. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, December 27, 2014

ACU ព្រមាន​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ​ករណី​លាក់​បាំង​​​ចំនួន​សហគ្រាស

ដោយ វណ្ណ វិចារ
2014-12-27
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៦១០
៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
RFA/Vann Vichar
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU = Anti-Corruption Unit) ព្រមាន​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ ក្នុង​សំណុំ​រឿង​លាក់​បាំង​សហគ្រាស ដើម្បី​ទទួល​ប្រយោជន៍​ខុស​ច្បាប់។
លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​សប្ដាហ៍​នេះ ស្នើ​ឲ្យ​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ លោក ព្រីម សាលី អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ការ​ប្រមូល​ពន្ធដារ និង​ពង្រឹង​វិន័យ​ចំពោះ​មន្ត្រី​ក្រោម​បង្គាប់។
ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បង្ហាញ​ថា ស្នាក់​ការ​ពន្ធដារ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មិន​បាន​ចុះ​បញ្ជី​ផ្លូវ​ការ​នូវ​ឈ្មោះ​សហគ្រាស​មួយ​ចំនួន តាំង​ពី​ដើម​ឆ្នាំ​២០១៤ ជា​ហេតុ​បណ្ដាល​ឲ្យ​បាត់​បង់​ចំណូល​ពន្ធ​ចូល​ថវិកា​ជាតិ។ អង្គភាព​នេះ​បន្ត​ថា ដើម្បី​ឲ្យ​ការ​ប្រមូល​ពន្ធដារ​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រធាន​សាខា​ពន្ធដារ​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ក្នុង​ការងារ​គ្រប់គ្រង​ការ​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ នៅ​តាម​ស្នាក់​ការ​ក្រុង​ស្រុក​ទាំងអស់​នៅ​ក្នុង​ខេត្ត និង​ត្រូវ​ចុះ​បញ្ជី​ពន្ធ​សហគ្រាស​ឲ្យ​បាន​គ្រប់​ចំនួន និង​ទាន់​ពេល​វេលា។ ឃ្លា​ចុង​ក្រោយ​នៃ​សេចក្តី​ជូន​ដំណឹង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ព្រមាន​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បញ្ឈប់​ការ​លាក់​បាំង​សហគ្រាស​សម្រាប់​ទទួល​ប្រយោជន៍​ខុស​ច្បាប់​ត​ទៅ ​ទៀត​ជា​បន្ទាន់។
ទោះ​ជា​បែប​ណា​ក្តី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​បាន​បញ្ជាក់​ថា ការ​ដែល​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ លាក់​បាំង​ចំនួន​សហគ្រាស​នោះ ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​ជាតិ​ប៉ុន្មាន​នោះ​ឡើយ ហើយ​ចំពោះ​ចំណាត់​ការ​ដាក់​ពិន័យ ក៏​មិន​ទាន់​ឃើញ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នេះ​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ លោក ព្រីម សាលី និង​នាយកដ្ឋាន​ពន្ធដារ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
អ្នក​សម្រប​សម្រួល​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​សញ្ញា​មួយ​បង្ហាញ​ថា អង្គភាព​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​អសមត្ថភាព។ លោក​បន្ត​ថា តាម​ផ្លូវ​ច្បាប់ បើ​សិន​ណា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រក​ឃើញ​ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ មាន​កំហុស​កិបកេង​ថវិកា​ជាតិ​មែន​នោះ គួរ​ណាស់​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ​ទើប​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា ការ​ព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពេល​ខ្លះ មិន​មាន​ប្រសិទ្ធភាព​ឡើយ៖ «សំឡេង»។
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ធ្លាប់​ពន្យល់​ថា ដើម្បី​បោស​សម្អាត​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព អង្គភាព​នេះ​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បី​យ៉ាង​រួម​មាន អប់រំ​បង្ការ ទប់ស្កាត់ និង​យុទ្ធសាស្ត្រ​ចុង​ក្រោយ គឺ​បង្ក្រាប។ ក្នុង​ខែ​ធ្នូ នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​លិខិត​ព្រមាន​ចំនួន​បី​រួច​ទៅ​ហើយ។ លិខិត​ចំនួន​ពីរ​ចុះ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ដោយ​ស្ថាប័ន​នេះ​ព្រមាន​ចាប់​ខ្លួន​ប្រធាន​មន្ទីរ​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ប៉ៃលិន លោក ភី ឡងឌី ពី​បទ​ពុក​រលួយ និង​ព្រមាន​នាយក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម លោក ហុក គឹមចេង ពី​ការ​ធ្វើ​របាយការណ៍​ថវិកា​គម្រោង​មិន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons