. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, November 25, 2014

ទាហាន​ម្នាក់​លាលែង​ពី​តំណែង​ក្រោយ​ពី​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ

ពោធិ៍សាត់ៈ ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន និង​ទាហាន​ម្នាក់​បាន​សម្រេច​ដោះ​សម្លៀក​បំពាក់​សុំ​លាលែង​ពី​តំណែង បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ចម្រុះ​ប្រមាណ​ជា ១០០ នាក់​បាន​ចុះ​ការពារ​ឲ្យ​ក្រុម​ហ៊ុន​ឧកញ៉ា ទ្រី ភាព ធ្វើ​ការ​ឈូស​បំផ្លាញ​ផ្ទះ ១១ ខ្នង​របស់​ពលរដ្ឋ​ដែល​ជា​គ្រួសារ​ទាហាន​សមាហរណ​កម្ម រស់​នៅ​ក្នុង ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន MDS Import Export Co; Ltd របស់​លោក​ឧកញ៉ា ទ្រី ភាព។
លោក សេង ពៅ ដែល​ជា​មន្ត្រី​ទាហាន​បម្រើ​ការ​ឲ្យ​វីរ​សេនា​តូច​ការពារ​ព្រំដែន​លេខ ១៤៥ ចំណុះ​ឲ្យ​កង​ពល​តូច​អន្តរាគមន៍​លេខ ១៤ ដែល​ឈរ​ជើង​នៅ​ក្នុង ស្រុក​វាលវែង បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​បាន​សម្រេច​ចិត្ត​ដោះ​យក​ខោ​អាវ​និង​កាំភ្លើង​ប្រគល់​ជូន​មេ​វរៈ​របស់​ លោក​វិញ​ដោយ​សម្រេច​ចិត្ត​សូម​លាលែង​ឈប់​ធ្វើ​ការ​ក្រោយ​ពី​កម្លាំង​ សមត្ថកិច្ច​ចម្រុះ​បាន​នាំ​គ្នា​មក​ការពារ​ឲ្យ​ក្រុម​ហ៊ុន​ឈូស​បំផ្លាញ​ផ្ទះ ​សម្បែង​របស់​ប្រជា​ពលរដ្ឋ។
លោក​ថ្លែង​ថា៖ «ខ្ញុំ​តូច​ចិត្ត​មិន​ដឹង​ការពារ​ព្រំដែន​ឲ្យ​អ្នក​ណា​ទៀត​បើ​ដី​ខ្លួន​ឯង​ ការពារ​មិន​បាន​ផង ដូច្នេះ​មាន​តែ​សុំ​ឈប់​ពី​ការងារ»។
លោក​បាន​ថ្លែង​ថា ដី​របស់​លោក​ដែល​មាន​សព្វ​ថ្ងៃ​គឺជា​ដី​ដែល​ឪពុក​ម្តាយ​របស់​លោក​បាន​ក្រោយ​ ពី​សមាហរណ​កម្ម ហើយ​នៅ​ក្នុង ឆ្នាំ​២០០០ ដែល​លោក​មេឃុំ​បាន​ចេញ​លិខិត​បញ្ជាក់​ដីធ្លី​ឲ្យ ប៉ុន្តែ​ក្រោយ​មក​ទៀត​បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​ចូល​មក​នៅ ឆ្នាំ​២០១០ បែរ​ជា​អាជ្ញាធរ​ថា ពលរដ្ឋ​ទាំង​អស់​នៅ​រស់​នៅ​ដោយ​ខុស​ច្បាប់។
លោក​ថ្លែង​ថា៖ «នៅ​ពេល​ដែល​គេ​មក​ឈូស​ដី​ចម្ការ​ខ្ញុំ ខ្ញុំ​បាន​យក​ប័ណ្ណ​នោះ​បង្ហាញ ប៉ុន្តែ​លោក​អភិបាល​ស្រុក​ថា ប័ណ្ណ​នោះ​អត់​ត្រូវ​ច្បាប់​ទេ គឺ​គេ​ទទួល​ស្គាល់​តែ​ប័ណ្ណ​ដែល​និសិ្សត​វាស់​ឲ្យ​តាម​បទ​បញ្ជា ០១ បប ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​និស្សិត​នោះ​វាស់​លោក​អភិបាល​រូប​នោះ​ថា មិន​អី​ទេ​មិន​បាច់​វាស់​ក៏​មិន​អី​ដែរ តែ​ពេល​នេះ​គេ​ចោទ​ថា យើង​មិន​ស្រប​ច្បាប់»។
លោក​បន្ថែម​ថា៖ «ពលរដ្ឋ​រស់​នៅ​តាំង​ពី​ឆ្នាំ ៨០ ជាង​មិន​ស្រប​ច្បាប់​ទេ ហើយ​បដិសេធ​បង្កាន់​ដៃ​កាន់​កាប់​ដីធ្លី​របស់​ពលរដ្ឋ ប៉ុន្តែ​បែរ​ជា​យក​ដី​របស់​ពលរដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឧកញ៉ា​វិញ»។
ចំណែក​ឯ​អ្នក​ស្រី ប្រាក់ សុផល បាន​ថ្លែង​ថា កម្លាំង​ប៉េអឹម និង​ប៉ូលិស​បាន​មក​ឈូស​ផ្ទះ​នោះ​មីន​បាន​ផ្ទុះ​ពីរ​គ្រាប់​បណ្តាល​ឲ្យ​ដាច់​ ច្រវាក់​អាប៊ុល ប៉ុន្តែ​ពុំ​មាន​គ្រោះ​ថ្នាក់​ទេ គេ​ធ្វើ​នោះ​គឺ​សាហាវ​យង់ឃ្នង​បំផុត គេ​ឈូស​ផ្ទះ​ពលរដ្ឋ​រាប​ដល់​ដី ហើយ​សត្វ ជ្រូក មាន់ ទា និង​សម្ភារ​ផ្សេងៗ​ទៀត​គេ​បោះ​ដាក់​លើ​ឡាន​គេ​ទាំង​អស់ ហើយ​យក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​រដ្ឋបាល នៅ​ពេល​ពលរដ្ឋ​ទៅ​សុំ​យក​មក​វិញ ដូច​ជា​ឆ្នាំង​បាយ​ឬ​អង្ករ គេ​ទាមទារ​ឲ្យ​ពលរដ្ឋ​ផ្តិត​មេដៃ តែ​ពលរដ្ឋ​មិន​ព្រម។
អ្នក​ស្រី​បាន​ថ្លែង​ថា៖ «គេ​ដាក់​បារ៉ាស់​បិទ​ផ្លូវ​មិន​ឲ្យ​យើង​ចូល​ភូមិ​ទេ ហើយ​យើង​គ្រាន់​សុំ​គេ យក​ខោ​អាវ​ផ្លាស់​ក៏​គេ​មិន​ព្រម​ដែរ​គេ​ទារ​ឲ្យ​យើង​ផ្តិត​មេ​ដៃ តើ​គេ​ចង់​យក​មេ​ដៃ​នោះ​ទៅ​ធ្វើ​ស្អី? ពីព្រោះ​ក្រដាស​នោះ​មិន​មាន​សរសេរ​ស្អី​ផង»។
អ្នក​ស្រី​បាន​ថ្លែង​ថា ពលរដ្ឋ​ដែល​នៅ​មាន​ជម្លោះ​ដី​ធ្លី​សព្វ​ថ្ងៃ​សល់​តែ ២៣ គ្រួសារ​នោះ គឺជា​ពលរដ្ឋ​សមាហរណ​កម្ម​ហើយ​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ជា​គ្រួសារ​ទាហាន​ដែល​ បាន​ទទួល​របប​ដី​ពី​មេ​នៅ ឆ្នាំ​២០០០ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ទទឹង ១២០ ម៉ែត្រ និង​បណ្ដោយ ៣០០ ម៉ែត្រ​មាន​ប័ណ្ណ​សម្គាល់​ត្រឹម​ត្រូវ​គេ​ចោទ​ថា អនាធិបតេយ្យ។
អ្នក​ស្រី​បាន​ថ្លែង​ថា៖ «បើ​ពួក​យើង​រស់​នៅ​អនាធិបតេយ្យ​គឺ​មេឃុំ​ជា​មេ​អនាធិបតេយ្យ​ពី​ព្រោះ​មេឃុំ ​ជា​អ្នក​ចេញ​ប័ណ្ណ​ឲ្យ​យើង ហើយ​យើង​បាន​ចាប់​ផ្តើម​ប្តឹង​តាំង​ពី ឆ្នាំ​២០១០ រឿង​ក្រុម​ហ៊ុន​រំលោភ​យក​ដី​យើង​តែ​គ្មាន​អ្នក​ណា​ដោះ​ស្រាយ​ឲ្យ​យើង​នោះ​ ទេ»។
អ្នក​ស្រី​បាន​ថ្លែង​ថា ពលរដ្ឋ​ម្នាក់​កំពុង​តែ​ត្រូវ​ឃុំ​ខ្លួន​នៅ​កន្លែង​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល ​នៅ​ឡើយ ហើយ​គេ​ចាប់​គ្នា​វាយ​ខ្នោះ ញ៉ុក​ដាក់​ទ្រុង​ដូច​សត្វ​ជ្រូក​នៅ​ពេល​ដែល​គេ​ចាប់​ខ្លួន​នោះ ដោយ​គ្រាន់​តែ​គ្នា​តវ៉ា​កុំ​ឲ្យ​ឈូស​ផ្ទះ​របស់​គ្នា។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​ធ្លាប់​ឃើញ​គេ​ធ្វើ​ឃោរឃៅ​នៅ​សម័យ ប៉ុល ពត តែ​ឥឡូវ​គេ​ធ្វើ​ឃោរឃៅ​ជាង​ទៅ​ទៀត»។
លោក កើត ឆែ អភិបាល​រង ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា អាជ្ញាធរ​បាន​រុះរើ​ខ្ទម​ជាង ១០ ខ្នង​ពុំ​មែន​ជា​ផ្ទះ​ទេ គឺជា​ខ្ទម​បាន​សង់​លើ​ដី​រដ្ឋ និង​បាន​កាប់​ទន្ទ្រាន​យក​ដី​ដាំ​ដំណាំ​ក្រោយ​បទ​បញ្ជា​លេខ ០១ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដូច្នេះ​ការ​ធ្វើ​នេះ​ដើម្បី​ជា​ការ​ទប់​ស្កាត់​ការ​ទន្ទ្រាន​យក​ដី​របស់​ រដ្ឋ។
លោក​ថា៖ «ប្រទេស​មាន​ច្បាប់ ប្រសិន​បើ​ពលរដ្ឋ​ទាំង​នោះ​អត់​មាន​ដី​ពិត​ប្រាកដ​មែន អាច​ចុះ​ឈ្មោះ​សុំ​ដី​សម្បទាន​សង្គមកិច្ច តាម​រយៈ​ឃុំ ស្រុក ហើយ​ខេត្ត​និង​ធ្វើ​ការ​សម្រេច​ចិត្ត នៅ​ពោធិ៍សាត់​មិន​ខ្វះ​ទេ​ដី​សម្រាប់​ចែក​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​គ្មាន​ដី។ យក​ប័ណ្ណ ឆ្នាំ​២០០០ មក​និយាយ​ម៉េច​ត្រូវ​ពីព្រោះ​រដ្ឋាភិបាល​ទើប​តែ​ចេញ​បទ​បញ្ជា ០១ បប ឲ្យ​តែ​មាន​ដី​ពិត​គេ​វាស់​ឲ្យ​ហើយ»។
លោក ឃៀង សុជីវ័ន្ត នាយក​គ្រប់​គ្រង​ក្រុមហ៊ុន ទី្រ ភាព ប្រចាំ ខេត្ត​ពោធិ៍សាត់ ពុំ​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ។
យោង​តាម​លិខិត ស.ជ.ណ លេខ ១៣០៥ ចុះ​ថ្ងៃ ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤៤០២ ហិកតា​ទៅ​ឲ្យ​ក្រុម​ហ៊ុន (MDS Import Export Co; Ltd) របស់​លោក​ឧកញ៉ា ទ្រី ភាព ដើម្បី​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ដាំ​ដំណាំ​កសិ-​ឧស្សាហ​កម្ម (ដំណាំ​កៅស៊ូ)។
លោក ភួង សុធា មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នេះ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ពុំ​អាច​ទទួល​យក​បាន។ អាជ្ញាធរ​គួរ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជា​មុន​សិន មុន​នឹង​ឈូស​ឆាយ​ដី​ពួក​គាត់​ដោយ​គ្មាន​សំណង​បែប​នេះ។
លោក​បាន​បន្ថែម​ថា៖ «អាជ្ញាធរ​ធ្វើ​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​អនុវត្ត​ណា​ប៉ះពាល់​ប្រជា​ពលរដ្ឋ ត្រូវ​អនុវត្ត​តាម​គោល​នយោបាយ​ស្បែក​ខ្លា តែ​នេះ​គេ​ធ្វើ​ផ្គើន​និង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​តែ​ម្តង»។
យោង​តាម​របាយ​ការណ៍​របស់​សមាគម​អាដហុក រយៈ​ពេល ៩ ខែ​ដើម ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ព្រះ​សង្ឃ ២០០ នាក់​-អង្គ​ដែល​ត្រូវ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​និង​ចោទ​ប្រកាន់​នោះ​មាន សកម្មជន​ដី​ធ្លី​ចំនួន ១០៩ នាក់ កម្មករ កម្មការិនី​រោងចក្រ​និង​សមាជិក​សហជីព​ចំនួន ៦២ នាក់​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន ២៦ នាក់ និង​ព្រះ​សង្ឃ ៣ អង្គ៕
សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons