. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, January 19, 2014

ជម្លោះ​ដី​រវាង​ពលរដ្ឋ​​នៅ​បន្ទាយមានជ័យ​ជាមួយ​ក្រុមហ៊ុន​ឯកជន

ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កំពុង​រង​គ្រោះ​បាត់បង់​ដី​ស្រែ​ចម្ការ​ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ថ្មី​មួយ គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​​ដែល​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រុមហ៊ុន​​ចំនួន​ពីរ​ បាន​ប្រើ​គ្រឿង​ចក្រ​​ឈូស​ឆាយ​រំលោភ​លើ​ដី​របស់​ពួកគាត់។
ដោយ សួន សុផលមុន្នី
2014-01-19
 




កន្លង​ទៅ​នេះ​ក្រុម​អ្នក​ភូមិ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​ឲ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ អន្តរាគមន៍​ទប់​ស្កាត់​ការ​ឈូស​ឆាយ​រំលោភ​លើ​ដី​កសិកម្ម​របស់​ពួកគាត់។ អ្នក​ភូមិ​ទាំង​នោះ​បាន​សុំ​ឲ្យ​​មាន​វិធានការ​ចុះ​ទៅ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់​តាម​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១២។
អនុក្រឹត្យ​​របស់​រដ្ឋាភិបាល​ចុះ​កាលបរិច្ឆេទ​កាល​ពី​ឆ្នាំ​២០១២ ដែល​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ចេញ​បទបញ្ជា​ឲ្យ​​កាត់​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតារ (១១.៥១៥) ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២.៦៥២​គ្រួសារ ដែល​បាន​កាន់កាប់​ប្រើប្រាស់​ដាំដុះ​ជាក់​ស្ដែង​​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
ក្រុមហ៊ុន​ទាំង​ពីរ​នោះ​មាន​ឈ្មោះ​ក្រុមហ៊ុន ឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់ លាង ប៊ូ។ កាល​ពី ២​ឆ្នាំ​មុន ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ពាន់​ហិកតារ ឋិត​នៅ​លើ​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ និង​ជា​តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចេញ​អនុក្រឹត្យ​នោះ​ គឺ​ស្រប​តាម​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ស្រប​ច្បាប់​ ស្របតាម​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អាច​បាន​​ប្រយោជន៍​សំខាន់​មួយ​ទៀត គឺ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ ប៉ុន្តែ​រហូត​មក​ឆ្នាំ​២០១៤​នេះ​ ការ​ដាក់​ចេញ​នូវ​បញ្ជា​របស់​ រដ្ឋាភិបាល​នោះ ពុំ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​នៅ​តែ​ទទួល​រង​គ្រោះ​បាត់​បង់​ដី​ស្រែ​ចម្ការ។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៣ ដី​ស្រែចម្ការ​ដែល​អ្នក​ភូមិ​បាន​កាន់កាប់​បង្កបង្កើន​ផល​នោះ ​មិន​ត្រូវ​បាន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់​ឡើយ។ នៅ​គ្រា​នោះ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ឃុបឃិត​គ្នា​ជាមួយ​រដ្ឋ​អំណាច​មូលដ្ឋាន ដោយ​​មូល​បង្កាច់​ថា ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​មាន​គ្រាប់​មីន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​និស្សិត​ចូល​ទៅ​វាស់វែង​ជូន​អ្នក​ភូមិ​បាន​ឡើយ។
ក្រោយ​មក​ទៀត ក្រុមហ៊ុន​ ឈុន លីម ​គ្រុប និង​ក្រុមហ៊ុន ​សំណង់​ លាង ប៊ូ ដែល​ជាប់​កាតព្វកិច្ច​ក្នុង​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នៅ​គ្រា​នោះ​ ត្រូវ​គេ​មើល​ឃើញ​ថា បាន​នៅ​​ស្ងៀម​​មួយ​រយៈ។ តែ​ក្រោយ​មក​ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នោះ​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ក៏​បាន​ផ្ទេរ​សិទ្ធិ​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ ដែល​គ្រប់​គ្រង​ដោយ​មន្ត្រី​យោធា។ មន្ត្រី​យោធា​រូប​នោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា តូ ធានទឺ។
យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​មួយ​នេះ​ គេ​នៅ​មិន​បាន​ស្គាល់​ឈ្មោះ​នោះ​ឡើយ។ នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​នេះ​គិត​ថា ខ្លួន​ពុំ​មាន​​ឈ្មោះ​ជាប់​នៅ​ក្នុង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ ក៏​ចាប់​ផ្ដើម​បញ្ជូន​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​បំផ្លាញ​លើ​​ផល​ដំណាំ​ស្រូវ​របស់​អ្នកភូមិ​ជា​បន្តបន្ទាប់។
ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ​ក្រុមហ៊ុន​ប្រើ​​កង​ទាហាន​ដាក់​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​លើ​ដី​កសិកម្ម​​ទំហំ​ជាង ១​ពាន់​ហិកតារ​ លើ​ដី​របស់​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ​ ឋិត​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ៖ «គិត​ពិចារណា​មើល​ដី​ស្រែ ប្រជាពលរដ្ឋ​ធ្វើ​ចង់​ស្រឡះ​អស់​ហើយ ទៅ​ធ្វើ​លើ​ដី​ប្រជាពលរដ្ឋ។ រឿង​នេះ​ប្រជាពលរដ្ឋ​គ្នា​ភ័យ​បាន​សុំ​ឲ្យ​ធ្វើ​តាម​ចំណារ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឥឡូវ​គេ​កំពុង​តែ​ឈូស​ឆាយ​ហ្នឹង​ឯង»
ដោយសារ​រង​គ្រោះ​បាត់បង់​ដី​ស្រែចម្ការ និង​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​ផង​នោះ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៤ អ្នក​ភូមិ​ចំនួន ៤២៨​គ្រួសារ រស់​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​លិខិត​មួយ​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ឲ្យ​លោក​អភិបាល​ខេត្ត​ ជួយ​អន្តរាគមន៍​លើ​ករណី​ដីធ្លី​​នេះ។
ដី​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នោះ គឺ​ក្រុម​អ្នក​ភូមិ​អះអាង​ថា បាន​កាន់​កាប់​អាស្រ័យ​ផល​​ជាក់​ស្ដែង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ​ ប៉ុន្តែ​ក្រោយ​មក​​នៅ​ឆ្នាំ​២០០៨ ខាង​ក្រុមហ៊ុន​សំណង់ ​លាង ប៊ូ បាន​ចូល​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​នោះ៖ «គោល​បំណង​សុំ​ឲ្យ​ធ្វើ​ទៅ​តាម​ចំណារ​សម្ដេច​នាយក​ រដ្ឋមន្ត្រី​គាត់​ដាក់​ថា ឲ្យ​ក្រុមហ៊ុន​ពីរ​នេះ​ដក​ចេញ ប្រគល់​ដី​ឲ្យ​រដ្ឋ​ រដ្ឋ​នឹង​សម្បទាន​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាំដុះ​ជាក់​ស្ដែង​ហើយ។ ដី​នេះ​និស្សិត​មិន​ទាន់​បាន​វាស់វែង​ធ្វើ​ប្លង់ នៅ​ចំហ​នៅ​ឡើយ ដល់​ក្រុម​ចុះ​មក​គេ​ថា ដី​ព្រៃ​ត្រូវ​បាន​គេ ដី​ស្រែ​ត្រូវ​បាន​ប្រជាពលរដ្ឋ»
វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា ឆ្នាំ​២០១៤​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​បន្ទាយមានជ័យ បាន​ឡើយ ប៉ុន្តែ​កន្លង​ទៅ​ថ្មី​នេះ​ លោក គោ ស៊ុំសារឿត ជា​អភិបាល​ខេត្ត​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​​ទទួល​បាន​លិខិត​ពី​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយ​ដែល​ទទួល​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រុមហ៊ុន​សំណង់ លាង ប៊ូ។ ក្រុមហ៊ុន​នេះ​បាន​សំអាង​លើ​លិខិត​របស់​ក្រសួង​បរិស្ថាន​ និង​សេចក្ដី​ជូន​ដំណឹង ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ហើយ​បាន​ពួកគេ​​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ។
តែ​បញ្ហា​នេះ​ លោក​អភិបាល​ខេត្ត​បដិសេធ​ថា អាជ្ញាធរ​ខេត្ត​មិន​អាច​អនុញ្ញាត​បាន​នោះ​ឡើយ។ ទន្ទឹម​គ្នា​នេះ​ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​រួច​រាល់​ហើយ ដើម្បី​ចុះ​ទៅ​សិក្សា​ ​ដោះស្រាយ​ដី​មាន​ជម្លោះ​ជូន​ប្រជាពលរដ្ឋ៖ «ហើយ​ចុះ​ទៅ​មើល​ទាំង​អស់​គ្នា​ទៅ ហើយ​ចុច GPS នៅ​ត្រង់​ណា​អី​ត្រង់​ណា​ គេ​ឲ្យ​ត្រង់​ណា ដើម្បី​ឲ្យ​ដឹង​ថា វា​ប៉ះ​ជាមួយ​ប្រជាពលរដ្ឋ​ប៉ុណ្ណា»
កាល​ពី​សម័យ​អភិបាល​ចាស់​គ្រប់គ្រង​ដោយ​អតីត​អភិបាល​ខេត្ត លោក អ៊ុង អឿន ​ក្រុម​អ្នក​ភូមិ​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​ទៅ​សាលា​ខេត្ត​ជា​ច្រើន​ដង​ ក៏​ប៉ុន្តែ​ពួកគាត់​ពុំ​ទទួល​បាន​​​ការ​ដោះស្រាយ​នោះ​ឡើយ។ ពួកគាត់​បន្ត​ថា ឈរ​លើ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នោះ​ កាល​ពី​ឆ្នាំ​២០១២ ​មាន​ក្រុម​និស្សិត​បាន​ចុះ​ទៅ​វាស់វែង​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ ដែរ ប៉ុន្តែ​ដី​របស់​អ្នក​ភូមិ​ដែល​កំពុង​កាន់​កាប់​អាស្រ័យ​ផល​ដាំដុះ​ជាក់​ស្ដែង​នោះ​ មិន​ត្រូវ​បាន​ក្រុម​និស្សិត​វាស់វែង​ឲ្យ​នោះ​​ទេ ​ដោយ​ចាត់ ​ទុក​ថា ដី​នោះ​សង្ស័យ​មាន​គ្រាប់​មីន​កប់​ក្នុង​ដី។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា កាល​ពី​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៣​ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១៤ ដីធ្លី​របស់​អ្នក​ភូមិ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រើ​ប្រាស់​កង​ទាហាន​នៃ​កង​ពល​លេខ​៥១ ដឹកនាំ​ដោយ​ឈ្មោះ តូ ធានទឺ ឈ្មោះ សៅ ចន្ថា និង​ឈ្មោះ នុត ចំណាន យក​គ្រឿង​ចក្រ​​ចូល​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​របស់​អ្នក​ភូមិ។
ទន្ទឹម​គ្នា​នេះ ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់។ លោក​ថា ក្រុម​អ្នក​ភូមិ​សព្វ​ថ្ងៃ​ ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។ ក្រុម​អ្នក​ភូមិ​បាន​ពឹង​ផ្អែក​ទាំង​ស្រុក​ទៅ​ដី​កសិកម្ម​ ហើយ​បើ​សិន​ក្រុមហ៊ុន ​និង​ទាហាន​ទៅ​រំលោភ​បំពាន​យក​នោះ ​ ពួកគាត់​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​នោះ​​ឡើយ។ បញ្ហា​នេះ​​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ភូមិ​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ថែម​ទៀត។
នៅ​ក្នុង​អនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១២ ក្រៅ​ពី​ការ​តម្រូវ​ឲ្យ​មាន​ការ​កាត់​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតារ ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ ឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់​ លាង ប៊ូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់​ថា គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់​កាប់​និង​ដាំដុះ​ជាក់​ស្ដែង​ចំនួន ២.៦៥២​គ្រួសារ។ ក្នុង​នោះ​នៅ​ភូមិ​ប្រាសាទត្បែង ៦៨១​គ្រួសារ និង ១.៩៧១​គ្រួសារ​ទៀត​នៅ​ភូមិ​ក្បាលទន្សោង​ ភូមិ​បន្ទាយឆ្មារ​លិច ភូមិ​ត្រពាំងធ្លក និង​ភូមិ​ស្រះជ្រៃ ឋិត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ បទប្បញ្ញត្តិ​ណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។
លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់គ្រង​​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ សូមអានចុចនូវទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons