. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, November 13, 2014

តុលាការ​សម្រេច​ដាក់​ទោស​មនុស្ស ៤ នាក់​រយៈ​ពេល ១ ឆ្នាំ​និង​ពិន័យ ២ លាន​រៀល

Phnom Penh Post
ស្ត្រី​ជាប់​ចោទ​ទាំង​បី​នាក់ និង​អតីត​សង្ឃ​នាម សឺន ហៃ ពេល​នាំ​ខ្លួន​ឡើង​សវនាការ។
ស្ត្រី​ជាប់​ចោទ​ទាំង​បី​នាក់ និង​អតីត​សង្ឃ​នាម សឺន ហៃ ពេល​នាំ​ខ្លួន​ឡើង​សវនាការ។ ផា លីណា

តុលាការ​សម្រេច​ដាក់​ទោស​មនុស្ស ៤ នាក់​រយៈ​ពេល ១ ឆ្នាំ​និង​ពិន័យ ២ លាន​រៀល

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ស្រ្តី ៣ នាក់ និង​អតីត​ព្រះសង្ឃ​មួយ​អង្គ​និង​ឃុំ​ខ្លួន​ពួក​គេ​នៅ​ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល​ពី​បទ​ប្រើ​ហិង្សា​ប្រឆាំង​មន្រ្តី​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា ៥០៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។
ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធី ឆៃ បាន​ប្រកាស​ផ្តន្ទាទោស​អ្នក​ស្រី ហួង សុភាព អ្នក​ស្រី ហេង ពេជ្រ អ្នក​ស្រី អ៊ីម ស្រីទូច និង​លោក សឺន ហៃ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២ លាន​រៀល និង​បង្គាប់​ឲ្យ​នាំ​ខ្លួន​ស្រ្តី​ទាំង ៣ នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) និង​លោក សឺន ហៃ ដាក់​ពន្ធនាគារ​ព្រៃ​ស (ម១)។
លោក​ថ្លែង​ថា៖ «អ្នក​ទាំង​នេះ​មាន​ចរិត​រឹង​រូស មិន​ស្តាប់​បង្គាប់​មន្រ្តី​រាជការ​សាធារណៈ និង​បាន​ប្រើ​អំពើ​ហិង្សា​តប​ត​នឹង​មន្រ្តី​សាធារណៈ ដូច្នេះ អ្នក​ទាំង ៤ ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ក្នុង​ម្នាក់ៗ​ត្រូវ​ជាប់​ទោស​រយៈ​ពេល ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល និង​បើក​សិទិ្ធ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​នេះ»។
ក្នុង​ការ​ចោទ​ប្រកាន់​អតីត​ព្រះ​សង្ឃ សឺន ហៃ ត្រូវ​ចោទ​បន្ថែម​បទ​ល្មើស​ក្លែង​ឆាយា (ប័ណ្ណ​សម្គាល់​ជា​ព្រះសង្ឃ) ពី​លើ​បទ​ចោទ​ខាង​លើ។
ទោះ​ជា​បែប​ណា​ក្តី សេចក្តី​ប្រកាស​របស់​លោក​ចៅក្រម​ជំនុំ​ជម្រះ​ខាង​លើ​នេះ​ត្រូវ​មន្ត្រី​ អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​យល់​ថា ជា​ការ​កាត់​សេចក្តី​ខ្វះ​ភាព​យុតិ្តធម៌។
លោក អំ សំអាត ទីប្រឹក្សា​បច្ចេក​ទេស​ផ្នែក​ច្បាប់​នៃ​អង្គការ​សិទិ្ធ​មនុស្ស​លីកាដូ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពី​ការ​ជំនុំ​ជម្រះ​នេះ​ថា យោង​តាម​ការ​សួរ​ដេញ​ដោល​និង​ការ​បំភ្លឺ​របស់​សាក្សី​ដាក់​បន្ទុក ព្រម​ទាំង​រូបភាព​វីដេអូ​ឃ្លីប បាន​បង្ហាញ​ថា គ្មាន​ភ័ស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ទៅ​លើ​ជន​ត្រូវ​ចោទ​នោះ​ទេ ផ្ទុយ​ទៅ​វិញ រូបភាព​វីដេអូ បាន​បង្ហាញ​ពី​ការ​ប្រើ​អំពើ​ហិង្សា​របស់​សន្តិសុខ​ទៅ​លើ​ព្រះ​សង្ឃ ខណៈ​ដែល​ពួក​គេ​ធ្វើ​ការ​ចាប់​ខ្លួន​ទៅ​វិញ។
លោក សំអាត ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា នេះ គឺជា​ការ​កាត់​សេចក្តី​មួយ​ខ្វះ​ភាព​យុតិ្តធម៌​សម្រាប់​ជន​ដែល​ត្រូវ​ចោទ»។
នៅ​ក្នុង​អង្គ​សវនាការ​ផង​ដែរ លោក​ព្រះ​រាជអាជ្ញា កុល វិបុល បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន ដោយ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ជាប់​ចោទ​ទាំង ៤ ដោយ​ផ្អែក​ទៅ​លើ​រូបថត ដែល​បង្ហាញ​អំពី​ការ​ធ្វើ​សកម្មភាព​តវ៉ា​នៅ​លើ​ផ្លូវ​សាធារណៈ ត្រង់​ផ្លូវ​កែង ២១៧ ក្នុង សង្កាត់​វាលវង់ ខណ្ឌ ៧​មករា។
លោក​ថ្លែង​ទៀត​ថា៖ «យោង​តាម​រូបភាព​និង​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក សារឿន មន្រ្តី​ស៊ើប​ការណ៍​ដែល​បង្ហាញ​ពី​ស្នាម​របួស​នៅ​ម្រាម​ជើង​ខាង​ឆ្វេង​របស់​ គាត់ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ជន​ទាំង ៤ ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ត​ទល់​ប្រឆាំង​នឹង​មន្រ្តី​មាន​ សមត្ថកិច្ច​ដែល​ត្រូវ​ជាប់​ពិរុទ្ធ យោង​តាម​មាត្រា ៥០៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។
ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ហម សំរឹទ្ធ មេធាវី​ការពារ​ជន​ជាប់​ចោទ​ទាំង ៤ នាក់​បាន​ថ្លែង​ដោយ​លើក​ឡើង​អំពី​ចេតនា សកម្មភាព​និង​ព្យសនកម្ម​របស់​កូន​ក្តី​គាត់​ថា មិន​មាន​បង្ហាញ​អំពី​បំណង​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​មន្រ្តី​ សាធារណៈ​ដូច​ការ​ចោទ​នោះ​ឡើយ។
លោក​ថ្លែង​ថា៖ «កូន​ក្តី​របស់​ខ្ញុំ​ទាំង ៤ មាន​បំណង​គ្រាន់​តែ​ចង់​ទៅ​ស្តាប់​អំពី​លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ​របស់​ ស្រ្តី​បឹងកក់​ទាំង ៧ នាក់​ថា តើ​តុលាការ​សម្រេច​ដាក់​ទោស​ឬ​ដោះ​លែង​ប៉ុណ្ណោះ ហើយ​យោង​តាម​រូបភាព​វីដេអូ​ឃ្លីប ដែល​បាន​ចាក់​បង្ហាញ​នៅ​ក្នុង​អង្គ​សវនាការ ក៏​ពុំ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ប្រឆាំង​តប​ត​នឹង​សមត្ថកិច្ច​នោះ​ដែរ តែ​ផ្ទុយ​ទៅ​វិញ យើង​ឃើញ​កម្លាំង​សន្តិសុខ​ទៅ​វិញ​ទេ ដែល​មាន​ប្រើ​ដំបង​វាយ​ទៅ​លើ​ពលរដ្ឋ ហើយ​មិន​មែន​រូបភាព​នៃ​កូន​ក្តី​ទាំង ៤ របស់​ខ្ញុំ​ក្នុង​នោះ​ទេ»។
លោក​បន្ត​ថា៖ «ការ​បង្ហាញ​ពី​រូបភាព​ដុត​ទង់​ជាតិ​វៀតណាម មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទេ។ យោង​តាម​មាត្រា ៥០៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ស្តី​អំពី​ការ​ប្រើ​ហិង្សា​ត​ទល់​នឹង​មន្រ្តី​រាជការ​ សាធារណៈ នោះ​កូន​ក្តី​របស់​ខ្ញុំ​មិន​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទ​ប្រកាន់​នេះ​ ឡើយ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​ចៅក្រម​លុប​ចោល​បទ​ចោទ​និង​ដោះ​លែង​កូន​ក្តី​ខ្ញុំ​ឲ្យ​មាន​ សេរីភាព​ឡើង​វិញ»៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons