. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, January 11, 2014

មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុក​រលួយ

មេ​បញ្ជាការ​ពីរ​រូប​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ជា​បង​ប្អូន​ថ្លៃ​នឹង​គ្នា ទទួល​រង​នូវ​ការ​ប្ដឹង​ពី​បទ​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​អង្គភាព ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន និង​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។
ដោយ ជុន ច័ន្ទបុត្រ
2014-01-10
ទី​រួម​ខេត្ត​បន្ទាយមានជ័យ ៦១០
រង្វង់​មូល​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ រូប​ឯកសារ
Photo: RFA

















នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន​ជាច្រើន​នាក់​ដែល​នៅ​ក្រោម​ឱវាទ​របស់​មេបញ្ជាការ​ពីរ​រូប​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថា មេបញ្ជាការ​ទាំង​ពីរ​នាក់​នោះ​បាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ជួញ​ដូរ​ឈើ​គ្រញូង​នៅ​ជួរ​ព្រំដែន​ខ្មែរ​ថៃ តាម​រយៈ​ការ​យក​រថយន្ត​អង្គភាព​ទ័ព​ធ្វើ​អាជីវកម្ម រួម​ទាំង​ការ​ប្រើ​អំណាច​យក​ដី​នៅ​ក្នុង​អង្គភាព​ទ័ព លក់​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន។
នៅ​ក្នុង​សំណុំ​ឯកសារ​ពាក្យ​បណ្ដឹង​កម្រាស់ ១៦​ទំហំ ដែល​រៀប​ចំ​ឡើង​ដោយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ជិត ៤០​នាក់ បាន​បង្ហាញ​ថា មេ​បញ្ជាការ​មេ​បញ្ជាការ​រង​ពីរ​នាក់ បាន​រក​ស៊ី​ជួញ​ដូរ​ឈើ​គ្រញូង​ខុស​ច្បាប់ នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​អង្គភាព​ទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។
នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ចោទ​ថា លោក​ឧត្ដមសេនីយ៍ ភ្លន់ តារា និង​លោក​វរសេនីយ៍​ឯក កែវ សេងលន មាន​ឋានៈ​ជា​មេ​បញ្ជាការ និង​ជា​មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​រួម​គំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព និង​ទៅ​លើ​កង​កម្លាំង​ក្រោម​ឱវាទ​ជា​ច្រើន​ករណី។
ប្រភព​ពី​កូន​ទាហាន​ទាំង​នោះ​បញ្ជាក់​ថា រយៈពេល​កន្លង​ទៅ ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ប្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ ប្ដឹង​ទៅ​អគ្គ​មេ​បញ្ជាការ ប្ដឹង​ទៅ​យោធភូមិ​ភាគ​៥ ប្ដឹង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្ថាប័ន​កំពូលៗ​ទាំង​នេះ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​ភាព​យុត្តិធម៌​នោះ​ឡើយ។
ពួក​គាត់​បន្ត​ថា ក្នុង​រយៈពេល​កន្លង​មក មាន​ក្រុម​អធិការកិច្ច​របស់​ក្រសួង​ការពារ​ជាតិ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ក្នុង​ករណី​នេះ ហើយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ដែល​រងគ្រោះ​ទាំង​នោះ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​សម្រុះ​សម្រួល​ជាមួយ លោក ភ្លន់ តារា និង​លោក កែវ សេងលន ប៉ុន្តែ​ទាហាន​ជា​អ្នក​រងគ្រោះ​ទាំង​នោះ​បាន​បដិសេធ។ លទ្ធផល​ចុង​ក្រោយ គឺ​មាន​ទាហាន​ក្រោម​ឱវាទ​ជិត ២០​នាក់ ត្រូវ​បាន​គេ​ដក​ចេញ​ពី​អង្គភាព​ទាំង​អយុត្តិធម៌៖ «កាល​ហ្នឹង​អំណាច​លុយ​ស្រស់​តែ​ម្ដង លុយ​ហ្នឹង​គេ​សូកប៉ាន់​មន្ត្រី​ថ្នាក់​លើ អធិការ​កិច្ច​ក្រសួង​ការពារ​ជាតិ តាម​ដែល​ដឹង គឺ​លោក នាង ផាត ជា​អ្នក​រត់​ការ​ជួយ​មេ​ស៊ុប​ហ្នឹង ដើម្បី​ដក​អ្នក​ដែល​ប្ដឹង​នោះ គឺ​លោក នាង ផាត ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន និង​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ គាត់​ហ្នឹង​ជា​អ្នក​ចាត់​ចែង​ឲ្យ​ដក​នាយ​ទាហាន​បំបែក​រូបភាព​ចោល​តែ​ម្ដង»
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី លោក ភ្លន់ តារា ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក​បាន​ចុច​ទូរស័ព្ទ​បិទ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។
យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​មាន​ភ្ជាប់​ជាមួយ​ឯកសារ​តារាង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១០ រួម​និង​ស្នាម​មេដៃ​ទាហាន​ចំនួន ៣៩​នាក់ ធ្វើ​ជា​ភស្តុតាង​ផង​នោះ បញ្ជាក់​ថា ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន គឺ​ថ្នាក់​ដឹក​នាំ​អង្គភាព​ទ័ព​មួយ​នេះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើង។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ករណី​ទាំង​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ និង​ជា​អំពើ​ផ្ទុយ​ពី​ច្បាប់។ ការ​កាត់​ប្រាក់​ខែ​កូន​ទាហាន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ដល់​ស្មារតី​របស់​កងទ័ព​ដែល​មាន​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ។
ទន្ទឹម​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​ការពារ​ជាតិ គួរ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា និង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ នោះ​ឡើយ​វិញ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​កង​ទាហាន​ទាំង​នោះ​ដែល​ជា​អ្នក​រងគ្រោះ៖ «បើ​សិន​មាន​កើត​ឡើង​ត​ទៅ​ទៀត ឬ​កន្លែង​ផ្សេង​កើត​មាន​ដូច​គ្នា​អី យើង​ឃើញ​ថា បាន​ប៉ះពាល់​អារម្មណ៍​គាត់​យ៉ាង​ខ្លាំង ទី​១។ ទី​២ យើង​ឃើញ​ថា ទាហាន​ជា​អ្នក​ការពារ​ជាតិ​ប្ដូរ​សាច់​ប្ដូរ​ឈាម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ អ៊ីចឹង​កុំ​ឲ្យ​គាត់​ខ្វះខាត​ថវិកា​របស់​គាត់ គួរ​តែ​បើក»
នៅ​មាន​រឿង​អាស្រូវ​ផ្សេង​ទៀត ដូច​ជា​ការ​លួច​លាក់​ចំនួន​ទ័ព​ខ្មោច និង​ការ​ប្រមូល​បង​ប្អូន​សាច់ញាតិ​បក្ខពួក​របស់​ខ្លួន ចូល​បម្រើ​ទ័ព រួច​ផ្ញើ​តាម​អង្គភាព​ចំណុះ និង​នៅ​ក្នុង​បញ្ជាការដ្ឋាន។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មេ​បញ្ជាការ​អង្គភាព​ផ្ទាល់​ជួប​ការ​លំបាក ក្នុង​ការ​ប្រើប្រាស់​កម្លាំង​នៅ​ពេល​ថ្នាក់​លើ​ត្រូវ​ការ។ ក្រៅ​ពី​នេះ នៅ​មាន​រឿង​កាត់​ប្រាក់​របប​គោល​នយោបាយ​ជំហាន​ដំបូង​របស់​យោធិន​ពលី គ្រួសារ​យោធិន​ពលី យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព ដែល​ត្រូវ​ផ្ទេរ​ទៅ​សង្គម​កិច្ច​ចំនួន​ពីរ​លើក។
ក្នុង​នោះ លើក​ទី​១ នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩ មាន​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពលី​ចំនួន ៧៣៤​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​កាត់​ប្រាក់​ម្នាក់ៗ​ចំនួន ២៥​ម៉ឺន​រៀល និង​លើក​ទី​២ នៅ​ខែ​តុលា ឆ្នាំ​២០១០ យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព​ចំនួន ១៥៩​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​គេ​កាត់​ប្រាក់ ១២​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ និង​កិបកេង​របប​អង្ករ​សរុប​អស់​ចំនួន ១៥៩​ការុង​ថែម​ទៀត។
ក្រុម​ទាហាន​រងគ្រោះ​ទាំង​នោះ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​រឿង​អយុត្តិធម៌​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ពួក​គាត់​ជា​កូន​ទាហាន នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។ រហូត​មក​ពេល​នេះ ពួក​គាត់​នៅ​តែ​ទទូច​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​ឡើយ៖ «ចង់​ឲ្យ​ស្ថាប័ន​ណា​ដែល​មាន​ប្រសិទ្ធភាព​ចុះ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ឲ្យ​ជាក់​លាក់ ហើយ​មុន​នឹង​ការ​ស្រាវជ្រាវ​ត្រូវ​ដក​មនុស្ស​នេះ​ទៅ​បញ្ឈរ​ជើង​សិន បាន​ព័ត៌មាន​ច្រើន គាប​សង្កត់ ពាក់ព័ន្ធ​ច្រើន​ទៅ​បទ​ឧក្រិដ្ឋ​យក​កម្លាំង​ទៅ​កាប់​គ្រញូង​នៅ​ថៃ។ ថៃ បាញ់​ងាប់ ហើយ​មនុស្ស​នេះ​អ្នក​ដែល​ការពារ​នៅ​ពី​ក្រោយ​ខ្នង​មួយ គឺ​ផ្កាយ​បី ប៊ុន សេង មេ​ភូមិ​ភាគ​នៅ​រាល់​ថ្ងៃ​តាម​ការពារ​ជាប់ ហើយ​រាល់​ថ្ងៃ បើ​មេ​ភូមិ​ភាគ​គេ​នៅ​ការពារ មិន​អាច​ដោះដូរ​បាន​ទេ ហើយ​នៅ​លើ​ក្រសួង​ការពារ​ជាតិ គឺ​លោក នាង ផាត ជា​អ្នក​នៅ​ការពារ​ពី​ក្រោយ»
នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ថា មេ​បញ្ជាការ​ទាំង​ពីរ​រូប​នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន​ផ្សេង​ទៀត នៅ​តាម​ច្រក​របៀង​ខ្មែរ​ថៃ។ ក្នុង​នោះ​ដូច​ជា ការ​យក​គ្រឿងចក្រ​ក្នុង​អង្គភាព​ជា​ច្រើន​គ្រឿង ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ផ្ដាច់​មុខ​របស់​ខ្លួន ការ​ដឹក​ឈើ​គ្រញូង​ពី​តំបន់​ព្រំដែន​ចូល​មក​ផ្ទៃ​ក្នុង​ជា​ញឹកញាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​ចោទ​ថា ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១០ លោក​វរសេនីយ៍ឯក កែវ សេងលន បាន​យក​រថយន្ត​អង្គភាព​ចំនួន ២​គ្រឿង ទៅ​ដឹក​ឈើ​គ្រញូង​ពី​កងវរសេនាតូច​៥០៥ ឈរ​ជើង​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចូល​ទៅ​ក្រុង​ស្រីសោភ័ណ តែ​ត្រូវ​សមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់​បាន។
នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា បាន​បញ្ជា​ឲ្យ​កង​កម្លាំង​កងវរសេនាតូច​៥០៥ នាំ​គ្នា​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ទឹក​ដី​ថៃ ចំនួន ៦​រថយន្ត ចូល​ទៅ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ការ​ចោទ​ប្រកាន់​ថា លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា ប្រើ​អំណាច​រឹបអូស​យក​ដី​ធ្លី​អង្គភាព​ទ័ព​ជា​ច្រើន​កន្លែង​ទៅ​លក់ ដោយ​ពុំ​បាន​យក​ប្រាក់​ពី​ការ​លក់​ដី​នោះ​ទៅ​កសាង​អ្វី​សោះ​ឡើយ​នៅ​ក្នុង​អង្គភាព។
ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ក៏​ចោទ​ដែរ​ថា មេ​បញ្ជាការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​កិបកេង​អំណោយ​របស់​កង​កម្លាំង​ទ័ព​គ្រប់​អង្គភាព ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ចែក​ជូន​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។ អតីត​ទាហាន​ក្រោម​ឱវាទ​ទាំង​នោះ លើក​ឡើង​ថា អំពើ​ពុក​រលួយ និង​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​មេ​បញ្ជាការ​របស់​ពួក​គេ​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ ការ​ប្រកាន់​បក្ខពួក ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច។ បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ទ័ព​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ពេល​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹក​ដី​ជូន​ជាតិ​មាតុភូមិ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons