. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, October 23, 2014

តើ​លោក ហ៊ុន សែន ជាប់​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ​ឬ​ទេ?

បទ​វិភាគ៖

ដោយ តាំង សារ៉ាដា
2014-02-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។ RFA Screenshot
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ ទី​២៥ កញ្ញា ឆ្នាំ​២០១៣។ RFA Screenshot
អ្នក​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​កាន់​អំណាច​នៅ​ កម្ពុជា តែង​ស្វះ​ស្វែង​រក​យុត្តិធម៌​តាម​គ្រប់​លទ្ធភាព​ដែល​ខ្លួន​មាន។ អ្នក​ខ្លះ​រក​ខ្សែ​អ្នក​ធំ ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​អ្នក​មាន​អំណាច​នោះ​ទៅ​លើ​តុលាការ។ អ្នក​គ្មាន​ខ្សែ​រយៈ និង​គ្មាន​ធនធាន ហាក់​គ្មាន​សង្ឃឹម​ទៅ​ហើយ​ថា ពួក​គេ​នឹង​អាច​មើល​ឃើញ​ពន្លឺ​យុត្តិធម៌​នោះ​ឡើយ។
ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​យុត្តិធម៌​ពី​តុលាការ​ក្នុង​ស្រុក​នៅ​ពេល​ ថ្មីៗ​នេះ មាន​ការ​ផ្ដួចផ្ដើម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC = International Criminal Court) ទៀត​ផង។ តើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​នឹង​ជួយ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​កម្ពុជា បាន​ឬ​ទេ?
ការ​នាំ​ខ្លួន​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ពិភពលោក ដែល​ល្បី​ខាង​អាក្រក់​ទៅ​កាត់​ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កន្លង​មក គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។ ចាប់​តាំង​ពី​ការ​បង្កើត​នៅ​ឆ្នាំ​២០០២ មក​ទល់​ពេល​នេះ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី បាន​ចោទ​ប្រកាន់​មនុស្ស​ជាង ៣០​នាក់ មក​ហើយ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​នេះ​ផ្ដន្ទាទោស​តែ​ម្តង។
មេ​ដឹក​នាំ​ផ្តាច់​ការ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក ដូច​ជា មេ​ដឹក​នាំ​នៃ​ប្រទេស​លីប៊ី (Libya) កូដឌីវ័រ (Côte D’ivoire) ស៊ូដង់ (Sudan) នីហ្សេរីយ៉ា (Nigeria) កេនញ៉ា (Kenya) កុងហ្គោ លីបេរីយ៉ា (Liberia) និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ដែល​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង ​មនុស្ស​ជាតិ ឬ​ឧក្រិដ្ឋកម្ម​សង្គ្រាម។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩៨ ហើយ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០២។
តុលាការ​នេះ​មាន​អំណាច​ចាត់​ការ​តាម​ច្បាប់ ទៅ​លើ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ជាដើម។ ចំណុច​មួយ​ទៀត អាយ.ស៊ី.ស៊ី មាន​អំណាច​តែ​ទៅ​លើ​ប្រទេស​ណា​ដែល​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​ខ្លួន​ ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន​១២២ រួម​ទាំង​កម្ពុជា ផង​នោះ បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​នឹង អាយ.ស៊ី.ស៊ី។
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​គ្មាន​ ឆន្ទៈ​ក្នុង​ការ​កាត់​ក្តី​លើ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ខ្លួន ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ​ដែរ តែ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន​មិន​អោយ​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ។
តុលាការ​នេះ​កន្លង​មក​បាន​ផ្ដន្ទាទោស​ក្រុម​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ ពិភពលោក​មួយ​ចំនួន​រួច​មក​ហើយ រួម​មាន​មេ​ដឹក​នាំ​នៃ​ប្រទេស Yugoslavia នៅ​អឺរ៉ុប​ខាង​កើត មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ក្រុម​មេ​ដឹក​នាំ និង​ក្រុម​មេ​បញ្ជាការ​យោធា​នៃ​ប្រទេស​កុងហ្គោ នៅ​អាហ្វ្រិក និង​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។
កាល​ពី​ឆ្នាំ​២០១២ អាយ.ស៊ី.ស៊ី បាន​ផ្ដន្ទាទោស ឆាល ថេល័រ (Charles Taylor) អតីត​មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ឆាល ថេល័រ កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៤៨ មាន​កូន​ចំនួន ១៤​នាក់ ជា​អតីត​ប្រធានាធិបតី​ទី​២២ នៃ​ប្រទេស​លីបេរីយ៉ា ដែល​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​១៩៩៧ រហូត​ដល់​ឆ្នាំ​២០០៣។ ឆាល ថេល័រ រៀន​ចប់​ពី​មហាវិទ្យាល័យ Bentley ក្នុង​ទីក្រុង Waltham នៃ​រដ្ឋ Massachusetts។ បន្ទាប់​ពី​រៀន​ចប់ ឆាល ថេល័រ បាន​ទៅ​ដល់​ប្រទេស​លីប៊ី ជា​ទី​ដែល​លោក​ហាត់​រៀន​ការ​ប្រយុទ្ធ​បែប​ឧទ្ទាម។ នៅ​ឆ្នាំ​១៩៨៩ ឆាល ថេល័រ បាន​ទៅ​ដល់​លីបេរីយ៉ា វិញ ហើយ​ចាប់​ផ្ដើម​បង្កើត​សង្គ្រាម​ស៊ីវិល​ដំបូង​រហូត​ដល់​ឆ្នាំ​១៩៩៦ ដោយ​ទទួល​ជោគជ័យ​ក្នុង​ការ​ទម្លាក់​រដ្ឋាភិបាល​ចាស់ ហើយ​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៩៧។
ក្នុង​អំឡុង​ការ​កាន់​កាប់​អំណាច ឆាល ថេល័រ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ស៊ីវិល​នៃ​ប្រទេស សេរ៉ាឡេអូន (Sierra Leon) ដែល​កើត​ឡើង​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០២។
ងាក​មក​កម្ពុជា ឯណេះ​វិញ កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​ជាមួយ អាយ.ស៊ី.ស៊ី នៅ​ខែ​តុលា ឆ្នាំ​២០០០ ឲ្យ​សច្ចាប័ន​នៅ​ខែ​មេសា ឆ្នាំ​២០០២ ហើយ​ចូល​ជា​ធរមាន​នៅ​ខែ​កក្កដា ឆ្នាំ​២០០២ មាន​ន័យ​ថា មាន​អំណាច​ចាប់​ផ្ដើម​អនុវត្ត។
រហូត​មក​ទល់​ពេល​នេះ មាន​ចលនា​នៅ​ក្រៅ​ប្រទេស​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ទៅ​តុលាការ​ ឧក្រិដ្ឋកម្ម​អន្តរជាតិ ប្រឆាំង​នឹង លោក ហ៊ុន សែន។ រណសិរ្ស​រំដោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក (Denmark) កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​ការ​បង្ក្រាប​ហិង្សា​របស់​កម្លាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បណ្ដាល​ឲ្យ​កម្មករ ៥​នាក់​ស្លាប់។ ចំណែក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ដើម​ខែ​មករា ឆ្នាំ​២០១៤។
ជាមួយ​គ្នា​នេះ​ផង​ដែរ មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក រីឆាដ រ៉ចជើរ (Richard Rogers) ក៏​កំពុង​ប្រមូល​ភស្តុតាង និង​រៀប​ចំ​ឯកសារ​មួយ​ចំនួន​ទៀត ដើម្បី​ប្ដឹង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​ជា​លក្ខណៈ​ប្រព័ន្ធ ទៅ អាយ.ស៊ី.ស៊ី ដែរ។ ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា លោក រីឆាដ រ៉ចជើរ នឹង​ប្ដឹង​ជា​ផ្លូវ​ការ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នៅ​ខែ​មេសា ខាង​មុខ។
ប្រសិន​បើ​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​នេះ​មែន នោះ​វា​ជា​បណ្ដឹង​ទី​បី​ហើយ ប្រឆាំង​នឹង​ការ​គ្រប់គ្រង និង​ការ​បញ្ជា​របស់ លោក ហ៊ុន សែន។
ក្រុម​មេធាវី​អន្តរជាតិ​ជាច្រើន​អះអាង​ដូចៗ​គ្នា​ថា បទ​ល្មើស​ដែល លោក ហ៊ុន សែន កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ រួម​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ស្លូត​ត្រង់ អំពើ​និទ្ទណ្ឌភាព និង​ការ​បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ជា​ បន្តបន្ទាប់។
មេធាវី​នៃ​ក្រុមហ៊ុន​ច្បាប់ Rees Broome ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក Mark A. Moorstein បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ករណី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ជា​ធាតុ​ផ្សំ​ដ៏​គ្រប់គ្រាន់​បំផុត​មួយ ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖ «ការ​បាញ់​ប្រហារ​ ជីវិត​កម្មករ​កាត់​ដេរ សម្រាប់​ខ្ញុំ គឺ​ជា​ករណី​ច្បាស់​ក្រឡែត និង​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​អំពើ​ ហិង្សា​ជ្រុល​ហួស​ហេតុ។ ជា​ភស្តុតាង គឺ​មាន​ការ​បញ្ជា​កង​ទាហាន​ឆ័ត្រយោង អម​ដោយ​សព្វាវុធ​គ្រប់​ធុន​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។ មាន​ការ​ធ្វើ​ទារុណកម្ម មាន​ការ​ឃុំឃាំង​មនុស្ស​ជាង ២០​នាក់ រួម​ទាំង​ក្មេង​មិន​ទាន់​គ្រប់​អាយុ។ ហើយ​អំពើ​ទាំង​នោះ សុទ្ធតែ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ។ ខ្ញុំ​គិត​ថា ការិយាល័យ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គួរ​ពិនិត្យ​មើល​លើ​ករណី​ទាំង​នេះ»
ការ​ប្ដឹង​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើ​ឡើង​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ថ្កោលទោស​របស់​រដ្ឋាភិបាល​ក្រុង​ វ៉ាស៊ីនតោន (Washington) សហគមន៍​អឺរ៉ុប និង​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពូល​ក្នុង​ពិភពលោក ចំពោះ​ការ​សម្លាប់​ជីវិត​កម្មករ​ខ្មែរ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ខណៈ​ពួក​គេ​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ ដើម្បី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ។
ករណី​ឃាតកម្ម​ធំៗ​ក្នុង​អំឡុង​ពេល​ក្ដោបក្ដាប់​អំណាច​របស់ លោក ហ៊ុន សែន រយៈពេល​ជាង ២៨​ឆ្នាំ​មក​នេះ រួម​មាន​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យ​ទៅ​ស្លាប់​ក្នុង​ផែន​ការ “ក៥” ការ​សម្លាប់​ជីវិត​អ្នក​កាសែត​ជាង ១០​នាក់ ការ​ធ្វើ​គត់​ព្រះសង្ឃ ការ​សម្លាប់​ជីវិត​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា តារា​ចម្រៀង ទូច ស៊ុននិច កម្ទេច​សម្ផស្ស​តារា​ខារ៉ាអូខេ អ្នកស្រី តាត ម៉ារីណា ប្រហារ​រង្គាល​កងទ័ព​រាជា​និយម​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ការ​បោក​គ្រាប់​បែក​មុខ​រដ្ឋសភា​សម្លាប់​មនុស្ស ១៦​នាក់ បាញ់​សម្លាប់ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អារ​ច្រៀក​យក​ជីវិត លោក ឈុត វុទ្ធី វីរជន​ការពារ​ព្រៃ​ឈើ និង​ការ​ឆក់​យក​ជីវិត​កម្មករ​កាត់​ដេរ​ចំនួន ៥​នាក់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។
លើស​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ក្នុង​ស្រុក និង​ច្បាប់​អន្តរជាតិ​ទាំង​នេះ របប​គ្រប់គ្រង​របស់ លោក ហ៊ុន សែន ក៏​បាន​រឹប​អូស​យក​ផ្ទះ​សម្បែង​ពី​ពលរដ្ឋ តាម​រយៈ​ការ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចុះ​ឆក់​យក​ដីធ្លី​ដី​ស្រែ​ចម្ការ និង​ដី​ភូមិដ្ឋាន​របស់​ពលរដ្ឋ​ដោយ​គ្មាន​សំណង ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ក្រុម​អ្នក​មាន​អំណាច។
តើ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែរ​ឬ​ទេ?
លក្ខន្តិកៈ​ទីក្រុង​រ៉ូម ចែង​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជា​អំពើ​ទាំង​ឡាយ​ណា​ដែល​កម្លាំង​របស់​ រដ្ឋាភិបាល ប្រឆាំង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស បន្ទាបបន្ថោក​មនុស្ស អំពើ​ទារុណកម្ម អំពើ​ឃាតកម្ម អំពើ​រំលោភ​សេពសន្ថវៈ ការ​រើសអើង​ផ្នែក​នយោបាយ ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ជំនឿ​សាសនា និង​អំពើ​អមនុស្សធម៌។
បើ​ទោះ​បី​ជា​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា រងគ្រោះ និង​រង​សម្ពាធ​នយោបាយ​ដែល​មិន​អាច​រក​យុត្តិធម៌​ឲ្យ​មហាជន​ក៏ដោយ ក៏​អំពើ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ចងក្រង និង​កត់ត្រា​ទុក​ទាំង​ក្នុង​បញ្ជី​អន្តរជាតិ និង​ក្រាំង​ប្រវត្តិសាស្ត្រ​ខាង​ការ​ប្រព្រឹត្ត​អំពើ អាក្រក់​លើ​ពលរដ្ឋ​របស់​ខ្លួន។ ហើយ​សំណាញ់​ច្បាប់​នៅ​តែ​រង់ចាំ​ជានិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons