. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, November 13, 2014

យោធិន​ពិការ​នៅ​បន្ទាយមានជ័យ​អះអាង​ថា​ស្វែង​រក​ប្រភព​បើក​ប្រាក់​ខែ​ជាង​២០​ឆ្នាំ​មិន​បាន


ដោយ ហ៊ុំ ចំរើន
2014-11-12
មន្ត្រី​យោធិន​ពិការ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពួកគាត់​ស្វែង​រក​ប្រភព​បើក​ប្រាក់​ខែ​យោធិន​ពិការ​ជាង ២០​ឆ្នាំ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។ សព្វថ្ងៃ​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​ទន្ទឹង​រង់​ចាំ​ប្រាក់​ខែ​នោះ​​ ដើម្បី​យក​ទៅ​ដោះ​ទាល់​​ជីវភាព​ក្នុង​បន្ទុក​​គ្រួសារ។
មន្ត្រី​យោធិន​ពិការ​នៅ​​ស្រុក​អូរជ្រៅ អំពាវនាវ​ឲ្យ​​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា និង​មន្ត្រី​ពាក់ព័ន្ធ​ ជួយ​ពន្លឿន​បើក​ប្រាក់​ខែ​ឲ្យ​បាន​ឆាប់ ពី​​ព្រោះ​ជីវភាព​គ្រួសារ​កំពុង​ជួប​ការ​ខ្វះខាត។
មន្ត្រី​យោធិន​ពិការ​ គឺ​លោក​ ឈីន យ៉ុង រស់​នៅ​ភូមិ​ធ្មេញត្រី ឃុំ​សំរោង ស្រុក​អូរជ្រៅ​ ថ្លែង​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា តាំង​តែ​​ពី​ឆ្នាំ​១៩៩៣ មក​ គឺ​លោក​ស្វែង​រក​ប្រភព​បើក​ប្រាក់ខែ​ជា​ច្រើន​កន្លែង​មក​ហើយ​​ មាន​ជាអាទិ៍​នៅ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​ខេត្ត​បន្ទាយមានជ័យ ជាដើម ប៉ុន្តែ​ពុំ​មាន​ស្ថាប័ន​ណា​បើក​ប្រាក់​ខែ​ឲ្យ​លោក​នោះ​ទេ៖ «ចង់​យំ​ចង់​ ស្រែក​ហើយ​មិន​ដឹង​ធ្វើ​យ៉ាង​ណា គេ​ថា​អត់​ឃើញៗ អត់​ធ្លាក់​អ៊ីចេះ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ ខ្ញុំ​ក្រ​ផង ហើយ​ខ្ញុំ​តូច​តាច​ជាង​គេ​មិន​ដឹង​និយាយ​គេ​យ៉ាង​ម៉េច។ ខ្ញុំ​ទៅ​សួរ​គេ​ថា ឈ្មោះ​នេះ​មិន​ទាន់​ធ្លាក់​មក​ទេ​ រង់ចាំ​បន្តិច​ទៅ​ចាំ​មើល​គេ​សិន​ បើ​សិន​ឈ្មោះ​ធ្លាក់​ថ្ងៃ​ណា​បាន​កោះ​ហៅ​យើង​ឲ្យ​ទៅ​យក​ទទួល​ប្រាក់ គេ​បើក​លុយ​មក​ឲ្យ​យើង។ ដល់​ពេល​ខ្ញុំ​ទៅ​សួរ​មួយ​សា​ទៀត ឈ្មោះ​អ្នក​ឯង​ក៏​នៅ​មិន​ទាន់​ឃើញ រហូត​​ដល់​រាល់​ថ្ងៃនេះ»
លោក ឈីន យ៉ុង​ អតីត​ជា​មន្ត្រី​យោធា​​​នៅ​​កងវរសេនាធំ​លេខ​៤២ ប្រចាំ​ការ​នៅ​ទិស​ខេត្ត​បន្ទាយមានជ័យ។ លោក​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ផ្ទុះ​គ្រាប់​មីន ​​​កាល​ពី​​ឆ្នាំ​១៩៨៩​ ខណៈ​បំពេញ​ភារកិច្ច​ក្នុង​សមរភូមិ​នៅ​ចំណុច​អន្លង់​សំណ នៃ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ចាប់​តាំង​ពេល​នោះ​មក​ ធ្វើ​ឲ្យ​​អតីត​មន្ត្រី​យោធា​រូប​នេះ ​ពិការ​ដៃ​ឆ្វេង​មួយ​ចំហៀង​ និង​ជើង​ទាំង​សង្ខាង មិន​អាច​បំពេញ​ការងារ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​​​ដូច​ពេល​មុន​នោះ​ឡើយ។
ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា ស្រុក​អូរជ្រៅ លោក ទូច ស៊ីហា មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ស្រុក​អូរជ្រៅ ពុំ​មាន​ឈ្មោះ​លោក​ ឈីន យ៉ុង នៅ​ក្នុង​បញ្ជី​ជា​មន្ត្រី​យោធិន​ពិការ​បើក​ប្រាក់​ខែ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក​ថា​ ​ប្រសិន​បើ​លោក យ៉ុង ពិត​ជា​យោធិន​ពិការ​មែន​ គឺ​លោក​អាច​ទៅ​ទាក់ទង​នៅ​អង្គភាព​សាមី ដើម្បី​ដំណើរការ​លើ​​រឿង​នេះ​ ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា ​ធ្វើ​ការងារ​បន្ត។
លោក ទូច ស៊ីហា៖ «ខាង​ខ្ញុំ​លុះត្រា​តែ​ក្រសួង​គេ​ស៊ីញ៉េ​មក​មាន​ ប៉ុន្មាន​នាក់​អ៊ីចឹង​ទៅ​គេ​ហៅ​យើង​មក​ទទួល ហៅ​សាមី​ខ្លួន​ហៅ​អី​មក​បើក​តែម្ដង។ មក​បង្ហាញ​មុខ មក​ពិនិត្យ​មុខ​គេ​មាន​គណៈកម្មការ​គេ​មក​គ្រប់សព្វ​អ៊ីចឹង​ទៅ​ណាស់​តាំង​ពី​ ថ្នាក់​ក្រសួង​គេ​មក​ពិនិត្យ​មើល​អ៊ីចឹង។ ប៉ុន្តែ​ខាង​អូរជ្រៅ ខ្ញុំ​មិន​មាន​ទេ​ បើ​សិន​គាត់​នៅ​ម៉ាឡៃ គាត់​អាច​ទំនាក់ទំនង​ទៅ​ម៉ាឡៃ ឬ​គាត់​មក​ទំនាក់​ទំនង​មន្ទីរ​សង្គមកិច្ច។ ប៉ុន្តែ​បើ​សិន​ជា​គាត់ ២០​ឆ្នាំ​ហើយ​គាត់​មិន​មាន មាន​ន័យ​ថា គាត់​ហ្នឹង​អត់​បាន​ធ្វើ​របប​គោលនយោបាយ​ផ្ទេរ​មក​សង្គមកិច្ច​ទេ»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក​ ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា ការ​បើក​ប្រាក់​ខែ​របស់​​យោធិន​ពិការ​យឺត​យ៉ាវ​ជិត​ពាក់​កណ្ដាល​អាយុ​ជីវិត​ មនុស្ស​បែប​​នេះ ជា​កំហុស​របស់​ក្រសួង​ពាក់​ព័ន្ធ​ដែល​មិន​ជួយ​អន្តរាគមន៍​លើ​ការងារ​នេះ។
លោក​ ស៊ុំ ច័ន្ទគា៖ «បាទ! ២០​ឆ្នាំ​ហើយ​ច្រើន​ណាស់ អ៊ីចឹង​គួរ​តែ​រក​ឲ្យ​គាត់​ឲ្យ​បាន​ ថា​តើ​ឈ្មោះ​គាត់​នៅ​កន្លែង​ណា? ហើយ​លុយ​កាក់​ប្រាក់កាស​របស់​គាត់​នៅ​កន្លែង​ណា​ ហេតុ​អី​បាន​បាត់​អ៊ីចឹង? ស្រាវជ្រាវ​រក​ឲ្យ​គាត់​ឲ្យ​ឃើញ។ បើ​រក​ឃើញ​ហើយ ប៉ុណ្ណា​ក៏​ដោយ តើ​គាត់​មាន​អី​ទេ គួរ​តែ​ស្រាវជ្រាវ​អតីតកាល​គាត់​ហ្នឹង​រស់​នៅ​​កន្លែង​ណា មូលហេតុ​អី​បាន​គាត់​ហ្នឹង​​មិន​មាន​ឈ្មោះ​ឲ្យ​ច្បាស់ ហើយ​តប​គាត់​ឲ្យ​បាន​ច្បាស់​ទៅ​វិញ​ ដើម្បី​ឲ្យ​គាត់​អស់​ចិត្ត​ផង»
​​​​​​​​​​​​​ទោះ​យ៉ាង​នេះ​ក្ដី​ មន្ត្រី​យោធិន​ពិការ​ឲ្យ​ដឹង​ថា​ ​ការ​ទៅ​បើក​ប្រាក់ខែ​​កន្លង​មក​លោក​តែង​តែ​បង្ហាញ​ប័ណ្ណ​សំគាល់​ខ្លួន​ជា​​ យោធិន​ពិការ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​មើល​ ប៉ុន្តែ​ក៏​នៅ​តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។ អតីត​មន្ត្រី​យោធា​ជើង​ចាស់​រូប​នេះ​ សព្វថ្ងៃ​មាន​កូន​ចំនួន ៦​នាក់​ក្នុង​បន្ទុក​គ្រួសារ​ ហើយ​កំពុង​ជួប​ការ​ខ្វះ​ខាត​នៅ​ជីវភាព​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons