. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, March 6, 2015

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថា​កម្ពុជា​បរាជ័យ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ

ដោយ សុ ជីវី

2015-03-05
ទីលាន​ប្រជាធិបតេយ្យ ៦១០
កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដាក់​បារាស​បិទ​ផ្លូវ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ចូល​ទៅ​ខាង​ក្នុង​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤។
RFA/Sek Bandith
គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) នៃ​ប្រទេស​ស្វីស (Switzerland) គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយការណ៍​ស្ដីពី​ស្ថានភាព​ សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដោយ​រួម​ទាំង​កម្ពុជា ផង នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មីនា ខាង​មុខ។
ស្រប​គ្នា​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ក៏​បាន​រួម​គ្នា​ដាក់​របាយការណ៍​ស្រមោល​ទៅ​អង្គការ​សហប្រជាជាតិ ដែរ និង​បាន​អះអាង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពុំ​ទាន់​ឆ្លើយ​តប​ទៅ​តាម​ការ​ព្រមព្រៀង​របស់​រដ្ឋាភិបាល​ជាមួយ​អង្គការ​ សហប្រជាជាតិ នៅ​ឡើយ។
របាយការណ៍​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ផ្ដល់​សច្ចាប័ន​ទទួល​យក​មក​អនុវត្ត​កាល​ពី ​ជាង ២0​ឆ្នាំ​មុន។
របាយការណ៍​រួម​នេះ ចេញ​ដោយ​ក្រុម​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា ហ្វីដ (FIDH) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស និង​អង្គការ​ដៃគូ​ចំនួន​ពីរ​ទៀត គឺ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO)។
ប្រធាន​សម្ព័ន្ធ​អង្គការ​ហ្វីដ លោក ការីម ឡាហីដជិ (Karim Lahidji) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ថា រដ្ឋាភិបាល​កម្ពុជា នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ ពលរដ្ឋ និង​នយោបាយ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​កាល​ពី​ឆ្នាំ​ ១៩៩២៖ «រយៈពេល​ជាង ២០​ឆ្នាំ​បាន​កន្លង​ផុត​ហើយ ចាប់​តាំង​ពី​កម្ពុជា បាន​ទទួល​យក​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ ក្នុង​រយៈពេល​នេះ រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន មិន​បាន​ប្រឹងប្រែង​អនុវត្ត​អនុសញ្ញា​នេះ​ទេ ឬ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តិចតួច»
របាយការណ៍​ដែល​មាន​កម្រាស់ ២៥​ទំព័រ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រៀបរាប់​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដោយ​កង​កម្លាំង​សន្តិសុខ​ របស់​រដ្ឋាភិបាល។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក មាន​ពលរដ្ឋ​ប្រមាណ ១០​នាក់​យ៉ាង​តិច ត្រូវ​សម្លាប់​ដោយ​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​ អាវុធ ហើយ​ក្រោយ​មក​ពុំ​មាន​ការ​ស៊ើប​អង្កេត​ជាក់លាក់ ដើម្បី​នាំ​អ្នក​ប្រព្រឹត្តិ​ល្មើស​មក​ទទួល​ខុស​ត្រូវ ឬ​បន្ត​វប្បធម៌​និទ្ទណ្ឌភាព។ ស្រប​គ្នា​នេះ ស្ថានភាព​ក្នុង​ពន្ធនាគារ​ភាគ​ច្រើន​កំពុង​បង្ហាញ​ថា បាន​ធ្លាក់​ចុះ​ទាប​បើ​ប្រៀបធៀប​នឹង​បទដ្ឋាន​ដែល​កំណត់​ដោយ​អង្គការ​ សហប្រជាជាតិ។ បញ្ហា​ទាំង​នោះ​រួម​មាន ភាព​ចង្អៀត​ណែន ខ្វះ​អាហារ ខ្វះ​អនាម័យ ខ្វះ​ការ​ថែទាំ​សុខភាព​ដ៏​ត្រឹមត្រូវ និង​ការ​ផ្ដល់​តម្លៃ​ដល់​អ្នក​ជាប់​ឃុំ ជាដើម។
ជាមួយ​គ្នា​នេះ​ដែរ ច្បាប់​មួយ​ចំនួន​កំពុង​រារាំង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​ យុត្តិធម៌ រារាំង​សេរីភាព​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​សមាគម។ ច្បាប់​ទាំង​នោះ​មាន​ច្បាប់​ថ្មី​សំខាន់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ ដែល​គ្រប់គ្រង​គ្រប់​ទិដ្ឋភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌។ ក្រៅ​ពី​នេះ កន្លង​ទៅ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ ដោយ​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ញុះញង់ រួម​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស សហជីព និង​បក្ស​ប្រឆាំង។ សេរីភាព​បញ្ចេញ​មតិ ក៏​ត្រូវ​បាន​គំរាម​កំហែង​ដោយ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ ពុក​រលួយ។ លើស​ពី​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ក៏​បារម្ភ​ពី​ច្បាប់​មួយ​ចំនួន​ទៀត​មាន​ច្បាប់​គ្រប់គ្រង​អង្គការ សមាគម និង​សហជីព ថា​នឹង​ជា​ច្បាប់​ដែល​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ជួប​ប្រជុំ​ដែរ នៅ​ពេល​ច្បាប់​នោះ​ត្រូវ​អនុម័ត។ ចំណែក​ក្ដី​បារម្ភ​ថ្មី​ទៀត គឺ​ច្បាប់​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ពេល​ដែល​អ៊ីនធឺណិត​ជា​ឧបករណ៍​ដែល​កំពុង​ប្រើប្រាស់​ដោយ​ក្រុម​អង្គការ​ សង្គម​ស៊ីវិល អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការងារ​សង្គម។
ក្រៅ​ពី​នេះ របាយការណ៍​បាន​លើក​ឡើង​ពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ពលរដ្ឋ​ទៅ​ក្រៅ​ ប្រទេស រួម​មាន​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ជាដើម ដែល​នៅ​តែ​មាន​បញ្ហា​ចោទ​នៅ​ឡើយ។
ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ពិចារណា​ឡើង​វិញ​ក្នុង​ការ​ធានា​សេរីភាព​បញ្ចេញ​មតិ និង​យុត្តិធម៌​សង្គម ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ជា​មូលដ្ឋាន​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ៖ «សំខាន់​ជាង​គេ គឺ​ធ្វើ​ម៉េច​ឲ្យ​ផ្តល់​នូវ​សិទ្ធិ​សេរីភាព​ហ្នឹង​ឲ្យ​បាន​ទូលំទូលាយ ហើយ​ឲ្យ​មាន​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​របស់​អ្នក​ដឹក​នាំ ធ្វើ​យ៉ាង​ម៉េច​ត្រូវ​តែ​ស្ដាប់​ការ​ឈឺ​ចាប់​ទុក្ខ​កង្វល់ បញ្ហា​របស់​ប្រជាជន​ឲ្យ​បាន​ជា​អតិបរមា។ យើង​មិន​ត្រូវ​ឮ​សូរ​ប្រជាពលរដ្ឋ​ខឹង​មិន​សប្បាយ​ចិត្ត ហើយ​យើង​ទៅ​ទប់​ជា​បង្ក្រាប​គាត់​មិន​ឲ្យ​គាត់​និយាយ មិន​ឲ្យ​គាត់​បញ្ចេញ​មតិ​ទេ។ ហ្នឹង​ជា​បញ្ហា​សំខាន់ ហើយ​រដ្ឋ​របស់​យើង​ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ និង​តុលាការ ត្រូវ​មាន​ភាព​យុត្តិធម៌​ឡើង មិន​មែន​ជា​កន្លែង​ទិញ និង​លក់ ឬ​ក៏​ដោះដូរ​យុត្តិធម៌​ឡើយ គឺ​ជា​កន្លែង​ផ្តល់​យុត្តិធម៌​ឲ្យ​បាន​ត្រឹមត្រូវ»
លើស​ពី​នេះ លោក ធន សារាយ ក៏​បាន​លើក​ឡើង​ពី​តួនាទី​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​មាន​តួនាទី​ការពារ​សិទ្ធិ​ពលរដ្ឋ៖ «កង ​កម្លាំង​ប្រដាប់​អាវុធ​ជា​កង​កម្លាំង​របស់​ជាតិ​ទាំង​មូល សម្រាប់​បម្រើ​សង្គម​ទាំង​មូល មិន​មែន​កង​កម្លាំង​ប្រដាប់​អាវុធ​សម្រាប់​បម្រើ​បុគ្គល​ណា​មួយ ក្រុម​បក្ខពួក​ណា​មួយ​ទេ ហើយ​ខ្ញុំ​គិត​ថា គណបក្ស​នយោបាយ​ដែល​មក​ប្រកួត​ប្រជែង​គ្នា​នៅ​ពេល​ខាង​មុខ​នេះ ត្រូវ​តែ​បង្ហាញ​គោល​នយោបាយ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ និង​តុលាការ​នេះ​ឲ្យ​ទៅ​ជា​ស្ថាប័ន​មាន​លក្ខណៈ​ឯករាជ្យ បម្រើ​សង្គម​ទាំង​មូល​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​សិន​មិន​អ៊ីចឹង​ទេ ហើយ​ទុក​ស្ថាប័ន​ទាំង​ពីរ​ឲ្យ​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន របស់​ក្រុម​ខ្លួន ខ្ញុំ​គិត​ថា ក្រុម​នោះ​មិន​មែន​ជា​អ្នក​ដែល​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ប្រទេស​ជាតិ​យើង​ ទេ»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស លោក ម៉ក់ សម្បត្តិ មាន​ប្រសាសន៍​ថា រយៈពេល​ជាង ២០​ឆ្នាំ​ហើយ​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ចេះ​តែ​បន្ត​រិះគន់​ រដ្ឋាភិបាល​មិន​ឈប់។ លោក​បន្ត​ថា ប្រសិន​បើ​ការ​រិះគន់​នោះ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​ទាំងអស់ លោក​ទទួល​យក ប៉ុន្តែ​ការ​រិះគន់​កន្លង​មក​ហាក់​ដូចជា​ដើម្បី​ផល​ប្រយោជន៍​ក្រុម​ខ្លួន ឬ​មាន​អ្វី​លាក់​បាំង​នៅ​ពី​ក្រោយ៖ «ទាំងអស់​គ្នា​យើង​ធ្វើ​ការងារ​ សិទ្ធិ​មនុស្ស​យើង​ធ្វើ ដើម្បី​មនុស្ស​ទូទៅ​ទាំងអស់​គ្នា មិន​មែន​ដើម្បី​អ្វី​មួយ​ទេ ដើម្បី​បម្រើ​អ្វី​មួយ ឬ​ដើម្បី​ប្រយោជន៍​អ្វី​មួយ ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​ចំ​ទេ។ បើ​សិទ្ធិ​ធ្វើ​ដើម្បី​ទាំងអស់​គ្នា គឺ​វា​បាន​ជោគជ័យ​ហើយ»
លោក ម៉ក់ សម្បត្តិ បញ្ជាក់​ថា បច្ចុប្បន្ន រដ្ឋាភិបាល​ប្រឹងប្រែង​ការពារ​សិទ្ធិ​ពលរដ្ឋ​ផង និង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ផង ដើម្បី​ធានា​ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ៖ «ខ្ញុំ​ឆ្ងល់​ណាស់​គាត់​សង្គម​ស៊ីវិល​ថា កម្ពុជា គ្មាន​សិទ្ធិ​សេរីភាព។ តើ​គាត់​អត់​មាន​មើល​ទេ​អី តើ​គណបក្ស​នយោបាយ​មាន​ប៉ុន្មាន​នៅ​កម្ពុជា គ្រាន់​តែ​អង្គការ​សមាគម​ហ្នឹង​វា ៤​ពាន់​អង្គការ​ជាង ហើយ​សារព័ត៌មាន​ប៉ុន្មាន? ពី ៧ ទៅ ៨០០ គ្រាន់​តែ​សារព័ត៌មាន​សរសេរ ហើយ​វិទ្យុ​ទូរទស្សន៍​ជាង ១០០។ សារព័ត៌មាន​ទាំង​នោះ បើ​គេ​ចង់​សរសេរ​អី​សរសេរ​ទៅ មិន​ដែល​ត្រួត​ពិនិត្យ​មុន​សោះ ហ្នឹង​ហើយ​ដែល​ហៅ​ថា​សេរីភាព​នោះ។ តើ​ពួក​គាត់​ធ្វើ​យ៉ាង​ម៉េច? ចង់​ឲ្យ​សេរីភាព​របស់​កម្ពុជា ហ្នឹង​ក្លាយ​ទៅ​ជា​អនាធិបតេយ្យ ចង់​នរណា​ធ្វើ​អ្វី​ក៏​បាន​ដែរ​ចឹង បង្ក​អនាធិបតេយ្យ​ពេញ​ទៅ​ចឹង។ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា តែ​មាន​ភាព​អនាធិបតេយ្យ គឺ​នរណា​ខ្លាំង គឺ​ឈ្នះ​ហើយ ចៀស​មិន​ផុត​ពី​ការ​គ្រោះថ្នាក់​ដល់​សង្គម។ អ៊ីចឹង​ទើប​រដ្ឋាភិបាល​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ត្រូវ​មាន​វិធានការ​ទប់ស្កាត់ គឺ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​តែ​មាន​ព្រំដែន​ដូច​ដែល​ច្បាប់​កំណត់​ទៅ​បាន​ហើយ»
លោក ម៉ក់ សម្បត្តិ បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក​ដែល​រួម​មាន​មន្ត្រី​ជំនាញ​តាម​បណ្ដា​ក្រសួង​ស្ថាប័ន ​ពាក់ព័ន្ធ​មួយ​ចំនួន នឹង​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ នៅ​ពាក់​កណ្ដាល​ខែ​មីនា នេះ ដើម្បី​ទៅ​ការពារ​របាយការណ៍​ដែល​ជា​ស្នាដៃ​ប្រឹងប្រែង​អនុវត្ត​របស់​ រដ្ឋាភិបាល នៅ​ចំពោះ​មុខ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons