. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, October 27, 2014

បទ​វិភាគ៖ ហេតុផល​កម្ពុជា​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

ដោយ ទីន ហ្សាការីយ៉ា

2014-10-03
ស ខេង និង​ស្កុត ម៉ូរីសុន (Scott Morrison) ៦២០
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ក្នុង​ពិធី​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Yeang Socheametta
រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ហេតុផល​ជួយ​ខាង​ផ្នែក​មនុស្សធម៌ និង​ចង់​បាន​កិត្តិនាម​នៅ​លើ​ឆាក​អន្តរជាតិ​ក្ដី ក៏ប៉ុន្តែ​ហេតុផល​ពិត​នៅ​ពី​ក្រោយ​រឿង​នេះ តាម​មើល​ទៅ​មិន​មែន​ដូច្នោះ​ឡើយ។
ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី នៅ​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ការ​លំបាក​លំបិន​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ជាតិ វិបត្តិ​អត់​ការងារ​ធ្វើ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា ផង​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​នេះ ក្នុង​ហេតុផល​អាថ៌កំបាំង​អ្វី​ផ្សេង​ទៅ​វិញ​ទេ។
តើ​ហេតុផល​អ្វី​ខ្លះ ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី មក​នោះ?
រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ឲ្យ​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នេះ គឺ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ពីព្រោះ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី មិន​ហ៊ាន​ទទួល​យក​ផង​នោះ។
ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នៅ​ពេល​នេះ មិន​មែន​ជា​រឿង​ចៃដន្យ ឬ​ជា​រឿង​មនុស្សធម៌​អ្វី​នោះ​ទេ។ តាម​មើល​ទៅ រដ្ឋាភិបាល​កម្ពុជា មាន​ផែនការ​ជាក់​លាក់​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ។
មាន​កត្តា​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​កម្ពុជា មាន​អាថ៌កំបាំង​ពី​ក្រោយ​ខ្នង​នោះ រដ្ឋាភិបាល​កម្ពុជា ចង់​ស្ដារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ទៅ​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​សប្ដាហ៍​មុន អំពី​ការ​បាញ់​សម្លាប់ ការ​ចាប់​ខ្លួន​ដាក់​គុក ការ​រំលោភ​ដីធ្លី។ល។
ម្យ៉ាង​ទៀត រដ្ឋាភិបាល​ក៏​ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ​ម្ដង​រួច​ហើយ ធ្វើ​ឲ្យ​កម្ពុជា បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ គឺ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការ​ចាប់​បង្ខំ​ជន​ភៀស​ខ្លួន ​អ៊ុយហ្គរ៍ អ្នក​កាន់​សាសនា​ឥស្លាម ចំនួន ២០​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ផង បញ្ជូន​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ដែល​សកម្មភាព​នេះ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា រំលោភ​អនុសញ្ញា​ការពារ​ជន​ភៀស​ខ្លួន​ដែល​កម្ពុជា ជា​ហត្ថលេខី។
ការ​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍ នៅ​ពេល​នោះ រដ្ឋាភិបាល​កម្ពុជា ក៏​ដឹង​ដែរ​ថា ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ទាំង ២០​នាក់​នោះ ត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ដ៏​យូរ​ឆ្នាំ​ដែរ។ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា មិន​គិត​ពី​បញ្ហា​មនុស្សធម៌​ផង​នៅ​ពេល​នោះ? ព្រោះ​ថា នៅ​ពេល​នោះ សហគមន៍​អន្តរជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក ផង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​ឲ្យ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន វិញ​ទេ។
មូលហេតុ​ចំបង​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន តាម​សំណើ​នោះ រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ថវិកា​ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ពី​ចិន គឺ​មាន​ទឹក​ប្រាក់ ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ប្រាក់​កម្ចី និង​ប្រាក់​ជំនួយ។
ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង នៅ​ពេល​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ទៅ​ប្រទេស​វៀតណាម វិញ បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ទាំង​នោះ បាន​រត់​គេច​ពី​ការ​ធ្វើ​បាប​ដោយ​អាជ្ញាធរ​វៀតណាម។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះអង្គ ទឹម សាខន រត់​មក​គង់​នៅ​វត្ត​មួយ​នៅ​ខេត្ត​តាកែវ ក៏​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ផ្សឹក​កាល​ពី​ឆ្នាំ​២០០៧ និង​បញ្ជូន​ទៅ​អាជ្ញាធរ​វៀតណាម ដាក់​គុក​ចំនួន​ពីរ​ឆ្នាំ។
ដោយសារ​តែ​រដ្ឋាភិបាល​មាន​ស្លាកស្នាម​មិន​ល្អ​ទាំង​នេះ​ហើយ នៅ​ពេល​រដ្ឋាភិបាល​អូស្ត្រាលី ស្វះ​ស្វែងរក​ប្រទេស​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា ចង់​មិន​ចង់ ត្រូវ​តែ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ ដើម្បី​ស្ដារ​កេរ្តិ៍​ឈ្មោះ​ទាំង​នេះ​ឡើង​វិញ។
ទន្ទឹង​នឹង​នេះ បើ​សិន​ជា​និយាយ​អំពី​បញ្ហា​មនុស្សធម៌​នោះ រដ្ឋាភិបាល​ប្រហែល​ជា​បំពេញ​តួនាទី​មនុស្សធម៌​នេះ​ជាមួយ​ប្រជាពលរដ្ឋ​របស់​ ខ្លួន​ជា​មុន​បាត់​ទៅ​ហើយ ព្រោះ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​រងគ្រោះ​រឿង​បញ្ហា​រំលោភ​ដីធ្លី​ពី​ ក្រុមហ៊ុន ដូចជា សហគមន៍​បឹងកក់ បុរីកីឡា សហគមន៍​ឡពាង ខេត្ត​កំពង់ឆ្នាំង ដែល​ពួក​គាត់​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ បាន​ដើរ​ពី​ខេត្ត​កំពង់ឆ្នាំង ដល់​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់។
អ្នក​ភូមិ​បុរីកីឡា អ្នក​បឹងកក់ និង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​ទៀត បាន​ដើរ​តវ៉ា​ជា​បន្តបន្ទាប់​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ដូច​គ្នា។ល។
លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ប្រមាណ ២០​ភាគរយ កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ និង​មាន​រាប់​សែន​នាក់​ទៀត កំពុង​ធ្វើ​ចំណាក​ស្រុក​ចាក​ចោល​ផ្ទះ​សម្បែង ទៅ​រក​ស៊ី​ឈ្នួល​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្ដល់​ការងារ​ឲ្យ​ពួក​គេ​ធ្វើ។ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ត្រូវ​បន្ថែម​បន្ទុក​យក​ជន​ភៀស​ខ្លួន​ឲ្យ​មក​ រស់នៅ​ប្រទេស​កម្ពុជា បន្ថែម​ទៀត​នោះ?
ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ជន​ភៀស​ខ្លួន​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា រវាង​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី នោះ ហាក់​ដូចជា​អាថ៌កំបាំង គឺ​ក្រោយ​ពេល​ចុះ​ហត្ថលេខា ភាគី​កម្ពុជា និង​អូស្ត្រាលី មិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពន្យល់​ឲ្យ​ដឹង​អំពី​កិច្ច​ព្រមព្រៀង​នោះ ​ទេ។
ក្រសួង​មហាផ្ទៃ បាន​ត្រឹម​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ក៏​លើក​ឡើង​ប្រសាសន៍ លោក ស ខេង ដែល​អះអាង​ថា កម្ពុជា ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ និង​ពិធីសារ​ឆ្នាំ​១៩៦៧ ទាក់ទង​ជន​ភៀស​ខ្លួន ហើយ​កម្ពុជា ក៏​មាន​អនុក្រឹត្យ​ស្ដីពី​នីតិវិធី​សម្រាប់​ការ​ទទួល​ស្គាល់​ជន​ភៀស​ខ្លួន ឬ​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា។ ដូច្នេះ ការ​ផ្តល់​ទីលំនៅ​ឲ្យ​ជន​ភៀស​ខ្លួន គឺ​ជា​សកម្មភាព​មនុស្សធម៌ ដែល​នឹង​ជួយ​ពួក​គេ​ចាប់​ផ្តើម​ជីវិត​ថ្មី ស្រប​តាម​ច្បាប់​របស់​កម្ពុជា។
យ៉ាង​នេះ​ក្ដី នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) អះអាង​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ឲ្យ​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា នេះ ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​មួយ​ដល់​ដំណើរ​ការ​ជួយ​ជន​ភៀស​ខ្លួន​នៅ​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិក។ លោក​បញ្ជាក់​ថា នេះ​ក៏​ជា​កាយវិការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ចំពោះ​ការ​បំបរបង់​ចោល​ជន​ភៀស​ខ្លួន​ឲ្យ​មក​រស់នៅ​វេទនា​នៅ​កម្ពុជា។
បើ​ពិនិត្យ​មើល​ចំនួន​ថវិកា​ដែល​អូស្ត្រាលី សន្យា​ផ្ដល់​ជូន​រដ្ឋាភិបាល​កម្ពុជា នូវ​ទឹក​ប្រាក់​ចំនួន ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ជន​ភៀស​ខ្លួន​ទាំង​នោះ ទំនង​ជា​រដ្ឋាភិបាល​កម្ពុជា មិន​សំឡឹង​ឃើញ​លុយ​នេះ​ជា​ធំ​នោះ​ឡើយ។ បើ​ងាក​មើល​ផ្ទៃ​ក្នុង​កម្ពុជា វិញ មាន​ជន​អន្តោប្រវេសន៍​វៀតណាម រាប់​ម៉ឺន​នាក់ កំពុង​សម្ងំ​រស់នៅ​ប្រទេស​កម្ពុជា យ៉ាង​សុខសាន្ត។
នៅ​ត្រង់​ចំណុច​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា មាន​អាថ៌កំបាំង​នយោបាយ​មួយ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម រស់នៅ​កម្ពុជា អាច​រស់នៅ​ស្រប​ច្បាប់​ដូចជា​ជន​ភៀស​ខ្លួន​អូស្ត្រាលី ដែរ​ក៏​ថា​បាន៖ «ប៉ុន្តែ ​ក្រសួង​មហាផ្ទៃ​ខ្លួន​ឯង​ហ្នឹង កំពុង​រក​វិធី​ដើម្បី​ផ្ដល់​ឯកសារ​អត្តសញ្ញាណ​ឲ្យ​ជនជាតិ​យួន នៅ​ត្រង់​ហ្នឹង ខ្ញុំ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ផ្ដល់​អត្តសញ្ញាណ​ឲ្យ​ជន​ភៀស​ខ្លួន​ អូស្ត្រាលី ឆ្លៀត​ឱកាស​ផ្ដល់​អត្តសញ្ញាណ​គ្រប់គ្រាន់​ដល់​ជនជាតិ​យួន អន្តោប្រវេសន៍​រស់នៅ​កម្ពុជា អា​ហ្នឹង គឺ​ជា​កលល្បិច​មួយ​ដ៏​ធំ​ដែល​យើង​ត្រូវ​តែ​ពិចារណា»
ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​អូស្ត្រាលី ប្រហែល​ជា​អាច​ស៊ើប​ដឹង​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​នោះ មាន​អ្នក​មាន​ប្រវត្តិ​មិន​ល្អ ដែល​អូស្ត្រាលី ខ្លួន​ឯង​ពិបាក​នឹង​ទប់ស្កាត់ ដូចជា​មាន​ក្រុម​ទាក់ទង​នឹង​ក្រុម​អាយស៊ីស (ISIS) ដែល​កំពុង​តែ​បង្ក​បញ្ហា​នៅ​ក្នុង​ប្រទេស​ប៉ែក​មជ្ឈិម​បូព៌ា​ផង​ក៏​មិន​ដឹង។ ដូច្នេះ ចង់​មិន​ចង់ អូស្ត្រាលី ត្រូវ​តែ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ជន​ភៀស​ខ្លួន​ទាំង​នេះ ឲ្យ​មក​កម្ពុជា គ្រប់គ្រង​វិញ​ម្ដង។
មួយ​វិញ​ទៀត ការ​ធ្វើ​ដូច្នេះ រដ្ឋាភិបាល​អូស្ត្រាលី ចង់​ផ្ញើ​សារ​មួយ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​លើ​សាកលលោក​បាន​ឃើញ​ថា អូស្ត្រាលី ឈប់​ទទួល​ជន​ភៀស​ខ្លួន​ហើយ គួបផ្សំ​នឹង​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​ជន​ ភៀស​ខ្លួន ឲ្យ​ទៅ​រស់នៅ​បណ្ដោះអាសន្ន​ក្នុង​ប្រទេស​ខ្លួន​ផង​នោះ។
យ៉ាង​ណា​ក៏ដោយ ជន​ភៀស​ខ្លួន​ទាំង​នោះ​បើ​សិន​ជា​ពួក​គាត់​ចង់​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស ​កម្ពុជា ពួក​គេ​ប្រាកដ​ជា​រត់​គេច​មក​ត្រង់​សំដៅ​មក​ប្រទេស​កម្ពុជា មិន​ខាន គឺ​ពួក​គេ​មិន​ទៅ​សុំ​សិទ្ធិ​ជ្រក​កោណ​ក្នុង​ប្រទេស​អូស្ត្រាលី នោះ​ឡើយ។
ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​នេះ គឺ​រដ្ឋាភិបាល​កាន់​តែ​អាច​ប្រឈម​នឹង​បញ្ហា​លំបាក​ថែម​ទៀត នៅ​ខណៈ​រដ្ឋាភិបាល​កំពុង​ជាប់​ដៃ​ជាច្រើន​ជាមួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោះស្រាយ​មិន​ទាន់​ចប់​ផង ពិសេស​រឿង​ទំនាស់​ដីធ្លី និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្មាន​កន្លែង​ស្នាក់នៅ​នោះ ពីព្រោះ​ថា អនុសញ្ញា​អន្តរជាតិ​ឆ្នាំ​១៩៥១ និង​ពិធីសារ​ឆ្នាំ​១៩៦៧ ស្ដីពី​ជន​ភៀស​ខ្លួន រដ្ឋ​ជា​ភាគី​ផ្ដល់​ឲ្យ​ជន​ភៀស​ខ្លួន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ នោះ ត្រូវ​ផ្ដល់​ការងារ ផ្ដល់​សិទ្ធិ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​អចលនទ្រព្យ ការ​អប់រំ និង​ករណី​ផ្សេងៗ​ទៀត​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons