. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, January 14, 2014

តើ​លោក​ ហ៊ុន​ សែន​ ជា​បុរស​ខ្លាំង​មែន​ ឬ​ទេ​?​

គិត​មក​ដល់​ថ្ងៃ​អង្គារ​ ទី​១៤​ មករា​ នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​អំណាច​ជា​ប្រមុខ​រដ្ឋា​ភិបាល​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន ​២៨​ឆ្នាំ​គត់​ហើយ​។ លោក​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ ជា​ពិសេស​ជន​បរទេស​ ប្រសិទ្ធ​នាម​លោក​ថា​ជា​បុរស​ខ្លាំង​ ឬ​ Strongman ​នៅ​កម្ពុជា​។

ដោយ ជុន​ ច័ន្ទ​បុត្រ​
2014-01-14
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA
កិត្តិនាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​មែន​ត្រូវ​បាន​គេ​ស្គាល់​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ឈ្មោះ​របស់​លោក​ល្បី​សុះសាយ​ពេញ​ពិភពលោក​។​ អ្នក​ខ្លះ​ហៅ​លោក​ថា​ជា​​បុរស​ខ្លាំង​ ​ប្រហែល​ជា​គេ​សំដៅ​ទៅ​ការ​បង្ក្រាប​មិន​រើស​មុខ​របស់​លោក​។​ អ្នក​ខ្លះ​ទៀត​ហៅ​លោក​ថា​​ជា​មេដឹកនាំ​ផ្តាច់​ការ​ ប្រហែល​ជា​គេ​សំដៅ​ទៅ​លើ​សមត្ថភាព​វាយ​បំបែក​ និង​រំលាយ​គូ​ប្រកួត​​មិន​ទុក​អោយ​មាន​ពីរ​របស់​លោក។
នៅ​ឯ​កម្ពុជា​ ជា​ផ្លូវ​ការ​គេ​មិន​ហៅ​លោក​ថា​ជា​បុរស​ខ្លាំង​ទេ។ លោក​មាន​ងារ​ដែល​ព្រះមហាក្សត្រ​ទ្រង់​សព្វព្រះទ័យ​ប្រទាន​ថា​ជា សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន។ ប៉ុន្តែ​ទុកជា​ព្រះ​មហាក្សត្រ​មិន​ប្រទាន​ងារ​បុរស​ខ្លាំង​ក៏​ដោយ​ចុះ លោក​ជា​បុរស​ខ្លាំង​សំរាប់​មនុស្ស​មួយ​ចំនួន​ធំ​រួច​ទៅ​ហើយ។ បើ​លោក​មិន​ខ្លាំង​ មិន​មែន​លោក​ចាញ់​ឆ្នោត​ហើយ​អាច​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បាន​ទេ។ នេះ​បើ​និយាយ​អំពី​ការ​បោះ​ឆ្នោត​​កាល​ពី​សម័យ​អ៊ុនតាក់ ឆ្នាំ​១៩៩៣។
មិន​មែន​តែ​លោក ហ៊ុន សែន ខ្លួន​ឯង​ទេ​ដែល​ខ្លាំង សាច់សាលោហិត​របស់​លោក ទោះ​សាច់​ជិត​ឬ​ឆ្ងាយ ក៏​ទទួល​ចំហាយ​ខ្លាំង​នេះ​ដែរ។ ក្មួយ​បង្កើត​របស់​លោក​ជា​ឧទាហរណ៍​ស្រាប់ ខ្លាំង​រហូត​ដល់​ទៅ​ហ៊ាន​គាស់​ភ្នំ​យក​ទៅ​ធ្វើ​របង​ផ្ទះ​ផង... ដោយ​គ្មាន​នរណា​ហ៊ាន​ក្អក​ដាក់​ទេ ទោះ​បី​ជា​គេ​នាំ​គ្នា​យក​ដៃ​រឺត​ទ្រូង​ដក​ដង្ហើម​ធំ ពេល​ដែល​គេ​ធ្វើ​ដំណើរ​កាត់​ផ្ទះ​នោះ ដែល​ស្ថិត​នៅ​ពី​ក្រោយ​សណ្ឋាគារ​ អាំងទែ កុងទីណង់តាល់ នៅ​ភ្នំពេញ​​នោះ​​ក៏ដោយ។
បើ​តាម​សៀវភៅ​ប្រវត្តិ​របស់​លោក​ដែល​និពន្ធ​ដោយ​ជនជាតិ​ឥណ្ឌា​ពីរ​នាក់​ប្តី​ប្រពន្ធ​ក្រោម​ចំណង​ជើង​ថា "បុរស​ខ្លាំង​កម្ពុជា ពី​ក្មេង​វត្ត​ទៅ​ជា​នាយករដ្ឋមន្ត្រី" លោក ហ៊ុន សែន មាន​កំណើត​កើត​ជា​នៅ​ពាមកោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ជា​ខេត្ត​មួយ​ដែល​លោក​ទើប​នឹង​ហែក​ជា​ពីរ​នេះ​ឯង។
លោក​កើត​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​១៩៥២ ហើយ​បាន​ចូល​រួម​ជាមួយ​ចលនា​តស៊ូ​នៅ​ក្នុង​ព្រៃ​ ពេល​ដែល​លោក​មាន​អាយុ ១៨​ឆ្នាំ។ នោះ​គឺ​ជា​ក្រុម​តស៊ូ​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​របស់​លោក​សេនា​ប្រមុខ លន់ នល់ ដែល​សម្ដេច​​ព្រះ នរោត្តម សីហនុ ទ្រង់​សព្វព្រះទ័យ​ហៅ​ថា​ ក្រុម​ខ្មែរ​ក្រហម។ លោក​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ជាមួយ​សម​មិត្ត​នារី​ពេទ្យ​ខ្មែរ​ក្រហម​ម្នាក់ គឺ​លោកស្រី ប៊ុន រានី ហ៊ុន សែន។ កាល​ណោះ​លោក​ក៏​ជា​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប​ដែរ។
ក្នុង​រយៈ​ពេល​កាន់​អំណាច ២៨​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដើរ​ជា​តួ​ឯក​សំខាន់​ម្នាក់​ក្នុង​ការ​ធ្វើ​អោយ​ការ​ផ្លាស់​ប្ដូរ​ឈុត​ឆាក​នយោបាយ​នៅ​កម្ពុជា គឺ​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​ ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ប្រទាញ​ប្រទង់​រវាង​មនោគមវិជ្ជា​នយោបាយ​នៃ​ប្លុក​កុម្មុយនិស្ត​ និង​ប្លុក​សេរី​ រហូត​ដល់​សម័យ​ដែល​កម្ពុជា​ ត្រូវ​ឈាន​ចូល​ដល់​របប​សេរី​ប្រជាធិបតេយ្យ​ពហុបក្ស។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​ មួយ​ផ្នែក​កើត​ចេញ​ពី​ឥទ្ធិពល​នៃ​ចរន្ត​នយោបាយ​អន្តរជាតិ​ និង​មួយ​ផ្នែក​ទៀត​កើត​ចេញ​ពី​មហិច្ឆតា​រក្សា​អំណាច​គ្រប់​គ្រង​កម្ពុជា របស់​លោក​ ហ៊ុន សែន​ តែម្ដង។
ស្នាដៃ​លេច​ធ្លោ​មួយ​ចំនួន​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​អ្នក​គាំទ្រ​លោក​តែង​លើក​យក​មក​និយាយ​ជា​ញឹកញយ​ គឺ​ការ​ដែល​លោក​ចូល​រួម​ក្នុង​ការ​ធ្វើ​អោយ​មាន​កិច្ច​ចរចា​រវាង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​បួន​ក្រុម ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ការ​បញ្ចប់​របប​ខ្មែរ​ក្រហម​ជាដើម។ ក៏​ប៉ុន្តែ​បើ​ពិនិត្យ​អោយ​ដិត​ដល់​ ការ​ចរចា​រវាង​ភាគី​ជម្លោះ​ទាំង​បួន​ក្រុម​នៅ​ពេល​នោះ​ មួយ​ផ្នែក​ធំ​កើត​ឡើង​ពី​ការ​ដួល​រលំ​នៃ​របប​កុម្មុយនិស្ត ដែល​នាំ​អោយ​មាន​ការ​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​កុម្មុយនិស្ត​ដឹក​នាំ​ដោយ​សហភាព​សូវៀត និង​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ និង​ប្លុក​សេរី ដឹក​នាំ​ដោយ​សហរដ្ឋអាមេរិក​ និង​ប្រទេស​លោក​ខាង​លិច​ឯណោះ​ទៅ​វិញ​ទេ។ ដោយ​ពេល​នោះ​ សហភាព​សូវៀត ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ អតីត​ប្រធានាធិបតី​សហភាព​សូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail Gorbachev) បាន​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​លោក​សេរី ហើយ​ដូរ​ប្រព័ន្ធ​គ្រប់​គ្រង​បែប​កុម្មុយនិស្ត​ផ្ដាច់​ការ​ អោយ​ទៅ​ជា​បែប​សេរី​ពហុ​បក្ស​តាម​លោក​ខាង​លិច​វិញ។
ស្ថិត​ក្នុង​របត់​ចរន្ត​នយោបាយ​ថ្មី​នេះ​ សហភាព​សូវៀត​ ក៏​គ្មាន​ហេតុ​ផល​អ្វី​នឹង​បន្ត​ផ្ដល់​ជំនួយ​ថវិកា​ និង​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ដល់​កងទ័ព​វៀតណាម​ ក្នុង​បេសកកម្ម​ជួយ​ប្រទេស​កម្ពុជា «ជា​បង​ប្អូន» ក្នុង​ត្រកូល​កុម្មុយនិស្ត​នឹង​គ្នា​នោះ​ទៀត​ដែរ។ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នោះ​ ដែល​ប្រឈម​មុខ​នឹង​ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​លោក​ខាង​លិច​ស្រាប់​ ហើយ​ត្រូវ​ទទួល​រង​នូវ​ការ​បោះ​បង់​ចោល​ពី​ប្រទេស​រៀម​ច្បង​ប្លុក​កុម្មុយនិស្ត​ទៀត ក៏​ចាប់​ផ្ដើម​ស្រវេស្រវា​ដោះ​អាវ​ចាស់​ផ្លាស់​រក​អាវ​ថ្មី​ លៃ​លក​រក​យន្តការ​បន្ទាន់​មួយ ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួន​ និង​ដើម្បី​កាន់​កាប់​កម្ពុជា ជា​បន្ត​ទៅ​ទៀត។
រំលឹក​រឿង​នេះ​ មិន​មែន​មាន​ន័យ​ថា លោក​ ហ៊ុន​ សែន​ គ្មាន​យុទ្ធសាស្ត្រ​នយោបាយ​ខ្លួន​ឯង​នោះ​ទេ។ ល្បែង​នយោបាយ​ដ៏​ចម្បង​មួយ​ដែល​គេ​ឯង​ទទួល​ស្គាល់​ថា លោក​នាយក​រដ្ឋមន្ត្រី​លេង​បាន​ខ្លាំង ហើយ​លេង​មិន​សូវ​ចាញ់​នោះ​ គឺ​ល្បែង​បំបែក​គូ​ប្រកួត ដោយ​អូស​ទាញ​សមាជិក​ដែល​ជា​ជន​ឱកាស​និយម​ខ្លះ​នៃ​ក្រុម​ម្ខាង​ទៀត​អោយ​មក​នៅ​ខាង​លោក​ តាម​រយៈ​ការ​ផ្ដល់​លាភ​សក្ការៈ​ជា​លុយ​កាក់​ ឬ​ជា​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។
ការ​បញ្ចប់​របប​ខ្មែរ​ក្រហម​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៦​ និង​ការ​បំផ្លាញ​​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ឧទាហរណ៍​ដ៏​ងាយ​មើល​មួយ​ ចំពោះ​ល្បែង​នយោបាយ​ទិញ​បំបែក​របស់​លោក​ ហ៊ុន​ សែន។ លោក​នាយក​រដ្ឋមន្ត្រី​បំបែក​ក្រុម​ខ្មែរ​ក្រហម​តាម​រយៈ​ការ​ផ្ដល់​ការ​​លើក​លែង​ទោស​ជា​រង្វាន់​ដល់​មេ​ខ្មែរ​ក្រហម អៀង សារី​ និង​មេ​ខ្មែរ​ក្រហម​គ្រាក់ៗ​មួយ​ចំនួន​ទៀត។ លោក​បំបែក​ហ៊្វុនស៊ិនប៉ិច នៃ​ដំណាក់កាល​ដំបូង​ តាម​រយៈ​ការ​ផ្តល់​តំណែង​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ដល់​លោក អ៊ឹង ហួត។ តាម​ពិត​​​លោក​នាយករដ្ឋមន្ត្រី​លេង​ល្បែង​ដែល​លោក​ខ្លាំង​នេះ​ មិន​តែ​ជា​មួយ​អ្នក​នយោបាយ​ទេ សូម្បី​តែ​ជា​មួយ​​ក្រុម​សកម្ម​ជន​តវ៉ា​សិទ្ធិ​ដីធ្លី​ ក៏​លោក​អនុវត្ត​ល្បែង​ដែល​លោក​ខ្លាំង​ក្នុង​ការ​លេង​នេះ​ដែរ។ សកម្មជន​ដី​ធ្លី​បឹងកក់ ​ដែល​ធ្លាប់​តែ​រួម​សាមគ្គី​គ្នា​យ៉ាង​ស្អិតល្មួត​ ទី​បំផុត​ត្រូវ​គេ​បំបែក​ជា​ពីរ​ក្រុម​តាម​​ល្បែង​ទិញ​ហើយ​បំបែក​នេះ។
បន្ថែម​លើ​នេះ​ ប្រសិន​បើ​លោក​អនុវត្ត​ល្បែង​ទិញ​បំបែក​នេះ​តែ​មួយ​មុខ មិន​បាន​ជោគជ័យ​ជា​ទី​គាប់​ចិត្ត​លោក​ទេ លោក​បញ្ចូល​បន្ថែម​វិធី​មួយ​ទៀត ដែល​លោក​ធ្លាប់​លេង​បាន​ខ្លាំង​គួរ​សម​ដែរ​ នោះ​គឺ​វិធី​កម្ទេច​អ្វី​ដែល​លោក​គិត​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​របស់​លោក​ចោល​តែម្ដង។
កាល​ពី​នៅ​ចុង​សប្ដាហ៍​កន្លង​នេះ​ សារព័ត៌មាន ឌឹ វ៉ល ស្រ្ទីត ហ្សួរណាល់ (The​ Wall​ Street​ Journal) របស់​សហរដ្ឋ​អាមេរិក​ បាន​ដក​ស្រង់​ការ​វិភាគ​របស់​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​វិជ្ជាស្ថាន​ការពារ​ជាតិ​អូស្ត្រាលី ​លោក ខាល ថាយយរ៍ (Carl Thayer) ថា​ការ​បាញ់​​សម្លាប់​បង្ក្រាប​បាតុករ​ជា​កម្មករ​រោងចក្រ​នា​ពេល​ថ្មីៗ​នេះ ​គឺជា​ការ​ព្យាយាម​បំបែក​ចំណង​ទាក់ទង​រវាង​បាតុករ​ដែល​ជា​កម្មករ​​ពី​បាតុករ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា លោក​ ហ៊ុន​ សែន​ អាច​នឹង​រំងាប់​កំហឹង​របស់​កម្មករ​ហើយ​អូស​ទាញ​ពួកគេ​អោយ​មក​ខាង​លោក​វិញ ​តាម​ការ​ដំឡើង​ប្រាក់ខែ​គោល​ដែល​ពួកគេ​ទាមទារ។ បន្ទាប់​មក​លោក​អាច​ចាប់​ពួក​គេ​អោយ​ជល់​នឹង​ក្រុម​បាតុករ​របស់​គណបក្ស​ ប្រឆាំង​វិញ។ ជា​ទូទៅ​ លោក​តែង​តែ​លេង​ល្បែង​ទិញ​បំបែក​នេះ​បាន​ជោគជ័យ​ស្ទើរ​តែ​រាល់​លើក ហើយ​បើ​លោក​ជា​អ្នក​ឈ្នះ​ អ្នក​ដែល​ចូល​លេង​ល្បែង​នេះ​ជា​មួយ​លោក​ មាន​ន័យ​ថា​ក្រុម​លក់​ខ្លួន​អោយ​លោក​នាយករដ្ឋមន្ត្រី គឺ​ជា​អ្នក​ចាញ់...។
ថ្វី​ត្បិត​តែ​ពី​ដំបូង​មើល​ទៅ​ហាក់​ដូច​ជា​ឈ្នះ​ក៏​ដោយ​។ មាន​អ្នក​ចូល​លេង​ល្បែង​ទិញ​ខ្លួន​លក់​ខ្លួន​ជា​មួយ​លោក​ ហ៊ុន​ សែន​ តិច​នាក់​ណាស់​ ដែល​មិន​រលាយ​បាត់​មុខ​ពី​ឆាក​នយោបាយ។ ប្រសិន​បើ​នៅ​មាន​មុខ​ក្នុង​ឆាក​នយោបាយ​ ក៏​គេ​កម្រ​ឃើញ​ពួក​គាត់​បាន​តំណែង​អ្វី​ធំ​ដុំ ឬ​តំណែង​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ឬ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ណាស់។ អ្នក​ដែល​លក់​ខ្លួន​អោយ​លោក​ ហ៊ុន​ សែន​ ភាគ​ច្រើន​ទទួល​តំណែង​ធំ​បំផុត​ ត្រឹម​មាន​មុខងារ​ជា​សត្វ​សេក ត្រូវ​លោក​​ប្រើ​អោយ​ស្រែក​ជេរ​រក​រឿង​អ្នក​កាសែត​ ជេរ​អតីត​មនុស្ស​នៅ​ក្រុម​ជា​មួយ​គ្នា ឬ​ទុក​អោយ​ស្រែក​ការពារ​សម្ដេច​តេជោ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏​ខ្ពង់​ខ្ពស់​តែ​ប៉ុណ្ណោះ។
ថ្វី​ត្បិត​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ ជា​ជន​ខ្លាំង​ជាប់​លេខ​មួយ​ក្នុង​ការ​បំបែក​ និង​រំលាយ​គូ​ប្រកួត​ និង​ពង្រឹង​អំណាច​ខ្លួន​ក៏​ដោយ​ លោក​ទទួល​បាន​ពិន្ទុ​ទាប​ណាស់​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ការ​ផ្តល់​យុត្តិធម៌​សង្គម ការ​បំបាត់​អំពើ​ពុក​រលួយ​ និង​ការ​ការពារ​សម្បត្តិ​ធម្មជាតិ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​នានា​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ។
ដូច​នេះ​ តើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​បុរស​ខ្លាំង​មែន​ ឬ​មិន​មែន? បើ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ អ្នក​ដឹក​នាំ​ដែល​ខ្លាំង​យក​អំពើ​ហិង្សា​មក​ដោះ​ស្រាយ​បញ្ហា​ មិន​មែន​ជា​មេ​ដឹក​នាំ​ប្រកប​ដោយ​គុណធម៌​ទាំង​ដប់​ ឬ​ហៅ​ថា ទសពិធរាជធម៌ នោះ​ទេ។ អ្នក​ដឹកនាំ​ដែល​មាន​គុណធម៌​ទាំង​ដប់​នោះ រួម​មាន​ ការ​ដឹក​នាំ​ប្រកប​ដោយ​ទាន មាន​ទឹក​ចិត្ត​ពោរពេញ​ដោយ​ក្តី​អាណិត​អាសូរ ស្គាល់​សុខ​​និង​ទុក្ខ​ ជួយ​សង្គ្រោះ​ប្រជារាស្ត្រ​ដូច​កូន​បង្កើត​របស់​ខ្លួន។ ដឹក​នាំ​ដោយ​មាន​សីលធម៌​ល្អ ​ចេះ​គោរព​ច្បាប់​ប្រទេស​ គឺ​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ ចេះ​បរិច្ចាគ​ប្រកប​ដោយ​ក្តី​លះបង់​ខ្ពស់​ លះបង់​ប្រយោជន៍​ខ្លួន​ គិត​ដល់​ប្រយោជន៍​រាស្ត្រ​ និង​ជាតិ​ជា​ធំ និង​ដឹក​នាំ​ដោយ​មិន​ឆាប់​ខឹង​ក្រោធ​ ឆេវឆាវ​ខុស​ទំនង ​គ្មាន​ហេតុផល​ជាដើម។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ការ​អះអាង​របស់​មនុស្ស​ដែល​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គ្មាន​សំចៃ​មាត់​ គឺ​លោក​ ប្រ៊ែដ អាដាម (Brad Adams) នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លោក​នៅ​តែ​ចាត់​ទុក​ថា​ លោក​ ហ៊ុន​ សែន​ ជា​បុរស​ខ្លាំង​ ដោយ​លោក​ប្រដូច​លោក ហ៊ុន សែន​ ទៅ​នឹង​ជន​ផ្ដាច់​ការ​មួយ​ចំនួន​ មាន បេន អាលី (Ben Ali)​ មូបារ៉ាក់ (Mubarak) និង​ហ្គាដាហ្វី (Qaddafi) ជា​ដើម។ ពួក​មេ​ដឹក​នាំ​នៃ​ពិភព​អារ៉ាប់​ទាំង​នេះ សុទ្ធតែ​ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ​ យក​ការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា​ជា​មធ្យោបាយ​ ហើយ​ទើប​នឹង​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​អំណាច​នៅ​ពេល​ថ្មីៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons