ចាប់​សម្រាត​ខោអាវ​អស់​ពី​ខ្លួន​ បន្ទាប់​មក​ ថតរូប​អាក្រាត​របស់​នាង ​និង​វាយ​ដំ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ចោទ​ថា នាង​ឃុបឃិត​ជាមួយ​ភ្ញៀវ​ដែល​ចូល​ទៅ​លេង​ល្បែង​នៅ​ទី​នោះ​។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា​ ចាត់​ទុក​ថា ​នេះ​ជា​អំពើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ ដែល​ច្បាប់​មិន​អាច​លើក​លែង​បាន​នោះ​ឡើយ៖ «​ទី​១​យើង​ឃើញ​ថា ជា​អំពើ​ទារុណកម្ម​ និង​ជា​អំពើ​រើសអើង​ទៅ​លើ​ស្ត្រី​ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​ជា​សកល ​ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​ និង​អនុសញ្ញា​រាល់​ទម្រង់​រើសអើង​នារី​ភេទ​»។
ទន្ទឹម​គ្នា​នេះ​ លោក​បាន​ជំរុញ​ឲ្យ​តុលាការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ថៅកែ​បន​ល្បែង​ជនជាតិ​ថៃ​ទាំង​នោះ​ ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ។​
ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ លោក ផាន់ វណ្ណ​រ័ត្ន​ មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះ​ តំណាង​អយ្យកា​រកំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​មុន​ពេល​​ឈាន​ទៅ​ដល់​ការ​​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ តាម​រយៈ​យន្តការ​អាជ្ញាធរ​កណ្ដាល ​នៃ​ក្រសួង​យុត្តិធម៌​ ៖ «ឆ្នាំ​​២០១០​ យើង​បាន​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អាស៊ាន​ ស្តីពី​ការ​ជួយ​គ្នា​​ទៅ​វិញ​ទៅ​មក​ លើ​វិស័យ​ព្រហ្មទណ្ឌ​។ អ៊ីចឹង​ជន​រងគ្រោះ ​ឬ​ក៏​ជន​ជាប់​ចោទ​អី​ យើង​អាច​ស្នើ​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ឲ្យ​ជួយ​ធ្វើ។ ​ដូច្នេះ​ករណី នេះ​យើង​អាច​ស្នើ​សុំ​យ៉ាង​ម៉េច​បញ្ចូល​ជនរងគ្រោះ​ទៅ​ឆ្លើយ​ទៅ​អី​របស់​តុលាការ​ថៃ​ ហើយ​ស្នើសុំ​សំណង​ហើយ​ឲ្យ​តុលាការ​ សមត្ថកិច្ច​ថៃ​ គេ​រក​ជន​ពាក់ព័ន្ធ​ហ្នឹង​ ​យើង​ស្នើ​សុំ​ផ្លូវ​ការ»។
នៅ​ក្នុង​ពាក្យ​បណ្ដឹង​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៣​ ស្ត្រី​ជា​ជន​រងគ្រោះ​ ក្រោយ​ពី​បញ្ចប់​ការងារ​ នាង​បាន​​ត្រឡប់​ទៅ​បន្ទប់​ជួល​ដែល​មាន​ចម្ងាយ​ប្រហែល ​៣០​គីឡូ​ម៉ែត្រ​ពី​កន្លែង​ធ្វើ​ការ​។ លុះ​ដល់​ម៉ោង​ ១២​រំលង​អធ្រាត្រ​ មាន​ថៅកែ​ជនជាតិ​ថៃ​ទាំង​បី​នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​បន្ទប់​ស្នាក់​នៅ​របស់​នាង​។ នៅ​ពេល​នោះ​ពួកគេ​ចោទ​ថា រូប​នាង​សង​លុយ​ភ្ញៀវ​មិន​គ្រប់​ចំនួន​ ហើយ​បង្ខំ​ឲ្យ​នាង​​ឡើង​ជិះ​ឡាន​​ទៅ​ដោះស្រាយ​។ នៅ​​លើ​រថយន្ត​ ថៅកែ​ជនជាតិ​ថៃ​ទាំង​នោះ​ បាន​វាយដំ​លើ​រូប​នាង​ ហើយ​ចោទ​ថា បាន​ឃុបឃិត​ជាមួយ​ភ្ញៀវ​ធ្វើ​ឱ្យបនល្បែង​ខាត​បង់​លុយ​កាក់​ទៅ​វិញ​។​
ជនរងគ្រោះ​បន្ត​ថា នៅ​ពេល​ជិះ​ឡាន​ទៅ​ដល់​​ទី​កន្លែង​បនល្បែង ​​នាង​ត្រូវ​បាន​គេ​​សួរ​ចម្លើយ​ វាយ​ធ្វើ​បាប​ ​ដោះ​សំលៀកបំពាក់​ចេញ​អស់​ពី​ខ្លួន​ ហើយ​ថៅកែ​ជនជាតិ​ថៃ​ ​បាន​យក​កន្ត្រៃ​កាត់​ខោ​ទ្រនាប់​របស់​នាង​​ ហើយ​បើក​ទ្វារ​​ឲ្យ​បុគ្គលិក​ផ្សេង​នៅ​បនល្បែង​នោះ​ ចូល​ទៅ​មើល​រូប​កាយ​អាក្រាត​របស់​នាង​ និងយក​ទូរស័ព្ទ​ដៃ​ថត​រូប​នាង។ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ រហូត​ដល់​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ជនរងគ្រោះ​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​រាល់​ថ្ងៃ​។
នៅ​ពេល​ចូល​បន្ទប់​សួរ​ចម្លើយ​ម្ដង​ៗ​ ថៅកែ​ជនជាតិ​ថៃ​ទាំង​នោះ​បាន​ស្រាត​ខោអាវ​នាង​អស់​ពី​ខ្លួន​ ​ថត​រូប​ ទះ​កំភ្នៀង​​វាយ​ក្បាល​នឹង​ដប​ទឹក​សុទ្ធ​ ហើយ​គំរាម​សម្លាប់​កាត់​ដៃ​កាត់​ជើង​របស់​នាង​។ ​ក្រោយ​មក​នៅ​​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ថៅកែ​ថៃ​បាន​បង្ខំ​ឲ្យ​នាង​រក​​​​លុយ​សង​​ទើប​គេ​​អាច​ដោះលែង​បាន​។
ជន​រងគ្រោះ​បញ្ជាក់​ថា ដើម្បី​រក្សា​ជីវិត​ នាង​បាន​យក​សៀវភៅ​ធនាគារ ​និង​កាត​ ATM ​ហើយ​ ប្រាប់​លេខ​សម្ងាត់​ទៅ​ឲ្យ​ថៅកែ​ជនជាតិ​ថៃ​។ ក្រោយ​ពី​បាន​ឯកសារ​ធនាគារ​ពី​នាង​រួច​ហើយ​​ ថៅកែ​ថៃ​បាន​ប្រើ​ឲ្យ​មេការ​ថៃ​ម្នាក់ ​ឈ្មោះ ភី ​ប៉ក់​ ទៅ​ដក​លុយ​ពី​ធនាគារ​ អស់​ចំនួន​ជាង​១​លាន​បួន​សែន​បាត។
នៅ​ក្នុង​ពាក្យ​បណ្ដឹង​បញ្ជាក់​ថា ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ក្រុង​បាងកក ​ប្រទេស​ថៃ​ និង​អង្គការ​សង្គម​ស៊ីវិល​ផង​នោះ​ ទើប​ថៅកែ​ថៃ​ ​ដោះ​លែង​រូប​នាង​មក​ស្រុក​ខ្មែរ​វិញ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ ជនរងគ្រោះ​សុំ​តុលាការ​ចាត់​ការតាម​ផ្លូវ​ច្បាប់​ និងសុំ​ទារ​លុយ​របស់​នាង ​ដែល​ថៅកែ​ថៃបាន​ដក​យក​ពី​ធនាគារ​ ចំនួន​ជាង​១លាន​៤​សែន​បាត​នោះ មក​វិញ​ និង​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ​១០​លាន​បាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons