. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, October 27, 2014

កម្មករ​អូស​រទេះ​​និង​អ្នក​រត់តាក់ស៊ី​តវ៉ា​ឲ្យ​មន្ត្រី​គយ​ប៉ោយប៉ែត​បញ្ឈប់​ការ​យក​លុយ​ខុស​ច្បាប់


ប៉ោយប៉ែត ៦២០
ក្រុម​កម្មករ​អូស​រទេះ និង​ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត តវ៉ា​នៅ​មុខ​ស្នាក់​ការ​គយ ធ្វើ​ឲ្យ​កក​ស្ទុះ​ចរាចរណ៍​នៅ​ថ្ងៃ​ទី ២៧ តុលា ២០១៤។
Photo Provided
ក្រុម​កម្មករ​អូស រទេះ​ និង​ក្រុម​អ្នក​រត់​តាក់ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ប្រមាណ​ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ ទី​២៧ តុលា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ នៅ​ខាង​មុខ​ស្នាក់​ការ​ គយ ប្រចាំការ​​នៅ​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែត​ដើម្បី​សុំ​ឲ្យ​មន្ត្រី​គយ​បញ្ឈប់​ ការ យក​លុយ​ ពី​ការ​ដឹក​ទំនិញ ដោយ​ខុស​ច្បាប់​បន្ត​ទៀត។
នៅ​ក្នុង​ការ​តវ៉ា​នោះ​បណ្ដាល​ឲ្យ​​រថយន្ត​ដឹក​ទំនិញ​តូច​ធំ ជា​ច្រើន​គ្រឿង​កកស្ទះ​ចរាចរ​ បន្ត​កន្ទុយ​គ្នា​ នៅ​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត​ ប្រមាណ​ជាង​២ម៉ោង និង​ធ្វើ​ឲ្យ​សកម្មភាព​​ដឹក​ទំនិញ​ចេញចូល​ទៅ​មក​រវាង​​ប្រទេស​កម្ពុជា​និង​ ថៃ​ត្រូវ​ជាប់​គាំង។
ប្រជាពលរដ្ឋ​ អ្នក​អូស រទេះ​ នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ គឺ​ លោក សឿង សុភឿន ថ្លែង​នៅ​ថ្ងៃ​ទី ២៧ តុលា ថា​ហេតុ​ដែល​ក្រុម​កម្មករ​អូស​រទេះ និង​ក្រុម​អ្នក​រត់តាក់ស៊ី​ ធ្វើ​បាតុកម្ម​តវ៉ា ជា​មួយ​ក្រុម​មន្ត្រី​ គយ ដោយ​សារ​ពួកគេ​ធុញ​ទ្រាន់​និង​ទង្វើ របស់​មន្ត្រី​គយ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​តម្រូវ​ឲ្យ​បង់​ប្រាក់​ថ្លៃ ដឹក​ទំនិញ​ចេញ​ចូល​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខ្ពស់​ហួសហេតុ ហើយ​គ្មាន​វិក្កយបត្រ​នោះ​ទេ។លោក​បន្ត​ថា​មន្ត្រី​គយ​ដាក់​កុងត្រូល​តាម​ដង​ ​ផ្លូវ​ជាតិ​លេខ ៥ គឺ​ចាប់​ពី ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ទៅ​ដល់​ក្រុង​ប៉ោយប៉ែត យ៉ាង​ហោច​ណាស់​មាន​ប៉ុស្តិ៍​ចំនួន​៤​ កន្លែង​ ហើយ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​រថយន្ត​ដែល​ដឹក​ទំនិញ ទាល់​តែ​បង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​គយ​ ទើប​អាច​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​​បាន៖ «សំខាន់​គឺ​គាត់​ដាក់​ចាប់​ រថយន្ត​ ទាល់​តែ​រថយន្ត​គាត់​មិន​អាច​ ដឹក​រក​ស៊ី​តូច​ៗ​ហ្នឹង​បាន​ ដល់​អញ្ចឹង​ហើយ​​ពួកគាត់​ខ្ញុំ​ក៏​អត់​មាន​អីវ៉ាន់​ដឹក​ដែរ​។ ពី​ព្រោះ​ខ្ញុំ​អា​ស្រ័យ​ទៅ​លើ​ទំនិញ​ ដែល​ពួក​អ្នក​ស្វាយ​អ្នក​ ផ្សេងៗ​គាត់​មក​ទិញ​ពី​ផ្សារ​រ៉ុង​គ្រឿ​ទៅ​ គឺ​ពួក​ខ្ញុំ​ដឹក​អីវ៉ាន់​តិចតួច ពី​ពួកគាត់​ហ្នឹង​ឯង​។បើ​ចំពោះ​ឡាន​អីវ៉ាន់​ត្រឹម ស្មើ​កញ្ចក់​អី​គឺ​គេ​យក​ម៉ា​កន្លែង​៥ម៉ឺន»
ឆ្លើយ​តប​និង​បញ្ហា​នេះ​ ប្រធាន​ការិយាល័យ​ គយ​និង​រដ្ឋាករ​ប្រចាំ​ ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត​ លោក​ ឈួន ហៃ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​របស់​ ក្រុម​កម្មករ​អូស រទេះ​និង​ក្រុម​អ្នក រត់តាក់ស៊ី​ នេះ​ ជា​វិធី​មួយ របស់​ក្រុម​ឈ្មួញ​អ្នក​រក​ស៊ី​ធំ​ៗ ធ្វើ​ឡើង​ក្នុង​រូប​ភាព​បិទបាំង​ពី​ទោស​កំហុស​ របស់​ខ្លួន​ដើម្បី​ឲ្យ​មន្ត្រី​គយ បន្ធូរ​ដៃ​ត្រួតពិនិត្យ ដើម្បី​​ងាយ​ស្រួល​នាំ​ទំនិញ​ គេច​ពន្ធ​បាន​ដោយ​សេរី៖ «ជារឿយៗ ​ខ្ញុំ​រហូត​ដល់​អញ្ជើញ​គាត់​មក​តាំង​ពី​ បណ្ដាល​ខេត្ត​ដូច​ជា​ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​សៀមរាប​ គាត់​អត់​បាន​ចូល​រួម​ទេ​។ គាត់​នៅ​តែ​គេចវេះ​ ហើយ​ជន​ដែល​ងាយ​រង​គ្រោះ​ យើង​សុំទោស​ ប៉ុន្មាន​ដង​ ដោយ​សារ​គាត់​ជា​ជន​ដែល​ រក​ម៉ា​ព្រឹក​ខ្វះ​ល្ងាច​នោះ​ គឺ គាត់​ប្រើ​រូបភាព​ហ្នឹង​ដើម្បី​ មហាជន​មើល​មក​ហាក់​ដូច​ ធ្វើ​ទៅ​លើ​ពួកគាត់​។ ធាតុ​ពិត​នោះ​គឺ​ខ្ញុំ​កំពុង​តែ​រក​មុខ​ដើម្បី​ កសាង​ពាក្យ​បណ្ដឹង​បញ្ជូន​ទៅ​តុលាការ​ នៅ​ជន​ខិលខូច​ទាំង​អស់​នោះ»
ទាក់​ទង​និង​បញ្ហា​នេះ​ដែរ​មន្ត្រី​សម្របសម្រួល​សមាគម ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ ​ ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​បញ្ជាក់​ថា​មន្ត្រី​គយ​ប្រចាំ​ខេត្ត​ បន្ទាយមានជ័យ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥​ច្រើន​កន្លែង ដើម្បី​ទប់ស្កាត់​នាំ​ទំនិញ​ គេច ពន្ធ​នោះ​ពុំ​មែន​ជា​វិធាន​ការ​ល្អ​ប្រសើរ​​ឡើយ។ លោក​ថា​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ របរ​រក​ស៊ី តូចតាច​ ដូច​ជា​អ្នក​រត់​តាក់ស៊ី និង​អ្នក​អូស រទេះ​ទៅ​វិញ​ទេ​ ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល​ ក្នុង​របរ​ប្រចាំ​ថ្ងៃ៖ «ព្រោះ ​ថា​កន្លែង​ហ្នឹង​គួរតែ​ត្រួតពិនិត្យ​ទៅ​លើ​ស្ថាប័ន​ខ្លួន​ឯង​ តើ​បង្កើត​គយ ឲ្យ​បាន​៤​ប្រាំ​កន្លែង​ អ៊ីចឹង​ឬ​មួយ​បង្កើត​គយ តែ​មួយ​កន្លែង។ មាន​ន័យ​ថា​គយ​ទំនិញ​ណា​ដែល​ខុស​ច្បាប់​ត្រូវ​ការ​ចាប់​ហើយ​ វាយ​ស្លាក​មក​ឲ្យ​បង់​ពន្ធ​ ឲ្យ​គ្រប់​គ្រាន់​ហើយ​ ដើម្បី​បញ្ជូន​ទៅ។ ចុះ​បើ​សិន​គយ​ហ្នឹង​អត់​មាន​ការ​វាយ​ស្លាក​អត់​មាន​ អី​អញ្ចឹង​ផង ហើយ​បណ្ដោយ​រហូត​ មក​ដល់​ខាង​ក្នុង​ ហើយ​ចាប់​ ផ្ដើម​បង់​បន្ត​ៗ​គ្នា​ តើ​ល្អ​មើល​ទេ»
ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​សមត្ថកិច្ច​ខេត្ត​ដក​កម្លាំង​ចម្រុះ​ ថ្មី ចេញ​ពី​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត និង​ស្នើ​ឲ្យ​កាត់បន្ថយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ផ្លូវ​ជាតិ​លេខ​៥។
ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​ទៅ​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​​ការ​សម្របសម្រួល​របស់​អភិបាល​ក្រុង​ប៉ោយប៉ែត​ហើយ​នាំ​​ពួកគេ ទៅ​ដោះស្រាយ​នៅ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​បន្ត​ទៀត។ ប៉ុន្តែ​ការ​ស្វែង​​រក​ដំណោះស្រាយ​នៅ​សាលាខេត្ត​នោះ នៅ​តែ​គ្មាន​ច្រក​ចេញ​ដដែល​ដោយ​ខាង​មន្ត្រី​សាលា​ខេត្ត​ថា​ នឹង​នាំ​រឿង​​ទៅ​ជម្រាប​អភិបាល​ខេត្ត​នៅ​ពេល​ខាង​មុខ។
យ៉ាង​ណា​ក្រុម​អ្នក​តវ៉ា​ឲ្យ​ដឹង​ថា​ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​​ គ្មាន​ដំណោះស្រាយ​ទេ ពួកគេ​នឹង​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons