. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, January 15, 2015

មេធាវី​អន្តរជាតិ៖ លោក ហ៊ុន សែន អាច​ប្រឈម​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ដោយ យន់ សាមៀន
2015-01-15
 
ហ៊ុន សែន ៦២០
រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
RFA Screenshot
មេធាវី និង​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ អះអាង​ថា សមិទ្ធផល ៣០​ឆ្នាំ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ប្រឈម​មុខ​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​អាច​ពិនិត្យ​ទៅ​ថ្ងៃ​ក្រោយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន ប្រកាស​ថា ការ​គ្រប់គ្រង​រយៈពេល​បី​ទសវត្សរ៍​របស់​លោក​បាន​បញ្ចប់​សង្គ្រាម ហើយ​នាំមក​នូវ​ការ​អភិវឌ្ឍ​រហូត​មក​ទល់​បច្ចុប្បន្ន បើ​ទោះ​ជា​មាន​កំហុស​ឆ្គង​ខ្លះ​ក៏​ដោយ​ចុះ។
ស្ថាបនិក​អង្គការ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​អាមេរិក និង​ជា​មេធាវី លោក មូរតុន ក្លា (Morton Sklar) បញ្ជាក់​ថា របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​ភ្ជាប់​នឹង​ភស្តុតាង​ឯកសារ​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស ការ​ចាប់​ឃុំឃាំង​ដោយ​ខុស​ច្បាប់ និង​ការ​ធ្វើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង អ្នក​កាសែត សហជីព និង​ជនរងគ្រោះ​ដីធ្លី។ របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ ស្មើ​នឹង​និយមន័យ​នៃ​បទល្មើស "ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ" ក្នុង​មាត្រា ៧ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ រួម​មាន ការ​ធ្វើ​ទុក្ខបុកម្នេញ​ទូលំទូលាយ និង​ជា​ប្រព័ន្ធ​ទៅ​លើ​ពលរដ្ឋ រួមមាន​ការ​ធ្វើ​ឃាត ការ​បង្ខំ​បណ្ដេញ​ចេញ និង​ការ​ធ្វើ​ទារុណកម្ម។
លោក មូរតុន ក្លា បន្ថែម​ទៀត​ថា ការ​រក​ឃើញ​របាយការណ៍​មួយ​សំខាន់​ទៀត​នោះ គឺ​ការ​ផ្សារភ្ជាប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នោះ​ជា​គោលនយោបាយ​របស់​ រដ្ឋាភិបាល ដើម្បី​គាបសង្កត់​អ្នក​មាន​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល​និង​គណបក្ស​ ប្រឆាំង។ លោក​បន្ត​ថា កំហុស​លោក ហ៊ុន សែន ដែល​អាច​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​លោក​បាន​នោះ គឺ​ការ​រារាំង​យុត្តិធម៌​នៅ​សាលាក្ដី​ខ្មែរក្រហម​មិន​ឲ្យ​ស៊ើប​អង្កេត និង​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ទៀត។ លោក​ថា ចំណុច​នេះ​ហើយ​ភ្ជាប់​លោក ហ៊ុន សែន ទៅ​នឹង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដោយសារ​តែ​លោក​ចង់​បំបិទ​ភស្តុតាង និង​លាក់​បាំង​ព័ត៌មាន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ជាប់​ ពាក់ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​ក្នុង​របប​ខ្មែរ​ក្រហម។
លោក មូរតុន ក្លា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បាន​រារាំង​យុត្តិធម៌​ដោយ​បង្ក​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ ក្រហម។ ករណី​នេះ​ក៏​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ផង​ដែរ។
បច្ចុប្បន្ន​នេះ មាន​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចំនួន​បី ដែល​តុលាការ​កំពុង​ពិចារណា​បើក​ការ​ស៊ើប​អង្កេត​ជា​បឋម។ ប្រសិនបើ​តុលាការ​ដាក់​ករណី​របស់​លោក ហ៊ុន សែន ក្នុង​សំណុំរឿង​ដើម្បី​ស៊ើប​អង្កេត​នោះ បណ្ដឹង​ទាំង​នោះ​នឹង​ទទួល​បាន​ជោគជ័យ​នៃ​ការ​ទទួល​ស្គាល់​ស្ថាប័ន​អន្តរជាតិ ​ថា ឧក្រិដ្ឋកម្ម​ក្រោម​ការ​ដឹកនាំ​លោក ហ៊ុន សែន ស្មើ​ទៅ​នឹង​និយមន័យ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
ក្នុង​ថ្ងៃ​ខួប​ ៣០​ឆ្នាំ ថ្ងៃ​ទី​១៤ មករា ជា​ថ្ងៃ​នៃ​ការ​ឡើង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បដិសេធ​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទាំង​ស្រុង។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ឯកសារ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ឡើយ។ លោក​បន្ត​ថា លោក​មិន​ចាប់អារម្មណ៍​ទៅ​នឹង​ខួប​នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ឡើយ៖ «ពី ​ឆ្នាំ​១៩៨៥ មក​ទល់​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី។ គុណ​សម្បត្តិ​និង​គុណវិបត្តិ​តែង​កើត​មាន ក៏​ប៉ុន្តែ​សូម​ក្រឡេក​មើល​ថយ​ក្រោយ​បន្តិច នៅ​ពេល លោក ហ៊ុន សែន ចាប់​ផ្ដើម​ធ្វើ​នាយករដ្ឋមន្ត្រី ប្រទេស​​នៅ​មាន​សង្គ្រាម​នៅ​ឡើយ បើ​គ្មាន​បាតដៃ ហ៊ុន សែន ក៏​គ្មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែរ»
ពាក់ព័ន្ធ​ទៅ​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​​នេះ​ដែរ លោក មូរតុន ក្លា បញ្ជាក់​ថា វា​ជា​ភស្តុតាង​ថ្មី​បន្ថែម​ទៀត​សម្រាប់​តុលាការ​អន្តរជាតិ​ដើម្បី​នាំ​ ខ្លួន​លោក ហ៊ុន សែន ទៅ​កាត់​ទោស។ លោក​បន្ត​ថា របាយការណ៍​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ជា​របាយការណ៍​ដកស្រង់​ឯកសារ​ជា​ច្រើន​ពី​អង្គការ​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ ដែល​បាន​ជឿ​ជាក់​បាន៖ «សេចក្ដី​ថ្លែងការណ៍​របស់ ​លោក ហ៊ុន សែន ថា​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​មិន​មែន​ជា​ការ​ពិត​នោះ មិន​មែន​ការ​ពិត​ទេ។ ងាក​ទៅ​មើល​កម្មករ និង​សកម្មជន​គណបក្ស​ប្រឆាំង អ្នក​ទាំង​នោះ​សុទ្ធតែ​បន្ត​ជាប់​ឃុំឃាំង​នៅ​ឡើយ​ទេ»
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ផ្សាយ​របាយការណ៍​មួយ​បង្ហាញ​ថា ក្នុង​រយៈពេល ៣០​នេះ លោក ហ៊ុន សែន ប្រើប្រាស់​អំពើ​ហិង្សា និង​អំពើ​ពុករលួយ ដើម្បី​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។
ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ​ដែរ លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) កាល​ពី​ថ្ងៃ​ទី​១៣ មករា បញ្ជាក់​ថា របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ  ឆ្លុះ​បញ្ចាំង​ការ​ពិត​ពី​កម្ពុជា។ លោក​បន្ថែម​ទៀត​ថា ការ​បាញ់​សម្លាប់​កម្មករ​កាល​ពី​ដើម​ឆ្នាំ​២០១៤ បង្ហាញ​កាន់​តែ​ច្បាស់​ថា កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ពលរដ្ឋ​នៅ​ទី​សាធារណៈ​ដោយ​មិន​បាន​លាក់​បាំង​ពី​ព័ត៌មាន​នៃ​ការ ​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ។
​លោក​បន្ត​ថា   រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​កម្ម និង​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​សិទ្ធិ​ មនុស្ស ប្រសិនបើ​រដ្ឋាភិបាល​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​ល្អ៖ «យើង​ឃើញ​ថា មាន​អំពើ​ឃាតកម្ម​ជា​ច្រើន​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៩៣ យើង​មិន​ដែល​ឃើញ​ចាត់វិធានការ​ទេ ដូចជា​ឃាតកម្ម​លើ​លោក ជា វិជ្ជា និង​សម្លាប់​លោក ឈុត វុទ្ធី មិន​ដែល​រក​ឃើញ​ជនល្មើស​ពិត​ប្រាកដ​ទេ។ បើ​តាម​ចាប់ គឺ​ចាប់​តែ​ជនល្មើស​សិប្បនិមិត្ត ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ»
ចំណែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លោក​បាន​អាន​របាយការណ៍​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ហើយ ប៉ុន្តែ​គណបក្ស​មិន​ទាន់​សម្រេច​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​នៅ​ឡើយ ​ទេ៖ «ក្រោយ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​មក​មាន​ការ​អភិវឌ្ឍ​ខ្លះ ដោយសារ​ប្រាក់​ជំនួយ​បរទេស និង​ប្រាក់​កម្ចី ប៉ុន្តែ​ភាព​អវិជ្ជមាន​ក៏​មាន​ច្រើន​ដែរ ដូចជា​ការ​រំលោភ​ដីធ្លី និង​អំពើ​និទ្ទណ្ឌភាព»
​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ប្រឆាំង​នឹង លោក ហ៊ុន សែន នេះ​ដែរ មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុម​មេធាវី​អន្តរជាតិ គ្លបល ឌីលីជេនស៍ (Global Diligence) ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ផ្សេង​ទៀត​ចោទ​មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​ លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ពី​បញ្ហា​ការ​រំលោភ​ដីធ្លី​ជា​ប្រព័ន្ធ​ លោក រីឆាត រ៉ូជើរ កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ប្រមូល​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល សមាជិក​សភា និង​ព្រឹទ្ធ​សភា​អាមេរិក ដើម្បី​អន្តរាគមន៍​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ស៊ើប​អង្កេត​បឋម​លើ​បណ្ដឹង​របស់​លោក។
​ទោះ​បី​ជា អង្គការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា សមិទ្ធផល​ក្នុង​រយៈពេល ៣០​​ឆ្នាំ​របស់​លោក ហ៊ុន សែន នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សិទ្ធិមនុស្ស និង​កើត​មាន​អំពើ​និទ្ទណ្ឌភាព​ក៏ដោយ ក៏​លោក ហ៊ុន សែន បញ្ជាក់​ក្នុង​ថ្ងៃ​ខួប​ ៣០​ឆ្នាំ​ថា  អាយុ​លោក​នៅ​តែ​អនុញ្ញាត​ឲ្យ​លោក​ដឹកនាំ​កម្ពុជា ជា​បន្ត​ទៀត ហើយ​វាសនា​នៃ​ការ​ដឹកនាំ​របស់​លោក​អាស្រ័យ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​ អ្នក​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons