. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, June 24, 2015

ពលរដ្ឋ​ថា​សមត្ថកិច្ច​ព្រំដែន​មិន​ទប់ស្កាត់​ពលរដ្ឋ​ថៃ​ចូល​ធ្វើ​ស្រែ​ក្នុង​ដី​ខ្មែរ​នៅ​បន្ទាយមានជ័យ


ដោយ ហ៊ុំ ចំរើន

2015-06-23


 
ថៃ​ធ្វើ​ស្រែ​លើ​​ដី​ខ្មែរ​បន្ទាយមានជ័យ ៦២០
ទីតាំង​ដី​ដែល​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នៅ​ចំណុច​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Hum Chamroeun






ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយ​ដែន​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ព្រួយ​បារម្ភ​បញ្ហា​ប្រជាពលរដ្ឋ​ថៃ ចូល​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​តំបន់​បង្គោល​ឡាក់​លេខ​ទី​៤៣ នៅ​ស្រុក​អូរជ្រៅ។ ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​ដោយសារ​ជនជាតិ​ថៃ នាំ​គ្នា​យក​ត្រាក់ទ័រ​ចូល​ភ្ជួរ​ដី​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​អស់​ប្រមាណ ៣០​ហិកតារ​ជា​បន្តបន្ទាប់ កាល​ពី​ដើម​ខែ​មិថុនា កន្លង​ទៅ ប៉ុន្តែ​ពុំ​មាន​សមត្ថកិច្ច​កម្ពុជា ណា​ទប់ស្កាត់​នោះ​ទេ។
ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នោះ ទីកន្លែង​ខ្លះ​ត្រូវ​គេ​ព្រោះ​ស្រូវ​ដុះ​ខ្លីៗ​ប្រមាណ​ជា ១០​ថ្ងៃ និង​ទីតាំង​ខ្លះ​ទៀត​ទើប​តែ​ព្រោះ​ស្រូវ​ថ្មីៗ គឺ​ប្រមាណ​ពី ៣ ទៅ ៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មាន​ចម្ងាយ​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ប្រមាណ ៥០០​ម៉ែត្រ​ពី​បង្គោល​ឡាក់​ព្រំដែន​លេខ​៤៣ នៃ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ។
នៅ​តំបន់​ជាយ​ដែន​នោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៣០​នាក់ នាំ​គ្នា​ការពារ​ទឹក​ដី​នៅ​ក្រោម​ដើម​ឈើ​នៅ​តំបន់​ដី​ដែល​មាន​បញ្ហា​នោះ​ដោយ​ខ្លួន​ឯង។ ក្រៅ​អំពី​ប្រជាពលរដ្ឋ​ហើយ យើង​ក៏​សង្កេត​ឃើញ​មាន​មន្ត្រី​ប៉ូលិស និង​ទាហាន​ការពារ​ព្រំដែន​ប្រមាណ ៣​នាក់ ចង​អង្រឹង​តាម​ដើម​ឈើ​ក្បែរ​នោះ​ដែរ ប៉ុន្តែ​ពួក​គេ​ហាក់​ពុំ​ខ្វល់​ការពារ​ទឹក​ដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នោះ​ឡើយ។ មន្ត្រី​ទាំង​នោះ ព្យាយាម​រារាំង​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ចូល​ទៅ​ផ្ដិត​រូបភាព​នៅ​បង្គោល​ឡាក់​ព្រំដែន​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​ដែល​ឈរ​ក្រោម​ដើម​ឈើ​ការពារ​ទឹក​ដី​នៅ​តំបន់​ព្រំដែន ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នោះ​អះអាង​ថា ប្រជាពលរដ្ឋ​ថៃ ចូល​មក​ភ្ជួរ​ដី​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​បែប​លួច​ឆ្មក់ ដោយ​ធ្វើ​សកម្មភាព​ម្ដងៗ​ដែល​ប្រជាពលរដ្ឋ​ថៃ ប្រហែល ២០​នាក់ និង​ត្រាក់ទ័រ​ភ្ជួរ​ដី​ប្រមាណ​ពី ៣ ទៅ ១០​គ្រឿង ហើយ​នាំ​គ្នា​ភ្ជួរ​ព្រោះ​ក្នុង​ពេល​តែ​មួយ ដោយ​ប្រើ​រយៈពេល​ខ្លី​ប្រមាណ ២​ម៉ោង ហើយ​ពួក​គេ​វិញ​ត្រឡប់​ចូល​ទឹក​ដី​ថៃ វិញ៖ «បាទ! ដី​ខាង​ដែល​ថៃ ធ្វើ​នេះ​បាន​កំណត់​ថា ជា​ដី​របស់​ខ្មែរ ហើយ​ផ្នែក​ចាប់​ពី​បង្គោល​ឡាក់​លេខ​៤៣ ទៅ​ជា​ដី​របស់​ថៃ។ យើង​មក​នេះ​ដើម្បី​រួម​គ្នា​ការពារ​ដី​របស់​ខ្មែរ មិន​ឲ្យ​ពលរដ្ឋ​ថៃ ធ្វើ​ស្រែ​លើ​ទឹក​ដី​ខ្មែរ​ទៀត»
ក្រុម​ប្រជាពលរដ្ឋ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ផ្ទៃដី​ដែល​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នៅ​ចំណុច​ភូមិ​ព្រៃចាន់ នោះ ពួក​គេ​នឹង​បន្ត​សកម្មភាព​ភ្ជួរ​ស្រែ​ទៅ​មុខ​ទៀត។ បញ្ហា​នេះ ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​សមត្ថកិច្ច​ខ្មែរ​មិន​ទប់ស្កាត់​ទេ ផ្ទៃដី​ប្រមាណ ២០០​ហិកតារ​នៅ​តំបន់​ជាយ​ដែន នឹង​ក្លាយ​ជា​ដី​ស្រែ​របស់​ថៃ គ្មាន​សល់​ក្នុង​ពេល​ឆាប់ៗ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៥១៥ ប្រចាំ​ការ​នៅ​តំបន់​នោះ លោក ឃួន ជឿន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ភ្ជួរ​ដី​ធ្វើ​ស្រែ​នៅ​ចំណុច​ភូមិ​ព្រៃចាន់ នៃ​ឃុំ​អូរបីជាន់ នោះ​ប្រាកដ​មែន។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ពុំ​មែន​ខាង​សមត្ថកិច្ច​ខ្មែរ​ដែល​ប្រចាំ​ការ​នៅ​ទីនោះ មិន​ស្រឡាញ់​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ។ មូលហេតុ​ដែល​ពុំ​បាន​ទៅ​រារាំង​ពលរដ្ឋ​ថៃ នោះ ដោយសារ​ពុំ​មាន​បញ្ជា​ពី​ថ្នាក់​លើ៖«ពួក​ខ្ញុំ​ទទួល​បទបញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​ដាក់​កម្លាំង​ការពារ​តំបន់​នោះ​ជា​ប្រចាំ ហើយ​ខ្ញុំ​ក៏​បាន​រាយការណ៍​ជុំវិញ​បញ្ហា​នេះ​ទៅ​ថ្នាក់​លើ​ជា​រៀង​រាល់​ថ្ងៃ​ដែរ»
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ហេតុការណ៍​ដែល​កើត​ឡើង​ចំពោះ​មុខ សមត្ថកិច្ច​មិន​បំពេញ​ការងារ​ដោយ​មិន​បាច់​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឡើយ។
ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​ម្ដងៗ គឺ​តែងតែ​មាន​ប៉ូលិស​ថៃ ជាច្រើន​នាក់ ចូល​មក​ការពារ​ដល់​ប្រជា​កសិករ​របស់​គេ​ជានិច្ច៖ «សមត្ថកិច្ច​ថៃ គេ​មក​ពី​ដំបូង​ចំនួន ៣​នាក់។ ក្រោយ​មក​ទៀត គេ​បញ្ជូន​កម្លាំង​ប៉ូលិស​ចំនួន ១០​នាក់​បន្ថែម​ទៀត ដើម្បី​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ។ សមត្ថកិច្ច​គេ​ចូល​មក​ដល់ ពួក​គេ​បញ្ជា​ឲ្យ​ពលរដ្ឋ​ថៃ ភ្ជួរ​ដី​ធ្វើ​ស្រែ​លើ​ទឹក​ដី​របស់​ខ្មែរ​តែ​ម្ដង​ទៅ»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នោះ គឺ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​មាន​សញ្ជាតិ​ទៅ​រស់នៅ​ប្រទេស​ថៃ ដែល​ពួក​គេ​ធ្លាប់​ដាំ​ដុះ​នៅ​លើ​ដី​នោះ​ពី​មុន​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត ដោយសារ​មាន​កិច្ច​ព្រមព្រៀង​អនុសារណៈ​យោគយល់​គ្នា ឬ​ហៅ​ថា អិម.អូ.យូ (MOU) ឆ្នាំ​២០០០ ដែល​បាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ដែល​ធ្លាប់​ដាំ​ដុះ​អាស្រ័យ​ផល​នៅ​លើ​ដី​ចំណុច​ណា ឲ្យ​រក្សា​នៅ​ដដែល​សិន៖ «អ៊ីចឹង​ទេ​បាន​ជា​រឿង​នោះ​វា​នៅ​ស្មុគស្មាញ​ទៅ។ ម្យ៉ាង​ទៀត យើង​មាន ស.ជ.ណ របស់​រាជ​រដ្ឋាភិបាល​ទើប​ចេញ​ថ្មី បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សម ផាណារិទ្ធ អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ធ្វើ​ផ្លូវ ដើម្បី​ឈាន​ទៅ​បើក​ច្រក​ទ្វារ​នៅ​ទីនោះ។ ប៉ុន្តែ​បើក​ច្រក​នោះ​បាន លុះ​ណា​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​អ្នក​កាន់​កាប់​ឲ្យ​អស់​ជា​មុន​សិន»
ទោះ​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូល​មក ស្រែ​នោះ​កន្លង​មក​ជា​ដី​របស់​ខ្មែរ ហើយ​អាជ្ញាធរ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​ជា​បន្តបន្ទាប់៖ «ថៃ មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ខ្មែរ​នៅ​ចំណុច​ព្រំដែន​នោះ​ទៅ​បាន ដោយ​មាន​ពាក់ព័ន្ធ​មន្ត្រី​មេ​ច្រក​ជាប់​សាច់ញាតិ​ជាមួយ​ថៃ ដែល​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ»
យ៉ាង​ណា លិខិត​លេខ​៥៨៣ ស.ជ.ណ ផ.ក ចុះ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៣ របស់​គណៈរដ្ឋមន្ត្រី​ត្រង់​ចំណុច​ទី​២ ភាគី​កម្ពុជា បាន​បញ្ជាក់​ថា ភាគី​កម្ពុជា បាន​សុំ​ឲ្យ​ភាគី​ថៃ មុន​នឹង​ចូល​ទៅ​ធ្វើ​ស្រែ​ជា​បណ្ដោះអាសន្ន ត្រូវ​ជួប​ពិភាក្សា​គ្នា​រវាង​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​កុំ​ឲ្យ​មាន​ការ​រុក​រាន​បន្ថែម​ទៀត។ ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ស ខេង នោះ​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ប្រជាពលរដ្ឋ​ថៃ មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​កម្ពុជា មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​គណៈកម្មការ​ចម្រុះ​នៃ​ភាគី​កម្ពុជា ទេ។ ម្យ៉ាង​ទៀត ក៏​ពុំ​មាន​ប្រជាពលរដ្ឋ​ថៃ មក​ធ្វើ​ស្រែ​ទៀត​ដែរ។ លិខិត​ដដែល​បញ្ជាក់​ថា ដើម្បី​ធានា​ការពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​គង់វង្ស អាជ្ញាធរ​ខេត្ត​ត្រូវ​បញ្ឈប់​ការ​ចូល​មក​ធ្វើ​ស្រែ​របស់​ប្រជាពលរដ្ឋ​ថៃ ក្នុង​ទឹក​ដី​កម្ពុជា ទោះ​បី​ក្នុង​រូបភាព​ណា​ក៏ដោយ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ថៃ នៅ​តែ​ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ នោះ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons