. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, November 27, 2014

លោក សម រង្ស៊ី ស្នើសុំ​លោក ស ខេង ឲ្យ​ដោះ​លែង​មនុស្ស​ទាំង​១៩​នាក់

ដោយ ទីន ហ្សាការីយ៉ា

2014-11-27
សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Tin Zakariya
មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្រោយ​ពី​តុលាការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​នោះ។
នៅ​ក្នុង​ជំនួប​នោះ លោក សម រង្ស៊ី បាន​លើក​ពី​បញ្ហា​ជាច្រើន​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ត្រូវ​ដោះស្រាយ តែ​លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​លម្អិត​ថា តើ​ករណី​អ្វី​ខ្លះ​ដែល​លោក​បាន​លើក​នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ​ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នោះ​ទេ? ដោយ​លោក​បញ្ជាក់​ថា លោក​បាន​លើក​ពី​ករណី​ចាប់​ខ្លួន​មនុស្ស​រើ​ឡើង​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ ជាដើម។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ស្នើសុំ​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​ទាំងអស់​នោះ។
នៅ​ក្នុង​ជំនួប​ប្រមាណ​ជា ១​ម៉ោង​នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា លោក សម រង្ស៊ី មិន​ឆ្លើយ​តប​ចំពោះ​សំណួរ ថា​តើ​ការ​ជួប​រវាង​លោក និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នោះ លោក​មិន​បាន​បញ្ជាក់​ថា តើ​លោក​បាន​លើក​ពី​សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​កំពុង​តែ​មាន​ភាព​ចម្រូងចម្រាស​នោះ និង​ករណី​ផ្សេងៗ​ទៀត​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា ដរាប​ណា​មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លូវ​ការ គឺ​លោក​មិន​ទាន់​ប្រាប់​បាន​ទេ។ ក្រៅ​ពី​នេះ លោក​អះអាង​ថា លោក​បាន​ស្នើ​ដល់ លោក ស ខេង ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ ភាព​តានតឹង ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​ទាំងអស់ បញ្ចប់​នីតិវិធី​តុលាការ​ទាំងអស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជាប់​នីតិវិធី​ តុលាការ។ ប្រជាពលរដ្ឋ​មិន​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​ទេ រឿង​អី​គាត់​ទៅ​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​លិច​ផ្ទះ​គាត់ ហើយ​ចាប់​ខ្លួន​គាត់?»
ចំណែក​ឯ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ វិញ លោក​មិន​បាន​ឆ្លើយ​សំណួរ​អ្នក​កាសែត​ឡើយ។ លោក ស ខេង ឆ្លើយ​យ៉ាង​ខ្លី​ថា ករណី​ចាប់​ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​រឿង​នយោបាយ។ លោក​បញ្ជាក់​ថា មិន​មែន​ជា​រឿង​មនុស្ស​ទាំង​នោះ​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ទេ។ លោក​អះអាង​ថា ករណី​នេះ​មិន​មែន​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​អ្វី​ទេ គឺ​តុលាការ​ធ្វើ​ការ​ក្រោម​សម្ពាធ​នយោបាយ៖ «ករណី​នយោបាយ គ្រាន់​តែ​ជា​ចំណាប់​ខ្មាំង​មួយ កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ចេញ​ពី​សភា ជា​ការ​គំរាម​កំហែង​ទេ? ដូច្នេះ​បើ​ជា​រឿង​នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​យក​អភ័យ​ឯកសិទ្ធិ​ទៅ​ដោះស្រាយ​ទេ បើ​យក​អភ័យ​ឯកសិទ្ធិ​ទៅ​ដោះ​ដូរ តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​អភ័យ​ឯកសិទ្ធិ​ប៉ុន្មាន​ទៀត? បើ​សិន​ជា​មាន​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​នោះ?»
មក​ទល់​ពេល​នេះ តុលាការ​បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ​ចំនួន ១៦​នាក់ និង​ព្រះសង្ឃ ៣​អង្គ​ទៀត។ ដោយ​ឡែក​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ មិន​ទាន់​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ​តាម​ការ​ស្នើសុំ​របស់​មេធាវី​របស់​លោក ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។
មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា គឺ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ការ​ស្នើសុំ​មេធាវី​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ។
សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា បាន​ចាប់​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ-អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់ ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម។ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​ទោស​មែន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ។
អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​គួរ​តែ​បញ្ចប់​វប្បធម៌​ចរចា​នយោបាយ ដើម្បី​ឲ្យ​ដោះ​លែង​មនុស្ស​នេះ។ អ្នក​នយោបាយ ត្រូវ​ធ្វើ​យុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​បញ្ហា​សង្គម និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាម​រូបភាព​ផ្សេងៗ​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​រក​ភាព​យុត្តិធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons