. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, January 30, 2015

អតីត​អ្នក​កាសែត៖ លោក ហ៊ុន សែន មិន​បាន​ប្រើប្រាស់​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​ទេ

ដោយ ជី វិតា
2015-01-30
ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។
RFA/Vann Vichar
អតីត​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​និយាយ​ថា លោក ហ៊ុន សែន មិន​បាន​ប្រើប្រាស់​តួនាទី និង​អំណាច​របស់​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​មួយ​រូប​ឲ្យ​បាន​ពេញលេញ​ ត្រឹមត្រូវ​ឡើយ។ មិន​បាន​ប្រើ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ឈរ​លើ​នយោបាយ​អភិបាលកិច្ច​ល្អ​នោះ គឺ​ដោយសារ​តែ​លោក​អនុវត្ត​វប្បធម៌ "ឯង​ជួយ​អញ អញ​ជួយ​ឯង"។
ថ្លែង​ក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ​សៀវភៅ​ទើប​ចេញ​ថ្មី​ដែល​មាន​ចំណង​ថា «Hun Sen’s Cambodia» នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មករា ដែល​មាន​មនុស្ស​ចូលរួម​ស្តាប់​ប្រមាណ ១០០​នាក់​នោះ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) ដែល​ជា​អ្នក​និពន្ធ មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​មក​ដល់​ពេល​នេះ បណ្តោយ​ឲ្យ​កម្ពុជា ហិនហោច​ធនធាន​ធម្មជាតិ បញ្ហា​រំលោភ​យក​ដីធ្លី និង​អំពើ​ពុក​រលួយ។ លោក​ថា លោក ហ៊ុន សែន ជ្រើសរើស​យក​ល្បែង "ឯង​ជួយ​អញ អញ​ជួយ​ឯង" ដើម្បី​ការ​រក្សា និង​ពង្រឹង​អំណាច​របស់​លោក និង​បក្ខពួក៖ «ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​ផ្អែក​លើ​គោល​នយោបាយ "យក​ចិត្ត​យក​ចិត្ត​យក​ថ្លើម​ក្រុម​អ្នក​ជំនួញ​ដែល​មាន​ឥទ្ធិពល" ហើយ​ដើម្បី​ជា​ការ​ដោះ​ដូរ​គ្នា ក្រុម​អ្នក​ជំនួញ​ដែល​មាន​អំណាច​ទាំង​នោះ ត្រូវ​ផ្តល់​ការ​គាំទ្រ​ដល់​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​ឱកាស និង​ប្រយោជន៍​ដែល​ទទួល​បាន​ពី​អាជីវកម្ម​របស់​ពួក​គេ។ ប្រព័ន្ធ​នយោបាយ​បែប​នេះ បាន​បង្ក​ឲ្យ​កើត​មាន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​សេចក្តី​ត្រូវ​ការ​ របស់​ពលរដ្ឋ​សាមញ្ញ។ នេះ​ហើយ​ជា​ឫសគល់​នៃ​បញ្ហា​រំលោភ​យក​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ជាដើម។ ខ្ញុំ​គិត​ថា ប្រព័ន្ធ​នយោបាយ​បែប​នេះ​គ្មាន​គោលដៅ ឬ​ទស្សនៈ​វិស័យ​ច្បាស់លាស់​ទេ ក្រៅ​តែ​ពី​ប្រាថ្នា​ចង់​រក្សា​ឲ្យ​មាន​បែប​នេះ​ជា​រៀង​រហូត​នោះ។ ចំពោះ លោក ហ៊ុន សែន វិញ គាត់​មិន​បាន​ប្រើប្រាស់​អំណាច​របស់​គាត់​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ឲ្យ​បាន​ពេញលេញ​ទេ ពីព្រោះ​គាត់​ពឹង​ផ្អែក​ពេក​ទៅ​លើ​បុគ្គល។ សម្រាប់ លោក ហ៊ុន សែន ការ​រក្សា​អំណាច គឺ​ជា​ល្បែង​នៃ​ការ​ទប់​ឲ្យ​មាន​តុល្យាការ​ជាប់​ជានិច្ច​រវាង​បុគ្គល​មាន​ ឥទ្ធិពល ឈ្មួញ​មាន​អំណាច និង​មន្ត្រី​យោធា ព្រម​ទាំង​រក្សា​ឲ្យ​ពួក​គេ​បន្ត​មាន​ភក្តី​ភាព​តាម​រយៈ​ឯង​ជួយ​អញ អញ​ជួយ​ឯង»។
ទោះ​ជា​យ៉ាង​ណា លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ ទទួល​ស្គាល់​ថា លោក ហ៊ុន សែន មាន​ចំណុច​វិជ្ជមាន​ដូចជា លោក​បាន​បើក​ទូលាយ​ដល់​សង្គម​កម្ពុជា ឲ្យ​មាន​ផ្នែក​ប្រព័ន្ធ​ទំនាក់ទំនង​បច្ចេកវិទ្យា​ទំនើប៖ «មនុស្ស​វ័យ​ ក្មេង​ពេល​នេះ​មាន​ឱកាស​ច្រើន​ជាង​កាល​ពី ២០​ឆ្នាំ​មុន។ នេះ គឺ​ជា​ការ​ក្រាល​ថ្នាល​នៃ​សេចក្តី​សង្ឃឹម​សម្រាប់​ភាព​វិជ្ជមាន​ក្នុង​ រយៈពេល​យូរ។ បច្ចុប្បន្ន ពលរដ្ឋ​កម្ពុជា មាន​ការ​អប់រំ​ច្រើន ហើយ​ពួក​គេ​មាន​ការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​ពិភព​ខាង​ក្រៅ​តាម​រយៈ​ បច្ចេកវិទ្យា​ទំនើប ដូចជា​អ៊ីនធឺណិត (internet) ហើយ​ពួក​គេ​មាន​គោល​ជំហរ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ពលរដ្ឋ​កម្ពុជា ហ៊ាន​ក្រោក​ឈរ ហើយ​សួរ​រដ្ឋាភិបាល​ថា ហេតុ​អ្វី​បាន​ជា​ជីវភាព​របស់​ពួក​គេ​មិន​ល្អ និង​ហេតុ​អ្វី​បាន​ជា​កម្ពុជា ដើរ​យឺត​ជាង​ប្រទេស​វៀតណាម និង​ថៃ? ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នឹង​ត្រូវ​បង្ខំ​ចិត្ត​ឆ្លើយ​ទៅ​នឹង​សំណួរ​ទាំង​នោះ និង​ប្រឹង​រក​ដំណោះស្រាយ​ទៅ​នឹង​ក្តី​ព្រួយ​បារម្ភ​ទាំង​នោះ»។
ទាក់ទង​នឹង​ផ្នែក​សេដ្ឋកិច្ច​វិញ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ យល់​ស្រប​ជាមួយ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត​ដែរ​ថា បើ​ទោះ​ជា​សេដ្ឋកិច្ច​បច្ចុប្បន្ន​ប្រសើរ​ជាង ២០​ឆ្នាំ​មុន​ក៏ដោយ ភោគផល​បាន​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ភាគ​ច្រើន​ហូរ​បញ្ច្រាស​ទៅ​ខាង​លើ មិន​បាន​ហូរ​ចែក​ចាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ទេ ពោល​គឺ​អ្នក​ក្រ​កាន់​តែ​ក្រ​ទៅ រីឯ​អ្នក​មាន​ឱកាស​ប្រមូល​ធ្វើ​មាន​ធ្វើ​បាន ចេះ​តែ​មាន​បាន​ទៅ។ លោក​ថា បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​ប្រព័ន្ធ​នយោបាយ ឬ​វប្បធម៌ "ឯង​ជួយ​អញ អញ​ជួយ​ឯង" ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពឹង​ផ្អែក​លើ​បុគ្គល​ក្រុម​ឈ្មួញ​មាន​ឥទ្ធិពល និង​កង​ប្រដាប់​អាវុធ ជា​ជាង​ច្បាប់ ដើម្បី​រក្សា​អំណាច។ ម្ចាស់​សៀវភៅ «Hun Sen's Cambodia» ដែល​អាច​ប្រែ​ថា «កម្ពុជា របស់ ហ៊ុន សែន» អតីត​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​រូប​នេះ​បន្ត​ថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មិន​ត្រឹម​តែ​សម្លឹង​មើល​សេចក្តី​ត្រូវ​ការ​ ប្រចាំ​ថ្ងៃ​ដើម្បី​រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​សម្លឹង​មើល​ទៅ​មុខ​ដែរ​ថា តើ​ពួក​គេ​គួរ​ជ្រើសរើស​យក​របប​នយោបាយ​បែប​ណា ដើម្បី​ជា​ត្រីវិស័យ​ក្នុង​ការ​នាំ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ?
សូមចុចអានទំព័រដើមទាំងស្រុងនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons