. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, September 27, 2014

ព័ត៌មាន​ជុំវិញ​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​នៅ​តែ​ឋិត​ក្នុង​ភាព​អាថ៌កំបាំង

ដោយ យាង សុជាមេត្តា RFA



2014-09-26

ស ខេង និង​ស្កុត ម៉ូរីសុន (Scott Morrison) ៦២០




រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង (ស្ដាំ)
និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន
(Scott Morrison)
ក្នុង​ពិធី​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​
ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី
មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦
ខែ​កញ្ញា ឆ្នាំ​២០១៤។


RFA/Yeang Socheametta

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី
នៅ​តែ​មិន​បញ្ចេញ​ព័ត៌មាន​ឲ្យ​សាធារណជន​បាន​ដឹង
ជុំវិញ​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​
អូស្ត្រាលី មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ឡើយ
បើ​ទោះ​ជា​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ
នៃ​ការ​យោគយល់​គ្នា​រួច​ហើយ​ក៏ដោយ នៅ​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា
នៅ​ឯ​ក្រសួង​មហាផ្ទៃ។
សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​ការ​លាក់​កំបាំង​ព័ត៌មាន​នេះ។

នៅ​ទីបំផុត
ព័ត៌មាន​លម្អិត​ជុំវិញ​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បញ្ជូន​មក​កម្ពុជា
ពី​ប្រទេស​អូស្ត្រាលី មិន​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា
លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត
ម៉ូរីសុន (Scott Morrison)
លាត​ត្រដាង​ឲ្យ​ដឹង​ឡើយ​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​អនុស្សរណៈ
នៃ​ការ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។

ពិធី​ចុះ​ហត្ថលេខា​ដែល​មាន​រយៈពេល​ប្រហែល ៥​នាទី
ប៉ុន្តែ​មាន​អ្នក​សារព័ត៌មាន​ជាច្រើន​រង់ចាំ​ប្រហែល ២​ម៉ោង​មុន​នោះ
បាន​បិទ​បញ្ចប់​ទៅ​វិញ​ត្រឹម​តែ​ការ​ចុះ​ហត្ថលេខា​ផ្លាស់​ប្ដូរ​ឯកសារ
ជល់​កែវ​ស្រា និង​ចាប់​ដៃ​លា​គ្នា​ប៉ុណ្ណោះ។
ទាំង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង
និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន
មិន​បាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​សូម្បី​តែ​មួយ​ម៉ាត់
បើ​ទោះ​ជា​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ខំ​ប្រឹង​ស្រែក​សួរ
និង​ព្យាយាម​រត់​ស្ទាក់​ឈូឆរ​ប្រៀប​ដូច​ព្រូឡាន​រត់​ស្ទាក់​ម៉ូយ​នៅ​ថ្ងៃ​
ភ្ជុំបិណ្ឌ​ក៏ដោយ​ចុះ។

យ៉ាង​ណា​ក៏ដោយ
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ដែល​ចែក​ចាយ​ឲ្យ​អ្នក​សារព័ត៌មាន
បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា បញ្ជាក់​ថា
អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា និង​អូស្ត្រាលី
នឹង​ផ្តល់​ការ​តាំង​ទីលំនៅ​ឲ្យ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា
ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្ម័គ្រ​ចិត្ត
ហើយ​ស្រប​ទៅ​នឹង​អនុសញ្ញា​ជន​ភៀស​ខ្លួន ហើយ​ថា​ចំនួន
និង​ពេលវេលា​សម្រាប់​ការ​តាំង​ទីលំនៅ
នឹង​ត្រូវ​បាន​កំណត់​ដោយ​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន ក៏​លើក​ឡើង​ប្រសាសន៍ លោក ស ខេង ដែល​អះអាង​ថា
កម្ពុជា ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១
និង​ពិធី​សារ​ឆ្នាំ​១៩៦៧ ទាក់ទង​ជន​ភៀស​ខ្លួន ហើយ​កម្ពុជា
ក៏​មាន​អនុក្រឹត្យ​ស្ដីពី​នីតិវិធី​សម្រាប់​ការ​ទទួល​ស្គាល់​ជន​ភៀស​ខ្លួន
ឬ​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា។ ដូច្នេះ
ការ​ផ្តល់​ទីលំនៅ​ឲ្យ​ជន​ភៀស​ខ្លួន គឺ​ជា​សកម្មភាព​មនុស្ស​ធម៌
ដែល​នឹង​ជួយ​ពួក​គេ​ចាប់​ផ្តើម​ជីវិត​ថ្មី​ស្រប​តាម​ច្បាប់​របស់​កម្ពុជា។

ចំណែក លោក ស្កុត ម៉ូរីសុន វិញ​អះអាង​ថា
ក្នុង​នាម​ជា​ភាគី​អនុសញ្ញា​ជន​ភៀស​ខ្លួន កម្ពុជា
ក្នុង​ពេល​ដែល​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​ខ្លួន​ក្រោយ​ពី​សង្គ្រាម​
ស៊ីវិល កម្ពុជា ក៏​កំពុង​បង្ហាញ​សមត្ថភាព និង​ឆន្ទៈ​ខ្លួន
រួម​ចំណែក​ក្នុង​បញ្ហា​មនុស្ស​ធម៌។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​អះអាង​ថា ឋិត​ក្រោម​អនុស្សរណៈ​នេះ
ប្រទេស​អូស្ត្រាលី នឹង​ប្រើប្រាស់​អ្នក​ជំនាញ និង​បទពិសោធន៍​របស់​ខ្លួន
ដើម្បី​ជួយ​កម្ពុជា
ពង្រឹង​ការ​គាំទ្រ​ការ​តាំង​ទីលំនៅ​ដែល​ផ្តល់​ឲ្យ​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា
ហើយ​ថា អូស្ត្រាលី នឹង​ចេញ​ថ្លៃ​ចំណាយ​ផ្ទាល់​លើ​ការ​ចាត់​ចែង រួម​មាន
ការ​គាំទ្រ​បឋម​សម្រាប់​ជន​ភៀស​ខ្លួន ការ​កសាង​សមត្ថភាព​សម្រាប់​កម្ពុជា
ដើម្បី​ធានា​ថា កម្ពុជា មាន​ធនធាន​សមរម្យ ដើម្បី​ទទួល
និង​ធ្វើ​សមាហរណកម្ម​ជន​ភៀស​ខ្លួន​ប្រកប​ដោយ​ជោគជ័យ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ឲ្យ​ដឹង​ដែរ​ថា
ដើម្បី​ធានា​ការ​អនុវត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​ប្រសិទ្ធភាព កម្ពុជា
និង​អូស្ត្រាលី បាន​ព្រមព្រៀង​គ្នា​អនុវត្ត​ការ​ចាត់​ចែង​សាកល្បង​បឋម
ដែល​ផ្ដើម​ដោយ​ជន​ភៀស​ខ្លួន​មួយ​ក្រុម​តូច​ប៉ុណ្ណោះ
ហើយ​បន្ត​ដោយ​ការ​តាំង​ទីលំនៅ​បន្ថែម​ទៀត ស្រប​តាម​សមត្ថភាព​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​នៅ​តែ​បន្ត​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ
ថា​ជា​ការ​រំលោភ​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១
ដោយសារ​តែ​វា​មិន​មាន​មធ្យោបាយ​ណា​មួយ ដែល​រដ្ឋាភិបាល​អូស្ត្រាលី
អាច​ធានា​ថា ខណៈ​ដែល​ជន​ភៀស​ខ្លួន​ទាំង​នេះ​មក​ដល់​កម្ពុជា
ពួក​គេ​នឹង​ទទួល​បាន​ការ​ការពារ​សិទ្ធិ​មនុស្ស​មូលដ្ឋាន
ដូច​ដែល​មាន​នៅ​ប្រទេស​អូស្ត្រាលី ឡើយ។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា
ហៅ​កាត់​ថា ច្រាក់ (CHRAC) ដែល​ជា​បណ្ដុំ​នៃ​អង្គការ​ចំនួន​២១
ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​ចេញ​របាយការណ៍​ចំនួន​៤​រួច​ហើយ
ចាប់​ពី​ខែ​មិថុនា មក ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី
បើក​ចំហ​ព័ត៌មាន​ជុំវិញ​ការ​ព្រមព្រៀង​ផ្តល់​ការ​តាំង​ទីលំនៅ​នោះ
សម្ដែង​ការ​បារម្ភ​ជា​ថ្មី​ពី​បញ្ហា​នេះ។ ពួក​គេ​លើក​ឡើង​ថា កម្ពុជា
មិន​មែន​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន​នោះ​ទេ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​អង្គការ​ការពារ
​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ
ដែល​ចូលរួម​ឃ្លាំ​មើល​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដែរ​នោះ
សម្ដែង​ការ​ហួស​ចិត្ត​នៅ​ពេល​រដ្ឋាភិបាល​ទាំង​ពីរ​មិន​បើក​ចំហ​ព័ត៌មាន។
លោក​មាន​ប្រសាសន៍​ថា រឿង​នេះ​ជា​រឿង​សំខាន់​របស់​ប្រទេស​ជាតិ។
ពលរដ្ឋ​ខ្មែរ​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អូស្ត្រាលី
បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា ហើយ​ថា តើ​កម្ពុជា មាន​លទ្ធភាព
និង​បាន​ត្រៀម​ខ្លួន​យ៉ាង​ម៉េច​ខ្លះ​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន។

លោក សួន ប៊ុនស័ក្តិ៖ «រឿង​សំខាន់ គឺ​រដ្ឋាភិបាល​ទាំង​ពីរ
អូស្ត្រាលី​កម្ពុជា គួរ​តែ​បើក​ចំហ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់
ឲ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា
ក៏ដូចជា​សកម្មជន​សិទ្ធិ​មនុស្ស​អូស្ត្រាលី ដែរ
គេ​អាច​មាន​ជា​យោបល់​មាន​ជា​មតិ​ផ្សេងៗ​ថា
តើ​គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​សុវត្ថិភាព​ជន​ភៀស​ខ្លួន​ទាំងអស់​ហ្នឹង។
បើ​តាម​ដែល​ខ្ញុំ​ដឹង គឺ​ជន​ភៀស​ខ្លួន​រស់នៅ​ឯ​ជំរំ​នៅ​ឯ​ប្រទេស​អូស្ត្រាលី
ទេ ហើយ​បើ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា មក​នៅ​ក្នុង​ជំរំ​ដដែល
តើ​មាន​ន័យ​អី ហើយ​ជន​ភៀស​ខ្លួន សូម​បញ្ជាក់​ជូន​ថា ដែល​ហៅ​ថា​ជន​ភៀស​ខ្លួន
មិន​មែន​សម្រាប់​តែ​នៅ​ក្នុង​ជំរំ​ទេ​ណា
បើ​កាល​ណា​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ហើយ
គឺ​មាន​ឋានៈ​ស្មើ​នឹង​អន្តោប្រវេសន៍​ស្រប​ច្បាប់
ដែល​គេ​មាន​សេរីភាព​ដូច​គេ​ដូច​ឯង​ចឹង»


ព្រម​ជាមួយ​គ្នា ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ
ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR)
នៅ​ថ្ងៃ​ទី​២៦ កញ្ញា
ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បញ្ជូន​ជន​ភៀស​
ខ្លួន​មក​កម្ពុជា នេះ។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន លោក
អង់តូនីញ៉ូ ហ្គូទែរ៉ែស (António Guterres)
លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា
នេះ​គឺ​ជា​ការ​ដើរ​ភ្លាត់​ពី​បទដ្ឋាន​អន្តរជាតិ ដែល​គួរ​ឲ្យ​បារម្ភ។ លោក​ថា
វា​ជា​ការ​សំខាន់​ដែល​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក
មិន​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ចំពោះ​ជន​ភៀស​ខ្លួន
ទៅ​កាន់​កន្លែង​ផ្សេង​ទៀត។ លោក​បន្ត​ថា
ការ​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​អន្តរជាតិ
គឺ​ជា​មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ជន​ភៀស​ខ្លួន​លើ​ពិភពលោក​ទាំង​មូល​
ដំណើរ​ការ។ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស សង្ឃឹម​ថា រដ្ឋាភិបាល​អូស្ត្រាលី
នឹង​ពិចារណា​ឡើង​វិញ​ពី​ករណី​នេះ។

ចំណែក​គណបក្ស​ប្រឆាំង​ដែល​ពុំ​សូវ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​
ដូច​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដែរ​នោះ អះអាង​ថា ប្រទេស​កម្ពុជា
នៅ​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់
ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​នៅ​ឡើយ ព្រោះ​ថា សេដ្ឋកិច្ច​កម្ពុជា
នៅ​មាន​កម្រិត​ទាប ហើយ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ទៀត​សោត ក៏​នៅ​មាន​កម្រិត។
យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រឆាំង​លើក​ឡើង​ថា
ពួក​គេ​បន្ត​តាម​ដាន​កិច្ច​ព្រមព្រៀង​នេះ ហើយ​បើ​រក​ឃើញ​ថា
កិច្ច​ព្រមព្រៀង​នេះ​មាន​ភាព​អវិជ្ជមាន​នោះ
នោះ​ពួក​គេ​នឹង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ធ្វើ​ការ​សាកសួរ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូម៉ែន
រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់​សម្គាល់​ថា
កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​អូស្ត្រាលី
គឺ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អូស្ត្រាលី
ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ទី​៣
ដែល​មាន​សុវត្ថិភាព​នោះ​ឡើយ ដោយ​អង្គការ​មួយ​នេះ​យល់​ថា បើ​ទោះ​ជា​កម្ពុជា
ជា​ភាគី​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ក៏ដោយ តែ​ប្រទេស​ក្រីក្រ​មួយ​នេះ
ធ្លាប់​ខកខាន​មិន​បាន​ការពារ​ជន​ភៀស​ខ្លួន
និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ
ហើយ​ថែម​ទាំង​បាន​បញ្ជូន​ជន​ទាំង​នោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ
បើ​ទោះ​ជា​ដឹង​ថា ពួក​គេ​នឹង​ត្រូវ​រដ្ឋាភិបាល​ប្រទេស​ពួក​គេ
ធ្វើ​បាប​ក៏ដោយ តួយ៉ាង​ដូច​ជនជាតិ​អ៊ុយហ្គរ៍ (Uyghur) នៅ​ប្រទេស​ចិន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



 សូមចុចអានទំព័រដើមទាំងស្រុង

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons