. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, November 19, 2014

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​បើក​ទំនប់​បង្ហូរ​ទឹក​ចេញ​ពី​ស្រែ

ដោយ ហ៊ុំ ចំរើន

2014-11-18
តវ៉ា​បើក​ទ្វារ​ទឹក ប៉ោយប៉ែត ៦២០
សកម្មភាព​ប្រជាពលរដ្ឋ​តវ៉ា​នៅ​ខាង​មុខ​ទ្វារ​បង្ហូរ​ទឹក នៅ​ចំណុច​ភូមិ​សុខសាន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Hum Chamroeun
ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ទំនប់​ទ្វារ​បង្ហូរ​ទឹក នៅ​សង្កាត់​និមិត្ត ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បើក​ប្រព័ន្ធ​បង្ហូរ​ទឹក​ចេញ​ពី​ ស្រែ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា។
ការ​តវ៉ា​នេះ កើត​មាន​បន្ទាប់​ពី​ក្រុមហ៊ុន អានកូ (Anco) ដឹក​ដី​ទៅ​ចាក់​បិទ​ទ្វារ​បង្ហូរ​ទឹក បណ្ដាល​ឲ្យ​លិច​លង់​ផ្ទះ​សម្បែង និង​ផល​ដំណាំ​របស់​ប្រជា​កសិករ​រាប់​រយ​ហិកតារ ដោយ​ពុំ​មាន​អ្នក​ទទួល​ខុស​ត្រូវ។
បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដឹក​នាំ​ដោយ លោក ង៉ោ ម៉េងជ្រួន និង​មន្ត្រី​ពាក់ព័ន្ធ បើក​ប្រជុំ​សម្រប​សម្រួល​ដោយ​មាន​តំណាង​ក្រុមហ៊ុន និង​ភាគី​ប្រជាពលរដ្ឋ​ចូលរួម​រក​ដំណោះស្រាយ​នៅ​ចំណុច​ទ្វារ​បង្ហូរ​ទឹក។ នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​នោះ ភាគី​ទាំង​សងខាង​បាន​ឯកភាព​គ្នា ដោយ​ស្វែងរក​ទីកន្លែង​សមរម្យ​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ស្រែ​របស់​ ប្រជាពលរដ្ឋ។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក រឹន សុផា រស់នៅ​ភូមិ​សុខសាន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ថ្លែង​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា មូលហេតុ​ដែល​តវ៉ា​ឲ្យ​អាជ្ញាធរ​បើក​ទ្វារ​បង្ហូរ​ទឹក​ចេញ​ពី​ស្រែ​នោះ ដោយសារ​ទឹក​នៅ​តំបន់​សង្កាត់​និមិត្ត ហូរ​ចាក់​ពី​ប្រទេស​ថៃ លិច​ដី​ស្រែ​របស់​អ្នក​ភូមិ ក្នុង​នោះ​ស្រែ​ខ្លះ​កំពុង​ប្រមូល​ផល ហើយ​រលួយ​ខូច​បណ្ដើរៗ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ។ លោក​បន្ត​ទៀត​ថា បញ្ហា​ចម្បង​ដែល​ទឹក​លិច​ស្រែ​អ្នក​ភូមិ​ច្រើន​បែប​នេះ បណ្ដាល​មក​ពី​ក្រុមហ៊ុន អានកូ របស់ លោក​ឧកញ៉ា កុក អាន ចាក់​ដី​បិទ​ទ្វារ​បង្ហូរ​ទឹក ធ្វើ​ឲ្យ​ទឹក​គ្មាន​ច្រក​បង្ហូរ​ចេញ៖ «ក្រុមហ៊ុន ​អានកូ នោះ​គាត់​នៅ​កន្លែង​រន្ធ​លូ​នោះ ដើម្បី​អត់​ឲ្យ​ទឹក​ចេញ ហើយ​លើក​ផ្លូវ​ដាក់​លើ​ខ្នង​អាង​នោះ​ដល់​ពីរ​បី​បួន​ប្រាំ​ម៉ែត្រ​ពី​លើ​នោះ ​ទៀត កម្ពស់​ពី​លើ​ផ្លូវ​នោះ​ព័ទ្ធ​ជុំវិញ​រយៈពេល​បី​ខែ​មក​ហើយ។ តាំង​ពី​អា​ទឹក​យើង​ទឹក​ខែ​ភ្ជុំ​មក តាំង​ពី​មុន​ខែ​ភ្ជុំ​វា​បាន​បិទ​កម្ពស់​ពី​លើ​អា​ថ្នល់​នោះ​ទៀត​ណោះ»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​ក្រុមហ៊ុន​អានកូ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា។
យ៉ាង​នេះ​ក្ដី អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​បញ្ជាក់​ថា មូលហេតុ​ដែល​ទឹក​លិច​ស្រែ​អ្នក​ភូមិ​ខ្លះ ហើយ​មិន​អាច​បើក​ទ្វារ​បង្ហូរ​ទឹក​ភ្លាមៗ​នោះ ដោយសារ​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​សងខាង​ទំនប់​ទឹក ហើយ​ប្រសិន​បើ​បើក​ទ្វារ​បង្ហូរ​ទឹក​ចេញ​ពី​ស្រែ​អ្នក​ភូមិ​ម្ខាង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ម្ខាង​ទៀត។ លោក​ថា បញ្ហា​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​រំដោះ​ទឹក​ ចេញ​ពី​ស្រែ​របស់​អ្នក​ភូមិ​នោះ៖ «បរិមាណ​ទឹក​វា​កើន​ឡើង​ច្រើន ដល់​ពេល​កើន​ឡើង​ច្រើន យើង​បើ​ទៅ​វា​ហូរ​ទៅ វា​ធ្វើ​ឲ្យ​លិច​ផ្ទៃ​ខាង​លើ។ ហើយ​បើ​កាល​ណា​យើង​បើក​ទៅ​ច្រើន វា​ធ្វើ​ខាង​ក្រោម អ៊ីចឹង​យើង​រក​វិធីសាស្ត្រ​ដោះស្រាយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ទឹក​ហ្នឹង​ស្រក​ចេញ​ពី​ខាង​លើ​ផង មិន​ឲ្យ​ប៉ះពាល់​ខាង​ក្រោម។ ថ្ងៃ​នេះ​ទាំង​ប្រជាពលរដ្ឋ ទាំង​ក្រុមហ៊ុន​ហ្នឹង​សិក្សា​រួម​គ្នា ដើម្បី​ដើរ​រក​កន្លែង​ដែល​យើង​ត្រូវ​បើក​បន្ថែម​ទៀត ហើយ​មិន​ឲ្យ​ប៉ះពាល់​ទៅ​នឹង​ផល​ដំណាំ​ប្រជាពលរដ្ឋ​នៅ​ខាង​ក្រោម»
លោក​បន្ត​ទៀត​ថា អាជ្ញាធរ​បាន​បើក​ប្រព័ន្ធ​បង្ហូរ​ទឹក​ម្ខាង​រួច​ទៅ​ហើយ ចំណែក​ឯ​ផ្នែក​ផ្សេង​ទៀត​កំពុង​ស្វះស្វែង​រក​ទី​រំដោះ​ទឹក​ចេញ​ពី​ស្រែ ដើម្បី​បញ្ចៀស​បញ្ហា​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន កត់​សម្គាល់​ថា ហេតុ​ដែល​ទឹក​លិច​លង់​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ជា​ញឹកញយ​មិន​ចេះ​ចប់​នោះ កើត​ចេញ​ពី​ការ​បិទ​ប្រព័ន្ធ​បង្ហូរ​ទឹក​របស់​ក្រុមហ៊ុន ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ទឹក​នៅ​តំបន់​នោះ​ទៅ​ធ្វើ​អាជីវកម្ម​ផលិត​ ទឹក​ស្អាត៖ «យើង​គិត​ថា​សុំ​ឲ្យ​ការ​សន្យា​របស់​ហ្នឹង​ក្លាយ​ជា​ការ​ពិត​ ទៅ ព្រោះ​យើង​ឃើញ​ថា កន្លែង​ហ្នឹង​វា​កើត​មាន​យូរ​មក​ហើយ។ ហើយ​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​បាន​ធ្វើ​ការ​តវ៉ា​ជាច្រើន​ដង​មក​ហើយ​ដែរ។ អ៊ីចឹង​បើ​សិន​បញ្ហា​នៅ​តែ​ដដែល អ៊ីចឹង​យើង​ជឿ​ថា​ថ្ងៃ​ក្រោយ​ប្រជាពលរដ្ឋ​គាត់​នឹង​មក​ធ្វើ​ការ​តវ៉ា​ជា​ បាតុកម្ម​អី​បន្ត​ទៀត។ អ៊ីចឹង​សុំ​ឲ្យ​ការ​សន្យា​របស់​អាជ្ញាធរ​ហ្នឹង គាត់​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ទៅ»
ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ទ្វារ​បង្ហូរ​ទឹក​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​បើក​នោះ ពុំ​ទាន់​មាន​ចំណាត់​ការ​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​បង្ហើប​ទៀត​ថា ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ខ្លាំង​ប្រមាណ ២០០​ហិកតារ ជា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ ហើយ​ភាគ​ច្រើន​រស់នៅ​ភូមិ​សុខសាន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons