. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, November 15, 2014

អាដហុក​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​សកម្មភាព​ជីក​រក​រ៉ែ​ត្បូង​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល

2014-11-15
ជីក​រ៉ែ​ត្បូង រតនគិរី ៦២០
សមត្ថកិច្ច​ស្រុក​បរកែវ ខេត្ត​រតនគិរី ចុះ​បង្ក្រាប​សកម្មភាព​ជីក​រក​ត្បូង​នៅ​ចម្ការ​កៅស៊ូ​ក្នុង​ភូមិ​ត្រំ ឃុំ​ឡាមិញ ស្រុក​បរកែវ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Ratha Visal
រណ្ដៅ​រាប់​ម៉ឺន ត្រូវ​បាន​គេ​ជីក​យក​ត្បូង​មាន​តម្លៃ​នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​ដី​ចម្ការ​កៅស៊ូ​ឯកជន​មួយ​កន្លែង​នៅ​ខេត្ត​រតនគិរី។ ការ​ជីក​យក​ត្បូង​មាន​តម្លៃ​នេះ ត្រូវ​បាន​គេ​សង្ស័យ​ទៅ​លើ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ក្រុមហ៊ុន​ចិន វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​របស់​ខេត្ត​នេះ ជា​អ្នក​ឃុបឃិត​បើក​ដៃ ដើម្បី​យក​ប្រាក់​ពី​ការ​ជីក​ត្បូង​នៅ​ទីនោះ។
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស អំពាវនាវ​សុំ​ឲ្យ​ស៊ើប​អង្កេត​បន្ទាន់​មួយ​ទៅ​លើ​សកម្មភាព​ជីក​រក​រ៉ែ​ត្បូង ​ខុស​ច្បាប់ នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​ចម្ការ​កៅស៊ូ​គ្រួសារ​របស់​ពលរដ្ឋ​នៅ​ភូមិ​ត្រំ ឃុំ​ឡាមិញ ស្រុក​បរកែវ ឋិត​នៅ​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា បន្ទាប់​ពី​មន្ត្រី​អង្គការ​នេះ​រក​ឃើញ​ថា ផ្ទៃ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន (Swift Rubber Plantation) ជិត ៤០​ហិកតារ និង​ចម្ការ​កៅស៊ូ​គ្រួសារ​របស់​ពលរដ្ឋ​នៅ​ក្បែរ​គ្នា​នោះ ពោរពេញ​ទៅ​ដោយ​រណ្ដៅ​ជីក​ត្បូង​រាប់​ម៉ឺន​រណ្ដៅ ដែល​គេ​ជីក​ចាប់​ពី​ខែ​សីហា រហូត​មក។
អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ហៅ​ការ​ជីក​យក​ត្បូង​មាន​តម្លៃ ថា​ជា​ការ​បំពាន​ច្បាប់។ ចំណែក​មន្ត្រី​មូលដ្ឋាន ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​តំបន់​នោះ ត្រូវ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ថា មន្ត្រី​មូលដ្ឋាន និង​ក្រុមហ៊ុន ត្រូវ​បាន​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​ឃុបឃិត​ក្នុង​បញ្ហា​នេះ៖ «ដី​ចម្ការ​ កៅស៊ូ​នេះ​មាន​ការ​គ្រប់គ្រង អ៊ីចឹង​បើ​សិន​មិន​មាន​ការ​ឃុបឃិត​ទេ គឺ​ប្រជាពលរដ្ឋ​មិន​អាច​ចូល​ទៅ​ជីក​បាន​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​មាន​ការ​ទប់ស្កាត់​ដែរ។ ពេល​ដំណឹង​នេះ​ដឹង​ឮ អាជ្ញាធរ​គ្រាន់​តែ​ទៅ​ដេញ ឲ្យ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន នៅ​ពេល​ស្ងាត់ៗ​ចាំ​ចូល​មក​ជីក​រ៉ែ»
កាល​ពី​ខែ​កក្កដា អតីត​សមាជិក​ក្រុម​សាមគ្គី​ធ្វើ​អាជីវកម្ម​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​តំបន់​ នោះ លោក ស៊ិន ប៊ុនថែន បាន​ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន ពីរ​នាក់​មាន​ឈ្មោះ ផា និង វុធ បាន​ឃុបឃិត​ជាមួយ​ដង្ខៅ​ត្បូង​ម្នាក់​ឈ្មោះ ផល រស់នៅ​ភូមិ​ត្រំ គឺ​ជា​អ្នក​ចលនា​ឲ្យ​កម្មករ​ទៅ​ជីក​ត្បូង។ ដង្ខៅ​ត្បូង​នោះ ក៏​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​រក​ត្បូង​ទៅ​ឲ្យ​កម្មករ ហើយ​ពួក​គេ​ចាំ​ប្រមូល​ទិញ​ត្បូង​នោះ​វិញ។ ចំណែក​មន្ត្រី​មូលដ្ឋាន ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ទទួល​ប្រាក់​សំណូក​ពី​ការ​ជីក​យក​ត្បូង។
ទាក់ទិន​ករណី​នេះ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន លោក និន បូរិន បដិសេធ​ការ​ចោទ​ប្រកាន់។ លោក​អះអាង​ថា រណ្ដៅ​រ៉ែ​ថ្មី​នេះ​មិន​ឋិត​ក្នុង​ដី​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​គ្រប់គ្រង​ ឡើយ៖ «ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​អត់​មាន​គេ​ចូល​ជីក​ទេ ព្រោះ​យើង​ដាក់​កម្លាំង​ទប់ស្កាត់​រាល់​ថ្ងៃ ប៉ូលិស ៣​នាក់ និង​កម្លាំង​របស់​ក្រុមហ៊ុន ៦​នាក់​នៅ​ទៀត​យាម​កាម​រាល់​ថ្ងៃ»
ដូច​គ្នា​នេះ​ដែរ អធិការ​ប៉ូលិស​ស្រុក​បរកែវ លោក ម៉ៅ សាន់ អះអាង​ដែរ​ថា ម្ចាស់​ដី​ចម្ការ​កៅស៊ូ​គ្រួសារ គឺ​ជា​អ្នក​ពាក់ព័ន្ធ​ផ្តល់​ដី​ធ្វើ​អាជីវកម្ម​ឲ្យ​អ្នក​ជីក​ត្បូង។ លោក​បន្ត​ថា ជាង ១០​ថ្ងៃ​កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​បិទ​កន្លែង​នោះ​មិន​ឲ្យ​ជីក​ត្បូង​ត​ទៅ​ទៀត​ទេ៖ «មិន​មែន​ ទេ​ដី​ចម្ការ​ខ្លួន​គេ មិន​មែន​ទេៗ អា​ហ្នឹង​យើង​ធ្វើ​ហើយ​តាំង​ពី​យូរ​ហើយ​ចប់​សព្វគ្រប់​ហើយ។ រាល់​ថ្ងៃ​នេះ សកម្មភាព​នេះ​ដី​ចម្ការ​ខ្លួន​ឯង​ទេ»
ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ឃើញ​សកម្មភាព​ជីក​ត្បូង​បញ្ជាក់​ថា ដី​ចម្ការ​កៅស៊ូ​ដែល​ក្រុមហ៊ុន​គ្រប់គ្រង និង​ដី​ចម្ការ​កៅស៊ូ​គ្រួសារ​ពលរដ្ឋ ពិត​ជា​មាន​ការ​ជីក​រក​ត្បូង​គ្មាន​សល់​ចន្លោះ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ដី​ចម្ការ​កៅស៊ូ និង​ដើម​កៅស៊ូ ជាពិសេស​បន្សល់​ចោល​នូវ​រណ្ដៅ​ជ្រៅៗ​ដូច​អណ្ដូង​នៅ​ក្នុង​បរិវេណ​ដី​ចម្ការ​ កៅស៊ូ៖ «ដី​ប្រជាជន​ក៏​មាន​ជីក​ដែរ​ដី​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ក៏​មាន​ ជីក​ដែរ ជីក​ទាំងអស់​គ្នា។ ជាក់ស្តែង បើ​គ្មាន​ការ​ឲ្យ​ដៃ​ពី​ក្រុមហ៊ុន ក៏​គេ​មិន​ហ៊ាន​ចូល ព្រោះ​ធម្មតា​មិន​អាច​នរណា​ហ៊ាន​ចូល​ទេ​កន្លែង​ហ្នឹង»
ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន ចាត់​ទុក​ការ​ជីក​យក​ត្បូង​ទាំងអស់​នោះ ថា​ជា​សកម្មភាព​ខុស​ច្បាប់។ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ជីក​យក​ត្បូង ប៉ុន្តែ​សមត្ថកិច្ច​មិន​មាន​ភស្តុតាង​ចោទ​ប្រកាន់​ជន​ណា​ម្នាក់​ក្នុង​រឿង​ នេះ​នៅ​ឡើយ៖ «ធម្មតា​បើ​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ ម៉េច​ខ្មោច​ព្រៃ​ហ៊ាន​ចូល។ អ៊ីចឹង​វា​មាន​ការ​ឃុបឃិត។ ខ្ញុំ​ចុះ​ទៅ​ដែរ​តើ ខ្ញុំ​ចុះ​ទៅ​ពីរ​ដង​បី​ដង​ដែរ ប៉ុន្តែ​ខ្ញុំ​ទៅ​ដល់​នៅ​សល់​តែ​គំនរ​ដី​ប្រហោង​ហ្នឹង»
កាល​ពី​ខែ​កក្កដា ក្រុម​សមត្ថកិច្ច​ប៉ូលិស និង​អាវុធហត្ថ​ស្រុក​បរកែវ បាន​បង្ក្រាប​កន្លែង​ជីក​ត្បូង​នេះ​ពីរ​លើក និង​ដក​ហូត​គ្រឿង​សម្ភារៈ​ជីក​ត្បូង​ប្រមាណ ១០​កន្លែង ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់ កំពុង​ជីក​រណ្ដៅ​ត្បូង​ច្រើន​រាប់​រយ​កន្លែង ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

http://www.rfa.org/khmer/news/environment/adhoc-asks-to-investigate-mine-digging-in-rattanakiri-11152014061144.html 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons