. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, March 3, 2015

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​អះអាង​ថា​ល្បែង​ចាក់​កន្ទុយ​លេខ​កើត​ឡើង​ច្រើន

ដោយ ហ៊ុំ ចំរើន

2015-03-03
ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ល្បែង​ចាក់​កន្ទុយ​លេខ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ នៅ​ក្រុង​ប៉ោយប៉ែត ជាយ​ដែន​ខ្មែរ-ថៃ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​អើពើ​បង្ក្រាប​នោះ​ទេ។ អ្នក​ភូមិ​បញ្ជាក់​ថា ល្បែង​ស៊ី​សង​នេះ បង្ក​ជា​អសន្តិសុខ​កើត​ចោរកម្ម​លួច​ទ្រព្យ​សម្បត្តិ​ក្នុង​មូលដ្ឋាន​ញឹកញាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច។
ប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ោយប៉ែត អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស និង​មន្ត្រី​ពាក់ព័ន្ធ ទប់ស្កាត់​ល្បែង​ស៊ី​សង​អនាធិបតេយ្យ​នេះ​ជា​បន្ទាន់ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ជាតិ។
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​២ មីនា ថា ល្បែង​ចាក់​កន្ទុយ​លេខ​ទ្រង់ទ្រាយ​ធំ ចាក់​ម្ដងៗ​រាប់​លាន​រៀល ធ្វើ​សកម្មភាព​ពេញ​បន្ទុក​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ល្បែង​ចាក់​កន្ទុយ​លេខ​នេះ មេ​ខ្លោង​ធំ​មាន​ចំនួន ២​កន្លែង គឺ​មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​លេខ​៥ នៅ​ម្ដុំ​ខាង​មុខ​សណ្ឋាគារ​ប៉ោយប៉ែត​ផាស់ ធ្វើ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះ​ទេ៖ «អ្នក​ដែល​ជា​ល្បែង​នោះ​ រួម​មាន ឈ្មោះ​លោក សម ហេងជា ប្រធាន​ការិយាល័យ​សុរិយោដី ស្រុក​អូរជ្រៅ និង​ម្នាក់​ទៀត​នៅ​ជាប់​គ្នា​នោះ​ដែរ គឺ​ឈ្មោះ ប្រុស។ អ្នក​ទាំង​ពីរ​បើក​ល្បែង​ជាច្រើន​ឆ្នាំ​ហើយ ពុំ​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​នោះ​ឡើយ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត គឺ​លោក អ៊ុំ សុផល ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ មីនា ដោយ​ទូរស័ព្ទ​រោទ៍​តែ​ពុំ​មាន​អ្នក​ទទួល។
ចំណែក​ឯ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត លោក អ៊ឹម សុភារៈ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ពុំ​មាន​អំណាច​ទៅ​បង្ក្រាប​ល្បែង​ចាក់​កន្ទុយ​លេខ​ទាំង​នោះ​ឡើយ ហើយ​បិទ​ទូរស័ព្ទ​ទៅ​វិញ៖ «ការងារ​ហ្នឹង​ទាល់​តែ​បង​ទៅ​សួរ​ថ្នាក់​ដឹក​នាំ​បាន​ត្រូវ មក​សួរ​ខ្ញុំ​អ៊ីចឹង​ខុស​ហើយ»
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ល្បែង​ចាក់​កន្ទុយ​លេខ​នៅ​ក្រុង​ប៉ោយប៉ែត កើត​មាន​យ៉ាង​អនាធិបតេយ្យ​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា ល្បែង​ស៊ី​សង​នៅ​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ដោយ​ខុស​ច្បាប់​នេះ ពុំ​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ជុំវិញ​ករណី​នេះ​ជា​បន្ទាន់ ពីព្រោះ​បើ​ពុំ​មាន​ការ​ទប់ស្កាត់​ទេ ល្បែង​ស៊ី​សង​នេះ​នាំ​ឲ្យ​កើត​អសន្តិសុខ​ក្នុង​សង្គម​ជាតិ៖ «បញ្ហា​នេះ​ ជា​និទ្ទណ្ឌភាព​មួយ​ដែល​សមត្ថកិច្ច​មិន​បាន​អនុវត្ត​ច្បាប់ ហើយ​សមត្ថកិច្ច​ហាក់​ដូចជា​មាន​ផល​ប្រយោជន៍​ណា​មួយ​ចេញ​អំពី​ល្បែង​ទាំងអស់​ នេះ។ បញ្ហា​នេះ គឺ​ជា​ភាព​ទន់ជ្រាយ​របស់​សមត្ថកិច្ច​មួយ ដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយ​បែរ​ជា​មិន​អនុវត្ត​ទៅ​វិញ»
អ្នក​ភូមិ​ឲ្យ​ដឹង​ថា នៅ​ក្រុង​ប៉ោយប៉ែត មិន​ត្រឹម​តែ​មាន​ល្បែង​ចាក់​កន្ទុយ​លេខ​មួយ​ប៉ុណ្ណោះ​ទេ គឺ​នៅ​មាន​ល្បែង​បៀ និង​អាប៉ោង​ទៀត ហើយ​សកម្មភាព​លេង​ល្បែង​នេះ​កើត​មាន​ជា​ប្រចាំ​តាម​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons