. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, April 21, 2014

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​តវ៉ា​បញ្ហា​អាជ្ញាធរ​ផ្ដល់​ឡូត៍​អភិរក្ស​ឲ្យ​បុគ្គល​ឯកជន


ដោយ សួន សុផលមុន្នី
2014-04-21
 













































តវ៉ា នេសា ៦១០
១៨-មេសា-២០១៤៖ សកម្មភាព​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ភ្នៀត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​លើក​បដា​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​​ករណី​បុគ្គល​ឯកជន​យក​តំបន់​អភិរក្ស​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ។
RFA/Soun Sophalmony








អ្នកភូមិ​ជិត ១០០​នាក់ បាន​លើក​គ្នា​តវ៉ា​ជំទាស់​នឹង​សហគមន៍​នេសាទ​នៅ​សង្កាត់​ភ្នៀត ដែល​បាន​យក​តំបន់​នេសាទ​នៅ​ផ្នែក​ខាង​ក្រៅ​​ឡូត៍​អភិរក្ស​ ទៅ​លក់​ឲ្យ​ទៅ​បុគ្គល​ម្នាក់​កាន់កាប់​ផ្ដាច់មុខ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកបរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នក​ភូមិ។ ទន្ទឹម​គ្នា​នេះ​ក្រុម​អ្នកភូមិ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ជួយ​ដោះស្រាយ​យក​តំបន់​នេសាទ​នៅ​ផ្នែក​ខាង​ក្រៅ​​ឡូត៍​អភិរក្ស​នោះ​មក​ដាក់​ជា​សម្បត្តិ​រួម​ឡើង​វិញ។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កំព្រីង សង្កាត់​ភ្នៀត ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ​ បាន​នាំ​គ្នា​លើក​បដា​ស្រែ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​អន្តរាគមន៍​ជា​បន្ទាន់​លើ​ករណី​សហគមន៍​នេសាទ​ ដែល​បាន​យក​តំបន់​​​នេសាទ​នៅ​ជាប់​ឡូត៍​អភិរក្ស​លក់​ទៅ​បុគ្គល​ម្នាក់​ ឈ្មោះ ​ហេង គក់ ធ្វើ​របរ​នេសាទ​ផ្ដាច់​មុខ។
អ្នក​ភូមិ​ឈ្មោះ អ៊ា យ៉ុង ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៤​ សហគមន៍​នេសាទ​នៅ​សង្កាត់​ភ្នៀត សម្រេច​ចិត្ត​យក​តំបន់​នេសាទ​​សាធារណៈ​នៅ​ផ្នែក​ខាងក្រៅ​ឡូត៍​អភិរក្ស​ ឋិត​ក្នុង​ភូមិ​កំព្រីង សង្កាត់​ភ្នៀត​ ក្រុង​សិរីសោភ័ណ លក់​ក្នុង​តម្លៃ​ជាង ២​លាន​រៀល (២​លាន ៥​ម៉ឺន​រៀល) ទៅ​ឈ្មោះ ហេង គក់។ ឈ្មោះ ហេង គក់ ក្រោយ​ពី​បាន​ដេញ​ថ្លៃ​បាន​ហើយ ក៏​ហាមឃាត់​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​នេសាទ​ដូច​សព្វ​ដង​បាន​នោះ​ឡើយ។
អ្នក​ភូមិ អ៊ា យ៉ុង៖ «ទាមទារ​ឲ្យ​រំលាយ​កន្លែង​ឡូត៍​នេសាទ​ព្រំប្រទល់​ដែល​គេ​ដេញ​ថ្លៃ​ជាង ២​លាន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រក​បាន​ហូបចុក​ផង ព្រោះ​ខាង​នេះ​អត់​មាន​ការងារ​អី​ធ្វើ​ក្រៅ​ពី​ធ្វើ​សំណង​អី​ទេ ហើយ​ក្រៅ​ពី​ទំនេរ​ពី​ការងារ​សំណង់ ក៏​រក​ត្រី​គ្រាន់​ចិញ្ចឹម​កូន​អី​ខ្លះ​ដល់​ពេល​គេ​ដេញ​ព្រំប្រទល់​ខ្លះ​ទៅ គេ​មិន​ទុក​កន្លែង​ឲ្យ​ប្រជាពលរដ្ឋ​រក​ផង»
ផ្ទៃ​ទឹក ឬ​ព្រំប្រទល់​នៅ​ជាប់​នឹង​ឡូត៍​អភិរក្ស​នោះ​​មាន​ទទឹង ៥០​ម៉ែត្រ និង​បណ្ដោយ​ជាង ១០០​ម៉ែត្រ។ ផ្ទៃ​ទឹក​បឹង​ខាង​ក្រៅ​ឡូត៍​អភិរក្ស​នេះ​ ត្រូវ​បាន​គេ​កំណត់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ និង​អ្នកភូមិ​អាច​ចូល​ទៅ​ប្រកបរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន។ ប៉ុន្តែ​ចាប់​តាំង​ពី​ឈ្មោះ ហេង គក់ ដេញ​ថ្លៃ​បាន​ក្នុង​តម្លៃ​ជាង ២​លាន​រៀល​រួច​មក​ ក្រុម​អ្នកភូមិ​មិន​អាច​ចូល​នេសាទ​ត្រី​បាន​នោះ​ឡើយ៖ «គេ​មិន​និយាយ​ថា ដេញ​ថ្លៃ​ឡូត៍​ទេ​ គេ​ថា ដេញ​ថ្លៃ​ព្រំ​ប្រទល់​ ប៉ុន្តែ​ជន​ដែល​ដេញ ព្រំ​ប្រទល់​មើល​ទៅ​គេ​អាច​ចូល​ក្នុង​ឡូត៍​នោះ​បាន​ផង គេ​អាច​រក​ត្រី​បាន​ច្រើន​លក់​ហើយ​ប្រជាពលរដ្ឋ​ទៅ​ក្បែរ​អត់​បាន​ដែរ។ ចោទ​ប្រកាន់​គ្នា​ថា ចោរ ពេល​ខ្លះ​គ្នា​បង់​ត្រី​ខាង​ក្រៅ​សោះ​ ចោទ​ថា​បង់​ត្រី​ក្នុង​ឡូត៍ ដេញ​ចាប់​គ្នា​ឲ្យ​បង់​លុយ​រាប់​លាន​ប្រជាពលរដ្ឋ​ គ្រាន់​តែ​ទៅ​ក្បែរ​ក៏​មិន​បាន​ អុំ​ទូក​កាត់​ក៏​គាត់​ចោទ​ប្រកាន់​គ្នា ប៉ុន្តែ​អ្នក​ផ្សេង​អាច​ធ្វើ​បាន»
ក្រុម​អ្នកភូមិ​ថ្លែង​ថា ការ​ដែល​សហគមន៍​នេសាទ​សម្រេច​យក​តំបន់​នៅ​ផ្នែក​ខាង​ក្រៅ​ឡូត៍​អភិរក្ស​ លក់​ផ្ដាច់​មុខ​ទៅ​បុគ្គល​ជា​លក្ខណៈ​ឯកជន​ដូច្នេះ​ ជា​រឿង​ខុស​ច្បាប់ ដោយសារ​ផ្ទៃ​ទឹក​នៅ​​ផ្នែក​ខាង​ក្រៅ​ឡូត៍​អភិរក្ស​នោះ​ ត្រូវ​បាន​គេ​កំណត់​ទុក​ជា​តំបន់​នេសាទ​សាធារណៈ​ អាច​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​ប្រកបរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន។
ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ លោកស្រី តាំង គួយ ​ជា​ប្រធាន​សហគមន៍​នេសាទ​ភ្នៀត បដិសេធ​ថា ខាង​សហគមន៍​នេសាទ​ពុំ​បាន​លក់​ដូរ​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នកភូមិ​នោះ​ឡើយ។ លោកស្រី​ថា ផ្ទៃ​ទឹក​ដែល​ជា​​ព្រំប្រទល់​នៅ​ជាប់​ឡូត៍​អភិរក្ស​នោះ​ កន្លង​មក​ខាង​សហគមន៍​បាន​ដាក់​ដេញ​ថ្លៃ​ដើម្បី​រក​វិភាគទាន​ជួយ​ដល់​សហគមន៍​ក្នុង​ការ​ជួយ​​អភិរក្ស​ពូជ​ត្រី។ លោកស្រី​បន្ត​ថា ​សហគមន៍​​នេសាទ​ធ្វើ​ការ​ពុំ​មាន​ប្រាក់ខែ​នោះ​ទេ ​ហើយ​មន្ត្រី​សហគមន៍​ទាំង​អស់​ធ្វើ​ការ​ដោយ​ស្ម័គ្រចិត្ត។
ចំណែក​កន្លែង​អភិរក្ស​នោះ​ លោកស្រី​ថា ​បើ​មិន​មាន​ការ​ដាក់​សម្រាស់ ដាក់​លូ​ថែទាំ​ពី​សហគមន៍​នោះ​ទេ ក៏​ត្រី​មិន​បាន​រស់​នៅ​បាន​ទេ ហើយ​បញ្ហា​នេះ​វា​នាំ​ឲ្យ​បាត់បង់​ពូជ​ត្រី​ដែល​ខាង​សហគមន៍​ខិត​ខំ​ប្រឹង​ថែរក្សា​តាំង​ពី​ឆ្នាំ​២០០១ មក។ ដូច្នេះ​ហើយ​ទើប​សហគមន៍​ មាន​គំនិត​យក​ផ្ទៃ​ទឹក​នៅ​ផ្នែក​ខាង​ ក្រៅ​ឡូត៍​អភិរក្ស​ដាក់​ដេញ​ថ្លៃ​រក​វិភាគទាន​ ដើម្បី​បន្ត​ការ​អភិរក្ស​ពូជ​ត្រី។
លោកស្រី តាំង គួយ៖ «គេ​ដូច​មាន​មតិ​មក​ខាង​សហគមន៍​គេ​ថា ឲ្យ​ដេញ​ឲ្យ​គាត់ ប៉ុន្តែ​ពួក​ខ្ញុំ​ដេញ​ឲ្យ​គាត់​មិន​បាន ម៉្លោះ​ហើយ​ក៏​នាំ​គ្នា​ពិភាក្សា​គ្នា​ទាំង​ភូមិ​ទាំង​ឃុំ​ហ្នឹង​ឯង ដាក់​ដេញ​ជា​វិភាគទាន ជួយ​សហគមន៍​នេសាទ​ដើម្បី​យក​លុយ​នោះ​មក​ដាក់​សម្រាស់​ស្នើ​អភិរក្ស​ពូជ​ត្រី​តម្លៃ​ដែល​ពួក​ខ្ញុំ​អ្នក​ដាក់ គឺ ១៥​ម៉ឺន​រៀល​ សម្រាប់​ឲ្យ​ប្រជាជន​នោះ​ដាក់ ហើយ​ពួក​ខ្ញុំ​ក៏​នាំ​គ្នា​ឲ្យ​ក្រដាស​ម្នាក់​មួយ​សន្លឹក​ទៅ​ប្រជាជន​ដេញ​ថ្លៃ​ម្ល៉េះ ហើយ​អ្នក​មីង​នោះ​គាត់​ដេញ​ថ្លៃ​មិន​បាន​ក៏​ប្ដឹង​ទៅ​ដល់​អ្នក​កាសែត​នេះ​ទៅ»។
លោកស្រី​ តាំង គួយ បាន​បដិសេធ​ថា ការ​ពិត​ខាង​សហគមន៍​នេសាទ​របស់​លោកស្រី​ពុំ​បាន​លក់​ដូរ​នោះ​ឡើយ។ បើ​សិន​ជា​មាន​ការ​លក់ដូរ​វិញ លោកស្រី​ថា ​គឺ​លក់​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ ប៉ុន្តែ​នៅ​ពេល​លក់​រួច​គឺ​លោកស្រី និង​មន្ត្រី​សហគមន៍​ទាំង​អស់​សុខ​ចិត្ត​ដើរ​ចូល​គុក​ទាំង​អស់​គ្នា៖ «ព្រោះ​ខ្ញុំ​កាន់​ច្បាប់ អង្គុយ​លើ​ច្បាប់ ដេក​លើ​ច្បាប់ មិន​មែន​យក​ច្បាប់​មក​ជាន់​ឈ្លី​ចោល​ទេ ពួក​ខ្ញុំ​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ​ធ្វើ​ការ​ដោយ​ឆន្ទៈ​ទៀត អត់​មាន​ប្រាក់​ខែ​គាត់​ប្ដឹង​ហ្នឹង​ឯង គាត់​ចូលរួម​ធ្វើ​វិភាគ​ទាន​គាត់​ដាក់​មិន​ឈ្នះ​គេ គាត់​ប្ដឹង​ហើយ​គាត់​តាម​ទៅ ហេង គក់ ទៀត»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ ខេត្ត​បន្ទាយមានជ័យ ​ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ ប៉ុន្តែ​លោក ហ៊ួត សាវឺ ជា​ចៅសង្កាត់​រង​នៃ​សង្កាត់​ភ្នៀត ថ្លែង​ថា ជម្លោះ​ក្នុង​តំបន់​នេសាទ​នៅ​ភូមិ​កំព្រីង​ សង្កាត់​ភ្នៀត ក្រុង​សិរីសោភ័ណ នោះ បាន​កើត​មាន​ឡើង​រវាង​អ្នក​ភូមិ​និង​សហគមន៍​នេសាទ។
លោក​បន្ត​ថា ការ​ពិត​នៅ​ជាយ​តំបន់​អភិរក្ស​នោះ​ពុំ​មាន​ការ​លក់​ដូរ​ទេ ប៉ុន្តែ​ខាង​សហគមន៍​កន្លង​មក​នេះ​ បាន​យក​ជាយ​តំបន់​អភិរក្ស​នោះ​ ដាក់​ដេញ​ថ្លៃ​​ដើម្បី​រក​វិភាគ​ទាន។ ពី​ដំបូង​ឡើយ​ខាង​សហគមន៍​បាន​យក​ផ្ទៃ​ទឹក​នៅ​ជាយ​តំបន់​អភិរក្ស​នោះ​ ចំនួន​ពីរ​កន្លែង​ ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ ១៥​ម៉ឺន​រៀល​ និង​មួយ​កន្លែង​ទៀត​ថ្លៃ ៥​ម៉ឺន​រៀល។
លោក ហ៊ួត សាវឺ៖ «ដល់​ពេល​ដល់​ថ្ងៃ​ចូល​គ្នា​ដេញ​ថ្លៃ​ ជាយ​តំបន់​អភិរក្ស​នោះ​ទៅ​ម្ខាង​ គេ​ហ៊ាន​ដល់ ២​លាន ៥​ម៉ឺន ម្ខាង​ទៀត​ហ៊ាន ៥០​ម៉ឺន​ ៥០​ម៉ឺន​រៀល​វា​នៅ​ក្នុង​ចំណោម​សហគមន៍។ តាម​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ​វា​មាន​ពុក​រលួយ​ ដូច​ថា ការ​ធ្វើ​អ្វីៗ​វា​ត្រូវ​ការ​តែ​លុយ​ ពេល​រួច​ទៅ​ចាប់​ផ្ដើម​ដេញ​ថ្លៃ​ទៅ​បាន​ទៅ​លើ​ ហេង គក់​ ២​លាន​ ៥​ម៉ឺន​រៀល»
ទោះ​យ៉ាង​នេះ​ក្តី ​លោក ហ៊ួត សាវឺ បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​រួច​មក​ បញ្ហា​ទំនាស់​ជាយ​តំបន់​អភិរក្ស​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់។ លោក​ថា ឥឡូវ​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​អាច​ចូល​ទៅ​ប្រកបរបរ​នេសាទ​នៅ​លើ​ផ្ទៃ​ទឹក​នៅ​ជាប់​ជាយ​តំបន់​អភិរក្ស​នោះ​បាន​​ដូច​ដើម ដោយ​ពុំ​មាន​ការ​ហាមឃាត់​នោះ​ឡើយ។ ចំណែក​ថវិកា​ចំនួន ២​លាន​ ៥​ម៉ឺន​រៀល ​នោះ​ត្រូវ​បាន​ខាង​សហគមន៍​បង្វិល​ទៅ​បុគ្គល​ឈ្មោះ ​ហេង គក់ ​នោះ​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons