. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, November 21, 2014

បទ​វិភាគ៖ តើ​លោក ហ៊ុន សែន មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ​ឬ​ទេ?

ដោយ វណ្ណ វិចារ

2014-11-21
ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។
RFA/An Sithav
ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាប់​ផ្ដើម​ឡើង​កម្ដៅ​សាជាថ្មី បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​នយោបាយ សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ជាង ១០​នាក់​និង​អង្គ ដាក់​គុក​រួច​មក។ បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​តំណាង​អង្គការ​សហប្រជាជាតិ​ផង​នោះ រិះគន់​ថា រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ។
ជា​ការ​ឆ្លើយ​តប នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា លោក ហ៊ុន សែន ព្រមាន​កុំ​ឲ្យ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​ក្នុង​សំណុំ​ រឿង​ព្រហ្មទណ្ឌ។ លោក​អះអាង​ថា លោក​មិន​មាន​ឥទ្ធិពល​ជ្រៀតជ្រែក​លើ​កិច្ចការ​តុលាការ​ឡើយ។
តើ លោក ហ៊ុន សែន ពិត​ជា​មិន​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ដូច​ពាក្យ​គាត់​និយាយ​មែន​ឬ​យ៉ាង​ណា?
បើ​និយាយ​ពី​ឥទ្ធិពល ឬ​ដែន​អំណាច​របស់ លោក ហ៊ុន សែន ក្នុង​សម័យ​នេះ រាស្ត្រ​ខ្មែរ​មិន​ពិបាក​បរិយាយ​ទេ ថា​ឥទ្ធិពល​របស់​លោក​នៅ​កម្ពុជា ស្ទើរ​ធំ​ជាង​ភ្នំ​ព្រះ​សុមេរុ​ទៅ​ទៀត។ អំណាច​ធំ​ធេង​បែប​នេះ បាន​បង្ហាញ​រួច​ហើយ​តាម​រយៈ​បទបញ្ជា​ផ្ទាល់​មាត់ សារាចរ​ណែនាំ​ទៅ​កាន់​អង្គការ​នីតិប្បញ្ញត្តិ អង្គការ​នីតិប្រតិបត្តិ រហូត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៀត​ផង។ ក្រៅ​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក មាន​ស្ថាប័ន​ពីរ​ទៀត​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ប្រកាស​ជា​សាធារណៈ​តែ​ម្តង​ថា លោក​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជា​បាន​ស្រេច​តែ​នឹង​ចិត្ត។ ស្ថាប័ន​ឯករាជ្យ​ទាំង​ពីរ​នោះ​រួម​មាន រដ្ឋសភា និង​កង​កម្លាំង​ប្រដាប់​អាវុធ។
លោក ហ៊ុន សែន ធ្លាប់​គំរាម​ទម្លាក់​អនុប្រធាន​រដ្ឋសភា​ចេញ​ពី​តំណែង បើ​សិន​ជា លោក កឹម សុខា កៀរគរ​ឲ្យ​សមាជិក​សភា​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​ចំពោះ​រដ្ឋមន្ត្រី​ ពុក​រលួយ​ណា​ម្នាក់​នោះ។ លោក​ហ៊ាន​គំរាម ដោយសារ​តែ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន សុទ្ធតែ​ស្តាប់​បញ្ជា​លោក ខណៈ​ដែល​រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាង​រាស្ត្រ​ជា​តំណាង​ឲ្យ​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​ក៏ដោយ​ចុះ។ លោក ហ៊ុន សែន ផ្តល់​មេរៀន​ឲ្យ​បក្ស​ប្រឆាំង​ម្តង​ហើយ​នៅ​ពេល​ដែល​តំណាង​រាស្ត្រ​បក្ស​ ប្រជាជន ព្រមព្រៀង​គ្នា​បោះ​ឆ្នោត​មិន​ឲ្យ លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ កាន់​ការ​ជា​ប្រធាន​គណៈកម្មការ​អចិន្ត្រយ៍​រដ្ឋសភា​នោះ។
ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ មិន​បាច់​ឆ្ងល់​ច្រើន​ទេ លោក ហ៊ុន សែន មាន​អង្គរក្ស​ផ្ទាល់​ខ្លួន​រាប់​ពាន់​នាក់​បំពាក់​ដោយ​អាវុធ​ទំនើបៗ និង​មាន​តួនាទី​ស្រប​ច្បាប់​ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ទៀត។ ម្យ៉ាង មេ​ទ័ព​ធំៗ​ទាំងអស់​សុទ្ធ​ជា​កូន​ចៅ​របស់​លោក​នៅ​ក្នុង​គណបក្ស​ប្រជាជន​ កម្ពុជា។ ផ្អែក​តាម​កម្លាំង​ទ័ព សព្វាវុធ និង​តំណែង​ស្រប​ច្បាប់​ដែល​ប្រទាន​ពី​ស្ដេច​ផែនដី​នេះ​ហើយ ទើប​លោក​មាន​ប្រសាសន៍​ទាំង​ជឿ​ជាក់​ថា បើ​ធ្វើ​នាយក​រដ្ឋមន្ត្រី​បញ្ជា​ទ័ព​មិន​បាន គឺ​មិន​ខ្ចី​ធ្វើ​ឡើយ។
ទោះ​ជា​បែប​ណា​ក្តី លោក ហ៊ុន សែន តែង​និយាយ​បន្ទាប​ខ្លួន​នៅ​ក្រោម​ច្បាប់​ជានិច្ច។ លោក​ប្រកាស​ថា ច្បាប់ គឺ​ធំ​ជាង​អ្វីៗ​ទាំងអស់ អ្នក​តូច​ធ្វើ​ខុស​ក៏​ត្រូវ​មាន​ទោស អ្នក​ធំ​ធ្វើ​ខុស​ក៏​មាន​ទោស សែ​រាជវង្ស​ធ្វើ​ខុស​ក៏​មិន​រួច​ខ្លួន​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក​មិន​អាច​ជ្រៀតជ្រែក​លើ​ប្រព័ន្ធ​តុលាការ​បាន​ទេ។
លោក ហ៊ុន សែន មិន​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ​មែន​ក៏​មែន​ចុះ ប៉ុន្តែ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មិន​ណយ​ទេ ពួក​គេ​ហាក់​ដូចជា​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មាន​ប្រសិទ្ធភាព​ណាស់។ សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្នុង​អាណត្តិ​ទី​៤ តុលាការ​កម្ពុជា បាន​ចោទ​ប្រកាន់​មនុស្ស​យ៉ាង​តិច​ណាស់ ៥០០​នាក់ តាម​បណ្ដឹង​អ្នក​មាន​លុយ​មាន​អំណាច​ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។
ករណី​ទំនាស់​ដីធ្លី​មួយ​មាន​ផល​ប៉ះពាល់​តូច​សឹង​តែ​ប៉ុន​ចៃ បើ​ធៀប​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​មន្ត្រី​ធំៗ​ក្នុង​ជួរ​ រដ្ឋាភិបាល ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ជាប់​គុក​ដដែល។ វា​ជា​ទំនាស់​រវាង​ពលរដ្ឋ និង​ឧកញ៉ា ឃុន សៀ បន្ទាប់​ពី​ឧកញ៉ា​រូប​នេះ​ទិញ​សាលា​សង្កាត់​បឹងកក់១ និង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទាំង​ផ្ទះ​សម្បែង​ពលរដ្ឋ​ទៅ​ជាមួយ​ផង។ ពលរដ្ឋ​ទាំង​នោះ​ប្រាប់​ថា ឧកញ៉ា ឃុន សៀ មាន​ប្រធាន​អង្គរក្ស លោក ជា ស៊ីម គឺ​លោក​ឧត្តមសេនីយ៍ យឹម លាង នៅ​ពី​ក្រោយ​ខ្នង។ លោក យឹម លាង ជា​ដន្លង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​កូន​ប្រុស​លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី។ រយៈពេល​ជាង ១​ឆ្នាំ បន្ទាប់​ពី​ទំនាស់​ដីធ្លី​កើត​ឡើង ក្រុម​គ្រួសារ​មួយ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ដី​នោះ ត្រូវ​បាន​ក្រុម​សន្តិសុខ​យាម​ដី​ឲ្យ​ក្រុមហ៊ុន​វាយ​ធ្វើ​បាប​យ៉ាង​ដំណំ​ ជាច្រើន​ដង​ច្រើន​សារ។ គ្រួសារ លោក លី ស្រ៊ាខេង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​កាប់​តាម​ផ្លូវ​ម្តង​ជា​ពីរ​ដង រហូត​ដល់​បោះ​ពស់​វែក​ក្របី និង​វែក​ដំបូក ៤​ក្បាល​ចូល​ក្នុង​ផ្ទះ ប៉ង​សម្លាប់​ថែម​ទៀត។ គ្រួសារ​នេះ​បាន​ត្រឹម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ និង​ស្នើសុំ​សង្គម​ស៊ីវិល​ឲ្យ​ជួយ។
ប្ដឹង​បាន​ត្រឹម​តែ​ប្ដឹង តុលាការ​កម្ពុជា ដែល​ឯករាជ្យ​ស្រាប់ ដូច​នេះ​បណ្ដឹង​ប្រជាពលរដ្ឋ និង​លិខិត​អន្តរាគមន៍​របស់​សង្គម​ស៊ីវិល ត្រូវ​ទុក​មួយ​អន្លើ​សិន។ តុលាការ​ងាក​ទៅ​ចាត់​ការ​បណ្ដឹង​របស់​ក្រុមហ៊ុន​ជា​មុន​សិន ព្រោះ​ជា​ការងារ​បន្ទាន់​បើ​ទុក​ឲ្យ​នៅ​ទីមទាម​ត​ទៅ​ទៀត ក្រុមហ៊ុន​នឹង​ខាត​លុយ​ច្រើន​ណាស់។ ក្រុមហ៊ុន​ប្ដឹង​ពលរដ្ឋ​ទាំង​នេះ​រឿង​ដក​បង្គោល​ព្រំ​ដី​រក្សា​ទុក ព្រម​ទាំង​ជេរ​ប្រទេច។ ហេតុ​នេះ បទ​ចោទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន និង​បរិហារ​កេរ្តិ៍ ស័ក្តិសម​នឹង​ឲ្យ​តុលាការ​ចោទ​ប្រកាន់​ពលរដ្ឋ​មួយ​គ្រួសារ​នេះ ដូច​បារាំង ចង​ក្បិន​អ៊ីចឹង​ដែរ។ លោក លី ស្រ៊ាខេង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​ទាំង​ដោះ​អាវ ស្លៀក​ខោ​ខ្លី​កញ្ចាស់​មួយ​នៅ​ជាប់​នឹង​ខ្លួន។ បន្ទាប់​មក សមត្ថកិច្ច​ចាប់​កូន​ស្រី​របស់​លោក​ដាក់​គុក​ម្នាក់​ថែម​ទៀត​តាម​ដីកា​ បង្គាប់​របស់​តុលាការ។
ករណី​ទំនាស់​ដីធ្លី​កន្លែង​នេះ ប្រហែល​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹង​បាន​ឮ​ហើយ​មើល​ទៅ ព្រោះ​លោក​ដូចជា​ទាន់​សម័យ​ដែរ ដោយសារ​តែ​លោក​បញ្ជាក់​ញយៗ​ថា តែង​តែ​ប្រើ​ស្មាតហ្វូន (smart phone) ឆែក​ព័ត៌មាន​ស្ទើរ​តែ​គ្រប់​ពេល​វេលា។ ប៉ុន្តែ​គ្រាន់​តែ​លោក​លូក​ដៃ​ជួយ​មិន​បាន ព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ ដែល​ផ្តល់​អាទិភាព​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ក្រុមហ៊ុន​មុន​ពលរដ្ឋ​ បន្តិច​នោះ។
ប្រិយ​មិត្ត​អ្នក​ស្តាប់​អាច​ពិនិត្យ​មើល​រឿងរ៉ាវ​ចាប់​ខ្លួន​ពលរដ្ឋ​ អ្នក​បឹងកក់ ព្រះសង្ឃ និង​មន្ត្រី​បក្ស​ប្រឆាំង​វិញ​ម្តង។ អ្នក​បឹងកក់ ព្រម​ទាំង​ព្រះសង្ឃ​ផង​នោះ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍ តាម​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។ សវនាការ​ទៀត​សោត​ក៏​ពិសេស​ទៅ​ទៀត ព្រោះ​សំណុំ​រឿង​ផ្សេងៗ​មុន​នឹង​បើក​សវនាការ ត្រូវ​រង់ចាំ​កំណត់​ពេល​វេលា​ជាក់ស្តែង​សិន ដោយសារ​តែ​សំណុំ​រឿង​ច្រើន បុគ្គលិក​តុលាការ​ហ្នឹង​តិច តែ​រឿង​នេះ​ចាប់​ភ្លាម បើក​សវនាការ​ភ្លាម ជាប់​គុក​ក៏​ទាន់​ហន់​ទៅ​ទៀត។ បើ​បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ត្រូវ​ជាប់​គុក​មែន​នោះ មិន​ដឹង​រក​គុក​ឯណា​ដាក់​ទេ​នៅ​ស្រុក​ខ្មែរ។ ខួប​កំណើត ការ​កូន ការ​ចៅ ឡើង​ផ្ទះ សង់​ផ្ទះ សុទ្ធតែ​បិទ​ផ្លូវ​រហូត​មក​នោះ។ ផ្ទះ​អស់​លោក​ធំៗ​ហ្នឹង​ខ្លះ​ទៀត ក៏​បិទ​ផ្លូវ​សាធារណៈ​មួយ​កំណាត់​ផង​ក៏​មាន សមត្ថកិច្ច​មិន​ហ៊ាន​ទាំង​ក្អក​ផង កុំ​ថា​ឡើយ​ចាប់​បញ្ជូន​ទៅ​តុលាការ។
ចំណែក​ឯ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​គេ​សួរ​ថា មក​ពី​មូលហេតុ​អ្វី? ចម្លើយ គឺ​ចាប់​តាម​ដីកា​បង្គាប់​របស់​តុលាការ បើ​មិន​ធ្វើ​ខុស គេ​មិន​ចេញ​ដីកា​ចាប់​ទេ។ ចុះ​ហេតុ​អ្វី​បាន​ជា​តុលាការ​តែង​ចាត់​ការ​បណ្ដឹង​របស់​អាជ្ញាធរ និង​ទុក​បណ្ដឹង​របស់​រាស្ត្រ​ក្រីក្រ​មួយ​អន្លើ​សិន? ចម្លើយ​ត្រូវ​ឆ្លើយ​ថា វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ សំណួរ​មួយ​ទៀត​សួរ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​ ពិធី​បាញ់​កាំជ្រួច បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់? ចម្លើយ​ឆ្លើយ​ធូរៗ​ថា វា​ជា​កំហុស​បច្ចេកទេស​ប៉ុណ្ណោះ គ្មាន​អ្នក​ណា​ចង់​ឲ្យ​អ៊ីចឹង​ទេ។ ហេតុ​អ្វី​បាន​ជា​សន្តិសុខ​វាយ​អ្នក​កាសែត ហើយ​មិន​ជាប់​ទោស? ចម្លើយ គឺ​មក​ពី​អ្នក​កាសែត​នោះ​យ៉ាប់​ពេក ទៅ​យក​ព័ត៌មាន​មិន​ពាក់​កាត​ឲ្យ​បាន​ត្រឹមត្រូវ។ ទាល់​តែ​សួរ​ថា​ភ្លៀង​ឥឡូវ​កាច​ណាស់ ភ្លៀង​ម្តងៗ​ទឹក​ជន់​រហូត ហេតុ​អ្វី? មន្ត្រី​ក៏​ឆ្លើយ​ថា អា​ហ្នឹង​មក​ពី​លូ​តាំង​ពី​សម័យ​បារាំង វា​តូច​ពេក ហើយ​សូម​បដិសេធ​ដាច់​ខាត​ថា ទឹក​លិច​ក្រុង​មិន​មែន​បណ្ដាល​ពី​ចាក់​ដី​លុប​បឹង​ធំៗ​អស់​នោះ​ឡើយ។
សំណួរ​ទាំងអស់​នេះ​សុទ្ធតែ​មាន​ចម្លើយ ហើយ​សំណួរ​ដែល​សួរ​ថា តុលាការ​កម្ពុជា ឯករាជ្យ ឬ​អត់ ក៏​ត្រូវ​រដ្ឋាភិបាល​ឆ្លើយ​ដោយ​ស្រួល​ដែរ​ថា កម្ពុជា គោរព​ច្បាប់​អំណាច​ទាំង​បី​ឯករាជ្យ​ពី​គ្នា។ ប៉ុន្តែ​ធាតុ​ពិត ក្រៅ​ពី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដែល​នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ ឲ្យ​ទណ្ឌិត​ណា​ម្នាក់​នោះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​អាច​ប្រើ​កូន​ចៅ​ជំនិត​របស់​ខ្លួន​ជា​រដ្ឋមន្ត្រី​ ក្រសួង​យុត្តិធម៌ ដើម្បី​និយាយ​ជាមួយ​មន្ត្រី​ព្រះរាជ​អាជ្ញា ឬ​ចៅក្រម​បាន​ដែរ។ ច្បាប់​ទាំង​បី​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ បាន​ផ្តល់​អំណាច​ពេញ​ទី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​អំណាច​រដ្ឋបាល​លើ​ស្ថាប័ន​តុលាការ​ទូទាំង​ប្រទេស។ ម្យ៉ាង​ទៀត បើ​ពិនិត្យ​មើល​សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​បង្ហាញ​ថា ក្នុង​ចំណោម​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ១១​រូប គឺ​មាន​មនុស្ស ២​នាក់​ទៅ​ហើយ​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​ទាំង​នោះ​រួម​មាន សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ប្រជាជន និង​ជា​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ សមាជិក​អចិន្ត្រយ៍​គណបក្ស​ប្រជាជន និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា។ ចំណែក​អ្នក​ផ្សេង​ទៀត យ៉ាង​អន់​ណាស់​ក៏​ជា​សមាជិក​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​ទីនេះ​ទីនោះ​ដែរ។
ទោះ​បី​ជា​ការ​វិភាគ​នេះ​បង្ហាញ​ថា លោក ហ៊ុន សែន ពិត​ជា​អាច​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ​តាម​គ្រប់​រូបភាព​ក៏ដោយ​ចុះ ពេល​នេះ​លោក​បាន​ប្រកាស​ថា លោក​មិន​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ​ជា​សាធារណៈ​ហើយ។ ប្រសិន លោក ហ៊ុន សែន កាន់​ពាក្យ​សច្ចៈ​មែន ពី​ពេល​នេះ​ត​ទៅ ជន​រងគ្រោះ​ដែល​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ព្រម​ទាំង​ជន​រងគ្រោះ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង អាច​នឹង​ទទួល​បាន​នូវ​យុត្តិធម៌​ពិតៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

http://www.rfa.org/khmer/news/analysis/analysis-does-hun-sen-influence-on-the-judiciary-11202014230949.html 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons