. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, December 8, 2014

អង្គការ​សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​មនុស្ស​ជាប់​ឃុំ​១៨​នាក់

ដោយ ទេព សុរ៉ាវី

2014-12-08
ចាប់​ខ្លួន​អ្នក​បឹងកក់ ៦២០
អ្នក​តវ៉ា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៤។
RFA/Rann Samnang
បណ្ដាញ​អន្តរជាតិ​សម្រាប់​សិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (International Network for Economic, Social & Cultural Rights) ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​ផ្ញើ​លិខិត​មួយ​ចំនួន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អំពាវនាវ​សូម​ឲ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ នៅ​កម្ពុជា។ ស្រប​ពេល​គ្នា​នេះ អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ក៏​សំណូមពរ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស ១៨​នាក់​ជា​បន្ទាន់ និង​លើកលែង​ការ​ចោទ​ប្រកាន់​ពួកគេ​ទាំង​នោះ។
បណ្ដាញ​អន្តរជាតិ​សម្រាប់​សិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​មាន​អង្គការ​សមាគម​ចំនួន ២៧០ ជា​សមាជិក និង​មក​ពី ៧០​ប្រទេស​ទូទាំង​ពិភពលោក សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​លើ​សកម្មជន​ដីធ្លី​នៅ​កម្ពុជា។
ក្នុង​លិខិត​អំពាវនាវ​របស់​អង្គការ​នេះ ដែល​ដាក់​ជូន​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើបតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ធ្នូ ឲ្យ​ដឹង​ថា សកម្មជន​ដីធ្លី​ជា​ស្ត្រី​បឹងកក់ ៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ពេល​ដែល​ពួកគេ​កំពុង​តវ៉ា សូម​ឲ្យ​មាន​អាជ្ញាធរ​អារម្មណ៍​លើ​ទឹក​ជន់​លិច​នៅ​ក្នុង​តំបន់​របស់​ពួកគេ​ រស់​នៅ។ ពួកគេ​ទាំង​នោះ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល​ក្នុង​ម្នាក់ៗ ដោយ​គ្រាន់តែ​តវ៉ា​ការពារ​សិទ្ធិ​រស់​នៅ​របស់​ខ្លួន។
ក្រោយ​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​បឹងកក់ ៧​នាក់​ហើយ​នោះ អាជ្ញាធរ​ក៏​បាន​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ៤​នាក់​ផ្សេង​ទៀត នៅ​ពេល​ដែល​ពួកគេ​តវ៉ា​អហិង្សា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ទាំង ៧​នាក់​នោះ។
នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម ដែល​ជា​សមាជិក​មួយ​នៃ​បណ្ដាញ​អន្តរជាតិ​សម្រាប់​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ បញ្ជាក់​ថា អង្គការ​អន្តរជាតិ​ចង់​ឃើញ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះលែង​មនុស្ស ១៨​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ឲ្យ​មាន​សេរីភាព៖ «ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ​មិន​ឯករាជ្យ គឺ​ជា​ឧបករណ៍​ឲ្យ​រដ្ឋាភិបាល»
ស្រប​ពេល​ដែល​បណ្ដាញ​អន្តរជាតិ​សម្រាប់​សិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខាង​អង្គការ ​លីកាដូ ក៏​ទទូច​សុំ​ឲ្យ​ដោះលែង​មនុស្ស​ប្រុស​ស្រី ១៨​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។
សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លីកាដូ ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ធ្នូ ពិពណ៌នា​ថា ស្ថានភាព​នៃ​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ព្យាយាម​តែ​មួយ​របស់​អាជ្ញាធរ​ក្នុង​ការ​បំបិទ​មាត់​ អ្នក​ដែល​រិះគន់ ហើយ​បំភិតបំភ័យ​សកម្មជន​ឯ​ទៀត។
នាយិកា​អង្គការ​លីកាដូ កញ្ញា ណាលី ពីឡូក មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន និង​ការ​ផ្ដន្ទាទោស​ថ្មីៗ​ទាំង​នេះ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តាធិការ​នៅ​តែ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ទាំង​ស្រុង​ពី​ រដ្ឋាភិបាល។ កញ្ញា​បន្ត​ថា អ្នកណា​ក៏ដោយ​ឲ្យ​តែ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល ឬ​មិន​គាំទ្រ​នឹង​អ្នក​ដែល​មាន​អំណាច និង​មាន​លុយ អ្នក​ទាំង​នោះ​នឹង​មាន​គ្រោះថ្នាក់​អាច​ជាប់​ពន្ធនាគារ។
ទាក់ទង​នឹង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​ទាំង ១៨​នាក់​នោះ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មិន​បាន​ឆ្លើយ​សំណួរ ដោយ​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។
រី​ឯ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋ​សភា លោក ឈាង វុន បដិសេធ​ថា លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ ហើយ​រុញ​ឲ្យ​ទៅ​សួរ​មន្ត្រី​តុលាការ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពី​ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ៖ «អ្នក​ដែល​ចាប់​ពួក​នោះ គឺ​តុលាការ​និង​សាលាក្រុង ទៅ​សួរ​តុលាការ សាលាក្រុង​ទៅ»
អនុ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់​អះអាង​ថា ការ​សម្រេច​កាត់​សេចក្ដី និង​ការ​ឃុំ​ខ្លួន​មនុស្ស គឺ​ជា​អំណាច​របស់​ស្ថាប័ន​តុលាការ​តែមួយ​គត់ ហើយ​ក្រសួង​យុត្តិធម៌​មិន​អាច​ជ្រៀតជ្រែក​បាន​ឡើយ។
អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ផ្នែក​សង្គម​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ ថា​ជា​រឿង​នយោបាយ ដោយ​បញ្ជាក់​ថា មិន​មែន​ជា​រឿង​មនុស្ស​ទាំង​នោះ​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ទេ ហើយក៏​មិន​មែន​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​អ្វី​ដែរ ប៉ុន្តែ​តុលាការ​ឯណោះ​ទេ​ដែល​ធ្វើការ​ក្រោម​សម្ពាធ​នយោបាយ។
ក្នុង​ជំនួប​រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ត្រង់ៗ ទៅ​លោក ស ខេង ឲ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​ទាំង​អស់​នោះ៖ «របៀប​ យើង​ជំរុញ​ឲ្យ​ដោះលែង យើង​មិន​អាច​និយាយ​ប្រកាស ឬ​សន្យា​បាន​ទេ តែ​យើង​ធ្វើ​តាម​រយៈ​វប្បធម៌​សន្ទនា។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​ល្អ​ពេល​សវនាការ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា»
​ថ្វីបើ​គ្មាន​ការ​ឆ្លើយ​តប​ពី​លោក ស ខេង ប៉ុន្តែ​លោក សម រង្ស៊ី និង​លោក កឹម សុខា បញ្ជាក់​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​សប្ដាហ៍​មុន​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើ​វប្បធម៌​សន្ទនា​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ឲ្យ​ដោះលែង​ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​ទាំង​នោះ​មក​វិញ។ លទ្ធផល​យ៉ាង​ណា​នោះ គឺ​អាច​ដឹង​នៅ​ពេល​ដែល​សវនាការ​សាលាឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ខាង​មុខ។
ព្រះសង្ឃ សកម្មជន​ដីធ្លី សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​សរុប ១៩​នាក់។ អ្នក​ទាំង​នោះ​ជាប់​ចោទ​ពី​បទ​មួយ​ចំនួន រួម​មាន​បទ​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ បទ​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​សាធារណៈ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​បទ​បរិហារកេរ្តិ៍​ជាដើម។ សព្វថ្ងៃ​នេះ​មនុស្ស ១៩​នាក់​នោះ គឺ​នៅ​សល់​តែ ១៨​នាក់​ទេ​ដែល​កំពុង​ជាប់​ឃុំ ដោយសារ​តែ​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​លោក លី ស្រ៊ាងខេង ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​តែ​ឋិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ កាល​ពី​ថ្ងៃ​សុក្រ ទី​៥ ខែ​ធ្នូ កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ សូមចុចអានទំព័រនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons