. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, July 10, 2015

សាច់ញាតិ​ពលករ​ខ្មែរ​ដែល​ថៅកែ​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ​អំពាវនាវ​រក​យុត្តិធម៌

ដោយ ហ៊ុំ ចំរើន

2015-07-09
សាច់ញាតិ​ពលករ​ខ្មែរ​ថៅកែ​ថៃ​សម្លាប់ ៦២០
សាច់ញាតិ​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ កាន់​រូបថត​ជន​រងគ្រោះ​នៅ​ពេល​ធ្វើ​បុណ្យ​សព​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។
Photo Adhoc


សាច់ញាតិ​ពលករ​ខ្មែរ​ដែល​ថៅកែ​ជនជាតិ​ថៃ បាញ់​សម្លាប់​នៅ​ខេត្ត​ឆាក់ឈាងសៅ ប្រទេស​ថៃ អំពាវនាវ​ឲ្យ​ក្រសួង​ការ​បរទេស និង​មន្ត្រី​ពាក់ព័ន្ធ ទាក់ទង​ទៅ​សមត្ថកិច្ច​ប្រទេស​ថៃ រក​យុត្តិធម៌​ចាប់​ជន​សង្ស័យ​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់។ ពលរដ្ឋ​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ហាក់​ពុំ​បាន​ជួយ​ជំរុញ​ទៅ​ខាង​សមត្ថកិច្ច​ថៃ ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ។
សាច់ញាតិ​ពលករ​ដែល​ស្លាប់​នៅ​ប្រទេស​ថៃ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​សាច់ញាតិ​របស់​ខ្លួន រួច​ផុត​ពី​ទោសពៃរ៍ ពីព្រោះ​ថា ជាង ២​ខែ​មក​ហើយ ខាង​សមត្ថកិច្ច​ថៃ មិន​ទាន់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​លើ​ជន​សង្ស័យ​នៅ​ឡើយ។
បង​ថ្លៃ​ពលករ​ដែល​ថៅកែ​ជនជាតិ​ថែ បាញ់​សម្លាប់ គឺ​លោក ប៉ែន សុផល រស់នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៩ កក្កដា ថា ប្អូន​ប្រុស​របស់​លោក​ឈ្មោះ ផាត សុអ៊ីន អាយុ ២៤​ឆ្នាំ ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ស្រុក​ភ្នំសារខាម ខេត្ត​ឆាក់ឈាងសៅ ប្រទេស​ថៃ ហើយ​ត្រូវ​ថៅកែ​ជនជាតិ​ថៃ ឈ្មោះ​លោក ឈូឈីម ថាវ៉ាន់ឌី បាញ់​សម្លាប់​នៅ​ការដ្ឋាន​សំណង់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។
លោក​អះអាង​ថា ជន​សង្ស័យ​បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ចំនួន ៨​គ្រាប់ ត្រូវ​ក្បាល និង​ដង​ខ្លួន​ចំនួន ៦​គ្រាប់ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែង។ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ប្អូន​របស់​ខ្លួន​ស្លាប់​ភ្លាម លោក​បាន​ប្ដឹង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​ថៃ ចាប់​ឃាតក​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ៖ «រហូត​មក​ទល់​ពេល​នេះ ថៅកែ​ថៃ នៅ​មាន​សេរីភាព​ដដែល ចំពោះ​អ្នក​ស្លាប់​វិញ ក៏​ស្លាប់​ទៅ​ដោយ​ពុំ​ទទួល​បាន​សំណង​អ្វី​ឡើយ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ លោក ឡា ម៉ាទីន មាន​ប្រសាសន៍​ថា មន្ត្រី​ស្ថានទូត​កំពុង​ដំណើរ​ការ​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​ថៃ ឲ្យ​ពន្លឿន​ដោះស្រាយ​ជុំវិញ​ករណី​នេះ​រួច​មក​ហើយ។ លោក​អះអាង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ថៃ ពុំ​ទាន់​ចាប់​ជន​សង្ស័យ​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ ដោយសារ​ជន​សង្ស័យ​បាន​តម្កល់​ប្រាក់​ទៅ​សមត្ថកិច្ច​ថៃ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ចំនួន ៥​សែន​បាត ឬ​ប្រមាណ ១​ម៉ឺន ៧​ពាន់​ដុល្លារ​អាមេរិក ហើយ​ថា​ខាង​សមត្ថកិច្ច​ថៃ កំពុង​ធ្វើ​ការងារ​នេះ៖ «ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ភាព​អយុត្តិធម៌​ទេ ខ្ញុំ​ធ្វើ​នៅ​ស្ថានទូត ខ្ញុំ​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ធំ។ កន្លង​មក ខ្ញុំ​ក៏​ការ​មិន​ធ្វើ​ការ​រំលង​ករណី​ណា​មួយ​នោះ​ដែរ»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ករណី​ដែល​ថៅកែ​ជនជាតិ​ថៃ បាញ់​សម្លាប់​ពលករ​ខ្មែរ​នោះ ជា​អំពើ​ឃាតកម្ម​មួយ​ឃោរឃៅ ដែល​ជន​សង្ស័យ​មិន​គួរ​នៅ​ក្រៅ​ឃុំ​យូរ​អង្វែង​រហូត​មក​ទល់​ពេល​នេះ​នោះ​ទេ។ លោក​អំពាវនាវ​ឲ្យ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ជំរុញ​ទៅ​សមត្ថកិច្ច​ថៃ ឲ្យ​ចាត់​វិធានការ​ចាប់​ជន​សង្ស័យ​ដោះស្រាយ​ផ្លូវ​ច្បាប់​ឲ្យ​ឆាប់៖ «កុំ​ឲ្យ​បទល្មើស​និទ្ទណ្ឌភាព​មក​លើ​ពលរដ្ឋ​ខ្មែរ​កើត​ឡើង​នៅ​ប្រទេស​ថៃ ដដែលៗ​ទៀត។ មន្ត្រី​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា អនុវត្ត​ឲ្យ​ដូច​ប្រទេស​គេ​ក្នុង​ពិភពលោក ដែល​ពលរដ្ឋ​របស់​គេ​ជួប​បញ្ហា​នៅ​ប្រទេស​ថៃ យើង​សង្កេត​រដ្ឋាភិបាល​របស់​គេ តែង​ចេញ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​គេ​ជានិច្ច»
កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ស្ត្រី​ខ្មែរ​ម្នាក់​ក៏​ត្រូវ​ថៅកែ​ជនជាតិ​ថៃ ធ្វើ​ទារុណកម្ម​សម្រាត​ខោ​អាវ ហើយ​ឃុំ​ក្នុង​បន្ទប់​អស់​ច្រើន​ថ្ងៃ​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​បាន​បង្ហោះ​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ទៀត​ផង។ រហូត​មក​ទល់​ពេល​នេះ ទាំង​ស្ត្រី​ជន​រងគ្រោះ និង​ពលករ​ខ្មែរ​ដែល​ថៅកែ​ថៃ បាញ់​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ថៃ នោះ ពុំ​ទាន់​ទទួល​បាន​សំណង និង​ផ្ដន្ទាទោស​ជនល្មើស​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons