. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, November 10, 2014

សង្គម​ស៊ីវិល​បារម្ភ​ពី​សកម្មភាព​គាស់​កកាយ​ថ្ម​ភ្នំ​លក់​នៅ​បន្ទាយមានជ័យ

ដោយ ហ៊ុំ ចំរើន

2014-11-04

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ បន្ទាយមានជ័យ សម្ដែង​ក្ដី​បារម្ភ​ចំពោះ​សកម្មភាព​ឈ្មួញ ដែល​គាស់​កកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ដោយ​សេរី ហើយ​ពុំ​មាន​ការ​ទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ថា សកម្មភាព​នេះ​ប្រសិន​បើ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​នោះ សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ នឹង​ហិនហោច​អស់​គ្មាន​សល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ថា សព្វថ្ងៃ​នេះ​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ជាច្រើន កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក គាស់​កកាយ​ភ្នំ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។
លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ទៅ​លើ​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​នេះ ធ្វើ​សកម្មភាព​ដោយ​ការ​គាស់​កកាយ​ដី​ភ្នំ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ប្រមាណ​ជាង ១០​ឆ្នាំ​មក​ហើយ មាន​ជាអាទិ៍ ដី​ថ្ម​ភ្នំ​នៅ​ក្រុង​សិរីសោភ័ណ ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គលបុរី ជាដើម។ លោក​បន្ត​ថា ភ្នំ​ទាំង​នោះ​ភាគ​ច្រើន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ។ ក្នុង​នោះ ភ្នំ​មួយ​ចំនួន​ដែល​ត្រូវ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ស្ទើរ​តែ​បាក់​សង្កត់​ផ្ទះ​របស់​អ្នក​ភូមិ​ក្បែរ​នោះ​ទៅ​ហើយ។
លោក ស៊ុំ ច័ន្ទគា កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ហិនហោច​អស់​ដី​ថ្ម​ភ្នំ ​គ្មាន​សល់ ពីព្រោះ​សព្វថ្ងៃ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​នៅ​ឡើយ​ទេ៖ «អ្វី ​ដែល​យើង​មើល​ឃើញ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់​បង់​ទៅ​លើ​ធនធាន​ធម្មជាតិ​ទាំង​ឡាយ ដូចជា​ភ្នំ។ យើង​ឃើញ​ថា តើ​ប៉ុន្មាន​ឆ្នាំ​ដែល​វា​អាច​ដុះ​ឡើង​វិញ​បាន បើ​ការ​បណ្ដែតបណ្ដោយ​ធ្វើ​ហ្នឹង យើង​ឃើញ​កន្លង​មក​មិន​មែន​ចាប់​ផ្ដើម​ធ្វើ​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទេ គឺ​កើត​ឡើង​ជា​យូរ​ឆ្នាំ​មក​ហើយ។ រហូត​ដល់​ភ្នំ​មួយ​ចំនួន យើង​មើល​ពី​ចម្ងាយ​ទៅ​ដែល​ធ្លាប់​ឃើញ​ព្រៃ ធ្លាប់​ឃើញ​ពណ៌​ខៀវ​ស្រងាត់ ក្លាយ​ទៅ​ជា​អឺ! ដី ហើយ​និង​ក្រហេងក្រហូង​ដូច​ក្បាល​ទំពែក»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បន្ទាយមានជ័យ លោក សុត វឌ្ឍនា ទទួល​ស្គាល់​ថា កន្លង​មក​ពិត​ជា​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​គាស់​កកាយ​ដី​ថ្ម​ភ្នំ នៅ​ស្រុក​មួយ​ចំនួន​ខ្លះ​មែន ប៉ុន្តែ​ការ​ធ្វើ​នោះ គឺ​ក្រុមហ៊ុន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល ត្រឹមត្រូវ គឺ​ធ្វើ​ឡើង​ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍ​ធ្វើ​ផ្លូវ​ថ្នល់​នានា​ក្នុង​ខេត្ត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឯកភាព​គ្នា​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ឲ្យ​បញ្ចប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​នោះ​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ ខាង​មុខ​នេះ៖ «ហើយ​ណា​មួយ​ទៀត​កាល​ពី​យក​សា​មុន ប្រជាជន​អត់​ទាន់​នៅ​ជុំវិញ​ក្រុង​ហ្នឹង​ទេ នៅ​ឆ្ងាយៗ​អ៊ីចឹង​ពិត​មែន តែ​វា​នៅ​ក្នុង​ខេត្ត ដូច​មាន​នៅ​ម៉ា​ចំហៀង​តាម​ដង​ផ្លូវ។ ដល់​ក្រោយ​មក​ទៀត ប្រជាជន​នៅ​ច្រើន​អ៊ីចឹង​ក៏​គិត​ថា ដើម្បី​បញ្ចប់​ការងារ​ហ្នឹង ត្រូវ​រក្សា​ភ្នំ​វិញ ហើយ​វា​អាច​ប៉ះពាល់​ដល់​ប្រជាជន​ផង​បាទ ហ្នឹង​ក៏​សុខ​ចិត្ត​បញ្ចប់​បណ្ដោយ​បាទ»
ទោះ​យ៉ាង​នេះ​ក្ដី ចំណែក​ឯ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​នៅ​ភ្នំ​ធំ មិន​បាន​បញ្ចប់​អាជ្ញាប័ណ្ណ​នៅ​ឡើយ​ទេ។ អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន ដែល​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ទាំងអស់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ពីព្រោះ​ភ្នំ​ដែល​ធ្វើ​អាជីវកម្ម​នោះ​កៀក​ទីប្រជុំជន និង​ក្បែរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ។ ម្យ៉ាង​ទៀត ដើម្បី​ថែ​រក្សា​ភ្នំ​ទុក​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ​ដល់​កូន​ចៅ​ជំនាន់​ ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

http://www.rfa.org/khmerសូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons