. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, April 9, 2015

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​រិះគន់​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ថៃ​ថា​មិន​ជួយ​ពលករ​ខ្មែរ​៤​នាក់

ដោយ ហ៊ុំ ចំរើន 

2015-04-08

ពលករ​ខ្មែរ​ពី​ថៃ ប៉ោយប៉ែត ៦១០
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។
Photo: RFA
ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ រិះគន់​សមត្ថកិច្ច​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ថា​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្រប​ច្បាប់ ដែល​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ចំនួន ៤​នាក់​នៅ​ក្នុង​ទឹក​ដី​ថៃ កាល​ពី​ថ្ងៃ​ទី​៤ មេសា កន្លង​ទៅ​នោះ​ទេ។
អ្នក​ភូមិ​ថ្លែង​ដូច​នេះ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ទៅ​ប្ដឹង​ស្ថាន​អគ្គ​កុងស៊ុល​ជា​បន្តបន្ទាប់ តែ​ពុំ​ទទួល​បាន​លទ្ធផល។
សាច់ញាតិ​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​មន្ត្រី​អគ្គ​កុងស៊ុល​ខ្មែរ​នេះ​ថា ធ្វើ​ការ​យឺតយ៉ាវ​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​នៅ​ក្រៅ​ ប្រទេស។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អ្នកស្រី សោម សាវិន រស់នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៨ មេសា ថា ប្អូន​ប្រុស​របស់​អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ចំនួន ៤​នាក់ រួម​មាន​ឈ្មោះ លោក ម៉ៅ វ៉ាន់ឌី អាយុ ២៧​ឆ្នាំ លោក នេត ចន អាយុ ៣១​ឆ្នាំ លោក ណាន សំនៀង អាយុ ២៤​ឆ្នាំ និង​លោក ណាន ស៊ីណាក់ អាយុ ២៣​ឆ្នាំ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ មេសា ខណៈ​ពួក​គេ​ស្នាក់នៅ និង​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ម្ដុំ​ផ្សារ​រ៉ុងក្លឿ ស្រុក​អារញ្ញ ប្រទេស​ថៃ។
អ្នកស្រី​បន្ត​ថា ក្រោយ​ពី​ចាប់​ខ្លួន​ភ្លាម សាច់ញាតិ​បាន​នាំ​គ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អគ្គ​កុងស៊ុល​ ខ្មែរ​នៅ​ក្បែរ​នោះ​ឲ្យ​ជួយ​ក្នុង​រឿង​នេះ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ៖ «យើង​គិត​ថា​យើង​មាន​លិខិត​ ត្រឹមត្រូវ​ហើយ មិន​គួរ​ណា​គេ​មក​ចាប់​យើង​យក​ទៅ​ដាក់​គុក​អ៊ីចឹង​នោះ​ទេ។ ហើយ​ពួក​ខ្ញុំ​ក៏​បាន​ទៅ​ប្រាប់​មន្ត្រី​កុងស៊ុល​ជុំវិញ​បញ្ហា​នេះ ដោយ​គេ​ថា​ចាំ​គេ​តាម​ដាន​ការងារ​នេះ​ឲ្យ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ហើយ នៅ​តែ​ពុំ​ទាន់​មាន​ចំណាត់​ការ​ពី​សមត្ថកិច្ច​នៅ​ឡើយ»
អ្នកស្រី​បន្ថែម​ថា សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា​ធ្វើ​ការងារ​ក្នុង​ទឹក​ដី​ថៃ ខុស​ច្បាប់។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ មេសា។
ប៉ុន្តែ ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ចង់​ទៅ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ថៃ ចាប់​ខ្លួន​ទាំង​នោះ​ដែរ ប៉ុន្តែ​ពុំ​មាន​ពាក្យ​បណ្ដឹង​ពី​សាច់ញាតិ​នៅ​ឡើយ៖ «ករណី​នេះ​បើ​សិន​ជា​ប្រជាពលរដ្ឋ​ប្ដឹង​មក យើង​ខ្ញុំ​នឹង​តាម​ដាន​សាច់​រឿង​នេះ​ឲ្យ​ពួក​គាត់​ហើយ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​បញ្ហា​មក ពុំ​មាន​ទទួល​បាន​បណ្ដឹង​ពី​ពួក​គាត់​ទាំង​នោះ​នៅ​ឡើយ»
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​រិះរក​វិធី​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង ៤​នាក់​ជា​បន្ទាន់ គឺ​មិន​ត្រូវ​ដោះស្រាយ​យក​រួច​ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ពួក​គេ​ជាប់​គុក​ច្រវាក់​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​កំហុស​នោះ​ឡើយ៖ «អាជ្ញាធរ​ត្រូវ​តែ​ដោះស្រាយ​ដោយ​មិន​បាច់​ រង់ចាំ​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទេ ព្រោះ​សមត្ថកិច្ច​ទាំង​នោះ​ជា​មន្ត្រី​ដែល​ទទួល​ប្រាក់​ខែ​ពី​រដ្ឋ ដែល​ប្រជាពលរដ្ឋ​បាន​បង់​ពន្ធ​ភាស៊ី​ឲ្យ។ នេះ​ជា​ភាព​អសកម្ម​បំផុត​ដែល​សមាគម​អាដហុក មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ភ្នាក់ងារ​របស់​រដ្ឋ ដែល​គាត់​អង្គុយ​កៅអី​រដ្ឋ តែ​មិន​បម្រើ​ការងារ​ជូន​ប្រជារាស្ត្រ»
ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ទាំង ៤​នាក់​ដែល​ត្រូវ​ថៃ ចាប់​ខ្លួន​នោះ រហូត​មក​ទល់​ពេល​នេះ ពួក​គេ​ត្រូវ​សមត្ថកិច្ច​ថៃ បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ៕
-សូមចូលអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons