. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, July 30, 2015

ប៉ូលិស​ក្រុង​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​រើសអើង​បក្ស​នយោបាយ​មិន​ដោះស្រាយ​បណ្ដឹង

ដោយ ហ៊ុំ ចំរើន

2015-07-29
 
ផែនទី​ខេត្ត​បន្ទាយមានជ័យ ៦២០
ផែនទី​ខេត្ត​បន្ទាយមានជ័យ
Photo: RFA





ប្រជាពលរដ្ឋ និង​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​នគរបាល​រដ្ឋបាល​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថា​បាន​ដោះស្រាយ​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ​មាន​ការ​រើសអើង​គណបក្ស​នយោបាយ ដោយ​បណ្ដោយ​ឲ្យ​ជន​ជាប់​ចោទ​រួច​ខ្លួន​ជា​បន្តបន្ទាប់។
ពួក​គាត់​ទាំង​នោះ អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ស្មើ​ភាព​គ្នា និង​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ។
ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង និង​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​ប៉ោយប៉ែត ថា​បម្រើ​ការងារ​ប្រកាន់​បក្ខពួក​និយម​ហួស​ហេតុ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។
ប្រជាពលរដ្ឋ​ម្នាក់​នៅ​សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​ទៅ​ប្រកប​របរ​រក​ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺ​អ្នកស្រី គង់ សុវណ្ណារ៉េត។ អ្នកស្រី​ថ្លែង​នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ ចោរ​គាស់​ផ្ទះ​របស់​អ្នកស្រី​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន២ សង្កាត់​ប៉ោយប៉ែត យក​អស់​ទ្រព្យ​សម្បត្តិ​គិត​ជា​ប្រាក់​ប្រមាណ​ជិត ៥​ពាន់​ដុល្លារ​អាមេរិក។ អ្នកស្រី​អះអាង​ថា ក្រោយ​ពី​ចោរ​គាស់​ផ្ទះ​ប្រមាណ ២​ថ្ងៃ អ្នកស្រី​ថា​ដឹង​មុខ​សញ្ញា ហើយ​បាន​ទៅ​ប្ដឹង​មន្ត្រី​ប៉ូលិស​សង្កាត់​ប៉ោយប៉ែត ឲ្យ​ជួយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្តិ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ ដោយ​លើក​ឡើង​ថា អ្នកស្រី​ជា​បក្ខពួក​គណបក្ស​ប្រឆាំង៖ «ខ្ញុំ​ព្យាយាម​ទាក់ទង​មន្ត្រី​ប៉ូលិស​ទាំង​តាម​ទូរស័ព្ទ និង​ទៅ​ដល់​ការិយាល័យ​ប៉ូលិស​ផ្ទាល់​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ឲ្យ​ជួយ​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ខ្ញុំ ប៉ុន្តែ​ប៉ូលិស​ហាក់​ធ្វើ​ព្រងើយ​មិន​ចាត់​វិធានការ​ឲ្យ​ខ្ញុំ​នោះ​ទេ»
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ពុំ​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ជាប់​រវល់​ប្រជុំ។
ប៉ុន្តែ​ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា មាន​ប្រសាសន៍​ថា ករណី​ប្រជាពលរដ្ឋ​ដែល​ចោរ​គាស់​ផ្ទះ​លួច​អស់​ទ្រព្យ​សម្បត្តិ​ជិត ៥​ពាន់​ដុល្លារ​នោះ សមត្ថកិច្ច​អាច​ស្វែងរក​ចាប់​ជនល្មើស​បាន ប្រសិន​បើ​មាន​ចេតនា​ជួយ​ដល់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​នោះ។ លោក​អះអាង​ថា ក្រៅ​ពី​នេះ​ហើយ នៅ​មាន​ករណី​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ទៅ​មន្ត្រី​ប៉ូលិស​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ហើយ​សមត្ថកិច្ច​មិន​ដោះស្រាយ​នោះ៖ «កន្លង​ទៅ​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ក្នុង​ប៉ោយប៉ែត ហើយ​ខ្ញុំ​បាន​ប្រាប់​ប៉ូលិស​ឲ្យ​ទៅ​ដោះស្រាយ ប៉ុន្តែ​ប៉ូលិស​មិន​ដោះស្រាយ​ឲ្យ​នោះ​ទេ បែរ​ជា​ទទួល​ប្រាក់​សំណូក ហើយ​កាន់​ជើង​ភាគី​ម្ខាង​ទៀត​ដែល​បង្ក​បញ្ហា​ទៅ​វិញ»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ដោះស្រាយ​បណ្ដឹង​ប្រជាពលរដ្ឋ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ គឺ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ៖ «បញ្ហា​នេះ​ក៏​ជា​ការ​លាប​ពណ៌​ដាក់​គ្នា ដើម្បី​បញ្ចៀស​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។ សមាគម​អាដហុក អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ឈប់​រើសអើង និង​ប្រកាន់​បក្ខពួក​និយម​ផ្នែក​នយោបាយ ក្នុង​ការ​ដោះស្រាយ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត»
ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ដែល​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យ​សម្បត្តិ​នៅ​ក្រុង​ប៉ោយប៉ែត បន្ទាប់​ពី​ពុំ​មាន​វិធានការ​ពី​សំណាក់​សមត្ថកិច្ច​ប៉ូលិស​មក បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ប្រមាណ ១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons