. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, January 14, 2015

ពលរដ្ឋ​៥​គ្រួសារ​នៅ​ប៉ោយប៉ែត​ចោទ​ប្រធាន​ការិយាល័យ​អប់រំ​ថា​រំលោភ​យក​ដី

ដោយ ហ៊ុំ ចំរើន

2015-01-13
 
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៥​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ប៉ោយប៉ែត ថា​បាន​រំលោភ​យក​ដី​អ្នក​ភូមិ​ដាក់​ជា​របស់​សាលា ហើយ​យក​ទៅ​លក់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អ្នក​ភូមិ​ថ្លែង​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​កន្លែង​ មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។
ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ទាំង ៥​គ្រួសារ​នោះ អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​ទំនាស់​ដី​នោះ​ឲ្យ​បាន​ឆាប់ ដើម្បី​ប្រជាពលរដ្ឋ​យក​ដី​នោះ​មក​ប្រើប្រាស់​សង់​លំនៅឋាន​ស្នាក់​អាស្រ័យ​ វិញ។
តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ម្នាក់​ឈ្មោះ លោក ឆែម ណារ៉ុង រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​១៣ មករា ថា ដី​ដែល​មាន​ទំនាស់​នោះ​ជា​ប្រភេទ​ដី​លំនៅឋាន​មាន​ទំហំ​ទទឹង ២០​ម៉ែត្រ និង​បណ្ដោយ​ជិត ១០០​ម៉ែត្រ ឋិត​នៅ​ជាប់​វិទ្យាល័យ​អូរជ្រៅ ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។ លោក​បន្ត​ថា ដី​ទំនាស់​នេះ ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​កាន់​កាប់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ រហូត​មក ប៉ុន្តែ​ក្រោយ​មក ប្រធាន​ការិយាល័យ​អប់រំ ក្រុង​ប៉ោយប៉ែត ឈ្មោះ លោក ចែម សំបូរ បាន​យក​ដី​នោះ​ដាក់​បញ្ចូល​ជា​របស់​សាលា​រំលោភ​លើ​ដី​របស់​អ្នក​ភូមិ ហើយ​យក​ដី​មួយ​ផ្នែក​ពី​សាលា​ទៅ​លក់​ធ្វើ​ជា​ប្រយោជន៍​របស់​ខ្លួន។ លោក​ថា បន្ទាប់​ពី​មាន​ទំនាស់​ភ្លាម បាន​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​ក្រុង និង​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​យក​ដី​មក​សាងសង់​លំនៅឋាន តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ៖ «យើង ​ខ្ញុំ​ជា​ម្ចាស់​ដី​សុំ​ឲ្យ​អាជ្ញាធរ​រក​យុត្តិធម៌​ហើយ​ប្រគល់​ដី​វិញ ឲ្យ​មាន​តម្លៃ​សមស្រប​ដែល​អាច​ទទួល​យក​បាន​ដូច​តាម​តម្លៃ​ទីផ្សារ។ ហើយ​ប្រសិន​បើ​ដោះដូរ​ដី សុំ​ឲ្យ​នៅ​ក្បែរ​ទីតាំង​ចាស់»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​អប់រំ ក្រុង​ប៉ោយប៉ែត លោក ចែម សំបូរ ដើម្បី​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ មករា។
ទោះ​ជា​យ៉ាង​នេះ​ក្ដី អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​មាន​ទំនាស់​នោះ​ពុំ​អាច​បញ្ជាក់​ថា​ជា​ដី​របស់​ភាគី​ណា​មួយ​ច្បាស់​ លាស់​នៅ​ឡើយ​ទេ។ ដោយ​ហេតុ​ថា ភាគី​ទាំង​សង​ខាង​សុទ្ធតែ​អះអាង​ថា មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​រៀងៗ​ខ្លួន ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ៖ «ខ្ញុំ ​មិន​ទាន់​ថា​ខាង​ណា​រំលោភ​លើ​ខាង​ណា​ទេ ទុក​ឲ្យ​គណៈកម្មការ​គេ​ស្រាវជ្រាវ​សិន ទើប​អាច​បញ្ជាក់​ថា​ភាគី​ណា​ជា​ម្ចាស់​ដី​បាន។ ប៉ុន្តែ​រឿង​នេះ​សាលា​រៀន​គេ​បាន​សាងសង់​អគារ​ឲ្យ​សិស្ស​រៀន​រួច​រាល់​តាំង​ ពី​ឆ្នាំ​១៩៩៦ មក​ហើយ»
ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​ដីធ្លី​នេះ ប្រសិន​អាជ្ញាធរ​មាន​ចេតនា​ដោះស្រាយ​ពិត​ប្រាកដ​នោះ រឿង​នេះ​នឹង​បញ្ចប់​បាត់​ទៅ​ហើយ។ ប៉ុន្តែ​អាជ្ញាធរ​ហាក់​បណ្ដែត​បណ្ដោយ​អូស​បន្លាយ​ពេល​ទុក​ឲ្យ​ទំនាស់​កាន់​ តែ​ធំ​ឡើង​ជា​បន្តបន្ទាប់៖ «សមាគម​អាដហុក នៅ​បារម្ភ​ចំពោះ​ភ្នាក់ងារ​រដ្ឋ​ដែល​ច្រើន​តែ​យក​លេស ហើយ​មិន​សូវ​ដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​ទេ។ ហើយ​មន្ត្រី​របស់​រដ្ឋ​គួរ​តែ​ងាយ​មក​ចាប់​អារម្មណ៍​ដោះស្រាយ​ពី​ទុក្ខ​ លំបាក​ដល់​ប្រជាពលរដ្ឋ​វិញ»
កន្លង​មក អ្នក​ភូមិ​ធ្លាប់​តវ៉ា​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ​លើ​រឿង​នេះ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ហេតុ​ដែល​ពុំ​មាន​ច្រក​ចេញ​នេះ ដោយសារ​អាជ្ញាធរ​ផ្ដល់​សំណង​ដី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ឆ្ងាយ ដែល​មិន​សមស្រប​នឹង​តម្លៃ​ដី​ទំនាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons