. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, November 12, 2014

អ្នក​វិភាគ៖ ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​និង​ដីធ្លី​ឡើង​វិញ​ជា​រឿង​នយោបាយ


ដោយ ទីន ហ្សាការីយ៉ា
2014-11-12
ចាប់​អ្នក​បឹងកក់ ៦២០
សមត្ថកិច្ច​ចាប់​ស្ត្រី​បឹងកក់​ដែល​ជា​សកម្មជន​តវ៉ា​ដីធ្លី កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Rann Samnang
ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី គឺ​ជា​វប្បធម៌​មួយ​ធម្មតា​ទៅ​ហើយ​ក្នុង​សង្គម​កម្ពុជា ដែល​នៅ​អគារ​តុលាការ​មាន​មនុស្ស​ចោមរោម​ជាច្រើន ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ។
សកម្មភាព​ចាប់​ខ្លួន​នេះ គេ​ឃើញ​កើត​មាន​នៅ​ខណៈ​ជាប់​គាំង​នយោបាយ នៅ​ពេល​គណបក្ស​ទាំង​ពីរ​បាន​បែរ​ខ្នង​ដាក់​គ្នា មិន​ព្រម​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋសភា។ ក៏ប៉ុន្តែ សកម្មភាព​ចាប់​ខ្លួន​នេះ​បាន​ស្ងាត់​មួយ​រយៈ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​ជាប់​ឆ្នោត​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ កាល​ពី​ខែ​កក្កដា កន្លង​ទៅ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ភាព​ស្ងប់ស្ងាត់​មិន​បាន​ប៉ុន្មាន​ផង សកម្មភាព​តុលាការ​ចាប់​ខ្លួន​នេះ​បន្ត​កើត​ឡើង​វិញ ទោះ​ជា​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​នេះ​ហើយ​ក្ដី។
សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បាន​ចាប់​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ-អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម។ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​ទោស​មែន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ។
ការ​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​តុលាការ​បាន​ចាប់​ខ្លួន​អ្នក​បឹងកក់ ចំនួន ៧​នាក់ និង​បាន​បើក​សវនាការ​បិទ​ទ្វារ។ តុលាការ​បាន​សម្រេច​កាត់​ទោស​ស្ត្រី​សកម្មជន​ដីធ្លី​ទាំង ៧​នាក់​នេះ រួម​មាន​អ្នកស្រី ទេព វន្នី ផង ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ហើយ​ម្នាក់ៗ​ត្រូវ​ពិន័យ​ទឹក​ប្រាក់​ពីរ​លាន​រៀល។ តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ពី​បទ​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍ នៅ​ពេល​ពលរដ្ឋ​ប្រមាណ ៦០​នាក់ តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្ទះ​របស់​ពួក​គេ​លិច​ទឹក ដោយសារ​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹងកក់។
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ឥត​ឈប់​ឈរ​នេះ មិន​មែន​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ទេ​ដែល​មិន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដែល​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​តវ៉ា​នេះ៖ «សំឡេង»។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្រើប្រាស់​តុលាការ​បន្ត​ចាប់​ខ្លួន​ទៀត​នេះ ដោយសារ​តែ​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា មិន​ច្បាស់​លាស់។ លោក​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ទទួល​បាន​ការ​ជោគជ័យ​ម្ដង​រួច​ហើយ​នៅ​អំឡុង​ពេល​ចរចា ដែល​តុលាការ​បាន​ចាប់​ខ្លួន​តំណាង​រាស្ត្រ៖ «សំឡេង»។
មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​តុលាការ ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​ទៀត ដែល​សិទ្ធិ​តវ៉ា និង​សម្ដែង​មតិ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នោះ។
ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សកម្មភាព​គំរាម​កំហែង​ ប្រជាពលរដ្ឋ​គ្រប់​រូបភាព និង​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី​ដោយ​ឥត​លក្ខខណ្ឌ។
គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោភ​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​សុឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ដោយ​អហិង្សា សន្តិវិធី និង​ការ​សន្ទនា​រហូត​មាន​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ។
ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​បញ្ជាក់​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី មិន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ទេ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។ គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​ទាំង​នេះ គឺ​ជា​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​របស់ ​បុគ្គល​ទាំង​នោះ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ស្ថានភាព​គំរាម​កំហែង​បាន​កើត​មាន​ឥត​ឈប់​ឈរ ដែល​វប្បធម៌​នេះ​មិន​បាន​បញ្ចប់​ដោយ​ងាយៗ​ឡើយ គ្រាន់​តែ​ដូរ​រូបភាព​គំរាម​កំហែង​ពី​ការ​បាញ់​សម្លាប់ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ៖ «សំឡេង»។
អ្នក​វិភាគ​លើក​ឡើង​ថា នៅ​ក្នុង​ដំណាក់​កាល​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ទាំង​ក្នុង​រឿង​នយោបាយ​បច្ចុប្បន្ន ព្រោះ​ថា បច្ចុប្បន្ន​នេះ​គណបក្ស​ទាំង​ពីរ​កំពុង​តែ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ​កំពុង​ជជែក​គ្នា និង​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ទាំង​ស្រុង​នៅ​ឡើយ។
អ្នក​វិភាគ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ប្រើ​យុទ្ធសាស្ត្រ​ចាប់​ខ្លួន​ទទួល​បាន​ជោគជ័យ​ម្ដង​រួច​ហើយ​នៅ​ មុន​ចរចា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា។ ហើយ​ការ​ចាប់​ខ្លួន​លើក​នេះ​ទៀត មើល​ទៅ​រូបភាព​ក៏​មិន​ខុស​ពី​មុន​ដែរ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គណបក្ស​ទាំង​ពីរ​កំពុង​តែ​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​មួយ​ចំនួន។ ដូច្នេះ បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រឹង​ទទឹង សកម្មជន​របស់​ខ្លួន​អាច​នឹង​មិន​ដោះ​លែង​ក៏​ថា​បាន។
ម្យ៉ាង​ទៀត គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ភ័យ​ព្រួយ​អំពី គ.ជ.ប.ថ្មី បង្កើត​បាន ឬ​មិន​បាន​នោះ​ដែរ ដោយសារ​ថា កិច្ច​ព្រមព្រៀង​បាន​ចែង​យ៉ាង​ច្បាស់​ថា បើ គ.ជ.ប.ថ្មី បង្កើត​មិន​បាន គ.ជ.ប.ចាស់​នៅ​តែ​មាន​សុពលភាព​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

http://www.rfa.org/khmer/news/politics/re-arrested-political-activists-and-land-activists-case-11122014072347.html 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons