. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, February 27, 2015

បទ​វិភាគ៖ ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់

ដោយ ជុន ច័ន្ទបុត្រ

2015-02-27
ហ៊ុន សែន ហ៊ុន ម៉ាណែត ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង ​យោធពល​ខេមរភូមិន្ទ។
Photo courtesy of camnews.com
ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចូល​យុវជន​ជំនាន់​ក្រោយ ដែល​ជា​កូន​ចៅ​របស់​មេ​ដឹក​នាំ​នៃ​គណបក្ស​មួយ​ចំនួន​ធំ ទៅ​ក្នុង​សមាសភាព​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​នេះ។ នេះ គឺ​ជា​ការ​បញ្ចូល​ឈាម​ថ្មី​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៅ​ក្នុង​សរសៃ​ឈាម​ ចាស់​របស់​គណបក្ស។
ក្នុង​ចំណោម​សមាជិក​ថ្មី​ទាំង ៣០៦​នាក់ មាន ៧០​នាក់ គឺ​ស្មើ​នឹង ២២​ភាគរយ ជា​សមាសភាព​យុវជន​ដែល​គេ​ទើប​បញ្ចូល​ថ្មី។
តើ​ឈាម​ថ្មី​នេះ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ល្បាយ​ឈាម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា ឬ​ទេ?
ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពេល​នេះ​មាន​អាយុ ៦២​ឆ្នាំ ធ្លាប់​បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា លោក​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​លោក​មាន​អាយុ ៧៤​ឆ្នាំ​ក៏ដោយ ក៏​លោក​មិន​អែអង់​ក្នុង​ការ​ដាក់​បញ្ចូល​កូន​ចៅ​របស់​លោក ទាំង​កូន​បង្កើត ទាំង​កូនប្រសា ឲ្យ​ត្រៀម​ខ្លួន​ទទួល​តំណែង​បន្ត​វេន​ទៅ​ថ្ងៃ​មុខ​ដែរ។
នេះ​ជា​ការ​វិវឌ្ឍ​ថ្មី​មួយ ដែល​អាច​ផ្តល់​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​ចំពោះ​អនាគត​នៃ​ប្រទេស​កម្ពុជា ប្រសិន​បើ​ចរន្ត​ឈាម​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​នេះ ហូរ​ខុស​ពី​គន្លង​ចាស់​នៃ​ឪពុក​ម្ដាយ​របស់​គេ។ បើ​ពិនិត្យ​មើល​ពី​ការ​សិក្សា យុវជន​ស្រករ​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​គេ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ក្នុង​ការ​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​បរទេស​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​លើ​ ពិភពលោក។
លោក ហ៊ុន ម៉ាណែត បុត្រ​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ឧទាហរណ៍​ស្រាប់ បាន​ទទួល​ការ​អប់រំ​ក្នុង​សាលា​បាន​ជ្រៅជ្រះ​ជាង​ឪពុក​ម្ដាយ​របស់​ខ្លួន​ ឆ្ងាយ​ណាស់។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​សភា​យោធា​អាមេរិក នៅ​សាលា វ៉េស ផ័ញត៍ (West Point) កាល​ពី​ឆ្នាំ​១៩៩៩។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​ក៏​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​មួយ​ទៀត​ពី​សាកលវិទ្យាល័យ ប្រីសស្តុល (the University of Bristol) នៃ​ប្រទេស​អង់គ្លេស។ កូនៗ​របស់​មេ​ដឹក​នាំ​គ្រាក់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដទៃ​ទៀត ដែល​ពេល​នេះ​ត្រូវ​បាន​ឪពុក​ម្ដាយ​ចាប់​បញ្ចូល​ក្នុង​គណៈកម្មាធិការ​មជ្ឈិម​ បក្ស ក៏​បាន​ទទួល​ការ​សិក្សា​ជាន់​ខ្ពស់​ពី​ប្រទេស​លោក​ខាង​លិច​ដែរ។
ក៏ប៉ុន្តែ បញ្ហា​ដែល​គេ​ឯង​កំពុង​រង់ចាំ​មើល គឺ​ថា តើ​ពួក​គាត់​អាច​យក​ចំណេះ​វិជ្ជា​ដែល​ទទួល​បាន​ពី​លោក​សេរី មក​អនុវត្ត​នៅ​កម្ពុជា បាន​ប៉ុណ្ណា ប្រសិន​បើ​ពួក​លោក​មាន​ឱកាស​បាន​ឡើង​កាន់​អំណាច​បន្ត​វេន​ពី​ឪពុក​ម្ដាយ​ របស់​ខ្លួន?
ប្រាកដ​ណាស់ គេ​មិន​អាច​សន្និដ្ឋាន​ទុក​ជា​មុន​ឲ្យ​បាន​ជាក់​ច្បាស់​ថា ពួក​គាត់​នឹង​ដើរ​តាម​គន្លង​ចាស់​របស់​ឪពុក​ម្ដាយ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​នៅ​ពេល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​ពិនិត្យ​មើល​លំនាំ​នៃ​ការ​ស្នង​អំណាច​បន្ត​ពី​ឪពុក​ទៅ​កូន​នៃ​របប​ ផ្ដាច់ការ​មួយ​ចំនួន ដូចជា​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ជាដើម ពួក​កូនៗ​របស់​គេ​បាន​ដើរ​តាម​លំអាន​របស់​ឪពុក​ស្ទើរ​តែ​ទាំង​ស្រុង នៅ​ពេល​ដែល​បាន​ទទួល​កេរ​អំណាច​ពី​ឪពុក​របស់​ខ្លួន។
ត្រកូល គីម នៃ​ប្រទេស​កូរ៉េ​ខាង​ជើង ជា​ឧទាហរណ៍ បាន​កាន់​អំណាច រួច​ផ្ទេរ​អំណាច​បន្ត​គ្នា​បី​ជំនាន់​ហើយ​មក​ទល់​នឹង​ពេល​នេះ។ នៅ​ពេល​ដែល លោក គីម អ៊ីលស៊ុង (Kim Il Sung) ស្លាប់​បាត់​ទៅ​នៅ​ឆ្នាំ​១៩៩៤ កូន​ប្រុស​របស់​លោក គឺ​លោក គីម ជុងអ៊ីល (Kim Jung Il) ឡើង​ស្នង​តំណែង​បន្ត។ គីម ជុងអ៊ីល មគ្គុទ្ទេសក៍​ដ៏​មហិមា​នៃ​ប្រទេស​ដ៏​មហា​ផ្ដាច់ការ​មួយ​នេះ បាន​បន្ត​នយោបាយ​ជិះជាន់​គាប​សង្កត់​ប្រជាជន​ខ្លួន​ឯង និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ មិន​ខុស​អ្វី​បន្តិច​ពី​ការ​ដឹក​នាំ​របស់​ឪពុក​របស់​លោក​ឡើយ។
បន្ទាប់​ពី លោក គីម ជុងអ៊ីល ស្លាប់​ទៅ​នៅ​ចុង​ឆ្នាំ​២០១១ គីម ជុងអ៊ុន (Kim Jung Un) ជា​កូន​ប្រុស បាន​ឡើង​សោយរាជ្យ​បន្ត​នៅ​ក្នុង​នគរ​កុម្មុយនីស្ត​មួយ​នេះ​ដូច​ការ​គ្រោង​ ទុក។ ខុស​ពី​ជីតា និង​ឪពុក​របស់​ខ្លួន គីម ជុងអ៊ុន ធ្លាប់​បាន​ទទួល​ការ​សិក្សា​នៅ​ប្រទេស​ស្វីស។ ក៏ប៉ុន្តែ គួរ​ឲ្យ​សោកស្ដាយ គីម ជុងអ៊ុន បាន​បន្ត​ការ​គ្រប់គ្រង​ប្រទេស​កូរ៉េ​ខាង​ជើង តាម​បែប​ផ្ដាច់ការ​និយម ដូច​គ្នា​ទៅ​នឹង​ការ​ដឹក​នាំ​របស់​ឪពុក និង​ជីតា​របស់​លោក​ដែរ។ មិន​ត្រឹម​តែ​ដូច​ក្នុង​ការ​ដឹក​នាំ​ទេ សូម្បី​សក់​ក្បាល ក៏ គីម ជុងអ៊ុន ចម្លង​ម៉ូត​តាម​បុព្វបុរស​របស់​លោក​ទាំង​ពីរ​នាក់ មិន​ឲ្យ​ខុស​គ្នា​បន្តិច​ណា​ឡើយ។
មន្ត្រី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​កត់​សម្គាល់​ថា គីម ជុងអ៊ុន បន្ត​រក្សា​គោល​នយោបាយ​ជិះ​ជាន់​គាប​សង្កត់​ទាំង​ឡាយ​របស់​ឪពុក​លោក​ដោយ​ គ្មាន​សំចៃ​ដៃ។ គ្រាន់​តែ​បាន​ឡើង​អង្គុយ​កាន់​អំណាច​មិន​ទាន់​ទាំង​ក្តៅ​កៅអី​ផង គីម ជុងអ៊ុន បាន​ធ្វើ​ឲ្យ​ពិភពលោក​ព្រឺព្រួច ដោយ​ចាប់​ពូ​ថ្លៃ​របស់​ខ្លួន គឺ​លោក ហ្សាង សុងតេក (Jang Song-taek) ដែល​ជា​មនុស្ស​មាន​អំណាច​ទី​ពីរ​ក្នុង​ប្រទេស យក​ទៅ​បាញ់​ចោល​ភ្លាម។ ក្រៅ​ពី​នេះ គីម ជុងអ៊ុន កំពុង​បន្ត​អនុវត្ត និង​ពង្រីក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​មរតក​បន្សល់​ពី​ជីតា និង​ឪពុក​របស់​ខ្លួន ដើម្បី​គំរាម​កំហែង​ពិភពលោក​ដោយ​គ្មាន​ក្រែង​រអា។
តាម​ពិត លោក គីម ជុងអ៊ុន ត្រូវ​បាន លោក គីម ជុងអ៊ីល ជា​ឪពុក​ដាក់​បញ្ចូល​ទៅ​ក្នុង​ជួរ​អ្នក​ដឹក​នាំ ដើម្បី​ត្រៀម​ខ្លួន​កាន់​អំណាច​បន្ត​ពី​លោក​តាំង​តែ​ពី​លោក​នៅ​មាន​ជីវិត​ ម្ល៉េះ។ លោក គីម ជុងអ៊ីល បាន​បំពាក់​ផ្កាយ​បួន​ឲ្យ​កូន​ប្រុស គីម ជុងអ៊ុន របស់​លោក។ មិន​តែ​ប៉ុណ្ណោះ​ទេ លោក​បាន​ដូរ​ឆ្នាំ​កំណើត គីម ជុងអ៊ុន ពី​កើត​នៅ​ឆ្នាំ​១៩៨៣ ឬ​ឆ្នាំ​១៩៨៤ ឲ្យ​មក​ជា​កើត​នៅ​ឆ្នាំ​១៩៨២ វិញ។ លោក​ជឿ​ថា ឆ្នាំ​កំណើត​ដែល​ខាង​ចុង​មាន​លេខ​២ គឺ​ជា​ឆ្នាំ​ដែល​មាន​ប្រផ្នូល​ល្អ និង​មាន​បុណ្យ​បារមី ត្បិត​លោក​ឪពុក គីម អ៊ីលស៊ុង ដែល​ត្រូវ​ជា​ជីតា​របស់ គីម ជុងអ៊ុន និង​ជា​ឪពុក​របស់​លោក កើត​ក្នុង​ឆ្នាំ​១៩១២ ឯ​ខ្លួន​លោក​ផ្ទាល់ ក៏​កើត​ក្នុង​ឆ្នាំ​១៩៤២ ដែរ។
ស្ថានភាព​ស្រដៀង​គ្នា​នេះ កំពុង​កើត​ឡើង​នៅ​កម្ពុជា។ នៅ​ពេល​ដែល​កំពុង​កាន់​អំណាច​ពេញ​ដៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពាក់​ផ្កាយ​ឲ្យ​កូន​ប្រុស​របស់​លោក​មួយ​ហើយ​មួយ​ទៀត ស្ទើរ​ស្រោច​ស្មា​ទៅ​ហើយ។ បន្ថែម​លើ​នេះ លោក​ធ្លាប់​បាន​ថ្លែង​ប្រាប់​គេ​ឯង​ថា កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត អាច​ជា​កូន​អ្នកតា​អញ្ចាញ​កោះ​ថ្ម ដែល​អ្នក​ភូមិ​កោះថ្ម ស្រុក​មេមត់ ខេត្ត​កំពង់ចាម ជឿ​ថា មាន​បារមី​ខ្លាំង​ពូកែ។ លោក​អះអាង​ទៀត​ថា ការ​ដែល​លោក​ហ៊ាន​សន្និដ្ឋាន​បែប​នេះ ត្បិត​ពេល​ដែល​កូន​ប្រុស​លោក​ចាប់​កំណើត មាន​ពន្លឺ​ចែងចាំង​មួយ​ហោះ​ចេញ​ពី​ដើម​ពោធិ៍​នៃ​ខ្ទម​អ្នកតា​អញ្ចាញ​កោះ​ថ្ម ​នោះ រំលង​ផ្ទះ​របស់​លោក។
ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ ប្រីហ្គឹម យ៉ាំង (Brigham Young University) នៃ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​របស់​គ្រួសារ​ទៅ​លើ​កូន មាន​ខ្លាំង​ជាង​ការ​អប់រំ​នៅ​សាលា។ ចាស់​បុរាណ​ខ្មែរ ក៏​តែង​តែ​ពោល​ដែរ​ថា ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ទេ។ ប្រសិន​បើ​ទ្រឹស្ដី​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​នេះ នៅ​តែ​ត្រូវ​ក្នុង​បរិយាកាស​សង្គម​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន យុវជន​ស្រករ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​អាច​នឹង​ដើរ​តាម​គន្លង​ចាស់​របស់​ឪពុក​ម្ដាយ​គេ ដែល​គេ​ធ្លាប់​រង​ឥទ្ធិពល​តាំង​ពី​តូច​ក្រូចឆ្មារ​មក ដោយ​ចៀស​មិន​រួច។
ពួក​គាត់​ចម្រើន​វ័យ​ក្នុង​បរិយាកាស​គ្រួសារ​មួយ ដែល​បើក​ភ្នែក​ឡើង​កាល​ណា​ឃើញ​តែ​ឪពុក​ម្ដាយ​រក​ចំណូល​គ្រួសារ​បាន​រាប់​រយ​ លាន​ដុល្លារ​ពី​ការ​កាប់​ព្រៃ​ឈើ ពី​ការ​លក់​សម្បត្តិ​រដ្ឋ ពី​ការ​ប្លន់​ដី​រដ្ឋ ដី​អ្នក​ស្រុក យក​ទៅ​លក់ ឬ​ជួល​ឲ្យ​ឈ្មួញ​បរទេស ពី​ការ​ឃុបឃិត​ជាមួយ​ឈ្មួញ​រក​ស៊ី​គេច​ពន្ធ ជាដើម។
នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្តងៗ ពួក​គាត់​ធ្លាប់​ឃើញ​តែ​កូន​ចៅ​ក្រោម​ឱវាទ​ឪពុក​ម្ដាយ​របស់​ខ្លួន និង​អ្នក​ជំនួញ​ធំៗ នាំ​គ្នា​ដង្ហែ​កញ្ចប់​កាដូ មាន​បង្កប់​ស្រោម​សំបុត្រ​ក្រាស់ៗ យក​មក​ជូន​ដល់​ផ្ទះ។ គឺ​ប្រាក់​ទាំង​នេះ​ហើយ ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ពួក​គាត់​រស់នៅ​ហ៊ឺហា សង់​វិឡា​ថ្មីៗ ជិះ​ឡាន​ទំនើបៗ មាន​លុយ​កាក់​ចេញ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។
បើ​ងាក​ទៅ​ការ​ដឹក​នាំ​វិញ ពួក​គាត់​ប្រហែល​ជា​ស៊ាំ​ភ្នែក ស៊ាំ​ត្រចៀក​ទៅ​ហើយ​ក្នុង​ការ​ឮ​ឪពុក​ម្ដាយ​ជជែក​គ្នា​អំពី​យុទ្ធសាស្ត្រ​ បំបែក​ក្រុម​នេះ ទិញ​ក្រុម​នោះ ឬ​កម្ចាត់​អ្នក​នេះ បង្ក្រាប​អ្នក​នោះ តាម​ស្ទីល​សាមកុក ឬ​ស្ទីល​ហ៊ីត្លែរ (Adolf Hitler) ជាដើម។ ពួក​គាត់​ធំ​ដឹង​ក្តី​ឡើង ឮ​សូរ​តែ​ឪពុក​ម្ដាយ​ប្រើ​សម្ដី​គំរោះគំរើយ អាមឹង គំរាម​កំហែង​តាំង​ពី​ព្រះសង្ឃ រហូត​ដល់​ស្ដេច​ផែនដី តាំង​ពី​ស្ត្រី​អ្នក​នយោបាយ​រហូត​ដល់​ស្ត្រី​ដែល​តវ៉ា​សិទ្ធិ​ដីធ្លី។ ទោះ​ជា​គាត់​ចាប់​គេ​ដាក់​គុក​ហើយ នៅ​មិន​អស់​ចិត្ត ឆ្លៀត​ជេរ​ដាក់​មេក្រូ​បញ្ឈឺ​ទៀត។
ដោយ​ហេតុ​តែ​ពួក​គាត់​លូតលាស់​ធំ​ដឹង​ក្តី​ក្នុង​បរិយាកាស​គ្រួសារ​បែប​ នេះ​ហើយ បាន​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​មាន​អំណាច មាន​ប្រាក់កាស​ហូរហៀរ។ ពួក​គាត់​ក៏​អាច​ធ្លាប់​ទៅ​នឹង​វិធី​ទាំង​នេះ ហើយ​អាច​នឹង​ដើរ​តាម​គន្លង​នេះ​ទៀត ដើម្បី​ឲ្យ​កាន់​តែ​មាន​អំណាច មាន​ប្រាក់កាស​ជា​បន្ត​ទៅ​ទៀត ហើយ​ជាពិសេស គឺ​ដើម្បី​រក្សា​សមិទ្ធផល​របស់​អ្នក​មាន​គុណ​ដែល​បាន​ផ្តល់​កំណើត ផ្តល់​អំណាច ផ្តល់​ទ្រព្យ​សម្បត្តិ​ដល់​ពួក​គាត់​នោះ​ផង។
ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​នៅ​ក្នុង​ក្រុម​យុវជន​ជំនាន់​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ណា​ម្នាក់ មាន​ស្មារតី​ភ្ញាក់​រលឹក ហើយ​មាន​ឆន្ទៈ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ និង​ចង់​ជួយ​ស្រោចស្រង់​កេរ្តិ៍​ឈ្មោះ​ឪពុក​ម្ដាយ​ក្តី ក៏​ប្រហែល​ជា​គាត់​ពិបាក​នឹង​អនុវត្ត​អ្វី​ឲ្យ​ប្រាសចាក​ពី​ខ្សែ​បន្ទាត់​ របស់​គណបក្ស​នេះ​ណាស់។ នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​មួយ​ដែល​មាន​ប្រព័ន្ធ​ដឹក​នាំ​យ៉ាង​រឹងមាំ មាន​គោល​មាគ៌ា​នយោបាយ​ឈ្នះ​ឈ្នះ​ដ៏​ល្បីល្បាញ គ្មាន​នរណា​បំបែក​បាន រហូត​ដល់​គេ​គ្រោង​រក​លុយ​វាល់​លាន​ដុល្លារ​សម្រាប់​សង់​សារមន្ទីរ ឧទ្ទិស​ដល់​គោល​នយោបាយ​ដ៏​ពិសិដ្ឋ​នេះ​ផង។
ក៏ប៉ុន្តែ បើ​ផ្អែក​ទៅ​លើ​ទ្រឹស្ដី អនិច្ចំ ទុក្ខំ អនត្តា វិញ អ្វីៗ​ក៏ដោយ​ក៏​គេច​មិន​ផុត​ពី​ការ​ផ្លាស់ប្ដូរ​ប្រែប្រួល ហើយ​វា​មិន​លុះ​ក្នុង​អំណាច​ចិត្ត​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ដំណាក់​កាល​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មាន​ទាំង​យុវជន និង​ឪពុក​ម្ដាយ​បងប្អូន​របស់​គេ រួម​ទាំង​ព្រះសង្ឃ ដូនជី និង​តាជី​ផង មាន​ការ​យល់​ដឹង​ច្រើន​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន ហើយ​បាន​ចាប់​ផ្ដើម​ងើប​ឡើង ដើម្បី​ការពារ​សិទ្ធិ​រស់នៅ សិទ្ធិ​និយាយ​ស្តី និង​សិទ្ធិ​ការពារ​សម្បត្តិ​ធម្មជាតិ ជាដើម យ៉ាង​សកម្ម។ ពួក​គាត់​អាច​ក្លាយ​ជា​កម្លាំង​ចលករ​ធំ​មួយ ដែល​អាច​ជួយ​រារាំង​មិន​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ស្នង​ត្រកូល ឬ​បន្ត​ប្រពៃណី​ដឹក​នាំ​តាម​បែប​ផ្ដាច់ការ​ត​ពូជ​នៅ​កម្ពុជា តាម​អំពើ​ចិត្ត​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons