. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, November 10, 2014

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​បារម្ភ​ចំពោះ​ក្រុមហ៊ុន​រុក​រក​រ៉ែ​មាស​ប៉ះពាល់​ដី​ស្រែ​អ្នក​ភូមិ


ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ក្រុមហ៊ុន​​​រុក​រក​រ៉ែ​មាស​ មួយ​ដែល​គេ​មិន​ដឹង​ឈ្មោះ ធ្វើ​សកម្មភាព​គាស់​កកាយ​តាម​អំពើ​ចិត្ត​ប៉ះពាល់​ដល់​ដីស្រែ​របស់​អ្នក​ភូមិ ហើយ​ធ្វើ​ឲ្យ​ខូច​គុណភាព​ទឹក​មិន​អាច​ប្រើប្រាស់​បាន​នោះ​ទេ។ ប៉ុន្តែ​​ករណី​នេះ​បែរ​ជា​សមត្ថកិច្ច​ស្រុក​ បញ្ជាក់​ថា ការ​រុករក​រ៉ែ​មាស​ពុំ​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​ឡើយ។
​​​​​​​​អ្នក​ភូមិ​នៅ​តំបន់​ភ្នំស្រុក​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ពាក់ព័ន្ធ​បញ្ឈប់​ការ​រុករក​រ៉ែ​ មាស​របស់​ក្រុមហ៊ុន​នេះ​ជា​បន្ទាន់​ ដើម្បី​ថែ​រក្សា​បរិស្ថាន​ជុំវិញ​នោះ​ និង​ទុក​ដី​​​ឲ្យ​​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល។
ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​​ត្រពាំងថ្ម ឃុំ​ប៉យចារ​ ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ថា ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ (មិន​ដឹង​ឈ្មោះ) បាន​គាស់​កកាយ​រ៉ែ​នៅ​ចំណុច​​ភូមិ​កូនខ្លែង​ និង​ភូមិ​ធ្មេញ​ត្រី​ នៃ​ឃុំ​ប៉យចារ ស្រុក​ភ្នំស្រុក​ ធ្វើ​សកម្មភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នៅ​ឡើយ​ទេ។
អ្នក​ភូមិ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ការ​រុក​រក​រ៉ែ​មាស​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នោះ និង​ធ្វើ​ឲ្យ​ទឹក​ដែល​ហូរ​ចេញ​ពី​ការ​ចម្រាញ់​រ៉ែ​នោះ​ ហូរ​ចូល​ទៅ​ក្នុង​អាង​ត្រពាំង​ថ្ម ខូច​គុណភាព​ទឹក​មិន​អាច​ប្រើប្រាស់​បាន​នោះ​ឡើយ៖ «បាទ! ភ័យ​ព្រួយ​ចំពោះ​ក្រុមហ៊ុន​ចិន​ហ្នឹង​ដែល​វា​ធ្វើ។ ប្រជាពលរដ្ឋ​ថា វា​ទៅ​វា​ថា​ដី​ប្រជាពលរដ្ឋ​មួយ​ម៉ែត្រ​ឡើង​លើ មួយ​ម៉ែត្រ​ទៅ​ក្រោម​គឺ​ដី​គេ​ទាំង​អស់។ គឺ​ជួប​ផល​លំបាក​អ៊ីចឹង។ ប៉ះពាល់​ទី​មួយ​ដូច​ខ្ញុំ​បាន​និយាយ​ពី​ដើម​អ៊ីចឹង កាល​ណា​គេ​ខួង​កន្លែង​ត្រង់​ណា​ ចំ​ដី​អ្នក​ណា ​គេ​អត់​បាន​ប្រាប់​ម្ចាស់​ទេ​ គេ​ធ្វើ​តាម​តែ​ចិត្ត។ គេ​ធ្វើ​ត្រង់​ណា​កន្លែង​មាន​កន្លែង​គេ គេ​មិន​អាច​មក​ជម្រាប​យើង​ម្ចាស់​ដី មិន​អាច​ជម្រាប​ពី​អាជ្ញាធរ​ភូមិ​ឃុំ​អី គឺ​អត់​ប្រាប់​ទាំង​អស់ គេ​ធ្វើៗ​តែ​ចិត្ត​គេ​ទៅ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ភ្នំស្រុក​ លោក​ សេង គី មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​រុករក​រ៉ែ​មាស​​នៅ​តំបន់​ភ្នំ​ស្រុក​ ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ត្រឹម​ត្រូវ​ពី​ក្រសួង​រ៉ែ និង​ថាមពល។ ទោះ​យ៉ាង​នេះ​ លោក​ថា ការ​រុក​រក​រ៉ែ​នោះ​ ពុំ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​​ស្រែ​ និង​ធ្វើ​ឲ្យ​ខូច​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។
លោក​បន្ត​ថា ប្រសិន​បើ​ការ​រុក​រក​រ៉ែ​មាស​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ ប្រជាពលរដ្ឋ​មែន​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​​សកម្មភាព​នោះ​ឡើយ៖ «អត់​ មាន​ទេៗ! អត់​មាន​ទាល់​តែ​សោះ​បាទ! ហើយ​បើ​ក្រុមហ៊ុន​មក ឧទាហរណ៍​ក្រុម​នោះ​កាយ​ចំ​ដី​ស្រែ​ប្រជាជន​យ៉ាង​ណា​ ខ្ញុំ​ឲ្យ​សម្របសម្រួល​ជា​មួយ​ម្ចាស់​គេ​ជា​កម្មសិទ្ធិ មិន​ឲ្យ​មាន​បញ្ហា​ទេ។ ទាល់​តែ​ប្រជាជន​ទាំង​គ្នា​ទាំង​គ្នា​ឯកភាព​បាន​ទៅ​រួច»
​​​​​​​​​​​​​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​ លោក​ ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា​ កន្លង​មក​តែង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​ត្អូញត្អែរ​ចំពោះ​​ក្រុមហ៊ុន ​រុករក​រ៉ែ​មាស​នៅ​តំបន់​ភ្នំស្រុក​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​និង​ធ្វើ​ឲ្យ​ខូច​គុណភាព​​ទឹក​នៅ​អាង​ត្រពាំងថ្ម។
លោក​បន្ត​ថា​ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​សិក្សា​​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​លើ​ក្រុមហ៊ុន​រុករក ​រ៉ែ​នោះ ឬ​ឲ្យ​បញ្ឈប់​សកម្មភាព​នោះ​​តែ​ម្ដង៖ «ហើយ​បើ​សិន​មាន​ច្បាប់​ ថា​តើ​បាន​អនុវត្ត​ផង​ ជា​ពិសេស​គឺ​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល ហើយ​និង​មន្ទីរ​ឧស្សាហកម្ម និង​មន្ទីរ​រ៉ែ​និង​ថាមពល​ក្នុង​ខេត្ត អភិបាល​ខេត្ត អភិបាល​រង​ខេត្ត អភិបាល​ស្រុក​ ត្រូវ​ពិនិត្យ​មើល​ ហោច​ណាស់​ក៏​យើង​រាយការណ៍​អំពី​លទ្ធផល​ណា​មួយ​ដែល​វា​មិន​ប្រក្រតី​ជា​ ប្រចាំ​ទៅ​ដល់​ខាង​ក្រសួង​ទៅ​ដល់​អី​ដើម្បី​កុំ​ឲ្យ​គេ​ចេះតែ​មក​រុករក​ពេញ​ ទឹក​ពេញ​ដី មក​ឆ្កឹះ​មក​កកាយ​នៅ​ក្នុង​ដែន​ដី​នៅ​កម្ពុជា»
បើ​តាម​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​តំបន់​អាង​ត្រពាំងថ្ម ​កំពុង​ព្រួយបារម្ភ​ចំពោះ​ការ​រុក​រ៉ែ​មាស​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពុំ​ដឹង​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​នៅ​​ស្ថាប័ន​ណា​ឲ្យ​បញ្ឈប់​ សកម្មភាព​របស់​ក្រុម​ហ៊ុន​បាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

http://www.rfសូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons