. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, December 8, 2014

សង្គម​ស៊ីវិល​គ្រោង​ដាក់​បង្ហាញ​កម្រង​រូបភាព​អំពើ​និទ្ទណ្ឌភាព​នៅ​ថ្ងៃ​១០ ធ្នូ

ដោយ អាន ស៊ីថាវ

2014-12-09
កម្មករ វ៉េងស្រេង ៦១០
១៦-មករា-១០១៤៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឧទិស​កុសល​ដល់​អ្នក​ស្លាប់ ៤​នាក់ ដោយសារ​ការ​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង។
RFA/Sek Bandith
ទោះ​បី​ជា​រាជរដ្ឋាភិបាល​​បាន​ប្រកែក​ថា ​ប្រទេស​កម្ពុជា ​មិន​មាន​​វប្បធម៌​និទ្ទណ្ឌភាព​ក៏ដោយ តែ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​​ដែល​ធ្វើ​​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​ កម្ពុជា ​នៅ​តែ​ទទូច​បង្ហាញ​ភស្តុតាង​​មួយ​ចំនួន​នៃ​ក្រុម​ជន​រង​គ្រោះ​ដែល​​កំពុង​ ទាម​ទារ​យុត្តិធម៌។ ភស្តុតាង​នោះ គឺ​ជា​​កម្រង​រូបភាព​នៃ​​ជន​រង​គ្រោះ​​​ជា​ច្រើន​​ដែល​រហូត​ដល់​ពេល​នេះ​ អ្នក​ប្រព្រឹត្តិបទ​ល្មើស​ត្រូវ​បាន​រួច​ទោស។
នៅ​មុន​ពេល​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ ​នៅ​ថ្ងៃ​ពុធ ទី​១០ ធ្នូ អង្គការ​សិទ្ធិមនុស្ស​​នៅ​កម្ពុជា មួយ​ចំនួន​ នៅ​ថ្ងៃ​ទី​៨ ធ្នូ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​​​​បញ្ចេញ​ឯកសារ​ជា​រូបភាព​ជា​ច្រើន​ លើ​ការ​សម្លាប់​​​ ការ​គំរាម​កំហែង​ និង​ការ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ទៅ​លើ​អ្នក​សារព័ត៌មាន សកម្មជន​ដី​ធ្លី សហជីព និង​តារា​ចម្រៀង។ កម្រង​រូបភាព​​​នៃ​ជន​រង​គ្រោះ​​​នេះ​គឺ​ជា​ការ​​បង្ហាញ​អំពី​​ស្ថានភាព​​ រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ហាក់​នៅ​មាន​កម្រិត​​ធ្ងន់ធ្ងរ​​នៅ​ឡើយ។ ម៉្យាង​វិញ​ទៀត​ អ្នក​ប្រព្រឹត្ត​ល្មើស​​វិញ​ត្រូវ​បាន​រួច​ទោស ឬ​​​មាន​ការ​សង​សំណង​បន្តិច​បន្តួច​ទៅ​​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​ ដើម្បី​បញ្ចប់​សំណុំ​រឿង​ជា​ដើម។
​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​​៨ ធ្នូ បាន​បង្ហាញ​ថា កម្មវិធី​កម្រង​រូបភាព​ស្ដី​ពី "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ" នឹង​ដាក់​តាំង​​បង្ហាញ​ចាប់​ពី​ថ្ងៃ​ទី​៩ ធ្នូ ដល់​ថ្ងៃ​ទី​១៣ ធ្នូ នៅ​ផ្ទះ​មេត្តាហៅស៍ (Metta House) រាជធានី​ភ្នំពេញ។ ​ជន​រង​គ្រោះ​នៃ​អំពើ​និទ្ទណ្ឌភាព​មាន​ទម្រង់​ផ្សេង​គ្នា រួម​មាន​អ្នក​សារព័ត៌មាន​ ជន​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ បាតុករ និង​សហជីព​កម្មករ​ដែល​ចូល​រួម​បាតុកម្ម​ជា​ដើម​ ដែល​ពួក​គេ​ទាំង​អស់​នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ ​ក្នុង​បទល្មើស​ដែល​ពួក​គេ​បាន​ទទួល​ការ​រំលោភ​បំពាន។
​អ្នក​សម្រប​សម្រួល​ការពារ​​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ​កម្ពុជា កញ្ញា ឆាយ ឆុនលី បាន​ឲ្យ​ដឹង​ថា ការ​ដាក់​បង្ហាញ​រូប​ភាព​ចំនួន ១២ នៃ​ក្រុម​អ្នក​រង​គ្រោះ​ផ្សេង​គ្នា ​នៃ​អំពើ​និទ្ទណ្ឌភាព​កម្ពុជា គឺ​ជា​ការ​ប្រមូល​ការ​គាំទ្រ​ពី​សាធារណជន​ ដើម្បី​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​សម្រាប់​ពួក​គាត់ និង​ឈាន​ដល់​​ការ​បញ្ចប់​​និទ្ទណ្ឌភាព។
​​វិទ្យុ​អាស៊ីសេរី ​​​មិន​ទាន់​​ទទួល​ការ​ឆ្លើយ​តប​ពី​​​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​​ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ធ្នូ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា យល់​ឃើញ​ថា​ ការ​ដាក់​បង្ហាញ​កម្រង​រូបភាព​ជន​រង​គ្រោះ​នៃ​អំពើ​និទ្ទណ្ឌភាព​កម្ពុជា របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​ គឺ​គ្រាន់​​តែ​ជា​រូប​ភាព​នៃ​ការ​ស្នើ​សុំ​ជំនួយ​​តែ​ប៉ុណ្ណោះ។
ម៉្យាង​វិញ​ទៀត​ ​ប្រទេស​កម្ពុជា មិន​មាន​​អំពើ​និទ្ទណ្ឌភាព​ឡើយ ជា​ពិសេស​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​​ដែល​មាន​តំណែង​ខ្ពស់​នៅ​ក្នុង​ជូរ​ រដ្ឋាភិបាល​មួយ​ចំនួន​ កំពុង​ប្រឈម​នឹង​ការ​កាត់​ទោស​តាម​ផ្លូវ​​ច្បាប់។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​អង្គការ​អន្តរជាតិ​ជា​ច្រើន​បាន​អះអាង​ថា​ អំពើ​និទ្ទណ្ឌភាព​កម្ពុជា នៅ​តែ​មាន ដែល​រូប​ភាព​នៃ​អំពើ​និទ្ទណ្ឌភាព​កើត​​​ឡើង​ដោយសារ​អ្នក​មាន​អំណាច​ អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ រួម​ទាំង​ភាព​​​ខ្វះ​ការ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​និង​ការ​អនុវត្ត​ ច្បាប់។
របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣ របស់​អង្គការ​តម្លាភាព​​អន្តរជាតិ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ បាន​រាយការណ៍​ថា តុលាការ​កម្ពុជា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​​​ខ្លាំង​ជាង​គេ​ក្នុង​ស្ថាប័ន​រដ្ឋ​ ទាំង ១២ ដែល​អង្គការ​នេះ​បាន​ស៊ើប​អង្កេត។
បន្ថែម​លើ​នេះ អង្គការ​សិទ្ធិមនុស្ស​​អន្តរជាតិ​​មួយ​ចំនួន​ទៀត​ ក៏​គ្រោង​នឹង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​​ ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​​នៅ​កម្ពុជា ដែល​តុលាការ​​អន្តរជាតិ​នេះ គឺ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា អាច​ទទួល​បាន​យុត្តិធម៌ និង​ជៀស​ផុត​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​អំពើ​និទ្ទណ្ឌភាព​​ដែល​តែង​តែ​កើត​មាន​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons